ការប៉ះទង្គិចពាក្យសម្ដីគ្នាធ្ងន់ៗ ប្រកបដោយកំហឹងផង រវាងតំណាងប្រទេសចិននិងតំណាងប្រទេសកាណា បានកើតឡើងក្នុងថ្ងៃអង្គារ នៅឯទីស្នាក់ការរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ (អ.ស.ប)។ នេះបើយោងតាមសារព័ត៌មាន ឌិហ្គាឌៀន ដែលផ្សាយរឿងនេះពីទីក្រុងហ្ស៊ើណែវនៅថ្ងៃអង្គារ ទី ២២ ខែមិថុនា ឆ្នាំ ២០២១។
ដើមហេតុគឺប្រទេសកាណាដាបានកៀរគរជាង ៤០ ប្រទេស ក្នុងការសម្ដែងកង្វល់ខ្លាំង ចំពោះសកម្មភាពបង្ក្រាបនៅក្នុងតំបន់ស៊ីនជាំង ហុងកុង និងទីបេ ដោយរដ្ឋាភិបាលចិន។
កាណាដាបានជំរុញឱ្យទីក្រុងប៉េកាំងអនុញ្ញាតឱ្យមាន «ការចូលទៅមើលដោយសេរី ប្រកបដោយអត្ថន័យ និងជាបន្ទាន់» ដើម្បីឱ្យអ្នកសង្កេតការណ៍ឯករាជ្យអាចធ្វើទស្សនកិច្ចនៅក្នុងខេត្តភាគខាងលិចនៃប្រទេសចិន។ ទីនោះ អ្នកជំនាញ អ.ស.ប បានឱ្យដឹងថា ជនជាតិ អ៊ុយហ្គួរ ជិត ១ លាននាក់ និងជនមូល្លីមទួកគីផ្សេងទៀត កំពុងជាប់ឃុំនៅក្នុងជំរុំ។
«យើងព្រួយបារម្ភខ្លាំងមែនទែន ពីរឿងស្ថានភាពសិទ្ធិមនុស្សនៅក្នុងតំបន់ស្វយ័តអ៊ុយហ្គរនៃខេត្តស៊ីនជាំង។» ឌិហ្គាឌៀនបានស្រង់សម្ដីរបស់ឯកអគ្គរដ្ឋទូតកាណាដា គឺលោកស្រី ឡេស្លី ន័រតុន (Leslie Norton) មកផ្សាយយ៉ាងដូច្នេះ ដោយបញ្ជាក់ថា ប្រទេសអូស្ត្រាលី អង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន អេស្ប៉ាញ និងសហរដ្ឋអាម៉េរិកជាដើម បានគាំទ្រសេចក្ដីថ្លែងការណ៍នោះ។
លោកស្រី ឡេស្លី ន័រតុន បើតាមឌិហ្គាឌៀន បានលើកយកទារុណកម្មឬការប្រព្រឹត្តឃោឃៅ, ការគ្រៀវដោយបង្ខំ, អំពើហិង្សាផ្លូវភេទនិងហិង្សាបែបរើសអើងភេទ, ព្រមទាំងការពង្រាត់កុមារពីឪពុកម្ដាយពួកគេយ៉ាងដាច់អហង្ការ មកវាយប្រហារចិន។
សេចក្ដីថ្លែងការណ៍នោះបានបណ្ដាលឱ្យមានការឆ្លើយតបទាំងកំហិងពីសំណាក់តំណាងប្រទេសចិន គឺលោកមន្ត្រីជាន់ខ្ពស់ ជាង ដួន (Jiang Duan) ដោយលោកបានគាស់កកាយប្រវត្តិសាស្ត្រអាណានិគមនិយមរបស់ប្រទេសកាណាដា មកប្រាប់អង្គប្រជុំ អ.ស.ប។
មន្ត្រីជាន់ខ្ពស់ ជាង ដួន បានអំពាវនាវឱ្យមានការស៊ើបអង្កេត«ដោយរលូននិងមិនលម្អៀង» ទៅលើការប្រព្រឹត្តរបស់ប្រទេសកាណាដាចំពោះជនជាតិដើមក្នុងអតីតកាល និងបានស្នើឱ្យមានសំណងសម្រាប់ជនរងគ្រោះ។ ឌិហ្គាឌៀន បានរាយការណ៍ដូច្នេះ ដោយបន្ថែមថា សេចក្ដីអំពាវនាវរបស់ចិនគឺធ្វើឡើង បន្ទាប់ពីលោក ជាង ដួន បានលើកយកគំហើញថ្មីៗ ដែលគេជឿថាជាផ្នូរគ្មានឈ្មោះរបស់កុមារចំនួន ២១៥ នាក់ នៅឯទីតាំងអតីតអន្តេវាសិកដ្ឋានមួយកន្លែង។
«តាមប្រវត្តិសាស្ត្រ ប្រទេសកាណាដាបានប្លន់ទឹកដីរបស់ជនជាតិដើម សម្លាប់ពួកគេ និងបំផ្លាញវប្បធម៌របស់ពួកគេ។» នេះជាការថ្លែងរបស់មន្ត្រីជាន់ខ្ពស់ចិន ដែល ឌិហ្គាឌៀន បានស្រង់មកផ្សាយ ដោយបញ្ជាក់ថាការវាយបករបស់ចិនបែបនេះត្រូវបានប្រទេសរុស្ស៊ី បេឡារុស អ៊ីរ៉ង់ កូរ៉េខាងជើង ស៊ីរី និងវ៉េណេហ្ស៊ុយអេឡា គាំទ្រពេញទំហឹង។
ការប៉ះទង្គិចពាក្យសម្ដីគ្នាដូចខាងលើ រវាងចិននិងកាណាដា បានបន្តធ្វើឱ្យទំនាក់ទំនងនៃប្រទេសទាំងពីរកាន់តែធ្លាក់ចុះថែមទៀត បន្ទាប់ពីប្រទេសធំៗទាំងនេះតែងតែឈ្លោះគ្នាពីរឿងសិទ្ធិមនុស្ស ពាណិជ្ជកម្ម និងបញ្ហា«ការទូតបែបចំណាប់ខ្មាំង» ជាហូរហែ។ នេះបើតាមប្រភពដដែល៕