en     km
en     km

លោក​សម​ រ​ង្ស៊ី​ថា​ គ្មាន​ជម្រើស​ណា​ក្រៅពី​រក្សា​វប្បធម៌​សន្ទនា​

Share

samrainsy-kemsokha
លោកសម រង្ស៊ី ជាមួយ លោក កឹម សុខាពេលមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីល្ងាចម្សិលមិញនេះ

ទោះបីជា​មានការ​ដក​តំណែង​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​ពី​បក្ស​ប្រឆាំង​ និង​ទោះបីជា​មានការ​វាយ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ពីរ​រូប​ ឲ្យ​របួស​ធ្ងន់ធ្ងរ​យ៉ាងណា​ក្ដី​ ក៏​ប្រធាន​គណបក្ស​នេះ​ប្រកាស​ថា​ នៅ​តែ​ពង្រឹង​ និង​រក្សា​វប្បធម៌​សន្ទនា​ដដែល​។​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ សម​ រ​ង្ស៊ី​ បាន​លើក​ឡើង​ថា​ មាន​តែ​វប្បធម៌​សន្ទនា​នេះ​ទេ​ ទើប​ធ្វើ​ឲ្យ​គណបក្ស​ទាំង​ពីរ​អាច​បន្ត​ជជែក​គ្នា​ដោយ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ ដើម្បី​ផលប្រយោជន៍​យូរអង្វែង​របស់​ជាតិ​។​

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ថ្លែង​នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថា​  លោក​ចង់​ពង្រឹង​ និង​រក្សា​វប្បធម៌​សន្ទនា​ ដើម្បី​ផលប្រយោជន៍​យូរអង្វែង​របស់​ជាតិ​។
​លោក​សម​ រ​ង្ស៊ី​ បាន​មាន​ប្រសាសន៍​បែប​នេះ​ កាលពី​ល្ងាច​ថ្ងៃ​អង្គារ​ ទី​៣​ ខែវិច្ឆិកា​ ខណៈ​លោក​ទើបតែ​ត្រឡប់​មក​ពី​បំពេញបេសកកម្ម​ក្រៅប្រទេស​ ក៏​ដូច​ជា​ចូល​សួរសុខទុក្ខ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​២​ រូប​ ដែល​កំពុង​ព្យាបាល​នៅ​ប្រទេស​ថៃ​ ក្រោយ​ពេល​តំណាងរាស្ត្រ​ទាំង​ពីរ​រូប​នោះ​បាន​រង​របួស​ ដោយសារ​ហ្វូង​បាតុករ​វាយ​កាលពី​ថ្ងៃ​ទី​២៦​ ខែតុលា​កន្លង​ទៅ​។​

​លោក​សម​ រ​ង្ស៊ី​ មាន​ប្រសាសន៍​ថា​ មាន​តែ​ការ​រក្សា​វប្បធម៌​សន្ទនា​នេះ​ទេ​ ទើប​ភាគី​ទាំង​ពីរ​អាច​បន្ត​ការ​ចរចា​ដោយ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ ដើម្បី​រក​ដំណោះស្រាយ​ប្រកបដោយ​សន្តិភាព​។​ លោក​ថា​៖​ «​យើង​មកនេះ​ដើម្បី​បញ្ជាក់​សា​ជា​ថ្មី​ ថា​យើង​ចង់​រក្សា​ ចង់​ពង្រឹង​វប្បធម៌​សន្ទនា​។​ យើង​អត់​មាន​ជម្រើស​អ្វី​ក្រៅពី​ការ​ជជែក​គ្នា​ក្នុង​ស្មារតី​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ ឲ្យ​តម្លៃ​គ្នា​ទៅ​វិញ​ទៅ​មក​ ដើម្បី​រក​ដំណោះស្រាយ​ចំពោះ​រាល់​បញ្ហា​ជាតិ​ គឺ​ដោយ​សន្តិវិធី​»​។​

​លោក​សម​ រ​ង្ស៊ី​ មាន​ប្រសាសន៍​បន្ត​ថា​ លោក​សង្ឃឹមថា​ នឹង​មាន​វិធានការ​ត្រឹមត្រូវ​ ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​តំណាងរាស្ត្រ​ពីរ​រូប​ ដែល​រង​ការ​វាយប្រហារ​កាលពី​ថ្ងៃ​ទី​២៦​ ខែតុលា​ កន្លង​ទៅ​នោះ​ ។​ លោក​សម​ រ​ង្ស៊ី​ បន្ថែម​ថា​ ដើម្បី​រក​យុត្តិធម៌​បាន​ គឺ​ត្រូវ​មានការ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ​ ត្រឹមត្រូវ​ ប្រកបដោយ​វិជ្ជាជីវៈ​ ហើយ​ឈាន​ទៅ​វែកមុខ​ជន​ដៃដល់​ និង​អ្នក​នៅ​ពីក្រោយ​ហេតុការណ៍​នោះ​។​
​លោក​សម​ រ​ង្ស៊ី​ បញ្ជាក់​ទៀត​ថា​ តំណាងរាស្ត្រ​ពីរ​រូប​នោះ​បាន​រង​របួស​ធ្ងន់ធ្ងរ​ ដែល​ចាំបាច់​ត្រូវ​តែ​វែកមុខ​រក​ជន​ដៃដល់​មក​ផ្តន្ទាទោស​ ហើយ​រក​វិធានការ​បង្ការ​ និង​បញ្ចៀស​កុំ​ឲ្យ​មាន​អំពើ​ហិង្សា​បែប​នេះ​ទៀត​ទៅ​លើ​តំណាងរាស្ត្រ​ ក៏​ដូច​ជា​ពលរដ្ឋ​ស្លូតត្រង់​។​

​ជាមួយ​គ្នា​ លោក​សម​ រ​ង្ស៊ី​ ក៏​សម្ដែង​ក្ដី​សង្ឃឹម​ដែរ​ថា​ តាម​រយៈ​វប្បធម៌​សន្ទនា​ នឹង​នាំ​ឲ្យ​មានការ​ដោះ​លែង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ជាប់​ពន្ធនាគារ​ផង​ដែរ​ ។​ លោក​ថា​៖​ «​ហើយ​យើង​ក៏​សង្ឃឹមថា​ តាម​រយៈ​ការ​ជជែក​គ្នា​នេះ​ សភាពការណ៍​នឹង​ត្រជាក់​ នឹង​ធូរស្បើយ​ឡើង​វិញ​ ដែល​អាច​ឈាន​ ហើយ​គួរតែ​ឈាន​ទៅ​ដល់​ការ​ដោះ​លែង​ ដោះ​លែង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​១៤​នាក់​ និង​លោក​សមាជិក​ព្រឹទ្ធសភា​ហុង​ សុខ​ហួរ​ម្នាក់​ គឺ​១៥​នាក់​ ដែល​ជាប់​ឃុំឃាំង​ក្នុង​គុក​សព្វថ្ងៃ​ ពន្ធនាគារ​ យើង​សង្ឃឹមថានឹង​មានការ​ដោះ​លែង​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ ដើម្បី​ឈាន​ទៅ​រក​សភាពការណ៍​ធម្មតា​ដូច​ដើម​វិញ​»​។​

​សូម​ជម្រាប​ថា​ លោក​កឹ​ម​ សុខា​ ដែល​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ជា​អតីត​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​ ដែល​ទើបតែ​ត្រូវ​បាន​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ បោះ​ឆ្នោត​ទម្លាក់​ពី​តំណែង​អនុប្រធាន​ទី​១​រដ្ឋសភា​នោះ​ ក៏​បាន​រួម​ដំណើរ​ត្រឡប់​មក​កម្ពុជា​វិញ​ជាមួយ​លោក​សម​ រ​ង្ស៊ី​ ផង​ដែរ​ ប៉ុន្តែ​លោក​មិន​បាន​មាន​ប្រសាសន៍​អ្វី​ទេ​។​

​នៅ​ពេល​អ្នក​សារព័ត៌មាន​សួរ​អំពី​ជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ក្រោយ​ការ​ដក​តំណែង​លោក​កឹ​ម​ សុខា​ លោក​សម​ រ​ង្ស៊ី​បញ្ជាក់​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​មិន​ដាក់​បេក្ខភាព​ថ្មី​ជំនួស​លោក​កឹ​ម​ សុខា​នោះ​ទេ​ ព្រោះ​គណបក្ស​នេះ​គិត​ថា​ ការ​ដក​តំណែង​នោះ​ធ្វើ​ឡើង​ដោយ​ខុសច្បាប់​។​ លោក​សម​ រ​ង្ស៊ី​ បន្ថែម​ថា​ គណបក្ស​នេះ​ នៅ​រង់ចាំ​មើល​ល្បឿន​ និង​លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​ ថា​បាន​កម្រិត​ណា​សិន​ ពេល​នោះ​គណបក្ស​នេះ​នឹង​គិត​ឡើង​វិញ​ចំពោះ​ចំណុច​ដទៃ​ទៀត​។​

​សូម​ជម្រាប​ផង​ដែរ​ថា​ ពេល​រថយន្ត​លោក​សម​ រ​ង្ស៊ី​ បាន​ចេញ​ផុត​ពី​ច្រក​ទ្វារ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ លោក​បាន​ចុះ​ដើរ​ជាមួយ​អ្នកគាំទ្រ​របស់​លោក​ ដែល​កំពុង​ប្រមូលផ្ដុំ​គ្នា​ រង់ចាំ​យ៉ាងច្រើន​កុះករ​ ជា​ហេតុ​ធ្វើ​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​មួយសន្ទុះ​ធំ​៕

Share

Image
Image
Image