en     km
en     km

សម្ដេចសខេងណែនាំថាត្រូវទប់ស្កាត់អោយបានករណីឆ្លងកូវីដចូលពន្ធនាគារ

Share

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេច ស ខេង បានបន្ត​ក្រើនរំឭកមន្ត្រីដល់មន្ត្រីពន្ធនាគារ ​ឱ្យពង្រឹងប្រសិទ្ធភា​ពទប់ស្កាត់​ជំងឺកូវីដ-១៩ កុំឱ្យឆ្ល​ង​ចូលទៅក្នុងពន្ធនាគារ។

ការថ្លែងរបស់ សម្ដេចរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានធ្វើឡើង​ក្នុងសេចក្តីណែនាំចុះថ្ងៃទី២៣ ខែ​

មីនា ឆ្នាំ២០២១ដែលត្រូវបានមើលឃើញ ក្នុងគេទំព័ររបស់ក្រសួងមហាផ្ទៃ។

ប៉ុន្តែការណែនាំរបស់ សម្ដេចសខេង​ចំពេលជំងឺផ្លូវដង្ហើមដ៏គ្រោះថ្នាក់នេះកំពុងឆ្លងរាលដាលក្នុងសហគមន៍ និងបានសម្លាប់មនុស្សមួយចំនួនក្នុងប្រទេសកម្ពុជា ។

សម្ដេច ស ខេង បាន​លើកឡើង​ ​ ថាជំងឺកូវីដ-១៩ ពាក់

ព័ន្ធនឹងព្រឹត្តិ​កា​រណ៍សហគមន៍២០កុ​ម្ភៈ មានអ្នកឆ្លងកើនឡើង​ជាបន្តបន្ទាប់ និងបានសម្លាប់មនុស្ស៧នាក់ ក្នុងនោះមានមន្ត្រីគរបាលជាតិ២រូបផងដែរ។

សម្ដេច ស ខេង បានសង្កត់ធ្ងន់ថា៖ អគ្គនាយកដ្ឋានពន្ធនាគារ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងការអនុវត្តវិធានការសុខាភិបាលនានា ការថែរក្សាសុខភាព និងអនាម័យចំពោះជនជាប់ឃុំ ដើម្បីបង្ការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩​ ដល់មន្រី្តអនុរក្សពន្ធនាគារ និងជនជាប់ឃុំទាំងអស់ នៅតាមពន្ធនាគារ និងមណ្ឌលអប់រំកែប្រែនានាទូទាំងប្រទេស។
បើ​តាមសេចក្តីណែនាំនោះ សម្ដេច ស ខេង ត្រូវអនុវត្តតាម​ច្បាប់ស្តីពី «វិធានទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩» និង​ «អនុ​ក្រឹត្យស្តីពីវិធា​នសុខា​ភិបាល»។

ក្រៅពីនេះ សម្ដេចក៏បានណែនាំឱ្យ​​ផ្សព្វផ្សាយពីវិធានការច្បាប់​ដល់កងកម្លាំងនគរបាលជាតិមន្ត្រីរាជការស៊ីវិល មន្ត្រីពន្ធនាគារចំណុះឱ្យក្រ​សួង​ម​ហាផ្ទៃ និងក្រុមគ្រួសារ សំដៅដល់ការរួមគ្នាទប់ស្កាត់ជំងឺនេះឱ្យមានប្រសិទ្ធភាព ។

តែអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ លោក នុត សវនា ដែលស្រង់មកចុះផ្សាយដោយសារព័ត៌មានបាននិយាយថា ពន្ធនាគារទូទាំងប្រទេស មិនទាន់មានលទ្ធភាពរក្សាគម្លាតសុវត្ថិភាពបុគ្គលរវាងអ្នកជាប់ឃុំនិងអ្នកជាប់ឃុំបាននៅឡើយទេ ដោយសារតែពន្ធនាគារមានស្ថានភាពចង្អៀតណែន។

 

លោកបានអោយដឹងទៀតថា មន្ត្រីពន្ធនាគារបានដាក់ចេញនូវ​ចំណាត់ការផ្នែកអនាម័យជាប្រចាំ និងអនុវត្តវិធានសុខាភិបាល​មួយចំនួនចាប់តាំងពីកម្ពុជាផ្ទុះជំងឺនេះមក ដូចជា ការចែកម៉ាស់ ចែកសាប៊ូ និងបាញ់អាល់កុ​លតាមច្រកទ្វារចេញចូល ការត្រួតពិនិត្យកម្តៅទាំងអ្នកជាប់ឃុំនិងមន្ត្រីអនុរក្ស រួមទាំងដាក់ឱ្យនៅដាច់ដោយ​​ឡែករយៈ​ពេល​២សប្តាហ៍សម្រាប់​អ្នក​ជាប់​ឃុំថ្មី ដើម្បី​តាម​ដានសុខភាពមុនដាក់បញ្ចូលទៅក្នុងបន្ទប់រួមគ្នា។ទាក់ទិននឹងភាពចង្អៀតក្នុងពន្ធនាគារ  អង្គការ​លើកលែង​ទោស​អន្តរជាតិ​ Amnesty​ International​​ អង្គការឃ្លាំមើល​សិទ្ធិមនុស្ស ​Human Rights Watch​ កាលពីថ្មីៗនេះ បានសម្ដែងការព្រួយបារម្ភអំពីការឆ្លងកូវិដ ចូលទៅក្នុងពន្ធនាគារ ។

អំឡុងខែធ្នូ ឆ្នាំ២០២០ អង្គការអន្តរជាតទាំង២នេះ បានចេញសេចក្ដីថ្លែងការណ៍ដាច់ដោយឡែកដោតបង្ហាញកង្វល់ ថា ប្រសិន​បើមានការ​ចម្លងវីរុសកូវីដ-១៩ ​នៅក្នុងពន្ធនាគារ​​ដែលមានភាព​ចង្អៀតណែនខ្លាំង​ និងខ្វះ​សម្ភារបរិក្ខារនេះ ​គឺអាច​នឹងធ្វើឱ្យ​មានគ្រោះថ្នាក់​ធ្ងន់ធ្ងរ ។​

តាមរបាយការណ៍របស់ អង្គការទាំង២នេះ នៅតាម​ពន្ធនាគារ​មួយចំនួនក្នុងប្រទេសកម្ពុជា ​ អ្នកជាប់ឃុំ​ម្នាក់អាច​មានទីកន្លែង​ផ្ទាល់ខ្លួន​តិចជាង​១ម៉ែត្រការ៉េប៉ុណ្ណោះ​ក្នុងបន្ទប់ឃុំឃាំងមួយ​ ហើយការផ្គត់ផ្គង់​ទឹកស្អាតគឺមាន​កម្រិតជាខ្លាំង ដែល​​ស្ថានភាពនេះ​ធ្វើឱ្យការ​អនុវត្ត​វិធានការ​សុវត្ថិភាព ​​ដូចជា ​ការរក្សាគម្លាតសង្គម​ និងការលាង​សម្អាតដៃ​ឱ្យបានញឹកញាប់​ ស្ទើរតែ​មិនអាចធ្វើទៅបានឡើយ ។​

កម្ពុជា កំពុងបើកយុទ្ធនាការចាក់វ៉ាក់សាំង ប្រឆាំងនឹងជំងឺកូវិដ ប៉ុន្តែពុំទាន់មានការចុះផ្សាយ ណាមួយថា រដ្ឋាភិបាលនឹងមានគំរោងចាក់វ៉ាក់សាំងសម្រាប់អ្នកជាប់ពន្ធនាគារនៅឡើយនោះទេ៕

 

Share

ព័ត៌មានទាក់ទង

Image