អង្គការការពារកុមារ-Child Protection Unit ឬអង្គភាពការពារកុមារ ប្ដេជ្ញាជួយការពារកម្ពុជា បន្ទាប់ពីរកឃើញឃាតកម្មលើកុមារចំនួន ២០០ករណី ក្នុងអំឡុងពេល ៩ឆ្នាំ គិតចាប់ពី ឆ្នាំ២០១៣ មក។
គេហទំព័រហ្វេសប៊ុករបស់អង្គការការពារកុមារបានបញ្ជាក់ថា គ្រប់ករណីឃាតកម្មទៅលើកុមារទាំងអស់ ត្រូវបានក្រុមការងាររបស់អង្គការនេះ មានក្ដីរន្ធត់ចិត្ត និងចងចាំជានិច្ច ហើយមានករណីមួយចំនួនបានបន្សល់ទុកនូវស្នាមខ្លោចផ្សារទៀតផង។
ភ្នាក់ងាររបស់អង្គការនេះបានឃើញផ្ទាល់នឹងភ្នែកជនល្មើសដែលប្រព្រឹត្តឃាតកម្មទាំងនោះ។
តាមសេចក្ដីដើម របស់ អង្កការនេះ មានដូចនេះថា ២០០ករណី គឺមិនមែនជាតួលេខសម្រាប់ការអបអរសាទរ ឬមោទនភាពនោះទេ។ ផ្ទុយទៅវិញវាជាតួលេខពោពេញទៅដោយភាពងងឹត និងភាពសោកសៅ។ វាគឺជាតួលេខដែលត្រូវខឹតខំបន្តទៀតដើម្បី ជួយកាត់បន្ថយអំពើហិង្សាលើកុមារ នៅកម្ពុជា។
ចំនួន២០០ករណីឃាតកម្ម និងករណីស្លាប់ដោយមានការសង្ស័យលើកុមារ ដែលបង្ខំអោយអង្គភាពការពារកុមារ តាំងចិត្តចូលរួមធ្វើការស៊ើបអង្កេត។
នាយកអង្គភាពការពារកុមារ លោក ហ្យេម ម៉ាក់ខេប៊ី (James McCabe)បានបញ្ជាក់ក្នុងរបាយការណ៍នេះថា បញ្ហាឃាតកម្មដ៏គួរឲ្យរន្ធត់លើកុមារទាំងនេះ ជំរុញឲ្យអង្គភាពលោកខិតខំធ្វើការទាំងថ្ងៃទាំងយប់ ទោះបីជាប៉ះទង្គិចផ្លូវចិត្តយ៉ាងខ្លាំង។
លោកសង្កត់ធ្ងន់ថា«ឃាតកម្មលើកុមារនេះ គឺជាបញ្ហាសកល កើតឡើងនៅគ្រប់ទីកន្លែងក្នុងពិភពលោកមិនមែននៅតែកម្ពុជាទេ។ មន្ត្រីជំនាញផ្នែកឯកទេសបទល្មើសមនុស្សឃាតនៃរដ្ឋាភិបាលកម្ពុជា សហការជាមួយអង្គភាព CPU ប្តេជ្ញាធ្វើសង្គ្រាមប្រឆាំងជាដាច់ខាត លើករណីឃាតកម្មលើកុមារនិងចាប់ជនល្មើសទាំងនោះ។ ជាលទ្ធផល តាមរយៈកិច្ចប្រឹងប្រែងនេះ យើងបានរកឃើញឃាតកម្មលើកុមារចំនួន ២០០ករណី ក្នុងអំឡុងពេល ៩ឆ្នាំ មកនេះ»។
នេះគឺជាការពិត ដែលលោកថាត្រូវតែមានអារម្មណ៍ខឹង និងស្អប់ខ្ពើមដល់ជនល្មើស ដើម្បីជំរុញអោយស្វែងរកភាពយុត្តិធម៌ និងធ្វើអោយប្រាកដថាគ្រប់បុគ្គលដែលបង្កគ្រោះថ្នាក់ដល់កុមារនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ នូវអំពើរបស់ខ្លួន។
អង្គការការពារកុមារ-Child Protection Unit គឺជាអង្គការក្រៅរដ្ឋាភិបាលមួយបង្កើតឡើងកាលពីឆ្នាំ២០១៣ ដែលមានក្រុមការងារភាគច្រើនជាជនបរទេស និងមានជំនាញស៊ើបអង្កេតករណីឃាតកម្មលើកុមារ។
បែបនេះក្ដី ពុំទាន់ឃើញ ក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិកម្ពុជា បញ្ចេញរបាយការណ៍ ដើម្បីផ្ទៀងផ្ទាត់នឹងរបាយការណ៍ របស់ អង្គការការពារកុមារ-Child Protection Unit នៅឡើយនោះទេ។
ប៉ុន្តែអង្គភាពការពារកុមារនេះ បានអះអាងថារបាយការណ៍របស់អង្គការបានផ្តល់ជូនរាជរដ្ឋាភិបាល, ក្រសួងមហាផ្ទៃ, អគ្គស្នងការនគរបាលជាតិ, ក្រសួងផ្សេងៗ និងស្នងការតាមបណ្តាខេត្តក្រុង
ហើយរបាយការណ៍ទាំងនេះ តែងតែរៀបរាប់អំពីបេសកកម្ម, ការស៊ើបអង្កេត, ការផ្ដន្ទាទោស, សេវាកម្មជំនួយដល់ជនរងគ្រោះ, ភាពជោគជ័យ និងភាពបរាជ័យរបស់អង្គការនេះ។
ករណីនេះ ក្រុមអង្គការសង្គមស៊ីវិលដែលធ្វើកាងារអំពីបញ្ហារបស់ ស្ត្រីនិងកុមារឲ្យដឹងថា ករណីឃាតកម្មលើកុមារភាគច្រើន គឺជាករណីរំលោភសម្លាប់។ ពួកគេលើកឡើងថា មូលហេតុដែលនាំឲ្យមានឃាតកម្មលើកុមារទាំងនេះ ដោយសារជនល្មើសភាគច្រើន ប្រើប្រាស់គ្រឿងញៀន គ្រឿងស្រវឹង មើលរូបភាពវីដេអូអាសអាភាស និងការអនុវត្តច្បាប់នៅទន់ខ្សោយ។
សម្រាប់សមាគមការពារសិទ្ធិមនុស្សអាដហុកបានបញ្ចេញរបាយការណ៍របស់ខ្លួនហៅថារបាយការណ៍ ២០២០ អំពើរំលោភសេពសន្ថវៈ។ របាយការណ៍នេះ បានរកឃើញចំនួន ១៤៥ករណី គឺកើនឡើងតិចតួចបើប្រៀបធៀបទៅនឹងឆ្នាំ ២០១៩ ក្នុងនោះជនរងគ្រោះភាគច្រើន គឺជាក្មេងស្រី អាយុក្រោម ១៨ឆ្នាំ ដែលបានប្រព្រឹត្តដោយសាច់ញាតិផ្ទាល់ ឬបុគ្គលក្រៅរង្វង់គ្រួសារ ហើយមានជនរងគ្រោះខ្លះត្រូវបានសម្លាប់ផងដែរ។
ចំណែករបាយការណ៍ឆ្នាំ២០១៩របស់អង្គការយូនីសេហ្វ (UNICEF) ឱ្យដឹងថា អំពើហិង្សា និងការរំលោភបំពាននៅតែមានកម្រិតធ្ងន់ធ្ងរសម្រាប់កុមារនៅកម្ពុជា។ តាមអង្គការនេះកុមារម្នាក់ក្នុងចំណោមពីរនាក់ ទទួលរងអំពើហិង្សាផ្លូវកាយធ្ងន់ធ្ងរ ស្របពេលកុមារម្នាក់ក្នុងចំណោម ៤នាក់ ទទួលរងការរំលោភបំពានផ្លូវចិត្ត។ ជាមួយគ្នានេះ កុមារី និងកុមារាម្នាក់ ក្នុងចំណោម ២០នាក់ ធ្លាប់ទទួលរងការរំលោភបំពានផ្លូវភេទ៕