លោកសមរង្ស៊ី ប្រធានស្ដីទីនៃគណបក្សសង្រ្គោះជាតិ ដែលកំពុងរស់នៅនិរទេសខ្លួន នៅប្រទេសបារាំង ត្រូវបានតុលាការដំបូងក្រុងភ្នំពេញ កាត់ទោស លោកអោយមានទោស ២៥ឆ្នាំ ជាមួយ ការដកសិទ្ធបោះឆ្នោត និងឈរឈ្មោះបោះឆ្នោត នៅក្រោមបទប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។
ក្រៅពីលោក សម រង្ស៊ី សាលក្រមក៏បានសម្រេចដាក់ទោសលោកស្រី មូរ សុខហួរ និងលោក អេង ឆៃអ៊ាងដែលជាអតីតអនុប្រធានគណបក្សសង្រ្គោះជាតិ ឱ្យជាប់ពន្ធនាគារម្នាក់ៗចំនួន២២ឆ្នាំ និងកាត់ទោសលោកស្រី ជូឡុង សូមួរ៉ា លោក ម៉ែន សុថាវរិន្ទ្រ លោក អ៊ូ ច័ន្ទឫទ្ធិ លោក ហូរ វ៉ាន់, លោក ឡុង រី និងលោក នុត រំដួល ឱ្យជាប់ពន្ធនាគារក្នុងម្នាក់ចំនួន២០ឆ្នាំ។
ការជំនុំជម្រះក្ដី ទៅលើមន្ត្រី ជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ ទាំងនោះ ធ្វើ់ឡើងដោយកំបាំងមុខ ហើយ ការចេញសាលក្រម កាលពីថ្ងៃទី១មីនា ធ្វើឡើងនៅ សាលាដំបូងរាធានីភ្នំពេញ។
លោក អ៊ី រិន អ្នកនាំពាក្យ សាលាដំបូងរាជធានីភ្នំពេញ មានប្រសាសន៍ថា សាលក្រមនេះ ត្រូវបានប្រកាសនៅចំពោះមុខមេធាវីតំណាងរដ្ឋាភិបាល និងចាត់ទុកថា នៅចំពោះមុខជនជាប់ចោទផងដែរ។
ទោះយ៉ាងណាក្តីលោក សម រង្ស៊ី បានសរសេរនៅលើហ្វេសប៊ុករបស់លោកថាសាលក្រមដែលតុលាការប្រកាសនៅថ្ងៃនេះឆ្លុះបញ្ចាំងពីការភ័យខ្លាចរបស់នាយករដ្ឋមន្រ្តី ដែលកម្ចាត់លោកចេញពីឆាកនយោបាយកម្ពុជា។
កាលពីដើមខែកុម្ភៈឆ្នាំ២០២១នេះ តុលាការសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការកាត់ទោសលោក សម រង្ស៊ី និងមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ៨នាក់ ពីបទឧបឃាត ឬ ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលកម្ពុជា តាមមាត្រា២៧ និង៤៥១ នៃក្រមព្រហ្មទណ្ឌតាមរយៈផែនការមាតុភូមិនិវត្តន៍កាលពីថ្ងៃទី ៩ វិច្ឆិកា ២០១៩។
កម្ពុជា នឹងមានការបោះឆ្នោតអាណត្តិថ្មីទៀត នៅឆ្នាំ ២០២២ និងឆ្នាំ២០២៣ ។ នៅឆ្នាំ ២០២២គឺជាការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ និងការបោះឆ្នោត ឆ្នាំ២០២៣ គឺជាបោះឆ្នោត សមាជិកសភា ។ កម្ពុជា ចាប់តាំងពីបោះឆ្នោតសមាជិកសភាដំបូង នៅឆាំ្ន១៩៩៣ ពុំដែលមាន ការបោះឆ្នោតមុនអាណត្តិម្ដងណាទេ ទោះជាកម្ពុជា ជួបវិបត្តិនយោបាយក៏ដោយ។
ក្នុងបទសម្ភាសជាមួយវិទ្យុមួយនៅសហរដ្ឋអាមេរិក លោក សម រង្ស៊ី មានជំនឿថា សំណុំរឿងរបស់បក្សប្រឆាំងនឹងត្រូវបញ្ចប់តាមផ្លូវនយោបាយ។
លោក សមរង្ស៊ី គឺជាអ្នកនយោបាយតែមួយគត់ ដែលមានទោស ច្រើនករណី ច្រើនសំណុំរឿង ។ គិតមកដល់ពេលនេះ សំណុំរឿងរដ្ឋាភិបាល ប្ដឹងរូបលោក គឺជាង១០សំណុំរឿង ។ ក្នុងសំនុំរឿងទាំងនេះ បើបូកសរុបទោសរបស់លោកជិត ៦០រឿងក្ដី។
ក្នុងថ្ងៃដែលតុលាការ កាត់ទោស លោកសមរង្ស៊ី មានទំងន់ទោស ដូចនេះ លោក ផាទ្រិក មើហ្វី ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បានបញ្ចេញមតិ ។ លោកបានទទូចសុំអោយកម្ពុជា បង្កើតលំហប្រជាធិបតេយ្យឡើងវិញ ។
តាមរយៈសារលើបណ្តាញសង្គមធ្វីតធឺ លោកឯកអគ្គរដ្ឋទូតអាមេរិកបាន ជំរុញឲ្យអាជ្ញាធរ សុំអោយបើកលំហនយោបាយ ឡើងវិញ ហើយអនុញ្ញាតឲ្យគ្រប់ភាគី បានបញ្ចេញសំឡេង និងបានចូលរួមធ្វើសកម្មភាពដូចគ្នា។
ប៉ុន្តែសម្រាប់មន្ត្រីជាន់ខ្ពស់ម្នាក់របស់បក្សកាន់អំណាចបានអះអាងថា សម្ពាធអន្តរជាតិមិនអាចមកបង្ខំឱ្យរដ្ឋាភិបាលធ្វើតាមការចង់បានរបស់ខ្លួនទេ ហើយវាសនារបស់បក្សប្រឆាំងនឹងត្រូវបញ្ចប់។
តាមលោក សុខ ឥសាន តុលាការបានផ្ដល់យុត្តិធម៌ដល់រដ្ឋាភិបាល ចំពោះរឿងក្តីនេះ។ លោកថា សម្ពាធអន្តរជាតិគ្មានទម្ងន់អ្វី ដើម្បីមកបង្ខំឱ្យរដ្ឋាភិបាលចរចាជាមួយលោក សម រង្ស៊ី ទេ ដោយសារតែគណបក្សសង្គ្រោះជាតិបានបញ្ចប់តាំងពីឆ្នាំ២០១៧ ។
នេះជាការបញ្ជាក់របស់ លោក សុខឥសានអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាដែលស្រង់មកចុះផ្សាយដោយ វិទ្យុមួយនៅក្រៅប្រទេស។
បែបណា សម្រាប់ លោក សមរង្ស៊ី នៅតែមានសុទិដ្ឋិនិយមថា សំណុំរឿងទាំងអស់ ដែលតុលាការ ដំបូងក្រុងភ្នំពេញបានសម្រេចដូចនេះ នឹងត្រូវធូរស្រាលឡើងវិញ ដែលលោកអះអាងថាដើម្បីបើកផ្លូវឱ្យគណបក្សសង្គ្រោះជាតិ ជាគណបក្សប្រឆាំងដ៏ធំជាងគេ បានវិលទៅចូលរួមការបោះឆ្នោតនៅឆ្នាំ២០២៣ ខាងមុខ។
លោកបណ្ឌិត សេង សារី ដែលជាអ្នកវិភាគសង្គម បានផ្ដល់បទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរីថា ការសម្រេចរបស់តុលាការ គឺរដ្ឋាភិបាលចង់បង្ហាញថា ករណីនេះធ្វើឡើងតាមផ្លូវតុលាការរួចរាល់ហើយ។ តែលោកអះអាងថា នៅនាទីចុងក្រោយ មេដឹកនាំគណបក្សទាំងពីរអាចនឹងវិលត្រឡប់ទៅរកការចរចាឡើងវិញ៕