en     km
en     km

សមាគមសហជីពជាង១០០ទាមទារ​​ឲ្យ​ផ្អាក​​ការបង់​សង​ប្រាក់​​កម្ចី​ក្នុងស្ថានភាពកូវីដខណៈ​ស្ត្រី​៧៥​ភាគ​រយជាកូនបំណុល

Share

ក្រុម​​អង្គការ​-​សមាគម សហជីព ​និង​​សហគមន៍​មូលដ្ឋាន​ បានចេញសេចក្ដី​ថ្លែង​ការណ៍​រួម​​ដោយ​ទាមទារ​​ឲ្យ​ផ្អាក​​បង់​សង​ប្រាក់​​កម្ចី​ និង​​ប្រាក់​​បង្គរ​​ទៅ​​គ្រឹះ​ស្ថាន​​មីក្រូហិរញ្ញវត្ថុ ​និង​​ធនាគារ​​រយៈ​ពេល ​៣ខែក្នុងពេលពួកគាត់ជួបផលលំបាកក្នុងស្ថានភាពកូវិដ។

​សេចក្ដី​ថ្លែង​ការណ៍រួមរបស់ក្រុម​​អង្គការ​​សង្គម​ស៊ីវិល​ បានឱ្យ​ដឹង​ថា​ វិស័យ​កាត់ដេរ​​ ទេសចរណ៍​ ​សេវា​កំសាន្ត​​ និង​សំណង់​​ បាន​​រងគ្រោះ​​ខ្លាំង​​ជាង​គេ​​ ។

តាមរបាយការណ៍របស់សេចក្ដីថ្លែងការណ៍​  ​​វិស័យ​ទាំង​នេះ​​បាន​​ផ្ដល់​​ការងារ​​ដល់​​ស្ត្រី​រាប់​​សែន​​នាក់​​ ហើយ​​ស្ត្រី​​ប្រមាណ​​ ៧៥​ភាគ​រយ ​​បាន​ខ្ចី​​ប្រាក់​​ពី​​ធនាគារ​។ ជាមួយគ្នានេះ​​ កសិករ​​ ពលករ​​ចំណាកស្រុក​​ សហគមន៍​ក្រីក្រ​ ​អ្នក​ប្រកប​របរ​​សេដ្ឋកិច្ច​​ក្រៅ​​ប្រព័ន្ធ​​ អ្នក​ធ្វើ​​ជំនួញ​​ អាជីវករ​​ និង​​អ្នកលក់​ដូរ​​តាម​​ចិញ្ចើម​ផ្លូវ​​ ​ក៏​បាត់បង់​​ប្រាក់ចំណូល​​ផង​ដែរនាំអោយជីវភាពពួកគាត់ធ្លាក់ចុះ។ ​ ​​ដោយបណ្ដាល​​មក​ពី​កម្ចី​​ឥណទាន​​ខ្នាត​​តូច​​របស់​​គ្រឹះស្ថាន​​មីក្រូហិរញ្ញវត្ថុ​​ និង​​ធនាគារ​​ បាន​ប៉ះពាល់​​ដល់​​សុខភាព​​សាធារណៈ​ ​និង​​សុវត្ថិភាព​​កម្មសិទ្ធិ​ដីធ្លី​​របស់​​ប្រជាពលរដ្ឋ​​ហើយ​​អ្នក​​ខ្ចីប្រាក់​​អាច​​នឹង​​បាត់​បង់​​ដីធ្លី​ ​ដោយ​សារ​​ការបង្វិលការប្រាក់និងប្រាក់ដើមពុំទាន់ពេលវេលា។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់ក្រុម​​អង្គការ​-​សមាគម សហជីព ​និង​​សហគមន៍​មូលដ្ឋានមានជាង១០០ស្ថាប័ន។

​​សេចក្ដី​ថ្លែង​​ការណ៍​​បានបន្តទៀត​​​ថា​ ​ការ​ធ្វើ​អត្តឃាត​​ដោយសារ​​បញ្ហា​បំណុល​​​ និង​​ការ​ប្រើ​​អំពើ​​ហិង្សា​ក្នុង​គ្រួសារ​​បាន​កើត​ឡើង​​ជា​បន្ត​បន្ទាប់​​ ដោយ​សារ​​ការ​តាន​តឹង​​ផ្លូវចិត្ត​​ បណ្ដាល​មក​ពី​​ប្រាក់​បំណុល​ ​និង​​វិបត្តិ​ហិរញ្ញវត្ថុ។ ​​

អំឡុង​ពលរដ្ឋធ្លាក់ចុះជីវភាព ប្រចាំថ្ងៃដោយសារកូវិដ ​​មជ្ឈដ្ឋាន​​ផ្សេងៗ​គ្នា​​ បាន​អំពាវនាវ​​ឱ្យ​រដ្ឋាភិបាល​​ជួយ​សម្រាល​​បន្ទុក​​​។ ក្នុងហេតុផលនេះ ខាងរដ្ឋាភិបាល ក៏បានប្រកាសដល់​​​ស្ថាប័ន​​មីក្រូហិរញ្ញវត្ថុ​​ និង​​ធនាគារ​​ អោយជួយ​ទទួលបន្ទុក​​សេដ្ឋកិច្ច​ខ្លះ​​​ដល់​​ប្រជាពលរដ្ឋ​​។ ​​អ្នក​នាំ​ពាក្យ​​រដ្ឋាភិបាល​​លោក​ ផៃ ស៊ីផាន​​ ក្នុងបទសម្ភាសមួយជាមួយវិទ្យុមួយ លោកបានអះអាងថា​​ រដ្ឋាភិបាល​​​មិន​អាច​​ធ្វើ​តាម​​ការណែនាំ​​របស់​អង្គការ​​សង្គម​​ស៊ីវិល​​នេះ​​បាន​​ទេ​ ដែល​​លោក​ថា​ កម្ពុជា​ជា​​ប្រទេស​​សេដ្ឋកិច្ច​​​ទីផ្សារ​សេរី ​​ដែល​មាន​​ការ​​ប្រកួត​ប្រជែង។ ​ប៉ុន្តែលោកបញ្ជាក់ថា ​ ​ក្នុងស្ថានភាពនេះ ​គឺ​​កូន​​បំណុល​​នឹង​​ម្ចាស់​​បំណុល​​​គួរពិភាក្សា​​គ្នាព្រោះការខ្ចីបុលជាមួយធនាគារ គឺជារឿងឯកជនភាពរបស់​គ្រួសារនីមួយៗ។

ការស្ទាបស្ទង់មួយ​ដោយ​ក្រុមហ៊ុនពិគ្រោះយោបល់ឈ្មោះ Angkor Research ដែលបានចុះជួបមួយ​មេភូមិ៥៤នាក់ និង​ពលរដ្ឋ១ ០០០គ្រួសារ បានឱ្យដឹងថា ពលរដ្ឋកម្ពុជា៤៥%​ក្នុងចំណោមអ្នក​ដែលផ្តល់​សម្ភាស បាន​ធ្លាក់​ខ្លួនកាន់តែជ្រៅទៅក្នុងភាពក្រីក្រក្នុងចន្លោះខែមករានិង​ខែ​មេសា នៅឆ្នាំ២០២០
ខណៈដែល​ម្នាក់​ក្នុងចំណោមប្រាំបីនាក់​ ត្រូវ​បង្ខំចិត្ត​លក់​ទ្រព្យសម្បត្តិ ដូចជា​សត្វពាហនៈ គ្រឿងយន្ត​កសិកម្ម និង​ដីធ្លី ជា​ដើមដើម្បីយកប្រាក់សងម្ចាស់បំណុល។

ចំពោះបំណុល​សាធារណៈ​ក្រៅ​ប្រទេស​ដែល​រដ្ឋាភិបាល​កម្ពុជា​ជំពាក់​ដៃគូ​បរទេស បាន​កើន​ឡើង​ ​ជិត​ ៩ ​ពាន់​លាន​ដុល្លារ គិត​ត្រឹម​ដំណាច់​ឆ្នាំ​ ២០២០។​

ឯកសារ​បង្ហាញអំពីទិន្នន័យនេះ ត្រូវបានក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ បង្ហាញ​ថា «សន្និធិ​បំណុល​សាធារណៈ​ក្រៅ​ប្រទេស»​ ដែល​រដ្ឋ​នៅ​ជំពាក់​ដៃគូ​បរទេស​ បាន​ឡើង​ដល់​កម្រិត ៨៨៥៩ ​លាន​ដុល្លារ​អាមេរិក មក​ទល់​នឹង​ដំណាច់​ខែ​ធ្នូ ឆ្នាំ២០២០​៕

Share

Image
Image
Image