en     km
en     km

កម្ពុជា នឹងមានច្បាប់ដើម្បីកំណត់សិទ្ធិ និងតួនាទីរបស់ក្រុមឧកញ៉ាដោយស្ថិតក្រោមត្រួតពិនិត្យ និង​ដកហូតសិទ្

Share

កម្ពុជា នឹងមានច្បាប់ដើម្បីកំណត់សិទ្ធិ និងតួនាទីរបស់ក្រុមឧកញ៉ាដោយស្ថិតក្រោមត្រួតពិនិត្យ និង​ដកហូតសិទ្ធ​។ តែបញ្ហានេះ ក្រុមអ្នកវិភាគ តែងតែរិះគន់ឧកញ៉ា កម្ពុជា ពុំមានលក្ខណៈសម្បត្តិ​សម នឹង​គោរមងារនោះទេ។

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចអោយមានច្បាប់គ្រប់គ្រងគោរមងារចំពោះ ឧកញ៉ាការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា។ ការដែលរាជរដ្ឋាភិបាល មានផែនការដូចនេះគឺបន្ទាប់ពីផ្ទុះរឿងអាស្រូវមួយចំនួនរបស់ឧកញ៉ា ក្នុងរឿងពាក់ព័ន្ធជម្លោះគូកំណាន់ចិត្ត និងហិង្សាក្នុងគ្រួសារ។

ការបង្កើតក្រុមការងារអន្តរក្រសួងមួយ សម្រាប់សិក្សា និងរៀបចំលិខិតបទដ្ឋានគតិយុត្តិ សម្រាប់ការងារគ្រប់គ្រង ការផ្ដល់គោរមងារ និងដកគោរមងារឧកញ៉ា។

តាមអនុក្រឹត្យចុះថ្ងៃទី៩ មេសា តែទើបផ្សព្វផ្សាយកាលពីថ្ងៃទី១៧ ឧសភានេះ ហើយបើតាមអនុក្រឹត្យនេះ នាយករដ្ឋមន្ត្រីបានតែងតាំងលោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ធ្វើជាប្រធានក្រុមការងារ ដោយរួមមានអនុប្រធាន និងសមាជិក ១១នាក់ មកពីក្រសួងស្ថាប័នមួយចំនួន។

នៅក្នុងអនុក្រឹត្យសម្ដេចហ៊ុនសែន បានបញ្ជាក់ថា ក្រុមការងារនេះ មានភារកិច្ចសិក្សាស្រាវជ្រាវច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា ដើម្បីរៀបចំការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា។

 

សេចក្ដីសម្រេចក្រុមការងារអន្តរក្រសួងដើម្បីសិក្សា រៀបចំលិខិតបទដ្ឋានគតិយុត្តសម្រាប់គ្រប់គ្រងឧកញ៉ា ការផ្ដល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា

 

ប៉ុន្តែត្រូវសិក្សាអំពីសិទ្ធិ និងកាតព្វកិច្ចរបស់ឧកញ៉ាក្នុងការចូលរួមកិច្ចការសង្គម។ តាមសម្ដេចនាយករដ្ឋមន្ត្រី ក្រុមការងារនេះត្រូវធ្វើរបាយការណ៍អំពីវឌ្ឍនភាពការងារជូន សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីពិនិត្យ សម្រេច និងផ្តល់យោបល់ដឹកនាំ ព្រមទាំងរៀបចំឯកសារពាក់ព័ន្ធជូនរាជរដ្ឋាភិបាល ដើម្បីពិនិត្យសម្រេច។

តាមអនុសាសន៍របស់សម្ដេច ហ៊ុនសែនគឺអនុប្រធាន និងសមាជិកក្រុមការងារអន្តរក្រសួងនេះ ត្រូវចូលរួមប្រជុំតាមការកោះអញ្ជើញ និងទទួលភារកិច្ចតាមការចាត់ចែង របស់ប្រធានក្រុមការងារ ហើយក្រុមការងារនេះមានសិទ្ធិប្រើប្រាស់មន្ត្រីក្រោមឱវាទរបស់ខ្លួន ដើម្បីជួយការងារតាមតម្រូវការចាំបាច់ និងអាចប្រើប្រាស់ត្រារបស់ក្រសួងមហាផ្ទៃ ក្នុងការប្រព្រឹត្តទៅការងារប្រចាំថៃ្ង។

ជាការកត់សំគាល់ ការដែលរដ្ឋាភិបាលចេញអនុក្រឹត្យសម្រេចឱ្យរៀបចំច្បាប់គ្រប់គ្រង និងដកហូតគោរមងាឧកញ៉ានេះ បន្ទាប់ពីឧកញ៉ាមួយចំនួន បានប្រើប្រាស់ទឹកលុយ និងអំណាចហួសហេតុ នាំឱ្យខុសផ្នែកសីលធម៌ និងគុណធម៌ រួមបាត់បង់តម្លៃ ហើយប៉ះពាល់ដល់កត្តិយសរបស់ឧកញ៉ាដទៃទៀតហើយ ចុងក្រោយនេះ ប៉ះពាល់ រឿងហិង្សា ផ្លូវភេទ និងហិង្សាគ្រួសារ។

តែបែបនេះក្ដី ក្រុមអ្នកវិភាគលើកឡើងថា ប្រសិនបើការផ្ដល់គោរមងារជាឧកញ៉ាដល់អ្នកណាម្នាក់ដោយសារគាត់មានលុយជួយរដ្ឋាភិបាល ប៉ុន្តែមិនពិនិត្យប្រភពលុយ និងចរិយាសម្បត្តិបុគ្គលនោះ នឹងអាចធ្វើឱ្យការទទួលបានងារឧកញ៉ាបង្កបញ្ហាដល់សង្គម។ ក្រុមអ្នកឃ្លាំមើលសង្គមជំរុញឱ្យមានការត្រួតពិនិត្យនិងវាយតម្លៃពីទ្រព្យសម្បត្តិ លក្ខណៈសម្បត្តិបុគ្គល និងសកម្មភាពមនុស្សធម៌ផ្សេងៗទៀត ឱ្យបានគ្រប់ជ្រុងជ្រោយមុនផ្ដល់គោរមងារឧកញ៉ានេះទៅឱ្យនរណាម្នាក់។

លោក បណ្ឌិត ឡៅ ម៉ុងហៃ

អ្នកវិភាគជើងចាស់លោកបណ្ឌិត ឡៅ ម៉ុងហៃ សរសេរលើហ្វេសប៊ុកលោកថា ពីរឆ្នាំមកនេះឧកញ៉ាមួយចំនួនមានរឿងអាស្រូវបែកធ្លាយជាសាធារណៈ ដែលធ្វើឱ្យប៉ះពាល់មិនតិចដល់តម្លៃ និងខ្លឹមសារឥស្សរិយយសដើមនៃគោរមងារឧកញ៉ានេះ។ ករណីនេះបានប៉ះពាល់ដល់កិត្តិនាមអ្នកស្នើសុំ និងព្រះកិត្តិនាមព្រះមហាក្សត្រដែលជាអ្នកប្រទានគោរមងារនេះ។ លោកបណ្ឌិត ឡៅ ម៉ុងហៃ ថា គោរមងារឧកញ៉ានេះបានកែក្លាយពីគ្រឿងឥស្សរិយយសពិសេសទៅជាទំនិញឱ្យតែអ្នកទិញមានលុយដល់ ទោះអ្នកទិញនោះជាមនុស្សប្រភេទណាក៏ដោយ។ លោកបណ្ឌិតបានស្នើឱ្យលុបគោរមងារសក្ដិភូមិនេះចោល ដែលងារនេះ ជាឧបសគ្គដល់ការកសាងប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស និងនីតិរដ្ឋដែលសិទ្ធិស្មើគ្នាចំពោះមុខច្បាប់។ ប៉ុន្តែ ក៏មានអ្នកវិភាគ និងអ្នកសង្កេតការណ៍ខ្លះសរសើរ ចំពោះឧកញ៉ាដែលបានប្រើតួនាទីរបស់ខ្លួន មានភាពថ្លៃថ្នូរក្នុងការជួយសង្គម៕

Share

Image
Image
Image