en     km
en     km

សហគមន៍​រង​គ្រោះ​ដីធ្លី​ស្នើ​ឱ្យ​រដ្ឋាភិបាល​ព​ន្លឿ​ន​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី​ឱ្យ​បាន​ឆាប់រហ័ស​

Share

Cover-NGO
សន្និសីទ​តស៊ូ​មតិ​ថ្នាក់​ជាតិ​លើក​ទី​៩​ ស្តី​ពី​ «​ការ​រួម​គ្នា​ដើម្បី​លើកកម្ពស់​គណនេយ្យ​ភាព​សង្គម​លើ​អភិបាលកិច្ច​ដីធ្លី​ និង​ ធនធានធម្មជាតិ​នៅ​កម្ពុជា​»

ភ្នំពេញ៖ ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ និង​ សហគមន៍​ដែល​រង​ការ​បណ្តេញចេញ​ទាំង​បង្ខំ​នៅ​ទូ​ទាំង​ប្រទេស​ បាន​ធ្វើការ​ស្នើ​សូម​ដល់​រដ្ឋាភិបាល​ជា​ថ្មី​ ឱ្យ​ធ្វើការ​ដោះស្រាយ​ឱ្យ​បាន​ឆាប់រហ័ស​ដោយសារ​អ្នក​ជន​រង​គ្រោះ​ដីធ្លី​កំពុង​រស់នៅ​ក្នុង​ស្ថានភាព​ក្រលំបាក​ខ្លាំង​។​

​ការ​ស្នើ​សុំ​របស់​សហគមន៍​រង​គ្រោះ​ដីធ្លី​នេះ​ ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​តស៊ូ​មតិ​ថ្នាក់​ជាតិ​លើក​ទី​៩​ ស្តី​ពី​ «​ការ​រួម​គ្នា​ដើម្បី​លើកកម្ពស់​គណនេយ្យ​ភាព​សង្គម​លើ​អភិបាលកិច្ច​ដីធ្លី​ និង​ ធនធានធម្មជាតិ​នៅ​កម្ពុជា​»​ នៅ​ថ្ងៃ​ទី​០៣​ ខែ​ វិច្ឆិកា​នេះ​ នៅ​សណ្ឋាគារ​ទន្លេបាសាក់​២​ ក្រុងភ្នំពេញ​។​

​តំណាង​ជនជាតិ​ដើម​ភាគតិច​ខេត្ត​មណ្ឌល​គី​រី​ លោក​ ប្រុស​ សុក​ លើក​ឡើង​ថា​ ព្រៃឈើ​ដែល​ទី​អាស្រ័យ​ផល​តាម​រយៈ​ការ​ប្រមូល​រក​អនុ​ផល​ព្រៃឈើ​នោះ​ ត្រូវ​បាន​ក្រុមហ៊ុន​ដែល​បាន​សិទ្ធិ​វិនិយោគ​ពី​រដ្ឋាភិបាល​ កាប់​បំផ្លាញ​អស់​ស្ទើរ​គ្មាន​សល់​។​ លោក​ថា​ បច្ចុប្បន្ន​ជនជាតិ​ដើម​ភាគតិច​ខេត្ត​ម​ណ្ត​ល​គី​រី​ កំពុង​ប្រឈម​នឹង​បញ្ហា​បាត់បង់​ដីធ្លី​ បញ្ហា​ចំណាកស្រុក​ ជា​ពិសេស​កុមារ​បាត់បង់​ការ​សិក្សា​ជាដើម​។​

​លោក​ ប្រុស​ សុក​៖​ «​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ​ ធ្វើ​ឱ្យ​គាត់​បាត់បង់​ដីធ្លី​ ធ្វើ​ឱ្យ​គាត់​ចំណាក់ស្រុក​ និង​ធ្វើ​ឱ្យ​កូនចៅ​គាត់​អត់​មានឱកាស​ក្នុង​ការ​រៀនសូត្រ​»​។​

​ចំណែក​ លោក​ យ​ន​ ឌី​ ជនជាតិ​ដើម​ភាគតិច​កួយ​មក​ពី​ខេត្តស្ទឹងត្រែង​ និយាយ​ថា​ សហគមន៍​របស់​លោក​ត្រូវ​បាន​អ្នកមាន​អំណាច​មួយ​ចំនួន​បាន​រំលោភ​បំពាន​ចូល​មក​ទន្ទ្រាន​ដី​ព្រៃ​​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ដែល​ធ្លាប់​តែ​ប្រកប​របរ​អាស្រ័យ​ផល​ធ្វើស្រែ​ចម្ការ​តាំ​ពី​ដូនតា​មក​។​ លោក​បន្ត​ថា​ សហគមន៍​ធ្លាប់​ធ្វើការ​តវ៉ា​​នឹង​ប្តឹង​ទៅ​អាជ្ញាធរ​ស្រុក​ដែរ​ តែ​អាជ្ញាធរ​មិន​បាន​អើពើ​នឹង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ឡើយ​។​

​លោក​ យ​ន​ ឌី​៖​ «​ខាង​ខ្ញុំ​នេះ​ គឺ​មាន​បទល្មើស​ដែល​អ្នកមាន​អំណាច​នៅ​ខាងក្រៅ​មក​ចូល​កាប់​យក​ទន្ទ្រាន​យក​ដី​ព្រៃ​ក្នុង​សហគមន៍​ភូមិ​អន្លូង​ជ្រៃ​យើងខ្ញុំ​។​ យើង​បាន​រាយការណ៍​នៅ​ថ្នាក់​ស្រុក​ ទីបំផុត​ក្រុម​យុវជន​សម្តេច​តេ​ជោ​ចុះ​ទៅ​វាស់វែង​ដី​ចែក​ឱ្យ​ឯកជន​ដែល​មាន​លុយ​ច្រើន​»​។​

​រីឯ​អ្នកស្រី​ ច្រា​យ​ នី​ម​ តំណាង​សហគមន៍​ SOS​ ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ បាន​លើក​ឡើង​ដែរ​ថា​ បញ្ហា​ជំ​លោះ​ដីធ្លី​របស់​សហគមន៍​ SOS​ បាន​កើតឡើង​ជាង​យូរ​ឆ្នាំ​មក​ហើយ​ តែ​រហូត​មក​ទល់​ពេល​បច្ចុប្បន្ន​នេះ​ នៅ​តែ​មិន​ទាន់​មាន​ដំណោះស្រាយ​នៅឡើយ​។​ អ្នកស្រី​ថា​ រាល់​ពលរដ្ឋ​ទាមទារ​ស្វែងរក​ដំណោះស្រាយ​ពី​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ គឺ​មិន​ត្រូវ​បាន​ធ្វើការ​ដោះស្រាយ​ឱ្យទាន់​ពេលវេលា​នោះ​ទេ​។​

​អ្នកស្រី​បន្ថែម​ទៀត​ថា​ ប្រជា​សហគមន៍​រង​គ្រោះ​ ជា​ពិសេស​ស្ត្រី​ កំពុង​ប្រឈម​នឹង​បញ្ហា​បាត់បង់​ការងារ​និង​មុខ​របប​រកស៊ី​ផង​ដែរ​។​ ជាង​នេះ​ទៅ​ទៀត​ស្ត្រី​មួយ​ចំនួន​បាន​ធ្លាក់ខ្លួន​ជា​នារី​រកស៊ី​ផ្លូវភេទ​ក៏​មាន​។​ អ្នកស្រី​ ច្រា​យ​ នី​ម​៖​ «​សំណុំ​ពរ​ចុង​ក្រោយ​ នាង​ខ្ញុំ​សូម​ឱ្យ​នាយក​រដ្ឋមន្ត្រី​ដោះស្រាយ​ឱ្យ​ពួក​ខ្ញុំ​ទាំង​២៥​ខេត្ត​ក្រុង​ជា​បន្ទន់​ឱ្យ​ឆាប់ៗ​ ព្រោះ​យើង​ទាំងអស់​គ្នា​អ្នក​រង​គ្រោះ​ អ្នក​ប្រឈម​ គឺ​បាត់បង់​ការងារ​ បាត់បង់​សេដ្ឋកិច្ច​ ហើយ​អ្នកខ្លះ​ធ្លាក់ខ្លួន​រើស​អេ​ត​ចាយ​ អ្នកខ្លះ​ធ្លាក់ខ្លួន​រហូត​ដល់​រកស៊ី​របប​ផ្លូវភេទ​ ជា​ស្ត្រី​ឡងសេ​ស្រា​បៀរ​ដោយ​មានការ​ប្រមាថមើលងាយ​ពី​សង្គម​។​

Toek-Vannara
លោក​ តឹក​ វ​ណ្ណា​រ៉ា​ នាយក​ប្រតិបត្តិ​ វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល

​ទាក់ទង​បញ្ហា​នេះ​ លោក​ តឹក​ វ​ណ្ណា​រ៉ា​ នាយក​ប្រតិបត្តិ​ វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ ស្តី​ពី​កម្ពុជា​ និយាយ​ថា​ ការ​ដែល​ NGO​ Foroum​ ផ្តួចផ្តើម​ឱ្យ​មាន​សន្និសីទ​តស៊ូ​មតិ​ថ្នាក់​ជាតិ​លើក​ទី​៩​ នេះ​ឡើង​ គឺ​ដើម្បី​ប្រមូល​ទិន្នន័យ​ពី​សហគមន៍​រង​គ្រោះ​ ធ្វើ​ជា​អនុសាសន៍​រួម​ដើម្បី​ដាក់​ជូន​រដ្ឋាភិបាល​ រដ្ឋសភា​ ព្រឹទ្ធសភា​ ក្រសួង​សមី​ និង​ដៃគូ​អភិវឌ្ឍន៍​ ដើម្បី​ធ្វើការ​ដោះស្រាយ​នូវ​បញ្ហា​ដែល​បាន​ដាក់​ចេញ​ជា​អនុសាសន៍​នៅ​ថ្ងៃនេះ​។​

​មួយវិញទៀត​លោក​ថា​ សង្គម​ស៊ី​វិល​និង​ផ្តល់​ឱកាស​ដល់​តំណាង​សហគមន៍​ដែល​មាន​ជម្លោះ​ លើក​បញ្ហា​ទៅ​ធ្វើការ​ជជែក​គ្នា​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​ និង​ក្រុមហ៊ុន​ដែល​មាន​បញ្ហា​ជាមួយ​ប្រជា​សហគមន៍​ ជំរុញ​ធ្វើ​យ៉ាងណា​ឱ្យ​មាន​ដំណោះស្រាយ​។​ លោក​ តឹក​ វ​ណ្ណា​រ៉ា​៖​ «​យើង​ផ្តល់​ឱកាស​ឱ្យ​តំណាង​សហគមន៍​ដែល​គាត់​មាន​បញ្ហា​ ករណី​ដីធ្លី​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​ តាម​រយៈ​អង្គការ​សមាជិក​បណ្តេញ​ក៏​ដូច​ជា​អង្គការ​សមាជិកភាព​យក​ បញ្ហា​របស់​គាត់​ទៅ​ប្រជុំ​ជាមួយ​ក្រសួង​ផ្ទាល់ៗ​ ឬ​មួយ​ជាមួយ​ក្រុមហ៊ុន​ដែល​មាន​បញ្ហា​ហ្នឹង​ផ្ទាល់​ ដើម្បី​ជំរុញ​ឱ្យ​មាន​នីតិ​ធ្វើការ​ដោះស្រាយ​»​។​

លោក​ ម៉ុង​ ឫ​ទ្ធី​ សមាជិក​ព្រឹទ្ធសភា​កម្ពុជា​
លោក​ ម៉ុង​ ឫ​ទ្ធី​ សមាជិក​ព្រឹទ្ធសភា​កម្ពុជា​

ពាក់ព័ន្ធ​ក្នុង​រឿង​នេះ​ លោក​ ម៉ុង​ ឫ​ទ្ធី​ សមាជិក​ព្រឹទ្ធសភា​កម្ពុជា​ និង​ជា​តំណាង​ប្រធាន​ព្រឹទ្ធសភា​បាន​លើក​ឡើង​ថា​ រដ្ឋសភា​ ព្រឹទ្ធសភា​ រដ្ឋាភិបាល​និង​ធ្វើការ​ពិនិត្យ​ ពិភាក្សា​ទៅ​លើ​អនុសាសន៍​រួម​របស់​អង្គការ​សង្គម​ស៊ី​វិល​ ដើម្បី​ពង្រឹង​និង​បន្ត​យន្តការ​ថែរក្សា​ការពារ​ធនធានធម្មជាតិ​ ជា​ពិសេស​ព្រៃឈើ​នៅ​កម្ពុជា​ឱ្យ​បាន​គង់វង្ស​យូរអង្វែង​។​

​លោក​ ម៉ុង​ ឫ​ទ្ធី​៖​ «​ហើយ​ទទ្ទឹម​នឹង​នេះ​ខ្ញុំ​មាន​ជំនឿ​ និង​ក្តី​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ ការ​ពិភាក្សា​លើ​ប្រធានបទ​ព្រឹក​នេះ​ និង​មាន​កិច្ច​ពិភាក្សា​យ៉ាង​សកម្ម​ និង​មានការ​ចេញ​នូវ​អនុសាសន៍​ថ្មីៗ​បន្ថែម​ទៀត​ក្នុង​ការ​ យក​មក​ធ្វើ​ជា​ដំណោះស្រាយ​ចំពោះ​បញ្ហា​ប្រឈម​ទាំង​អស់នេះ​»​។​

​យោង​តាម​ការ​សិក្សា​ថ្មី​មួយ​របស់​ NGO​ Foroum​ បាន​រក​ឃើញ​ថា​ ជម្លោះដីធ្លី​នៅ​ឆ្នាំ​ ២០១៣​មាន​ចំនួន​ ៣១១​ ករណី​។​ ក្នុង​នោះ​ប្រមាណ​ ២៥%​ បង្ក​ឡើង​ដោយសារ​ដី​សម្បទាន​សេដ្ឋកិច្ច​ ដែល​បង្ក​ផល​ប៉ះពាល់​ដល់​គ្រួសារ​ប្រមាណ​២​ម៉ឺន​គ្រួសារ​ ស្នើ​នឹង​ប្រជាជន​ប្រមាណ​ ៩​ម៉ឺន​នាក់​។​ ការ​សិក្សា​នេះ​ក៏​បាន​រក​ឃើញ​ថា​ ការ​រំលោភ​យក​ដី​ និង​ការ​បណ្តេញចេញ​ដោយ​បង្ខំ​ គឺជា​ការ​រំលោភសិទ្ធិ​មនុស្ស​ដ៏​ធ្ងន់ធ្ងរ​នៅ​ប្រទេស​កម្ពុជា​ផង​ដែរ​៕​

Share

Image
Image
Image