en     km
en     km

មន្ត្រីជាន់ខ្ពស់អាម៉េរិកតាំងចិត្តធ្វើឱ្យអនុតំបន់ទន្លេមេគង្គចំហរ ចម្រើន និងសុខសាន្ត

Share

លោក គីន ម៉យ (Kin Moy) ដែលជាមន្រ្តីជាន់ខ្ពស់​នៃការិយាល័យសហរដ្ឋអាម៉េរិកទទួលបន្ទុកកិច្ចការតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក​ បានលើកឡើងថា សហរដ្ឋអាមេរិកប្តេជ្ញាធ្វើឱ្យអនុតំបន់ទន្លេមេគង្គមានភាពបើកចំហ មានវិបុលភាព និងសន្តិសុខ។

ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (អាកាប៉េ/AKP) បានរាយការណ៍ឱ្យដឹងដូច្នោះ នៅថ្ងៃព្រហស្បតិ៍ ទី ០១ ខែកក្កដា តាមខ្លឹមសារនៃកិច្ចប្រជុំប្រចាំឆ្នាំលើកទី ១ របស់បណ្ដាមន្ត្រីជាន់ខ្ពស់ក្នុងភាពជាដៃគូមេគង្គ-អាម៉េរិក ដែលត្រូវបានរៀបចំធ្វើរួមគ្នាដោយសហរដ្ឋអាម៉េរិកនិងកម្ពុជាកាលពីចុងខែមិថុនា។

យោងតាម អាកាប៉េ ដែលផ្អែកលើសេចក្ដីប្រកាសរបស់ស្ថានទូតអាម៉េរិកនៅកម្ពុជា នៅក្នុងកិច្ចប្រជុំពីចម្ងាយ ក្រោមការសង្កេតរបស់អគ្គលេខាធិការដ្ឋានសមាគមអាស៊ាន លោក គីន ម៉យ យល់ឃើញថា ភាពបើកចំហរ វិបុលភាព និងសន្តិសុខ នៅក្នុងអនុតំបន់ទន្លេមេគង្គ គឺសំខាន់សម្រាប់ភាពល្អប្រសើរនៃតំបន់និងប្រជាជនអាស៊ាន។

ប្រភពដដែលបន្ថែមថា មន្ត្រីជាន់ខ្ពស់អាម៉េរិករូបនេះក៏បានគូសបញ្ជាក់អំពីភាពចាំបាច់នៃមជ្ឈភាពអាស៊ាន ចំពោះចក្ខុវិស័យសហរដ្ឋអាម៉េរិក ដែលចង់ឃើញតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរីនិងចំហរ ព្រមទាំងអំពីសារៈសំខាន់នៃការគាំទ្ររបស់សហរដ្ឋអាម៉េរិក ចំពោះទស្សនៈវិស័យរបស់សមាគមអាស៊ាន ទាក់ទងនឹងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

កន្លងទៅ រដ្ឋាភិបាលសហរដ្ឋ​អាមេរិកបានសច្ចាផ្តល់ជំនួយឥតសំណង ៤,៣ ពាន់លានដុល្លារ គិតចាប់ពីឆ្នាំ ២០០៩ សម្រាប់អនុតំបន់ទន្លេ​មេគង្គ។ នេះបើតាម អាកាប៉េ ដែលរាយការណ៍តាមសម្ដីរបស់លោក គីន ម៉យ៕

Share

Image
Image
Image