en     km
en     km

សង្គមស៊ីវិល ៧៥ អង្គការ អំពាវនាវឱ្យតុលាការទម្លាក់ចោលការចោទយុវសកម្មជនបរិស្ថាន

Share

សេចក្ដីអំពាវនាវសុំឱ្យទម្លាក់ចោលការចោទតាមផ្លូវតុលាការចំពោះយុវសកម្មជនមាតាធម្មជាតិ និងសុំឱ្យដោះលែងអ្នកការពារសិទ្ធិមនុស្ស បានត្រូវធ្វើកាន់តែទូលំទូលាយឡើងកាលពីថ្ងៃអង្គារ។

អង្គការសង្គមស៊ីវិលសរុបចំនួន ៧៥ បានចេញសេចក្ដីថ្លែងការណ៍រួមមួយ កម្រាស់ ៣ ទំព័រ ដើម្បីសម្ដែងនូវប្រតិកម្មរបស់ពួកគេ ចំពោះការចោទប្រកាន់កាលពីថ្ងៃអាទិត្យចំពោះយុវតី ស៊ុន រដ្ឋា និងមិ​ត្តរួមការងាររបស់នាង ២ នាក់ទៀត គឺយុវជន យីម លាងហ៊ី និងយុវជន លី ចាន់ដារ៉ាវុត ក្នុងបទប្រមាថអង្គព្រះមហាក្សត្រ និងបទរួមគំនិតក្បត់ មួយលោក អាឡិចហ្សាន់ដ្រូ ហ្គុងហ្សាឡេ ដាវីដសុន (Alejandro Gonzalez Davidson)។

សហគមន៍ អង្គការ សមាគម និងបណ្ដាញប្រជាជនទាំងនោះ បានថ្លែងថា «អាជ្ញាធរគួរបញ្ឈប់ការចាប់យុវជនជាសកម្មជនរបស់យើងដាក់ពន្ធនាគារ និងគួរចាប់ផ្ដើមស្ដាប់មតិយោបល់របស់ពួកគេ ដែលស្ថិតនៅជួរមុខក្នុងការចងក្រងឯកសារពីហានិភ័យ ដែលប្រទេសកម្ពុជាកំពុងប្រឈម ចំពោះ[មុខ]ការជញ្ជក់ផលប្រយោជន៍ពីធនធានធម្មជាតិ និងការបំផ្លិចបំផ្លាញបរិស្ថាន»។

យុវជនកម្ពុជាទាំង ៣ នាក់ ជាសមាជិកចលនាមាតាធម្មជាតិ ពោលគឺអតីតអង្គការមាតាធម្មជាតិដែលត្រូវបានក្រសួងមហាផ្ទៃប្រកាសរំលាយក្នុងឆ្នាំ ២០១៧ ដឹកនាំដោយលោក អាឡិចហ្សាន់ដ្រូ ហ្គុងហ្សាឡេ ដាវីដសុន សញ្ជាតិអេស្ប៉ាញ ដែលកំពុងរស់នៅក្រៅប្រទេសកម្ពុជា។

នគរបាលបានឃាត់ខ្លួនយុវជនទាំងនេះ កាលពីថ្ងៃពុធសប្ដាហ៍មុន ដោយសង្ស័យថាពួកគេធ្វើសកម្មភាពសង្គម«ជ្រកក្រោមស្លាកបរិស្ថាន» ដោយប្រើ«ហិរញ្ញប្បទានភេរវកម្ម»៕

Share

Image
Image
Image