ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ៤ខែ វិច្ឆិកា នេះ សាលាឧទ្ធរណ៍បានបដិសេធសំណើសុំនៅក្រៅឃុំសមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី គឺលោក ហុង សុខហួរ បើទោះបីជាមានការតំកល់ប្រាក់២០លានរៀលក៏ដោយ។ នៅក្នុងសវនាការ នាព្រឹកមិញនេះដែរ ពុំមានវត្តមាន លោក ហុង សុខហួរ នោះឡើយ។
ជុំវិញបញ្ហាសុំនៅក្រៅឃុំនេះ លោក ជួង ជូងី មេធាវី ការពារក្តី លោក ហុង សុខហួរបានឱ្យដឹងថាប្រធានក្រុមប្រឹក្សានៃអង្គជំនុំជម្រះ លោក ប្លង់ សំណាងបានអានសេចក្តីសម្រេចមិនដល់២នាទីផងនៅក្នុងសវនាការ ក៏សម្រេចបដិសេធសំណើរសុំនៅក្រៅឃុំសមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី លោក ហុង សុខហួរ ទាំងពុំបានបញ្ជាក់ពីមូលហេតុឲ្យបានច្បាស់លាស់ឡើយ ដោយចៅក្រមគ្រាន់តែបញ្ជាក់ថា នឹងប្រាប់ពីមូលហេតុជាលាយលក្ខ័អក្សរជូនទៅមេធាវីការពារក្តីរបស់លោក ហុង សុខហួរ តាមក្រោយ។
លោកមេធាវី ជួង ជូងីបានបន្តទៀតថា លោកនឹងធ្វើការពិភាក្សាជាមួយលោក ហុង សុខហួរ ដែលកំពុងតែឃុំខ្លួនបណ្តោះអាសន្ន នៅក្នុងពន្ធនាគារព្រៃស ថាតើគួរប្តឹងសាទុកទៅសាលាកំពូលបន្តទៀតឬយ៉ាណា ?
លោកមានប្រសាសន៍ថា៖ «គឺនីតិវិធី យើងមានសិទ្ធិប្តឹងសាទុកទៅសាលាកំពូល ហើយសំខាន់ខ្ញុំនឹងពិភាក្សាជាមួយលោក ហុង សុខហួរ ថាតើលោកប្រើសិទ្ធិនិងដែរឬទេ បើលោក ហុង សុខហួរ ប្រើសិទ្ធិប្តឹងសាទុក ខ្ញុំ
នឹងរៀបចំបែតបតបតឹងសាទុកជូនគាត់»។
ចំណែកឯភរិយាលោក ហុង សុខហួរ អ្នកស្រី គុណ លំអងបានមានប្រសាសន៍យ៉ាងខ្លីថា អ្នកស្រីមានការសោកស្តាយដែលចៅក្រមបដិសេធសំណើរសុំនៅក្រៅឃុំរបស់ស្វាមីរបស់អ្នកស្រី។ ទោះបីយ៉ាងណាក៏ដោយអ្នកស្រី មានជំជឿបែបអរូបិយថា អំពើអាក្រក់នឹងមិនអាចយកឈ្នះអំពើល្អបាននោះទេ។ អ្នកស្រីនិយាយថា«ខ្ញុំនៅតែមានជំនឿថា នៅលើពិភពលោកយើងនេះតែងតែមានអ្នកល្អ អ្នកអាក្រក់ ហើយខ្ញុំនៅតែសង្ឃឹមថា នឹងនៅមានអ្នកយល់នៅភាពត្រឹមត្រូវ»។
ទាក់ទងនឹងបញ្ហានេះ លោក ហូរ វ៉ាន់ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលស្ថិតនៅសាលាឧទ្ធរណ៍នោះដែរ យល់ឃើញថា ការបដិសេធសំណើរសុំនៅក្រៅឃុំអតីតសមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី លោក ហុង សុខហួរនេះ គឺជារឿងអយុត្តិធម៌។ លោកមានប្រសាសន៍ថា «យ៉ាងហោចណាស់បាននៅក្រៅឃុំ ពីព្រោះលក្ខណៈរបស់គាត់ ដូចមេធាវីបានជំរាប់អញ្ចឹង គឺ មានទាំងមុខរបរ មានផ្ទះ មានទាំងក្រុមគ្រួសារនៅទីនេះ បើយើងនិយាយមានទាំងប្រាក់ធានាទៀតនិយាយឲ្យអស់ទៅ លក្ខណៈគ្រប់គ្រាន់អាចឲ្យគាត់នៅក្រៅឃុំ ហើយគាត់អត់មានរត់ទៅណាទេ តាមខ្ញុំយល់តុលាការរកពេលណាក៏បាន»។
ប្រធានក្រុមស៊ើបអង្កេត នៃអង្គការការពារសិទ្ធិមនុស្សលីកាដូលោក អំ សំអាតមាន ប្រសាសន៍ថា លោកមានការសោកស្តាយដែលចៅក្រមបដិសេធសំណើរសុំនៅក្រៅឃុំ របស់សមាជិក ព្រឹទ្ធសភា លោក ហុង សុខហួរ ព្រោះលោកយល់ថា លោក ហុង សុខហួរ មានលក្ខណៈគ្រប់គ្រាន់អាចនៅក្រៅឃុំបាន ។ ជាងនេះទៀត លោក សំអាត យល់ថា ការបដិសេធរបស់ចៅក្រមនេះ មិនមែនជារឿងថ្មីឡើយ ព្រោះរឿងនេះមានជាប់ពាក់ព័ន្ធទៅនិងបញ្ហានយោបាយ ។
លោកនិយាយថា៖ «យើងមានការសោកស្តាយសាលាឧទ្ធរណ៍នៅតែបដិសេធសម្រាប់គាត់ ។ ខ្ញុំគិតថា វាមិនជាចំលែងនោះទេ ពីព្រោះរឿងនេះជារឿងនយោបាយស្រាប់ទៅហើយ ដោយស្ថិតនៅក្នុងស្ថានភាពនយោបាយកំពុងតានតឹងដូច្នេះនោះបាទ» ។
សូមបញ្ជាក់ថា សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី លោក ហុង សុខហួរ កំពុងតែស្ថិននៅក្នុងពន្ធនាគារព្រៃស ជាបណ្តោះអាសន្ន ទាំងពុំទាន់ដកអភ័យឯកសិទ្ធិពីរដ្ឋសភានៅឡើយ។ សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី រូបនេះ ត្រូវបានចោទប្រកាន់៣ករណីគឺ បទក្លែងឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយ និងញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម៕