កម្ពុជាបានបាត់បង់មរតកមនុស្សរស់មួយរូបទៀតកាលពីរំលងអធ្រាត្រថ្ងៃនេះ។ លោកយាយ ឯម ធាយ គ្រូរបាំបុរាណដ៏ល្បីល្បាញ បានទទួលមរណភាពដោយជរាពាធ។ នេះគឺជាការបាត់បង់ដ៏ធំធេងមួយក្នុងវិស័យវប្បធម៌ ទាំងផ្នែករបាំក្បាច់បុរាណ តន្ត្រី និងចម្រៀងបុរាណខ្មែរ។ រាងកាយបាត់ទៅ ក្នុងជន្មាយុ ៨៨ ឆ្នាំ ពិតមែន ប៉ុន្តែទេវនាដនិម្មិតរូបនេះបានបន្សល់ទុកនូវស្នាដៃក្នុងមិនអាចកាត់ថ្លៃបានសម្រាប់កូនខ្មែរជំនាន់ក្រោយ។ លោកស្រី ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ បានសម្ដែងការសោកស្ដាយ ចំពោះការបាត់បង់ធនធានមនុស្សរូបនេះ។
ស្ថិតនៅជន្មាយុ ៨៨ ឆ្នាំ លោកយាយទេវនាដនិម្មិត ឯម ធាយ ព្រឹទ្ធាចារ្យរបាំព្រះរាជទ្រព្យ បានទទួលមរណភាពនៅថ្ងៃអង្គារ ទី ១៥ ខែមិថុនា ឆ្នាំ ២០២១ វេលាម៉ោង ១២ៈ២០ រំលងអធ្រាត្រ ដោយរោគាពាធ។ នេះបើតាមការអះអាងរបស់ចៅទួតលោកយាយនៅលើបណ្តាញសង្គម។
លោកយាយទេវនាដនិម្មិតបានតស៊ូជាមួយជំងឺជរាភាពអស់រយៈពេលជាច្រើនឆ្នាំប្រកបដោយភាពអំណត់។ តែយ៉ាងណា លោកយាយបានខិតខំអភិរក្សរបាំព្រះរាជទ្រព្យសម្រាប់កូនចៅជំនាន់ក្រោយ ដោយលោកយាយជាអតីតនាដការី និងជាគ្រូបង្រៀនរបាំមួយរូបនៅក្នុងព្រះមរមរាជវាំង។
បើយោងទៅតាមការចុះផ្សាយពីគេហទំព័រញញឺម ទេវនាដនិម្មិតរូបនេះ តាំងពីកើតមកបានរស់នៅក្នុងព្រះបរមរាជវាំងជាមួយម្ដាយរបស់លោកយាយ។ ទោះជាកម្ពុជាឈានចូលដល់របប លន់ នល់ លោកយាយនៅតែត្រូវបានគេអនុញ្ញាតឲ្យរស់នៅក្នុងវាំង និងបន្តបង្ហាត់របាំដដែល។ តែជាអកុសល នៅខែមេសា ឆ្នាំ ១៩៧៥ កម្ពុជាស្ថិតនៅក្នុងរបប ប៉ុល ពត ជីវិតលោកយាយត្រូវបានផ្លាស់ប្ដូរ។ លោកយាយ ជាមួយនិងកូនប្រុសស្រី ត្រូវបានបង្ខំឲ្យចាកចេញពីភ្នំពេញ ទៅរស់នៅខេត្តកណ្តាលមួយរយៈ មុនពេលបន្តទៅខេត្តបាត់ដំបង ហើយនៅទីនោះ លោកយាយបានរួចជីវិតដោយសារតែរបាំនេះ។ លោកយាយរាំពេលដែលសម្រាកពីការងារពលកម្មដែលអង្គការបានដាក់ជូនតាមផែនការរួចរាល់។ ក្រោយពេលរបបនេះបានសាបសូន្យទៅ លោកយាយ ឯម ធាយ បានវិលមករស់នៅភ្នំពេញវិញ និងចាប់យករបរជាគ្រូបង្រៀនរបាំព្រះរាជទ្រព្យបានជួយឲ្យរបាំនេះរស់រានមានជីវិតឡើងវិញ ជាមួយនិងសិល្បករ ៧ រូបទៀត ដែលបានរួចជីវិតពីរបបខ្មែរក្រហម។
នាពេលកន្លងមកលោកយាយតែងតែមានប្រសាសន៍ថា លោកយាយមិនស្តាយក្រោយនោះទេ នៅក្នុងជីវិតជាអ្នកបន្តមរតករបាំព្រះរាជទ្រព្យមួយនេះ។
លោកស្រី ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌បានសម្ដែងការសោកស្ដាយជាខ្លាំង ចំពោះការបាត់បង់គ្រូរបាំដែលជាមរតកមនុស្សរស់ចុងក្រោយនេះ។ នៅលើផេកផ្លូវការរបស់ខ្លួន ក្រសួងវប្បធម៌បានលើកឡើងថា នាងខ្ញុំសូមក្រាបសំពះជូនដំណើរនិងគោរពលាលោកយាយជាលើកចុងក្រោយ ដោយចងចាំមិនភ្លេចទេ នូវអ្វីដែលលោកយាយបានលះបង់ និងបូជាសម្រាប់វប្បធម៌ជាតិ។ សូមវិញ្ញាណខន្ធលោកយាយបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សូមជម្រាបថា លោកយាយ ឯម ធាយ គឺជាព្រឹទ្ធាចារ្យនៃរបាំបុរាណខ្មែរ កើតនៅឆ្នាំ ១៩៣២ បានធ្វើការក្នុងការអភិវឌ្ឍរបាំខ្មែរ ដោយជីវិតរបស់លោកយាយបានផ្សារភ្ជាប់ជាមួយនឹងវិស័យសិល្បៈពេញមួយជីវិត។ លោកយាយបានទទួលគោរម្យងារជា ទេវនាដនិម្មិត ពីការប្រទានដោយព្រះមហាក្សត្រ នៅថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០១៣ ដោយលោកយាយជាអ្នកមានចំណេះដឹងខាងរបាំ និងចម្រៀងបុរាណ ជាពិសេសលោកយាយតែងតែប្រឹងប្រែងអភិរក្សសិល្បៈបុរាណ និងបង្ហាត់បង្រៀនសិស្ស កូនចៅជំនាន់ក្រោយ ឱ្យយល់ដឹងពីមរតដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន៕