en     km
en     km

មន្រ្តីក្រសួងសុខាភិបាលថ្លែងថា យើងត្រូវតែរួមគ្នាកុំឱ្យកម្ពុជាឈានហួសបន្ទាត់ក្រហម

Share

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក ១៩) បានមានប្រសាសន៍ថា ស្ថានភាពនៃជំងឺកូវីដ-១៩ នៅកម្ពុជានាពេលនេះ គឺបានមកដល់បន្ទាត់ក្រហមហើយ។ នេះជាសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (អាកាប៉េ/AKP) ដែលបន្តតាមប្រសាសន៍លោកជំទាវថា «យើងត្រូវតែរួបរួមគ្នា ដើម្បីកុំឱ្យកម្ពុជាយើងឈានហួសបន្ទាត់ក្រហមនេះឱ្យសោះ»។

តាម អាកាប៉េ លោកជំទាវបានព្រមានថា៖ “នៅពេលនេះគឺជាកាលៈទេសៈមួយ ដែលខ្ញុំយល់ថា ប្រសិនបើយើងទាំងអស់គ្នាឈរនៅលើជំហរមួយ ថាយើងត្រូវតែរួមគ្នាធ្វើយ៉ាងម៉េច ដើម្បីសង្កត់កុំឱ្យការឆ្លងរីករាលដាលនេះ វាកាន់តែរំកិលទៅមុខ មានន័យថាឥឡូវវានៅត្រឹមបន្ទាត់ក្រហមហើយ យើងត្រូវរួមគ្នាសង្កត់យ៉ាងម៉េចកុំឱ្យលើសពីបន្ទាត់ក្រហម យើងត្រូវសង្កត់វាថយចុះទៅ។ ហើយយើងត្រូវគិតគូរ ក្នុងការរស់នៅជាមួយនឹងវត្តមាននៃវីរុសកូវី១៩ ហើយមកដល់ដំណាក់កាលនេះត្រូវធ្វើយ៉ាងម៉េចឱ្យអស់វីរុសកូវីដ-១៩ ខ្ញុំសូមបញ្ជាក់ថាវាមិនអស់នោះទេ ព្រោះវីរុស នេះបានចរាចរយ៉ាងពេញទំហឹងទៅហើយ ហើយយើងកុំភ្លេចថាបរិបទនេះ វីរុសកូវីដ-១៩ បានបំប្លែងថ្មីទៀត»។

ការណ៍ដែលលោកជំទាវហ៊ានថា កម្ពុជាដើរដល់បន្ទាត់ក្រហមនេះ បើតាមប្រភពដដែល គឺព្រោះតែមូលដ្ឋានសុខាភិបាលសាធារណៈ ពោលគឺមន្ទីរពេទ្យ ស្ទើរតែអស់កន្លែងសង្គ្រោះបន្ទាន់ទៅហើយ ដែលនេះបញ្ជាក់ឱ្យឃើញថា ការឆ្លងរីករាលដាលនៃវីរុសកូវីដ-១៩ បាននិងកំពុងបន្តកើនឡើង។ អាកាប៉េ បន្តថា ការកើនឡើងនេះក៏សមាមាត្រនឹងករណីឈឺធ្ងន់ និងករណីមរណភាព ហើយថា នេះមិនទាន់គិតដល់បញ្ហាគ្រូពេទ្យ សម្ភារ និងឧបករណ៍ចាំបាច់ដទៃទៀត ដែលបម្រើឱ្យការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ផង។

ទីភ្នាក់ងារ អាកាប៉េ រាយការណ៍ទៀតថា កត្តាដែលធ្វើឱ្យករណីឆ្លងនៅទូទាំងប្រទេសហាក់ពុំមានការថមថយនោះ ត្រូវបានលោកជំទាវ ឱ វណ្ណឌីន ពន្យល់ថា មកពី«បងប្អូនប្រជាពលរដ្ឋ ឬបុគ្គល អនុវត្តវិធានការការពារពុំបានត្រឹមត្រូវ ជាពិសេសគឺវិធានការ ០៣ ការពារ និង ០៣ កុំ»។

លោកជំទាវបានថ្លែងទៀតថា៖ «ខ្ញុំសូមអំពាវនាវជាថ្មីថា សូមអនុវត្តឱ្យបានខ្ជាប់ខ្ជួន ត្រឹមត្រូវ និងម៉ត់ចត់ ទាំង ០៣ ការពារ និង ០៣ កុំ»។ អាកាប៉េ ស្រង់សម្ដីអ្នកនាំពាក្យក្រសួងសុខាភិបាលមកផ្សាយដូច្នេះ។

សូមរម្លឹកថា វិធានការ ០៣ ការពារ រួមមាន ទី ១ ពាក់ម៉ាស ទី ២ អនាម័យដៃស្អាត ទី ៣ រក្សាគម្លាតសុវត្ថិភាព រីឯ ០៣ កុំ រួមមាន ទី ១ កុំចូលទៅកន្លែងបិទជិត និងកុំប្រើម៉ាស៊ីនត្រជាក់ច្រើន ទី ២ កុំជួបជុំ និងកុំទៅកន្លែងមានមនុស្សច្រើន ទី ៣ កុំចាប់ដៃ កុំប៉ះពាល់គ្នា កុំកៀកស្មា កុំឱបគ្នា។

គិតត្រឹមថ្ងៃទី ០២ ខែកក្កដា ឆ្នាំ ២០២១ នេះ កម្ពុជាមានករណីឆ្លងសរុបទូទាំងប្រទេសចំនួន ៥២ ៣៥០នាក់ និងជាសះស្បើយសរុបមានចំនួន ៤៥ ៥០៨នាក់ ខណៈករណីមរណភាពវិញមានចំនួនសរុប ៦៦០នាក់ ហើយក្នុងចំណោមនោះ មានជាង ៤០០នាក់ បានស្លាប់នៅក្នុងខែមិថុនាកន្លងមកនេះ៕

Share

ព័ត៌មានទាក់ទង

Image