ជារៀងរាល់ឆ្នាំ នៅថ្ងៃទី ០៣ ខែ មីនា កម្ពុជាតែងតែប្រារព្ធនូវ “ទិវាវប្បធម៌ជាតិ” ក្រោមប្រធានបទផ្សេងៗដែលបានដាក់លើក។ ដោយឡែកឆ្នាំ២០២១នេះ មិនអាចរៀបចំការជួបជុំដូចសព្វមួយដង ដោយសារតែការរីករាលដាលជាសកល នៃជំងឺកូវីដ១៩ ដែលកំពុងគំរាមកំហែងដល់សុខភាពសាធារណៈ សេចក្តីសុខ និងអាយុជីវិតរបស់ប្រជាជនកម្ពុជា ក៏ដូចជាប្រជាជននានាទូទាំងសកលលោក។ ទោះបែបនេះក្ដី តាមរយការជូនដំណឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចេញផ្សាយជាសាធារណៈកាលពីព្រឹកមិញ ក្រសួងបានអនុញ្ញាតឱ្យមានការប្រារព្ធទិវានេះតាមរយៈការបោះពុម្ពបដា ផលិតជាឯកសារ សម្រាប់ចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ វិទ្យុ និងនៅលើបណ្តាញសង្គម។
ទោះបីការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែជាបញ្ហាប្រឈមចម្បងយ៉ាងណាក្តី ក៏រាជរដ្ឋាភិបាលនៅតែបង្ហាញឆន្ទះដ៏រឹងមាំក្នុងការបន្តរៀបចំតាមបែបបទនៃការរស់នៅបែបថ្មីនៃ«ទិវាវប្បធម៌ជាតិ» ដែលជាព្រឹត្តិការណ៍វប្បធម៌ប្រចាំឆ្នាំដ៏ធំ ហើយក៏ត្រូវបានរៀបចំឡើង២២លើករួចមកហើយចាប់តាំងពីឆ្នាំ១៩៩៩មក។ ស្របតាមការរស់នៅក្នុងគន្លងបែបថ្មី ការជួបជុំមនុស្សដោយផ្ទាល់ក្នុងចំនួនច្រើន ត្រូវជំនួសមកវិញនូវការរៀបចំកម្មវិធីសិល្បះអបអរសាទរផ្សេងៗ តាមប្រព័ន្ធអនឡាញ ដែលមិនបង្កហានិភ័យដល់សុខុមាលភាពរបស់ប្រជាជន។
ទិវាវប្បធម៌ជាតិ ៣មីនា រៀបចំឡើងជាលើកទី២៣ ឆ្នាំ២០២១នេះ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ។ ក្នុងទិវា«វប្បធម៌ជាតិ៣មីនា លើកទី២៣» នៅតែមានសារៈសំខាន់និងស្របតាមបរិបទប្រជាសាស្រ្តរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន និងបានបង្ហាញឱ្យឃើញថា ប្រជាជនវ័យកណ្តាល ដែលមានអាយុចាប់ពី១៥ ដល់៥៩ឆ្នាំ គឺមានការកើនឡើងរហូតដល់១,៧% ដែលក្នុងនោះ ក្រុមយុវជនចាប់បីអាយុ១៥ ដល់៣០ឆ្នាំ ជាផ្នែកមួយដ៏ធំធេង។
ទិវាវប្បធម៌ជាតិ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៩៩ មក ដែលគិតមកទល់ពេលនេះមានរយពេល ២៣ ឆ្នាំមកហើយ។
ទិវាទិវាវប្បធម៌ជាតិ ប្រារព្ធឡើងក្នុងគោលបំណង ដើម្បីរំលឹកពីគុណូបការៈ និងស្នាដៃដ៏វិសេសវិសាល របស់បុព្វបុរសនៃយើងដែលបានបន្សល់ទុក នូវមរតកវប្បធម៌ដ៏សម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបាន ដល់កូនចៅជំនាន់ក្រោយ និងមួយវិញទៀតដើម្បីបំផុសស្មារតី ស្រឡាញ់វប្បធម៌ជាតិ និងមនសិការស្នេហាជាតិ ដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវជនដែលជាទំពាំងស្នងឫស្សី ដែលមានកាតព្វកិច្ចថែរក្សាការពារ ឲ្យសិ្ថតស្ថេរគង់វង្ស នូវសម្បត្តិវប្បធម៌ជាតិ និងវប្បធម៌ចម្រុះនៃសហគមន៍ជាតិនៅកម្ពុជា សំដៅរក្សាបាននូវឯកភាពជាតិ សាមគ្គីភាព សន្តិភាព និងការអភិវឌ្ឍន៍។
ដូចនេះ សូមកូនខ្មែរគ្រប់រូបជាពិសេសយុវជនត្រូវខិតខំនិងការពារនូវអ្វីៗទាំងអស់ដែលជាព្រលឹងជាតិ និងអត្តញ្ញាណជាតិ សម្រាប់ជាមរតកយូរអង្វែងតទៅដល់កូនខ្មែរជំនាន់ក្រោយ ហើយក៏សូមចូលរួមទាំងអស់គ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដើម្បីរក្សាការពារកម្ពុជា ព្រះរាជាណាចក្រវប្បធម៌និងអច្ឆរិយៈ ឱ្យរុងរឿងនិរន្តតរៀងទៅ។