en     km
en     km

​អ្នកវិភាគ​យល់​ថា​ ជនសង្ស័យ​៣​នាក់​ គឺជា​តួអង្គ​ដែល​គេ​រៀបចំ​ឲ្យ​ចេញ​សារភាព​

Share

​ជនសង្ស័យ​ ៣​ នាក់​ បាន​ចេញ​មក​បង្ហាញខ្លួន​ចំពោះ​មុខ​គណៈកម្មការ​ស្រាវជ្រាវ​ស៊ើបអង្កេត​ របស់​ក្រសួងមហាផ្ទៃ​ កាលពី​ល្ងាច​ថ្ងៃ​ទី​០៣​ខែវិច្ឆិកា​ ម្សិលមិញ​ ដោយ​បាន​អះអាង​ថា​ ខ្លួន​គឺជា​អ្នក​វាយ​ទៅ​លើ​តំណាងរាស្ត្រ​ គណបក្សប្រឆាំង​ពីរ​រូប​កាលពី​ថ្ងៃ​ទី​២៦​ខែតុលា​កន្លង​ទៅ​។​ ជុំវិញ​រឿង​នេះ​ អ្នកវិភាគ​សង្គម​យល់​ឃើញ​ថា​ ជនសង្ស័យ​ដែល​បាន​ចេញ​មុខ​សារភាព​នៅ​ពេល​នេះ​ គឺជា​តួអង្គ​ចំណាយ​មួយ​របស់​អ្នក​រៀបចំ​ព្រឹត្តិការណ៍​វាយ​តំណាងរាស្ត្រ​តែ​ប៉ុណ្ណោះ​។​

​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ដែល​បាន​ចេញផ្សាយ​កាលពី​ល្ងាច​ថ្ងៃ​ទី​០៣​ខែវិច្ឆិកា​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​៣​រូប​ ដែល​បាន​បង្ក​របួស​ស្នាម​ លើ​អ្នកតំណាង​រាស្ត្រ​ពីរ​រូប​ គឺ​លោក​ ញ៉​យ​ ចំរើន​ និង​លោក​គង់​ សភា​ បាន​ចេញ​មក​បង្ហាញខ្លួន​ចំពោះ​មុខ​គណៈកម្មការ​ស្រាវជ្រាវ​ស៊ើបអង្កេត​របស់​ក្រសួងមហាផ្ទៃ​ហើយ​ នៅ​វេលា​ម៉ោង​ ៤​ និង​ ៣០​ នាទី​រសៀល​ម្សិលមិញ​។​

​ជុំវិញ​បញ្ហា​នេះ​ លោក​ សូ​ ច​ន្ថា​ សាស្ត្រាចារ្យ​វិទ្យា​នយោបាយ​ និង​ជា​អ្នក​តាមដាន​ព្រឹត្តិការណ៍​នយោបាយ​កម្ពុជា​ បាន​លើក​ឡើង​ថា​ វត្តមាន​ជនសង្ស័យ​៣​រូប​ ដែល​ចូលខ្លួន​មក​សារភាព​ចំពោះ​មុខ​គណៈកម្មការ​ស្រាវជ្រាវ​ស៊ើបអង្កេត​របស់​ក្រសួងមហាផ្ទៃ​ គឺជា​រឿង​ល្អ​មួយ​ ប៉ុន្តែ​លោក​ថា​ ដើម្បី​លុប​បំបាត់​វប្បធម៌​និទណ្ឌភាព​ និង​វប្បធម៌​ហិង្សា​នៅ​កម្ពុជា​បាន​ សមត្ថកិច្ច​ត្រូវ​ស្វែងរក​ចាប់ខ្លួន​អ្នក​ដែល​រៀបចំ​ព្រឹត្តិការណ៍​វាយ​អ្នកតំណាង​រាស្ត្រ​មក​ផ្តន្ទាទោស​តាម​ច្បាប់​ឲ្យ​បាន​។​

​លោក​សាស្ត្រាចារ្យ​សង្កត់ធ្ងន់​ផង​ដែរ​ថា​ ជនសង្ស័យ​ដែល​ចេញ​មក​សារភាព​ទាំងនេះ​ គឺ​គ្រាន់តែ​ជា​ការ​រៀបចំ​ និង​ចំណាយ​ ពី​សំណាក់​អ្នក​នៅ​ពីក្រោយ​ខ្នង​នៃ​ព្រឹត្តិការណ៍​វាយ​អ្នកតំណាង​រាស្ត្រ​ទាំង​ពីរ​ រូប​នេះ​ប៉ុណ្ណោះ​។​ លោក​ សូ​ ច​ន្ថា​៖​ «​ខ្ញុំ​មើលទៅ​អ្នក​ដែល​ចូល​សារភាព​ហ្នឹង​ជា​តួអង្គ​ចំណាយ​មួយ​ដែល​គេ​តែងតែ​ប្រើប្រាស់​នៅ​ក្នុង​ស្ថានការណ៍​នយោបាយ​មួយ​ចំនួន​ដែល​កម្ពុជា​យើង​ធ្លាប់​ឃើញ​កន្លង​មក​។​ជា​ពិសេស​វា​ហាក់ដូចជា​មិន​មាន​អ្វី​ដែល​ជា​ការ​ផុស​ចេញពី​ចិត្ត​អ្នក​ដែល​បាន​ប្រ​ព្រឹ​តិ្ត​បទល្មើស​ហ្នឹង​ទេ​»​។​

​លោកស្រី​ ជា​ វ​ណ្ណាត អ្នកវិភាគ​ឯករាជ្យ​
​លោកស្រី​ ជា​ វ​ណ្ណាត អ្នកវិភាគ​ឯករាជ្យ​

​ចំណែក​អ្នកស្រី​ ជា​ វ​ណ្ណាត​ អ្នកវិភាគ​ព្រឹត្តិការណ៍​សង្គម​ចាស់ទុំ​មួយ​រូប​ទៀត​ ដាក់​ការ​សន្និដ្ឋាន​ថា​ ការ​ចេញ​មុខ​សារភាព​នេះ​ ទំនងជា​មានការ​លើកទឹកចិត្ត​ ឬ​មានការ​ច​ចា​ណាមួយ​ឲ្យ​ជន​ ទាំង​៣​នាក់​នោះ​ ព្រម​ចេញ​មុខ​ទទួលខុសត្រូវ​ក្នុង​ករណី​នេះ​ ព្រោះ​ជា​ធម្មតា​ជនល្មើស​មិន​ដែល​ ស្ម័គ្រចិត្ត​ទទួលកំហុស​ឡើយ​។​ អ្នកស្រី​បន្ត​ថា​ ចំពោះ​ករណី​មានការ​ចេញ​មុខ​ ទទួលកំហុស​បែប​នេះ​ គឺ​មិនមែន​ជា​រឿង​អ្វី​ថ្មី​នោះ​ទេ​សម្រាប់​នយោបាយ​នៅ​កម្ពុជា​ តែ​អ្វី​ដែល​ថ្មី​នោះ​ គឺ​ត្រង់​ថា​ ករណី​វាយដំ​យ៉ាង​ព្រៃផ្សៃ​បាន​តើក​មាន​ចំពោះ​អ្នកតំណាង​រាស្ត្រ​ខ្មែរ​។​ លោកស្រី​ ជា​ វ​ណ្ណាត​៖​ ដូច​ជា​ផ្លែ​ក​ដែរ​!​ ផ្លែ​ក​ត្រង់​ថា​ ធម្មតា​ជន​ដៃដល់​មិន​ដែល​ស្ម័គ្រចិត្ត​ទេ​ ម្លោះ​ហើយ​!​ប្រហែលជា​មានការ​លើកទឹកចិត្ត​ឬ​ក៏​ការ​ច​ចារ​ណាមួយ​នៅ​ពីក្រោយ​ហ្នឹង​ ថា​ឲ្យ​អ្នក​ទាំង​៣​នាក់​ហ្នឹង​ស្រុះស្រួល​ដាច់​ចិត្ត​ចូល​ទៅ​សារភាព​។​

​ពាក់ព័ន្ធ​ក្នុង​រឿង​នេះ​ លោក​ យ៉ែ​ម​ បុញ្ញ​ឫ​រិ​ទ្ធ​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​និយាយ​ថា​ តាម​រយៈ​ការ​ចូល​សារភាព​នេះ​ លោក​យល់​ឃើញ​ថា​ ការ​អនុវត្ត​ការងារ​របស់​អាជ្ញាធរ​ដែនដី​ គឺ​ចាប់ផ្តើម​មាន​ប្រសិទ្ធភាព​ជា​បណ្តើរៗ​ហើយ​។​ តែ​លោក​សង្កត់ធ្ងន់​ថា​ ជន​ដែល​វាយ​តំណាងរាស្ត្រ​ទាំង​២​រូប​គឺ​មាន​ច្រើន​ជាង​នេះ​ ដូច្នេះ​លោក​បាន​ស្នើ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ ព្យាយាម​ស្វែងរក​ចាប់ខ្លួន​ជន​ដៃដល់​ យក​មក​ទទួលទោស​តាម​ផ្លូវច្បាប់​។​

​លោក​ យ៉ែ​ម​ បុញ្ញ​ ឫ​រិ​ទ្ធ​ ប្រាប់​វិទ្យុ​ស្ត្រី​ នៃ​WMC​ នៅ​ថ្ងៃ​ទី​ ៤​ ខែវិច្ឆិកា​នេះ​ទៀត​ថា​ លោក​មិន​ធ្វើការ​ស​និ្ន​ដ្ឋា​ន​ណាមួយ​នោះ​ទេ​ចំពោះ​ ការ​ចេញ​មុខ​សារភាព​ពី​សំណាក់​អ្នក​ទាំង​៣​នាក់​នោះ​ ដោយ​លោក​ទុក​ឲ្យ​តុលាការ​ជា​អ្នកធ្វើការ​ស៊ើបអង្កេត​ក្នុង​រឿង​នេះ​បន្ត​ទៀត​។​ លោក​ យ៉ែ​ម​ បុញ្ញ​ឫ​រិ​ទ្ធ​៖​ «​ដូច្នេះ​ជា​រឿង​មួយ​ល្អ​ប្រសើរ​ ក៏​ប៉ុន្តែ​ជន​ដែល​វាយ​តំណាង​អាច​មាន​ច្រើន​លើស​ពី​៣​នាក់​ហ្នឹង​បាទ​។​ យើង​មិន​ធ្វើការ​សន្និដ្ឋាន​ ឬ​ក៏​ធ្វើ​បុរេវិនិច្ឆ័យ​មុន​ធ្វើការ​ស៊ើបអង្កេត​ មុន​ដំណើរការ​របស់​តុលាការ​នោះ​ទេ​ ព្រោះ​យើង​ទុក​បេ​ល​ឲ្យ​តុលាការ​គាត់​បំពេញការងារ​របស់​គាត់​បាទ​»​។​

​សូម​បញ្ជាក់​ថា​ តាម​រយៈ​សេចក្តី​ប្រកាស​ព័​ត៌​របស់​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បញ្ជាក់​ថា​ ជន​ទាំង​ ៣​ នាក់​មានឈ្មោះ​ ចាយ​ សា​រិ​ទ្ធ​ ភេទ​ប្រុស​អាយុ​ ៣៣​ ឆ្នាំ​ មាន​លំនៅ​ក្នុង​សង្កាត់​តា​ខ្មៅ​ ក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល​ ទី​២​ ឈ្មោះ​ ម៉ៅ​ ហឿ​ន​ ភេទ​ប្រុស​ អាយុ​ ៣៤​ ឆ្នាំ​ មាន​លំនៅ​ភូមិ​៥​ ឃុំ​ព្រែក​ខ្សាយ​ ស្រុក​ពាម​រក៍​ ខេត្តព្រៃវែង​ និង​ទី​ ៣​ ឈ្មោះ​ សុត​ វណ្ណ​នី​ ភេទ​ប្រុស​ អាយុ​ ៤៥​ ឆ្នាំ​ មាន​លំនៅ​ភូមិ​ព្រែក​រាំង​.​សង្កាត់​កំពង់​សំណាញ់​ ក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល​។​ ហើយ​នៅ​ ថ្ងៃ​ទី​០៤​ខែវិច្ឆិកា​នេះ​ សមត្ថកិច្ច​បាន​បញ្ជូន​ជនសង្ស័យ​ទាំង​៣​នាក់​ទៅ​កាន់​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើការ​សាកសួរ​៕

 

press-release-3-fighter-01

Share

Image
Image
Image