ក្រុមហ៊ុនត្រាំរបស់អតីតប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល ត្រាំ និងអគ្គហេរញ្ញិករបស់ក្រុមហ៊ុននេះ បាននិយាយការពារខ្លួននៅថ្ងៃព្រហស្បតិ៍ ទី ០១ ខែកក្កដា ថាមិនបានធ្វើខុស ដូចការចោទប្រកាន់របស់រដ្ឋអាជ្ញាក្រុងញូយកដែលថាមានការបន្លំពន្ធ«យូរ ធំធេង និងគឃ្លើន» នោះទេ។
នេះជាសេចក្ដីរាយការណ៍ពីទីក្រុងញូយក ដោយទីភ្នាក់ងារសារព័ត៌មាន រើយធើ ដែលរម្លឹកថា បទចោទរបស់រដ្ឋអាជ្ញាបានកើតចេញពីការស៊ើបអង្កេតលើការធ្វើពាណិជ្ជកម្មរបស់ក្រុមហ៊ុនត្រាំនិងលើការប្រព្រឹត្តរបស់ក្រុមហ៊ុននេះ។
ការចោទប្រកាន់តាមផ្លូវតុលាការចំពោះក្រុមហ៊ុនត្រាំនិងអគ្គហេរញ្ញិករបស់ក្រុមហ៊ុន ឈ្មោះ អាឡិន វ៉េស្សែលប៊ើក (Allen Weisselberg) គឺជាលើកទី ១ ក្នុងដំណើរស្រាវជ្រាវអស់រយៈពេលជិត ៣ ឆ្នាំ ដោយរដ្ឋអាជ្ញានៅខណ្ឌ មេនហាថាន់ ឈ្មោះ ស៊ីរុស វ៉ាន់ស៍ (Cyrus Vance)។ ប្រភពឱ្យដឹងបន្តដូច្នេះ ដោយបន្ថែមថា អគ្គរដ្ឋអាជ្ញាទីក្រុងញូយក ឈ្មោះ ឡេទីត្យា ចេមស៍ (Letitia James) បានចូលរួមស៊ើបក្នុងខែឧសភា។
យោងតាម រើយធើ វាអាចធ្វើឱ្យខូចទំនាក់ទំនងរបស់ក្រុមហ៊ុនត្រាំជាមួយធនាគារនិងដៃគូពាណិជ្ជកម្ម ហើយធ្វើឱ្យអនាគតនយោបាយរបស់លោក ដូណាល ត្រាំ ស្មុគស្មាញ នៅពេលដែលសមាជិកគណបក្សសាធារណរដ្ឋម្នាក់នេះវិលមកថ្លែងសារទៅកាន់ហ្វូងមហាជនវិញ និងកំពុងត្រិះរិះចូលរួមប្រជែងកាន់កាប់សេតវិមានជាថ្មីនៅឆ្នាំ ២០២៤។
រូបលោកអតីតប្រធានាធិបតីផ្ទាល់មិនបានទទួលការចោទប្រកាន់នៅតុលាការទេ ហើយគាត់បន្តអះអាងថា ការស៊ើបអង្កេតដែលមានចរិតនយោបាយនេះគឺជា«ការប្រមាញ់សត្រូវ»។ រើយធើ លើកមកផ្សាយដូចនេះ ព្រមទាំងរំលេចឱ្យឃើញថា លោក វ៉ាន់ស៍ និងលោក ចេមស៍ គឺជាសមាជិកគណបក្សប្រជាធិបតេយ្យ។
រើយធើ រៀបរាប់ទៀតថា បណ្ដារដ្ឋអាជ្ញាបានចោទប្រកាន់ក្រុមហ៊ុនត្រាំនិងលោក វ៉េស្សែលប៊ើក ពីរឿងឆបោកអាជ្ញាធរពន្ធដា ដោយការផ្ដល់អត្ថប្រយោជន៍ផ្សេងៗទៅឱ្យបណ្ដានាយកប្រតិបត្តិរបស់ក្រុមហ៊ុន ប៉ុន្តែមិនបានចុះក្នុងបញ្ជីគណនេយ្យ។
ប្រភពដដែលលម្អិតថែមទៀតថា លោក វ៉េស្សែលប៊ើក អាយុ ៧៣ ឆ្នាំ ត្រូវបានចោទពីបទលាក់ប្រាក់ចំណូលចំនួន ១,៧៦ លានដុល្លារ រួមទាំងថ្លៃឈ្នួលអគារនៅខណ្ឌ មេនហាថាន់ ថ្លៃជួលរថយន្តមែកសឺដេស បេនស៍ ២ គ្រឿង ព្រមទាំងថ្លៃសាលាសម្រាប់សមាជិកគ្រួសារ ដែលមានលោក ដូណល ត្រាំ ជាអ្នកចុះហត្ថលេខាលើសែកសម្រាប់ចំណាយថ្លៃសាលាដោយរូបលោកផ្ទាល់៕