en     km
en     km

រដ្ឋសភាបានផ្ដល់ទំនុកចិត្តឱ្យឯកឧត្ដម ប្រាជ្ញ ចន្ទ ធ្វើប្រធានថ្មីនៃ គ.ជ.ប

Share

លទ្ធផលនៃសម័យប្រជុំរដ្ឋសភា នៅថ្ងៃព្រហស្បតិ៍ ទី ២៤ ខែមិថុនានេះ បង្ហាញថា សមាជិករដ្ឋសភាចំនួន ៨២ រូប ដែលមានវត្តមាន បានបោះឆ្នោតព្រមឱ្យឯកឧត្ដម ប្រាជ្ញ ចន្ទ ធ្វើប្រធានថ្មីនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ហើយ។

សមាជិករដ្ឋសភាចំនួន ៨២ រូប នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី ២៤ ខែមិថុនានេះ បានបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តឱ្យឯកឧត្ដម ប្រាជ្ញ ចន្ទ ទៅដឹកនាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជំនួសឯកឧត្ដម ស៊ិក ប៊ុនហុក ហើយ។

អគ្គលេខាធិការដ្ឋានរដ្ឋសភាបានប្រាប់ឱ្យដឹងដូច្នេះ នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួន ផ្សាយនៅក្រោយសម័យប្រជុំរដ្ឋសភាលើកទី ៦ នីតិកាលទី ៦។

លោក ប្រាជ្ញ ចន្ទ អាយុ ៦៤ ឆ្នាំ ជាតំណាងរាស្ត្រមណ្ឌលខេត្តត្បួងឃ្មុំខាងគណបក្សប្រជាជនកម្ពុជា។ លោកធ្លាប់ជាអតីតអភិបាលខេត្តនេះ និងធ្លាប់ជាអភិបាលខេត្តបាត់ដំបង មុនពេលក្លាយជាប្រធានគណៈកម្មការទី ១ នៃរដ្ឋសភា ដែលទទួលបន្ទុកការងារសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា។ លោកបានលាលែងពីដំណែង ដើម្បីឈរឈ្មោះធ្វើជាបេក្ខជនប្រធាន គ.ជ.ប។

គណបក្សប្រជាជនកម្ពុជាបានសម្រេចជ្រើសរើសបេក្ខភាពរបស់ឯកឧត្ដម ដើម្បីដាក់ជូនរដ្ឋសភាបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តឱ្យដឹកនាំស្ថាប័នឯករាជ្យដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនេះ។

នៅក្រោយពេលប្រកាសតែងតាំងឯកឧត្ដមជាប្រធានថ្មីនៃ គ.ជ.ប នៅពេលខាងមុខ ឯកឧត្ដមនឹងចំណាយពេលវេលាធ្វើការត្រៀមរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិ ទី ៥ នៅថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ២០២២៕

Share

Image
Image
Image