ទោះបីជាមានការដកតំណែងអនុប្រធានទី១នៃរដ្ឋសភាពីបក្សប្រឆាំង និងទោះបីជាមានការវាយតំណាងរាស្ត្របក្សប្រឆាំងពីររូប ឲ្យរបួសធ្ងន់ធ្ងរយ៉ាងណាក្ដី ក៏ប្រធានគណបក្សនេះប្រកាសថា នៅតែពង្រឹង និងរក្សាវប្បធម៌សន្ទនាដដែល។ ប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី បានលើកឡើងថា មានតែវប្បធម៌សន្ទនានេះទេ ទើបធ្វើឲ្យគណបក្សទាំងពីរអាចបន្តជជែកគ្នាដោយគោរពគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍យូរអង្វែងរបស់ជាតិ។
ប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញថា លោកចង់ពង្រឹង និងរក្សាវប្បធម៌សន្ទនា ដើម្បីផលប្រយោជន៍យូរអង្វែងរបស់ជាតិ។
លោកសម រង្ស៊ី បានមានប្រសាសន៍បែបនេះ កាលពីល្ងាចថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ខណៈលោកទើបតែត្រឡប់មកពីបំពេញបេសកកម្មក្រៅប្រទេស ក៏ដូចជាចូលសួរសុខទុក្ខតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ២ រូប ដែលកំពុងព្យាបាលនៅប្រទេសថៃ ក្រោយពេលតំណាងរាស្ត្រទាំងពីររូបនោះបានរងរបួស ដោយសារហ្វូងបាតុករវាយកាលពីថ្ងៃទី២៦ ខែតុលាកន្លងទៅ។
លោកសម រង្ស៊ី មានប្រសាសន៍ថា មានតែការរក្សាវប្បធម៌សន្ទនានេះទេ ទើបភាគីទាំងពីរអាចបន្តការចរចាដោយគោរពគ្នាទៅវិញទៅមក ដើម្បីរកដំណោះស្រាយប្រកបដោយសន្តិភាព។ លោកថា៖ «យើងមកនេះដើម្បីបញ្ជាក់សាជាថ្មី ថាយើងចង់រក្សា ចង់ពង្រឹងវប្បធម៌សន្ទនា។ យើងអត់មានជម្រើសអ្វីក្រៅពីការជជែកគ្នាក្នុងស្មារតីគោរពគ្នាទៅវិញទៅមក ឲ្យតម្លៃគ្នាទៅវិញទៅមក ដើម្បីរកដំណោះស្រាយចំពោះរាល់បញ្ហាជាតិ គឺដោយសន្តិវិធី»។
លោកសម រង្ស៊ី មានប្រសាសន៍បន្តថា លោកសង្ឃឹមថា នឹងមានវិធានការត្រឹមត្រូវ ដើម្បីស្វែងរកយុត្តិធម៌ជូនតំណាងរាស្ត្រពីររូប ដែលរងការវាយប្រហារកាលពីថ្ងៃទី២៦ ខែតុលា កន្លងទៅនោះ ។ លោកសម រង្ស៊ី បន្ថែមថា ដើម្បីរកយុត្តិធម៌បាន គឺត្រូវមានការស៊ើបអង្កេតដោយឯករាជ្យ ត្រឹមត្រូវ ប្រកបដោយវិជ្ជាជីវៈ ហើយឈានទៅវែកមុខជនដៃដល់ និងអ្នកនៅពីក្រោយហេតុការណ៍នោះ។
លោកសម រង្ស៊ី បញ្ជាក់ទៀតថា តំណាងរាស្ត្រពីររូបនោះបានរងរបួសធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវតែវែកមុខរកជនដៃដល់មកផ្តន្ទាទោស ហើយរកវិធានការបង្ការ និងបញ្ចៀសកុំឲ្យមានអំពើហិង្សាបែបនេះទៀតទៅលើតំណាងរាស្ត្រ ក៏ដូចជាពលរដ្ឋស្លូតត្រង់។
ជាមួយគ្នា លោកសម រង្ស៊ី ក៏សម្ដែងក្ដីសង្ឃឹមដែរថា តាមរយៈវប្បធម៌សន្ទនា នឹងនាំឲ្យមានការដោះលែងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ពន្ធនាគារផងដែរ ។ លោកថា៖ «ហើយយើងក៏សង្ឃឹមថា តាមរយៈការជជែកគ្នានេះ សភាពការណ៍នឹងត្រជាក់ នឹងធូរស្បើយឡើងវិញ ដែលអាចឈាន ហើយគួរតែឈានទៅដល់ការដោះលែង ដោះលែងសកម្មជនគណបក្សសង្គ្រោះជាតិ១៤នាក់ និងលោកសមាជិកព្រឹទ្ធសភាហុង សុខហួរម្នាក់ គឺ១៥នាក់ ដែលជាប់ឃុំឃាំងក្នុងគុកសព្វថ្ងៃ ពន្ធនាគារ យើងសង្ឃឹមថានឹងមានការដោះលែងក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីឈានទៅរកសភាពការណ៍ធម្មតាដូចដើមវិញ»។
សូមជម្រាបថា លោកកឹម សុខា ដែលជាអនុប្រធានគណបក្សសង្គ្រោះជាតិ និងជាអតីតអនុប្រធានទី១នៃរដ្ឋសភា ដែលទើបតែត្រូវបានតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា បោះឆ្នោតទម្លាក់ពីតំណែងអនុប្រធានទី១រដ្ឋសភានោះ ក៏បានរួមដំណើរត្រឡប់មកកម្ពុជាវិញជាមួយលោកសម រង្ស៊ី ផងដែរ ប៉ុន្តែលោកមិនបានមានប្រសាសន៍អ្វីទេ។
នៅពេលអ្នកសារព័ត៌មានសួរអំពីជំហររបស់គណបក្សសង្គ្រោះជាតិ ក្រោយការដកតំណែងលោកកឹម សុខា លោកសម រង្ស៊ីបញ្ជាក់ថា គណបក្សសង្គ្រោះជាតិនឹងមិនដាក់បេក្ខភាពថ្មីជំនួសលោកកឹម សុខានោះទេ ព្រោះគណបក្សនេះគិតថា ការដកតំណែងនោះធ្វើឡើងដោយខុសច្បាប់។ លោកសម រង្ស៊ី បន្ថែមថា គណបក្សនេះ នៅរង់ចាំមើលល្បឿន និងលទ្ធផលនៃការស៊ើបអង្កេត ថាបានកម្រិតណាសិន ពេលនោះគណបក្សនេះនឹងគិតឡើងវិញចំពោះចំណុចដទៃទៀត។
សូមជម្រាបផងដែរថា ពេលរថយន្តលោកសម រង្ស៊ី បានចេញផុតពីច្រកទ្វារព្រលានយន្តហោះអន្តរជាតិភ្នំពេញ លោកបានចុះដើរជាមួយអ្នកគាំទ្ររបស់លោក ដែលកំពុងប្រមូលផ្ដុំគ្នា រង់ចាំយ៉ាងច្រើនកុះករ ជាហេតុធ្វើឲ្យមានការកកស្ទះចរាចរណ៍មួយសន្ទុះធំ៕