loader

ទស្សនៈថ្នាក់ដឹកនាំជាស្រ្តី៖ តួនាទីស្រ្តី និងបញ្ហាហិង្សាលើស្រ្តីត្រូវមានយន្តការជ្រោមជ្រែងច្បាស់លាស់

ដើម្បីចូលរួមអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា ឆ្នាំ២០២១ នេះ ថ្នាក់ដឹកនាំជាស្រ្តីក្នុងនោះមានប្រធានអង្គការដែលធ្វើការលើបញ្ហាស្រ្តី និងសហគ្រិនស្រ្តី ដែលវិទ្យុស្រ្តីបានជួបសម្ភាសន៍ បានលើកឡើងប្រហាក់ប្រហែលគ្នាថា ស្រ្តីដែលមានតួនាទីជាថ្នាក់ដឹកនាំក្នុងវិស័យរដ្ឋ និងឯកជនមានការវិវត្តន៍ល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ។ ក៏ប៉ុន្តែបញ្ហាហិង្សាលើស្រ្តីវិញ ហាក់នៅតែជាចំណោមបញ្ហាដដែរក្នុងបរិបទការរីករាលដាលនៃជំងឺកូវីដ១៩ នេះ។ ថ្នាក់ដឹកនាំជាស្ត្រីខាងលើយល់ថា ដើម្បីជំរុញតួនាទីស្រ្តី និងដោះស្រាយបញ្ហាហិង្សាលើស្រ្តីបានល្អប្រសើរនោះ គឺត្រូវមានយន្តការជ្រោមជ្រែងនិងដោះស្រាយច្បាស់ជូនដល់ស្រ្តី។

ដើម្បីជ្រាបកាន់តែច្បាស់ពីមតិយោបល់របស់ថ្នាក់ដឹកនាំជាស្រ្តីខាងលើ តទៅនេះសូមនាង កញ្ញា លោក លោកស្រី សូមបទយកការណ៍ដែលចងក្រងដោយលោក កែវ សុខា និងកញ្ញា ថី ថានិត ដូចតទៅ!

នេះជាការលើកឡើងរបស់ថ្នាក់ដឹកនាំជាស្រ្តីមួយចំនួន ដែលបានប្រឡូកការងារជាមន្រ្តីអង្គការសង្គមស៊ីវិលធ្វើការលើបញ្ហាស្រ្តី និងការងារពង្រឹងសមត្ថភាពស្រ្តីក្នុងវិស័យធុរៈកិច្ច ឬសហគ្រិនស្រ្តី។ ពួកគាត់ កត់សម្គាល់ឃើញថា មានការវិវត្តន៍ល្អប្រសើរពីតួនាទីស្រ្តី និងចំនួនស្រ្តីក្នុងវិស័យផ្សេងៗទាំងការងារជាមន្រ្តីរាជការ និងជាម្ចាស់ធុរៈកិច្ច។

លោកស្រីបណ្ឌិត អ៊ុង ច័ន្ទថុល នាយិកាប្រតិបត្តិអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)លើកឡើងថា ជាងមួយទសវត្សរ៍ចុងក្រោយនេះ មានការវិវត្តន៍កើនឡើងជាវិជ្ជមានលើចំនួន និង តួនាទីស្រ្តីក្នុងវិស័យនានាមួយចំនួនរាប់ចាប់ពីតំណាងសមាជិករដ្ឋសភា ព្រឹទ្ធសភា មន្រ្តីតុលាការ។ ក្នុងនោះផងដែរ តំណាងស្រ្តីជាមន្រ្តីថ្នាក់ជាតិ មានថ្នាក់រដ្ឋមន្រ្តី រដ្ឋលេខាធិការ និងមន្រ្តីថ្នាក់ក្រោមជាតិ មានអភិបាល អភិបាលរង ខេត្ត ក្រុង ស្រុក ខ័ណ្ឌ និងមន្រ្តីឃុំ សង្កាត់ ក៏មានចំនួនកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ។

បើតាមលោកស្រីបណ្ឌិត អ៊ុង ច័ន្ទថុល បើទោះជាតួនាទីស្រ្តីកាន់តំណាងក្នុងវិស័យសាធារណៈមានសន្ទុះកើនឡើងក្តី តែចំនួននេះ នៅតែមិនទាន់ឆ្លើយតបតាមទិសដៅក្នុងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលដែលកំណត់ជ្រើសរើសមន្រ្តីរាជការជាស្រ្តីពី ២០% ទៅ៥០% នៅឡើយនោះទេ។ ដើម្បីបង្កើនចំនួន និងតួនាទីស្រ្តីក្នុងវិស័យសាធារណៈ និងឯកជន សង្គមស៊ីវិល ប្រធានអង្គការរូបនេះផ្តល់ជាយោបល់ថា៖«»។

លោកស្រីបណ្ឌិត អ៊ុង ច័ន្ទថុល នាយិកាប្រតិបត្តិអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)

យោងតាមរបាយការណ៍នារីរតនៈទី៥ របស់ក្រសួងកិច្ចការនារី ស្តីពី ផែនការយុទ្ធសាស្រ្តដើម្បីជំរុញការបញ្ជ្រាបយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តី ឆ្នាំ ២០១៩-២០២៣ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយលើកកម្ពស់តួនាទីស្រ្តីក្នុងវិស័យសាធារណៈ ដោយបានដាក់បញ្ចូលក្នុងយុទ្ធសាស្រ្តចតុកោណ កំណត់ជ្រើសរើសមន្រ្តីរាជការជាស្រ្តីពី ២០% ទៅ៥០%ក្នុងក្រមខ័ណ្ឌថ្មី។

ជាក់ស្តែងគិតត្រឹមឆ្នាំ២០១៨ មន្រ្តីរាជការជាស្រ្តី៤១% ។ ក្នុងនោះក្នុងចំណោម មន្រ្តីរាជការនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងស្រ្តីជាថ្នាក់ដឹកនាំមានតួនាទីចាប់ពីអនុប្រធានការិយាល័យ ដល់អគ្គនាយកមាន ២៤%។ ចំណែកក្នុងគណៈអភិបាលរាជធានី ខេត្ត មានស្រ្តី១រូបស្មើ ៤% អភិបាលរងមាន ២៦រូប ស្មោះ១៧,៤៤%។ ហើយនៅក្នុងគណៈអភិបាលក្រុង ស្រុក ខណ្ឌ ជាស្រ្តីមានចំនួន ៦រូប ស្មើ៣,០៦% និងអភិបាលរងក្រុង ស្រុក ខណ្ឌ ជាស្រ្តីមានចំនួន ១៩៤រូប ស្មើ២៥,៥២។

ងាកមកបញ្ហាសិទ្ធិស្រ្តីនិងសមភាពយេនឌ័រក្នុងសង្គមវិញ លោកស្រី រស់​ សុភាព នាយិកាប្រតិបត្តិនៃអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា(GADC) សង្កេតឃើញថា ស្រ្តីបានយល់ដឹងច្រើនឡើងពីសិទ្ធិខ្លួនឯង អាចស្វែងរកកិច្ចអន្តរាគមន៍ផ្លូវច្បាប់ពេលមានការរំលោភបំពាន និងហិង្សាលើរាងកាយ។ មួយទៀតលោកស្រីកត់សម្គាល់ឃើញថា បុរសមួយចំនួនបានយល់ដឹងពីសិទ្ធិរបស់នារី ហើយស្ថាប័នរដ្ឋនិងឯកជនក៏បានកំណត់បញ្ចូលសមាសភាពស្រ្តីក្នុងការបំពេញការងារ ដែលនេះជាផ្នែកមួយជំរុញការលើកស្ទួយសិទ្ធិ និងយេនឌ័ររបស់ស្រ្តីផងដែល។

តែយ៉ាងណា ប្រធានអង្គការរូបនេះ នៅតែមើលឃើញ ទម្រង់នៃការរំលោភបំពានសេពសវៈ ការរើសអើង ការវាយដំ ការកាប់សម្លាប់ និងការទម្លាក់កំហុសលើស្រ្តីនៅតែបន្តមាន។ ដើម្បីដោះស្រាយបញ្ហានេះលោកស្រី រស់ សុភាព ចង់ឱ្យមានការចូលរួមពីបុរសឱ្យបានច្រើន​ ពិសេសយន្តការរដ្ឋត្រូវជ្រោមជ្រែងដោះស្រាយឱ្យបានច្បាស់លាស់។លោកស្រី រស់ សុភាព៖«»។

លោកស្រី រស់ សុភាព នាយិកាប្រតិបត្តិនៃអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា(GADC)

បើតាមរបាយការណ៍នារីរតនៈទី៥ ដដែល នៅកម្ពុជា សមភាពយេនឌ័រ និងស្ថានភាពស្រ្តីត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់។ ជាក់ស្តែងរបាយការណ៍ វេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum)បង្ហាញថា កម្ពុជាបានកាត់បន្ថយគម្លាតយេនឌ័រឈានទៅចំណុចល្អប្រសើរឡើង ដោយឈរនៅលេខរៀងទៅ៨៩ នៅឆ្នាំ២០១៩ ក្នុងចំណោម​ ១៥៣ ធៀបនឹងឆ្នាំ២០១៤ ដែលមានលំដាប់ទី១០៨ក្នុងចំណោម១៤២ប្រទេស។

ចំណែកការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តីវិញ កម្ពុជាក៏បានហក់ឡើងឈរនៅលំដាប់លេខល្អផង ដោយនៅឆ្នាំ ២០១៩ កម្ពុជាស្ថិតនៅលំដាប់ទី ២៥ ក្នុងចំណោម ១៥៣ បើធៀបកាលពីឆ្នាំ២០១៤ ស្ថិតនៅលំដាប់លេខ ៧៧ ក្នុងចំណោម១៤២ប្រទេសលើការចូលរួមនិងកាលានុវត្តភាពឬឱកាសផ្នែកសេដ្ឋកិច្ចដល់ស្រ្តី។ នេះបើតាមរបាយការណ៍ វេទិកាសេដ្ឋកិច្ចពិភពលោក។

ងាកមកវិស័យធុរៈកិច្ចវិញលោកស្រី លឹម វីរីយ៉ា សមាជិកក្រុមប្រឹក្សាភិបាលនៃសហគ្រិនស្រ្តីកម្ពុជា និងជាសហស្ថាបនិកក្រុមហ៊ុន អិលអឹម លីម៉ា អង្គរ ហ្វូត មើលឃើញថា ពីមួយឆ្នាំទៅមួយឆ្នាំស្រ្តីកាន់តែឈានជើងចូលប្រឡូកក្នុងវិស័យធុរៈកិច្ចច្រើន ហើយក្លាយខ្លួនជាសហគ្រិនកាន់តែច្រើនផងដែរ។ បើទោះបីសន្ទុះនៃសហគ្រិនជាស្រ្តីមានចំនួនកើនឡើងក៏ដោយ  ប៉ុន្តែចំនួននេះនៅតែជាបរិមាណតិចនៅឡើយបើធៀបនឹងចំនួនបុរសជាម្ចាស់សហគ្រាស។

សម្រាប់ស្រ្តី​ដែលមានបទពិសោធន៍ក្នុងធុរៈកិច្ចចាស់វស្សារូបនេះ មើលឃើញថា ស្រ្តីនៅកម្ពុជាជួបឧបសគ្គច្រើនដែលរារាំងពួកគេឱ្យក្លាយជាសហគ្រិនស្រ្តី។ ហើយដើម្បីដោះស្រាយបញ្ហានេះ​ ការពង្រឹងសមត្ថភាពខ្លួនឯង ការបង្កបរិយាកាសងាយស្រួលដល់ស្រ្តី និងកិច្ចអន្តរាគមន៍ពីរដ្ឋាភិបាលជាធាតុសំខាន់មិនអាចខ្វះបាន ដើម្បីឱ្យស្រ្តីមានភាពរឹងមាំក្នុងដំណើរការអាជីវកម្មរបស់ពួកគេ។លោកស្រី លឹម វីរីយ៉ា៖«»។

លោកស្រី លឹម វីរីយ៉ា ឡើងធ្វើបទបង្ហាញក្នុងកម្មវិធីសម្ភោធគេហទំព័រCrossCheckWMC។

សមាគមសហគ្រិនស្រ្តីកម្ពុជា(CWEA) និងសហព័ន្ធស្រ្តីអ្នកជំនួញកម្ពុជា(CWBF)មានសមាជិកសរុបប្រមាណជាង ៥០០នាក់ បាននិងកំពុងដំណើរការយ៉ាងសកម្មក្នុងមុខងាររបស់ខ្លួន ជាពិសេសលើការគាំទ្រដល់ការអភិវឌ្ឍមុខរបរ រកទីផ្សារសម្រាប់លក់ផលិតផល។ ជាងនេះស្រ្តីបានអភិវឌ្ឍភាពជាសហគ្រិននិងភាពជាអ្នកដឹកនាំស្រ្តី ដោះស្រាយបញ្ហានានា ព្រមទាំងបានលើកឡើងនូវសម្លេង និងភាពជាតំណាងរបស់ស្រ្តីសហគ្រិនក្នុងវិស័យសេដ្ឋកិច្ច នៅក្នុងស្រុកនិងក្នុងតំបន់។ ក្នុងនោះ សហគ្រិនស្រ្តីកម្ពុជា បានចូលរួមយ៉ាងសកម្មក្នុងបណ្តាញសហគ្រិនស្រ្តីអាស៊ាន(AWEN) ហើយស្រ្តីសហគ្រិនកម្ពុជា ៣៤នាក់ ទទួលបានពានរង្វាន់សហគ្រុនស្រ្តីឆ្នើមអាស៊ានគិតត្រឹមឆ្នាំ២០១៨។​នេះបើតាមរបាយការណ៍នារីរតនៈទី៥។

លោកស្រី លឹម វីរីយ៉ា ចង់ឱ្យស្រ្តីដែលកំពុងឈានជើងចូលប្រឡូកក្នុងវិស័យធុរៈកិច្ចត្រូវចេះជែកឱ្យដាច់ពីមុខរបររកស៊ីធម្មតា និងអត្ថន័យជាសហគ្រិនស្រ្តី។ ការយល់ដឹងពីអត្ថន័យនៃសហគ្រិនកាន់តែច្បាស់ ជាចំណែកមួយឱ្យស្រ្តីអាចកសាងសមត្ថភាពកាន់តែប្រសើរ ក្នុងការចូលរួមលើកស្ទួយសេដ្ឋកិច្ចជាតិ។ លោកស្រី លឹម វីរីយ៉ា ពន្យល់ពីអត្ថន័យសហគ្រិនបន្ថែម៖«»។

សៀវភៅ នារីរតនៈទី៥ ស្តីពី ផែនការយុទ្ធសាស្រ្តដើម្បីជំរុញការបញ្ជ្រាបយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តី ឆ្នាំ ២០១៩-២០២៣ របស់ក្រសួងកិច្ចការនារី បានរកឃើញថា បើទោះបីជាវត្តមានស្រ្តីមានតួនាទីក្នុងមន្រ្តីរាជការមានសន្ទុះកើនឡើងយ៉ាងណាក្តី តែនិន្នាការនៃការកើនឡើងតំណាងស្រ្តី ក្នុងវិស័យនយោបាយនៅមានកម្រិតនៅឡើយ បើធៀបនឹងការចូលរួមនៅក្នុងវិស័យសេដ្ឋកិច្ច និងសាធារណៈ។ បញ្ហាផ្នត់គំនិតសង្គមដែលបន្តចាត់ទុកការងារផ្ទះសម្បែង និងការមើលថែទាំគ្រួសារជាកាតព្វកិច្ចរបស់ស្រី បានរារាំងជាចម្បងដល់ស្រ្តី មិនអាចអនុវត្តសិទ្ធិ និងប្រើប្រាស់សក្តានុពលពេញលេញលើកិច្ចការក្នុងវិស័យសាធារណៈ និងភាពជាអ្នកដឹកនាំ៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

តុលាការមីយ៉ាន់ម៉ាពន្យារពេលប្រកាសសាលក្រមដំបូងក្នុងរឿងលោកស្រី ស៊ូ ជី

តុលាការនៃប្រទេសមីយ៉ាន់ម៉ាដែលគ្រប់គ្រងដោយយោធា [...]

សកម្មជន​មាតាធម្មជាតិទទួលពានរង្វាន់ក្រោយពីត្រូវបានដោះលែង

 ​​ក្រោយពីត្រូវបានដោះលែង ក្រុមយុវជន​សកម្មជន​ម[...]

ស្ត្រីអ្នកដឹកនាំរឿងជនជាតិជប៉ុនត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈយូណេស្កូ

ស្ត្រីអ្នកដឹកនាំរឿងជនជាតិជប៉ុន ឈ្មោះ ណាអូមី ក[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x