en     km
en     km

ស្ត្រីម្នាក់នៃទ្វីបអាហ្វ្រិកជាប់ឆ្នោតកាន់តំណែង ប្រធានពាណិជ្ជកម្មពិភពលោក WTO

Share

លោកស្រី ​អិនហ្កូហ៊្សី អូកុនហ្យូ អ៊ីវ៉េឡា (Ngozi Okonjo-Iweala)​ ដែល​ជា​ជនជាតិ​នីហ្សេរីយ៉ានៃអាហ្វ្រិកខាងជើង ​បាន​ជាប់ឆ្នោត​ជា​ប្រធាន​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ដែល​ហៅកាត់​ថា WTO នៅក្នុងជ្រើសតាំងកាលពីថ្ងៃទី១៥ កុម្ភៈ។ លោកស្រី ​អូកុនហ្យូ អ៊ីវ៉េឡា ​នឹង​ចូល​កាន់​តំណែង​មួយ​នេះ​នៅ​ខែ​មីនា​ឆ្នាំ២០២១នេះ។

តាមសារព័ត៌មាននៃគេហទំព័រ CNBC លោកស្រីបានក្លាយជា ស្ត្រីដំបូងគេដែលធ្លាប់ដឹកនាំវិទ្យាសា្ថនមួយ នៅមូលដ្ឋាននៅប្រទេស ស្វីស ហើយក៏ជាស្ត្រីដំបូងគេបង្អស់នៃពលរដ្ឋទ្វីបអាហ្វ្រិក បានកាន់តួនាទីដ៏ធំមួយនេះ។ កើតនៅក្នុងប្រទេសនីហ្សេរិយ៉ា  លោកស្រី អ៊ីវ៉េឡា បានទទួលបរិញ្ញាបត្រពីសាកលវិទ្យាវិល័យ Harvard នៃសហរដ្ឋអាមេរិកនៅឆ្នាំ១៩៧៦ ហើយ ប៉ុន្មានឆ្នាំក្រោយមក លោកស្រីបានទទួលសញ្ញាបត្រ បណ្ឌិត PhD ។ លោកស្រី មានជំនាញខាងសេដ្ឋកិច្ច ។

លោកស្រី បានបម្រើការងាររយៈ២៥ឆ្នាំ​ជាសេដ្ឋវិទូ សម្រាប់ធនាគារពិភពលោក។ ធនាគារពិភពលោក បានបង្កើនតួនាទីសម្រាប់លោកស្រីឡើងជានាយិកាទទួលបន្ទុកប្រតិបត្តិការ សកម្មពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១១។

តែសម្រាប់ប្រទេសនីហ្សេរិយ៉ាគឺមានតែ លោកស្រី អ៊ីវ៉េឡា​បានកាន់តែណែងដ៏ធំក្នុងក្រសួងហិរញ្ញវត្ថុគឺរដ្ឋមន្ត្រីនៃក្រសួងនេះ  ហើយកាន់តំណែងរដ្ឋមន្ត្រីក្រសួងការបរទេសបានមួយរយៈ។ លោកស្រី ជាស្ត្រីដំបូងគេដែលបានដាក់ពាក្យជាបេក្ខនារី ដើម្បីកាន់តំណែងប្រធានធនាគារពិភពលោក ដែលលោកស្រីបានចំណាយពេលដល់ទៅ២៥ឆ្នាំ។

កាលពីខែតុលាឆ្នាំ ២០២០  បេក្ខភាពរបស់លោកស្រី សម្រាប់ប្រធានអង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ ទទួលបានការគាំទ្រជាច្រើន​ពីមេដឹកនាំតំបន់ អាហ្វ្រិក តែ សម្រាប់សហរដ្ឋអាមេរិក ក្រោម រដ្ឋការរបស់លោកដូណាល់ត្រាំ​មិនបានគាំទ្រ លោកស្រីនោះទេ គឺគាំទ្របេក្ខជនម្នាក់ មកពីប្រទេសកូរ៉េខាងត្បូង។ នៅមុនការកំណត់ជ្រើសរើស ប្រធានថ្មី WTO  ប្រធានាធិបតីថ្មីសហរដ្ឋអាមេរិក Joe Biden  បានប្រកាសគាំទ្របេក្ខភាពរបស់លោកស្រី វ័យ៦៦ឆ្នាំរូបនេះ។

ទាំងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានគាំទ្រលោកស្រី ។ ប៉ុន្តែសម្រាប់ លោកស្រីបានឡើងកាន់តែដ៏ធំមួយនេះ គឺចំពេលពិភពលោកកំពុងជួបវិបត្តិធ្ងន់ធ្ងរនៃជំងឺកូវិដ ដែលបានទាញទម្លាក់សេដ្ឋកិច្ច សាកលយ៉ាងខ្លាំង។

លោកស្រី អ៊ីវ៉េឡាសន្យា លោកស្រីនឹងពុះពារឧបសគ្គ ដើម្បីធ្វើអោយមានការឆ្លើយតបនឹងសម័យទំនើបសតវត្សទី២១ នៃសាកលភាវូបនិយកម្ម ។ លោកស្រីបន្តថា លោកស្រីធ្លាប់ឆ្លងកាត់ច្រើនណាស់ តាំងពីដេកផ្ទាល់លើឥដ្ឋក្នុងប្រទេស នីហ្សេរីយ៉ា ធ្លាក់ក្នុងសង្រ្គាមស៊ីវិល។

នៅពេលកំពុងកាន់តំណែងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ  ពួកចំណាប់ខ្លាំងបានបង្ខំអោយលោកស្រី ចុះចេញពីតំណែងជាមួយ នឹងថ្នូរការដោះលែងម្ដាយរបស់លោកស្រី។ ប៉ុន្តែលោកស្រីបដិសេធ ហើយរកវិធីការដាក់សម្ពាធវិញលើពួកចំណាប់ខ្មាំង ដែលទីបំផុតម្ដាយរបស់លោកស្រីត្រូវបានដោះលែង។

ចាប់តាំង​ពី​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ត្រូវបានបង្កើតឡើង​ក្នុង​ឆ្នាំ ១៩៩៥ ។ ប្រធានទាំង ៦នាក់ នៃស្ថាប័នពាណិជ្ជកម្មពិភពលោកនេះ ​គឺជាបុរស​ទាំង​អស់​។

ក្នុង​នោះ មាន​ជនជាតិ​អឺរ៉ុប​ចំនួន ៣នាក់ ជនជាតិ​នូវែលសេឡង់​ម្នាក់ ជនជាតិ​ថៃ​ម្នាក់ និង​ចុង​ក្រោយ​ជា​ជនជាតិ​ប្រេស៊ីល​។

លោក​រ៉ូប៊ែរតូ អាហ្សេវ៉េដូ​បាន​លា​ចុះ​ពី​តំណែង​ប្រធាន WTO កាល​ពី​ពាក់​កណ្តាល​ខែ​ឧសភា ឆ្នាំ២០២០ ដោយ​មូលហេតុរឿងផ្ទាល់ខ្លួន ជាមួយនឹងគ្រួសាររបស់លោក។

ប្រជាជន នីហ្សេរីយ៉ា ជាពិសេសស្ត្រីរបស់ប្រទេសនេះ បានអបអរសាទរ លោកស្រី ​អូកុនហ្យូ អ៊ីវ៉េឡា ដែលបានកាន់តំណែងរបស់ពិភពលោកមួយនេះ។ ពួកគេចាត់ទុកថា ជាកិត្តិយសណាសដែលស្ត្រីជនជាតិរបស់ពួកគេ បានឈ្នះក្នុងការជ្រើសតាំងអោយកាន់តំណែងនេះក្នុងចំណោម បេក្ខជនជា ០៨ រូប៕

Share

Image
Image
Image