en     km
en     km

ក្រសួងពាណិជ្ជកម្មស្នើឱ្យបារាំងនិងស៊ុយអែតបន្តជួយកម្ពុជា

Share

កម្ពុជានៅត្រូវការជំនួយជាបន្តបន្ទាប់ពីប្រទេសជឿនលឿននៅអឺរ៉ុប ដូចជាបារាំងនិងស៊ុយអែតជាដើម។ នេះបើយោងតាមខ្លឹមសារនៃជំនួបម្សិលមិញ រវាងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងតំណាងស្ថានទូតនៃប្រទេសទាំងពីរ ដែលត្រូវបញ្ចប់បេសកកម្មនៅកម្ពុជា។

ឯកឧត្ដម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានស្នើឱ្យប្រទេសស៊ុយអែតបន្តជួយប្រទេសកម្ពុជាទៅមុខទៀត។ សំណើនេះបានធ្វើឡើងក្នុងជំនួបម្សិលមិញ នាឱកាសដែលឯកអគ្គរាជទូតស៊ុយអែត ចន ហាកម៉ាក (BJÖRN HÄGGMARK) បានពិភាក្សាការងារនិងជម្រាបលា មុនពេលលោកបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។

ដំណឹងពីក្រសួងពាណិជ្ជកម្មបញ្ជាក់ថា កម្ពុជាបានស្នើឱ្យស៊ុយអែត​«បន្តជួយសម្របសម្រួល ជំរុញធុរជន និងវិនិយោគិន​ស៊ុយអែតសំខាន់ៗ (…) មកស្វែងរកឱកាសធុរកិច្ច ខណៈដែលការកែច្នៃគ្រឿងសង្ហារិម និងការផលិតគ្រឿងបង្គំនិងបន្លាស់យានយន្ត កំពុងមានកំណើនខ្លាំងនៅកម្ពុជា»។

ប្រភពដដែលបន្តថា រដ្ឋមន្ត្រី ប៉ាន សូរស័ក្កិ ដែលបានលើកជាឧទាហរណ៍ អំពីក្រុមហ៊ុនគ្រឿងសង្ហារិម អាយគៀ និងក្រុមហ៊ុនផលិតរថយន្ត វ៉ុលវ៉ូ  បានចង្អុលបង្ហាញភ្ញៀវទៀតថា ការបណ្ដាក់ទុននៅកម្ពុជា លើការកែច្នៃចំណីអាហារនិងផ្លែឈើតំបន់ត្រូពិច ក៏អាចប្រព្រឹត្តទៅបានដែរ។

ម្សិលមិញដែរ រដ្ឋមន្ត្រីពាណិជ្ជកម្មក៏បានសន្យាជួយសម្រួលការងាររបស់ធុរជន និងវិនិយោគិនបារាំងទាំងឡាយណា ដែលមានបំណងមកប្រកបការងារនៅកម្ពុជា ទាំងក្នុងការវិនិយោគលើគម្រោងថ្មី ក៏ដូចជាក្នុងការពង្រីកប្រតិបត្តិការពាណិជ្ជកម្ម។ ការប្ដេជ្ញានេះបានកើតឡើងនៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា គឺលោកស្រី អេវ៉ា ង្វៀន ប៊ិញ (Eva NGUYEN BINH) ដែលមកជម្រាបលាឯកឧត្ដម ប៉ាន សូរស័ក្តិ ក្រោយពេលដែលលោកស្រីបានបញ្ចប់បេកកម្មការទូតនៅទីនេះ។

យោងតាមដំណឹងពីក្រសួង ឯកឧត្ដមរដ្ឋមន្ត្រីបានលើកអំពីជំនួយបារាំង សម្រាប់ស្ដារវិស័យទេសចរណ៍ក្រោយវិបត្តិកូវីដ-១៩ តាមរយៈទីភ្នាក់ងារបារាំងដើម្បីអភិវឌ្ឍន៍ (AFD)។ លោកបានចង្អុលបង្ហាញទៀតថា វិស័យដែលមានសក្ដានុពលនៅកម្ពុជាគឺទេសចរណ៍និងការកែច្នៃចំណីអាហារ ព្រមទាំងផលិតផលកសិកម្ម ដូចជាផ្លែឈើស្រស់ជាដើម។

តាមទិន្នន័យរបស់ក្រសួង ក្នុងឆ្នាំ ២០២០ ពាណិជ្ជកម្មរវាងកម្ពុជានិងបារាំងមានទំហំ ៤៥៦ លានដុល្លារ
រីឯពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ស៊ុយអែតវិញ មានតម្លៃ ៦៤ លានដុល្លារ។

ឯកអគ្គរាជទូតស៊ុយអែតបានថ្លែងអំពី​«សារៈសំខាន់នៃការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន តម្លាភាព និងការគិតគូអំពីបញ្ហាបរិស្ថាន តាមរយៈការប្រើបា្រស់ថាមពលដែលអាចកកើតឡើងវិញ» នៅពេលជួបជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ នេះបើយោងតាមក្រសួងដែលបន្តថា ភាគីភ្ញៀវជឿជាក់ថា ស្ថានទូតស៊ុយអែតប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក «នឹងបន្តកិច្ចសហប្រតិបត្តិការល្អជាមួយក្រសួងពាណិជ្ជកម្ម ក្នុងគោលបំណងលើកកម្ពស់កិច្ចសន្ទនា និងទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា-ស៊ុយអែត»។

ក្រសួងបានឱ្យដឹងទៀតថា លោកស្រីឯកអគ្គរដ្ឋទូតបារាំងចប់អាណត្តិ បានវាយតម្លៃថា កន្លងទៅ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម បានប្រឹងប្រែងពង្រីកសកម្មភាពសេដ្ឋកិច្ចឱ្យកាន់តែសំបូរបែបឡើង បានខិតខំកែទម្រង់ច្បាប់និងបទបញ្ញត្តិ ព្រមទាំងបានកសាងស្ថាប័នបន្ថែមទៀត៕

Share

Image
Image
Image