ជនសង្ស័យ ៣ នាក់ បានចេញមកបង្ហាញខ្លួនចំពោះមុខគណៈកម្មការស្រាវជ្រាវស៊ើបអង្កេត របស់ក្រសួងមហាផ្ទៃ កាលពីល្ងាចថ្ងៃទី០៣ខែវិច្ឆិកា ម្សិលមិញ ដោយបានអះអាងថា ខ្លួនគឺជាអ្នកវាយទៅលើតំណាងរាស្ត្រ គណបក្សប្រឆាំងពីររូបកាលពីថ្ងៃទី២៦ខែតុលាកន្លងទៅ។ ជុំវិញរឿងនេះ អ្នកវិភាគសង្គមយល់ឃើញថា ជនសង្ស័យដែលបានចេញមុខសារភាពនៅពេលនេះ គឺជាតួអង្គចំណាយមួយរបស់អ្នករៀបចំព្រឹត្តិការណ៍វាយតំណាងរាស្ត្រតែប៉ុណ្ណោះ។
សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃដែលបានចេញផ្សាយកាលពីល្ងាចថ្ងៃទី០៣ខែវិច្ឆិកាបានឲ្យដឹងថា ជនសង្ស័យ៣រូប ដែលបានបង្ករបួសស្នាម លើអ្នកតំណាងរាស្ត្រពីររូប គឺលោក ញ៉យ ចំរើន និងលោកគង់ សភា បានចេញមកបង្ហាញខ្លួនចំពោះមុខគណៈកម្មការស្រាវជ្រាវស៊ើបអង្កេតរបស់ក្រសួងមហាផ្ទៃហើយ នៅវេលាម៉ោង ៤ និង ៣០ នាទីរសៀលម្សិលមិញ។
ជុំវិញបញ្ហានេះ លោក សូ ចន្ថា សាស្ត្រាចារ្យវិទ្យានយោបាយ និងជាអ្នកតាមដានព្រឹត្តិការណ៍នយោបាយកម្ពុជា បានលើកឡើងថា វត្តមានជនសង្ស័យ៣រូប ដែលចូលខ្លួនមកសារភាពចំពោះមុខគណៈកម្មការស្រាវជ្រាវស៊ើបអង្កេតរបស់ក្រសួងមហាផ្ទៃ គឺជារឿងល្អមួយ ប៉ុន្តែលោកថា ដើម្បីលុបបំបាត់វប្បធម៌និទណ្ឌភាព និងវប្បធម៌ហិង្សានៅកម្ពុជាបាន សមត្ថកិច្ចត្រូវស្វែងរកចាប់ខ្លួនអ្នកដែលរៀបចំព្រឹត្តិការណ៍វាយអ្នកតំណាងរាស្ត្រមកផ្តន្ទាទោសតាមច្បាប់ឲ្យបាន។
លោកសាស្ត្រាចារ្យសង្កត់ធ្ងន់ផងដែរថា ជនសង្ស័យដែលចេញមកសារភាពទាំងនេះ គឺគ្រាន់តែជាការរៀបចំ និងចំណាយ ពីសំណាក់អ្នកនៅពីក្រោយខ្នងនៃព្រឹត្តិការណ៍វាយអ្នកតំណាងរាស្ត្រទាំងពីរ រូបនេះប៉ុណ្ណោះ។ លោក សូ ចន្ថា៖ «ខ្ញុំមើលទៅអ្នកដែលចូលសារភាពហ្នឹងជាតួអង្គចំណាយមួយដែលគេតែងតែប្រើប្រាស់នៅក្នុងស្ថានការណ៍នយោបាយមួយចំនួនដែលកម្ពុជាយើងធ្លាប់ឃើញកន្លងមក។ជាពិសេសវាហាក់ដូចជាមិនមានអ្វីដែលជាការផុសចេញពីចិត្តអ្នកដែលបានប្រព្រឹតិ្តបទល្មើសហ្នឹងទេ»។
ចំណែកអ្នកស្រី ជា វណ្ណាត អ្នកវិភាគព្រឹត្តិការណ៍សង្គមចាស់ទុំមួយរូបទៀត ដាក់ការសន្និដ្ឋានថា ការចេញមុខសារភាពនេះ ទំនងជាមានការលើកទឹកចិត្ត ឬមានការចចាណាមួយឲ្យជន ទាំង៣នាក់នោះ ព្រមចេញមុខទទួលខុសត្រូវក្នុងករណីនេះ ព្រោះជាធម្មតាជនល្មើសមិនដែល ស្ម័គ្រចិត្តទទួលកំហុសឡើយ។ អ្នកស្រីបន្តថា ចំពោះករណីមានការចេញមុខ ទទួលកំហុសបែបនេះ គឺមិនមែនជារឿងអ្វីថ្មីនោះទេសម្រាប់នយោបាយនៅកម្ពុជា តែអ្វីដែលថ្មីនោះ គឺត្រង់ថា ករណីវាយដំយ៉ាងព្រៃផ្សៃបានតើកមានចំពោះអ្នកតំណាងរាស្ត្រខ្មែរ។ លោកស្រី ជា វណ្ណាត៖ ដូចជាផ្លែកដែរ! ផ្លែកត្រង់ថា ធម្មតាជនដៃដល់មិនដែលស្ម័គ្រចិត្តទេ ម្លោះហើយ!ប្រហែលជាមានការលើកទឹកចិត្តឬក៏ការចចារណាមួយនៅពីក្រោយហ្នឹង ថាឲ្យអ្នកទាំង៣នាក់ហ្នឹងស្រុះស្រួលដាច់ចិត្តចូលទៅសារភាព។
ពាក់ព័ន្ធក្នុងរឿងនេះ លោក យ៉ែម បុញ្ញឫរិទ្ធ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បាននិយាយថា តាមរយៈការចូលសារភាពនេះ លោកយល់ឃើញថា ការអនុវត្តការងាររបស់អាជ្ញាធរដែនដី គឺចាប់ផ្តើមមានប្រសិទ្ធភាពជាបណ្តើរៗហើយ។ តែលោកសង្កត់ធ្ងន់ថា ជនដែលវាយតំណាងរាស្ត្រទាំង២រូបគឺមានច្រើនជាងនេះ ដូច្នេះលោកបានស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ច ព្យាយាមស្វែងរកចាប់ខ្លួនជនដៃដល់ យកមកទទួលទោសតាមផ្លូវច្បាប់។
លោក យ៉ែម បុញ្ញ ឫរិទ្ធ ប្រាប់វិទ្យុស្ត្រី នៃWMC នៅថ្ងៃទី ៤ ខែវិច្ឆិកានេះទៀតថា លោកមិនធ្វើការសនិ្នដ្ឋានណាមួយនោះទេចំពោះ ការចេញមុខសារភាពពីសំណាក់អ្នកទាំង៣នាក់នោះ ដោយលោកទុកឲ្យតុលាការជាអ្នកធ្វើការស៊ើបអង្កេតក្នុងរឿងនេះបន្តទៀត។ លោក យ៉ែម បុញ្ញឫរិទ្ធ៖ «ដូច្នេះជារឿងមួយល្អប្រសើរ ក៏ប៉ុន្តែជនដែលវាយតំណាងអាចមានច្រើនលើសពី៣នាក់ហ្នឹងបាទ។ យើងមិនធ្វើការសន្និដ្ឋាន ឬក៏ធ្វើបុរេវិនិច្ឆ័យមុនធ្វើការស៊ើបអង្កេត មុនដំណើរការរបស់តុលាការនោះទេ ព្រោះយើងទុកបេលឲ្យតុលាការគាត់បំពេញការងាររបស់គាត់បាទ»។
សូមបញ្ជាក់ថា តាមរយៈសេចក្តីប្រកាសព័ត៌របស់អ្នកនាំពាក្យក្រសួងមហាផ្ទៃបញ្ជាក់ថា ជនទាំង ៣ នាក់មានឈ្មោះ ចាយ សារិទ្ធ ភេទប្រុសអាយុ ៣៣ ឆ្នាំ មានលំនៅក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ទី២ ឈ្មោះ ម៉ៅ ហឿន ភេទប្រុស អាយុ ៣៤ ឆ្នាំ មានលំនៅភូមិ៥ ឃុំព្រែកខ្សាយ ស្រុកពាមរក៍ ខេត្តព្រៃវែង និងទី ៣ ឈ្មោះ សុត វណ្ណនី ភេទប្រុស អាយុ ៤៥ ឆ្នាំ មានលំនៅភូមិព្រែករាំង.សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ហើយនៅ ថ្ងៃទី០៤ខែវិច្ឆិកានេះ សមត្ថកិច្ចបានបញ្ជូនជនសង្ស័យទាំង៣នាក់ទៅកាន់តុលាការសាលាដំបូងរាជធានីភ្នំពេញដើម្បីធ្វើការសាកសួរ៕