en     km
en     km

ប្រទេសតួកគីចាកចេញជាផ្លូវការពីអនុសញ្ញាប្រឆាំងអំពើហិង្សាលើស្ត្រី

Share

ប្រទេសតួកគីបានចាកចេញពីអនុសញ្ញាអន្តរជាតិស្ដីពីការទប់ស្កាត់អំពើហិង្សាចំពោះស្ត្រីជាផ្លូវការហើយ នៅថ្ងៃព្រហស្បតិ៍ ទី ០១ ខែកក្កដានេះ នៅពេលដែលសេចក្ដីសម្រេចមួយត្រូវបានអនុម័ត។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន រើយធើ ដែលប្រាប់ឱ្យដឹងទៀតថា ប្រជាជនតួកគីជាច្រើននាក់ ក៏ដូចជាសម្ព័ន្ធមិត្តរបស់តួកគីនៅបស្ចិមលោក ធ្លាប់បានថ្កោលទោសសេចក្ដីសម្រេចនោះនៅក្នុងខែមីនា គឺពេលដែលប្រធានាធិបតី តាយ្យីប អ៊ែកដូហ្គាន់ (Tayyib Erdogan) បានបង្ហាញវាជាលើកដំបូង។

មនុស្សរាប់ពាន់នាក់ បើតាមប្រភពដដែល បានតវ៉ាទូទាំងប្រទេសតួកគី ទីដែលបណ្ដឹងឧទ្ធរណ៍មួយដែលទាមទារឱ្យបញ្ឈប់ដំណើរចាកចេញពីអនុសញ្ញានោះ ត្រូវបានគេច្រានចោលនៅក្នុងសប្ដាហ៍នេះ។

«យើងនឹងបន្តការតស៊ូរបស់យើង។» នេះជាសម្ដីនៅថ្ងៃពុធរបស់លោកស្រី កាណង់ ហ្គូលូ (Canan Gullu) នាយិកាសហព័ន្ធនៃបណ្ដាសមាគមរបស់ស្ត្រីតួកគី ដែលត្រូវបាន រើយធើ ស្រង់យកមកផ្សាយ ដោយបន្ថែមថា «ប្រទេសតួកគីកំពុងធ្វើឱ្យខ្លួនឯងលំបាកហើយជាមួយសេចក្ដីសម្រេចនេះ»។

លោកស្រីបានថ្លែងថា ចាប់តាំងពីខែមីនា ស្ត្រីជាច្រើននាក់ រួមទាំងក្រុមមនុស្សងាយរងគ្រោះផ្សេងៗទៀត រាងស្ទាក់ស្ទើរក្នុងការស្នើសុំជំនួយ ហើយទំនងជាមិនសូវទទួលបានការជួយទំនុកបម្រុងទេ នៅពេលដែលជំងឺកូវីដ-១៩ បង្កបញ្ហាចំពោះសេដ្ឋកិច្ច។ សេចក្ដីរាយការណ៍របស់ រើយធើ ប្រាប់បន្តយ៉ាងដូច្នេះ ហើយថែមទាំងលើកឡើងថា រឿងនេះបណ្ដាលឱ្យមានកំណើនអំពើហិង្សាច្រើនចំពោះពួកគេ។

យោងតាម រើយធើ អនុសញ្ញាទីក្រុងអ៊ីស្តង់ប៊ុល ដែលគេចរចាគ្នានៅក្នុងទីក្រុងធំជាងគេរបស់តួកគីនេះ និងដែលត្រូវបានចុះហត្ថលេខាទទួលយកនៅឆ្នាំ ២០១១ តម្រូវឱ្យបណ្ដាប្រទេសហត្ថលេខីទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងប្ដឹងជនបង្កទៅតុលាការ ព្រមទាំងតម្រូវឱ្យប្រទេសសមាជិកទាំងឡាយលើកស្ទួយសមភាពរវាងបុរសនិងនារី។

ប្រភពដដែលរាយការណ៍មកថា ការដកខ្លួនចេញពីអនុសញ្ញាអន្តរជាតិនេះ ដោយរដ្ឋាភិបាលតួកគី បានបំផ្ទុះការថ្កោលទោសពីសំណាក់សហរដ្ឋអាម៉េរិក ក៏ដូចជាពីសំណាក់សហភាពអឺរ៉ុប ហើយពួកអ្នករិះគន់និយាយថា ការណ៍នេះធ្វើឱ្យប្រទេសតួកគីឃ្លាតកាន់តែឆ្ងាយពីសហភាពអឺរ៉ុប ដែលខ្លួនបានស្នើសុំចូលជាសមាជិកក្នុងឆ្នាំ ១៩៨៧។

ការសម្លាប់នារីភេទបានកើនឡើងនៅក្នុងប្រទេសតួកគី នៅពេលដែលអ្នកតាមដានមួយក្រុមបានកត់ត្រាឃើញថា មាន ១ ករណីក្នុង ១ ថ្ងៃ អំឡុងប្រាំឆ្នាំចុងក្រោយ។ នេះបើតាមសេចក្ដីរាយការណ៍របស់ រើយធើ ដែលបញ្ជាក់ថា អ្នកគាំទ្រអនុសញ្ញានោះនិងឯកសារច្បាប់ដែលទាក់ទង បាននិយាយថា គេត្រូវការការអនុវត្តអនុសញ្ញាអន្តរជាតិនោះបែបតឹងរ៉ឹង ជាក់លាក់ និងប្រាកដប្រជាជាងមុន។

ប៉ុន្តែ បើតាមប្រភពដដែល អ្នកអភិរក្សនិយមជាច្រើននាក់នៅក្នុងប្រទេសតួកគី ក៏ដូចជានៅក្នុងគណបក្សអ៊ីស្លាមនិយមរបស់លោក អ៊ែកដូហ្គាន់ អះអាងថា អនុសញ្ញាអន្តរជាតិនេះធ្វើឱ្យខូចរចនាសម្ព័ន្ធគ្រួសារដែលជាគ្រឹះនៃសង្គមតួកគី។ ទន្ទឹមនឹងនេះ រើយធើ ប្រាប់ទៀតថា អ្នកផ្សេងទៀតចាត់ទុកអនុសញ្ញាអន្តរជាតិនោះជាគ្រឿងជំរុញឱ្យមានការស្រលាញ់ភេទដូចគ្នា តាមរយៈគោលការណ៍មិនរើសអើងភេទខុសគ្នា។

ក្នុងខែនេះ ស្នងការអឺរ៉ុបទទួលបន្ទុកសិទ្ធិមនុស្ស គឺលោកស្រី ឌុនចា មីចាតូវិក (Dunja Mijatovic) បានផ្ញើលិខិតមួយច្បាប់ទៅរដ្ឋមន្ត្រីមហាផ្ទៃ និងរដ្ឋមន្ត្រីយុត្តិធម៌ នៃប្រទេសតួកគី។ នេះបើយោងតាម រើយធើ ដែលប្រាប់បន្ថែមថា ក្នុងលិខិតនោះ លោកស្រីបានសម្ដែងនូវកង្វល់អំពីកំណើននៃចំនួនអត្ថាធិប្បាយប្រឆាំងនឹងមនុស្សខ្ទើយ ធ្វើឡើងដោយមន្ត្រីតួកគីមួយចំនួន ហើយក្នុងចំណោមនោះក៏មានអត្ថាធិប្បាយខ្លះសំដៅវាយប្រហារអនុសញ្ញាអន្តរជាតិដើម្បីទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារតែម្ដង។

រើយធើបានស្រង់សេចក្ដីពីលិខិតនោះមកផ្សាយថា៖ «រាល់វិធានការទាំងអស់ដែលមានចែងក្នុងអនុសញ្ញាទីក្រុងអ៊ីស្តង់ប៊ុលពង្រឹងមូលដ្ឋានគ្រឹះគ្រួសារនិងចំណងរវាងសមាជិកគ្រួសារ តាមរយៈការទប់ស្កាត់និងការប្រឆាំងនឹងហេតុដែលបំផ្លាញគ្រួសារ ពោលគឺអំពើហិង្សានេះឯង។»

Share

Image Not Found
Image

ព័ត៌មានទាក់ទង