en     km
en     km

ទាហានអឺរ៉ុបភាគច្រើនចេញពីអាហ្វហ្គានីស្ថានដោយស្ងៀមស្ងាត់ ក្រោយបេសកកម្ម ២០ ឆ្នាំ

Share

ទាហានអឺរ៉ុបភាគច្រើនបានដកចេញពីប្រទេសអាហ្វហ្គានីស្ថានរួចហើយ គឺចាកចេញដោយស្ងៀមស្ងាត់ក្នុងរយៈពេលប៉ុន្មានខែមុនពេលដែលបេសកកម្មដឹកនាំដោយសហរដ្ឋអាម៉េរិកត្រូវគេរំពឹងថានឹងចប់ជាផ្លូវការ។ ទីភ្នាក់ងារសារព័ត៌មាន អាស្សូស៊ីអេធីត ប្រេស (អេភី/AP) រាយការណ៍ប្រាប់ដូច្នេះនៅថ្ងៃពុធ ទី ៣០ ខែមិថុនា ដោយបញ្ជាក់ថា ការដកទ័ពនេះជាផ្នែកមួយនៃការបិទបញ្ចប់ប្រកបដោយការខកចិត្តនៃ«សង្គ្រាមមិនចេះចប់» ដែលអាចធ្វើឱ្យអាហ្វហ្គានីស្ថានធ្លាក់ក្នុងសង្គ្រាមស៊ីវិល។

យោងតាមប្រភពដដែល ប្រទេសអាល្លឺម៉ង់ និងប្រទេសអ៊ីតាលី បានប្រកាសថាបេសកកម្មរបស់ខ្លួននៅក្នុងប្រទេសអាហ្វហ្គានីស្ថានចប់នៅថ្ងៃពុធ ហើយទាហានចុងក្រោយរបស់ប្រទេសប៉ូឡូញបានវិលទៅមាតុភូមិវិញ ជាហេតុធ្វើឱ្យការពង្រាយកងកម្លាំងរបស់ពួកគេចប់ទៅដោយពុំមានលទ្ធផលអ្វីគួរឱ្យកត់សម្គាល់ ក្នុងរយៈពេលជិត ២០ ឆ្នាំ បន្ទាប់ពីពួកគេជាន់ទឹកដីនោះជាលើកដំបូង។

ទីភ្នាក់ងារ អេភី បានយកសេចក្ដីប្រកាសរបស់ប្រទេសនានាមកវិភាគ ហើយបានរកឃើញថា កងទ័ពអឺរ៉ុបមួយភាគធំបានចាកចេញដោយពុំមានធ្វើពិធីធំដុំទេ ដែលនេះជារូបភាពខុសគ្នាខ្លាំងពីការបង្ហាញកម្លាំងនិងឯកភាពដ៏សម្បើមជាសាធារណៈ ពេលសម្ព័ន្ធមិត្តក្នុងអង្គការណាតូតម្រង់ជួរគ្នាគាំទ្រការឈ្លានពានរបស់សហរដ្ឋអាម៉េរិក ក្នុងគោលបំណងកំចាត់ពួកអាល់កៃដាចេញពីអាហ្វហ្គានីស្ថាន បន្ទាប់ពីមានការវាយប្រហារភេរវកម្ម ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០១ នៅលើទឹកដីសហរដ្ឋអាម៉េរិក។

ក្នុងអំឡុងពីរទសវត្សរ៍ក្រោយមក សង្គ្រាមបានបន្តពីបេសកកម្មមួយទៅមួយទៀត។ អេភី ប្រាប់ដូច្នេះ ដោយរំលឹកថា រដ្ឋការរបស់អតីតប្រធានាធិបតីសហរដ្ឋអាម៉េរិក ហ្សក ដាប់ប៊ែលយូ ប៊ុស (George W. Bush) បានចៀសវាងការជាប់ពាក់ព័ន្ធក្នុងការកសាងប្រទេសអាហ្វហ្គានីស្ថានឡើងវិញ ហើយថាអង្គការសហប្រជាជាតិបានផ្សាយអំពីលទ្ធផលតិចតួច។ ប៉ុន្តែ តាមប្រភពដដែល តាមរយៈពេលវេលាជាច្រើនឆ្នាំកន្លងទៅ ទាហានរបស់អង្គការណាតូ និងរបស់សហរដ្ឋអាម៉េរិក បានបង្កើនតួនាទីកាន់តែសំខាន់ឡើងក្នុងវឌ្ឍនកម្មកងកម្លាំងយោធានិងកងសន្តិសុខ និងក្នុងការហ្វឹកហ្វឺនកងនគរបាល នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។

អំឡុងពេលដែលសង្គ្រាមឡើងដល់កម្រិតកំពូល ចំនួនទាហានសហរដ្ឋអាម៉េរិក រួមជាមួយនិងទាហានអង្គការណាតូ បានកើនលើសពី ១ សែន ៥ ម៉ឺននាក់។ នេះបើយោងតាម អេភី ដែលបន្តប្រាប់ឱ្យដឹងទៀតថា កាលពីខែមេសា អង្គការណាតូបានយល់ព្រមដកទ័ពរបស់ខ្លួន ៧ ពាន់នាក់ ចេញពីអាហ្វហ្គានីស្ថាន ដើម្បីឱ្យស្របនឹងសេចក្ដីសម្រេចរបស់ប្រធានាធិបតី ចូ បៃឌិន (Joe Biden) ក្នុងការដកទ័ពអាម៉េរិកចេញពីប្រទេសនេះ ចាប់ពីថ្ងៃទី ១ ខែឧសភា៕

Share

Image
Image
Image