en     km
en     km

លោកស្រីអភិបាលក្រុងតូក្យូ កូអ៊ីកេ (Koike) ចូលសម្រាកពេទ្យជាច្រើនថ្ងៃ

Share

លោកស្រីអភិបាលក្រុងតូក្យូ យូរីកូ កូអ៊ីកេ (Yuriko Koike) ដែលត្រូវបានទទួលឱ្យស្នាក់នៅក្នុងមន្ទីរពេទ្យក្នុងរដ្ឋធានីរបស់ប្រទេសជប៉ុនកាលពីសប្ដាហ៍មុន ដោយសារតែអស់កម្លាំងខ្លាំង នឹងបន្តសម្រាកនៅពេទ្យប៉ុន្មានថ្ងៃទៀត។ នេះជាសេចក្ដីប្រកាសរបស់សាលាក្រុងតូក្យូនៅថ្ងៃអាទិត្យ ទី២៧ ខែមិថុនា ដែលទីភ្នាក់ងារសារព័ត៌មានក្យូដូបានយកមកផ្សាយនៅថ្ងៃដដែល។

សាលាក្រុងតូក្យូបាននិយាយថា លោកស្រី កូអ៊ីកេ ទំនងជាមិនអាចមកធ្វើការកើតនៅថ្ងៃចន្ទ ទី ២៨ ខែ
មិថុនានេះទេ ពីព្រោះក្រុមវេជ្ជបណ្ឌិតបានសម្រេចថា លោកស្រីដែលបានចូលសម្រាកក្នុងមន្ទីរពេទ្យកាលពីថ្ងៃអង្គារដើមសប្ដាហ៍មុន ត្រូវការសម្រាកថែមទៀត។

ក្យូដូរាយការណ៍ពីទីក្រុងតូក្យូមកដូច្នេះ ដោយពន្យល់ថា លោកស្រីអភិបាលក្រុងបានជាប់រវល់ខ្លាំងនឹងការងារទាក់ទងនឹងការឆ្លើយតបចំពោះជំងឺឆ្លងសាកលកូវីដ-១៩ និងការទទួលរៀបចំព្រឹត្តិការណ៍កីឡា
អូឡាំពិកនិងកីឡាប៉ារ៉ាឡាំពិក។ ការប្រកួតកីឡារដូវក្ដៅទាំងពីរប្រភេទនេះនឹងប្រព្រឹត្តទៅនៅទីក្រុងតូក្យូ ស្របពេលដែលប្រទេសជប៉ុនកំពុងខិតខំទប់ស្កាត់ជំងឺកូវីដ-១៩។

កាលពីសប្ដាហ៍មុន បើតាមក្យូដូ លោកស្រី យូរីកូ កូអ៊ីកេ បានចូលរួមប្រជុំអនឡាញជាមួយអ្នកតំណាងខាងរៀបចំព្រឹត្តិការណ៍កីឡាចំនួន ៥ ភាគី ក្នុងនោះមានទាំងគណៈកម្មាធិការអូឡាំពិកអន្តរជាតិផង ដើម្បីកំណត់ចំនួនអ្នកចូលទស្សនា ហើយក្រោយពីនោះមកទៀត លោកស្រីអភិបាលក្រុងតូក្យូថែមទាំងបានចូលរួមប្រជុំរឿងថ្នាំបង្ការជំងឺកូវីដ-១៩ ថែមទៀត។

ការសង្កេតរបស់ក្យូដូញូស៍បង្ហាញថា សឹងតែរៀងរាល់ចុងសប្ដាហ៍ លោកស្រី កូអ៊ីកេ ធ្វើការនៅឯការិយាល័យរបស់គាត់ ដើម្បីពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់ក្នុងសាលាក្រុងតូក្យូ អំពីវិធានការនានាសម្រាប់ទប់ទល់នឹងវីរុសកូរ៉ូណា។

ទីភ្នាក់ងារសារព័ត៌មានក្យូដូបានឱ្យដឹងបន្ថែមថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងតូក្យូនៅថ្ងៃទី ០៤ ខែកក្កដា បានចាប់ផ្ដើមហើយ ប៉ុន្តែគេមិនប្រាកដទេថា លោកស្រី កូអ៊ីកេ នឹងអាចចេញមកឃោសនារកសំឡេងឆ្នោតឱ្យគណបក្សនយោបាយតាមតំបន់ ឈ្មោះ តូមីន ហ្វើស្ត ណូ កៃ (Tomin First no Kai) ឬគណបក្សអ្នកគាំទ្រក្រុងតូក្យូជាចម្បង ដែលមានលោកស្រីជាស្ថាបនិកនិងជាទីប្រឹក្សាពិសេស បានឬយ៉ាងណា៕

Share

Image
Image
Image