ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យសម្រេចដកស័ក្តិ និងបណ្តេញលោកវរសេនីយ៍ឯក គឹម ពន្លក អធិការស្រុកកំរៀង ខេត្តបាត់ដំបង ចេញពីក្របខណ្ឌមន្ត្រីនគរបាលជាតិករណី ដោះលែងមេខ្យល់នាំមនុស្សឆ្លងដែនខុសច្បាប់ ពីប្រទេសថៃចូលទឹកដីកម្ពុជា។ នេះបើយោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ដែលចុះហត្ថលេខា ដោយសម្ដេច ហ៊ុនសែន កាលពីថ្ងៃទី១៥កុម្ភៈ។
សេចក្ដីសម្រេចនេះធ្វើឡើងបន្ទាប់ពីមានការបញ្ជារបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បន្ទាប់ពីក្រុមស្រាវជ្រាវរកឃើញថា អធិការស្រុករូបនេះ ពិតជាបានដោះលែងមេខ្យល់នាំមនុស្សឆ្លងដែនខុសច្បាប់ ពីប្រទេសថៃចូលទឹកដីកម្ពុជា។
បើយោងតាមប្រសាសន៍សម្តេច ហ៊ុន សែន គឺក្រៅពីបកស័ក្តិ និងបណ្តេញចេញពីក្របខណ្ឌ នគគរបាលគឺលោកគឹម ពន្លក ត្រូវបន្តចាត់ការអនុវត្តតាមផ្លូវច្បាប់ទៀត ដើម្បីផ្តន្ទាទោសជនបុឡគ្គល រូបនេះ ដាក់ពន្ធនាគារ។
តាមសារព័ត៌មាន Fresh News មូលហេតុ គឺករណីបុគ្គលនេះ ប្រព្រឹត្តអំពើពុករលួយហើយលោកវរសេនីយ៍ឯក គឹម ពន្លក បានទទួលស្គាល់ថា ខ្លួនលោកពិតជាបានទទួលមុខសញ្ញាមេខ្យល់នាំមនុស្ស ឆ្លងដែនខុសច្បាប់ពីកម្លាំងវរៈការពារព្រំដែន-៨១៩ ករណីទីមួយគឺមុខសញ្ញាផ្តល់ជំរកស្នាក់នៅដល់ពលករ ដើម្បីត្រៀមឆ្លងដែនខុសច្បាប់ពីកម្ពុជាទៅថៃ និងករណីទីពីរគឺមុខសញ្ញាពាក់ព័ន្ធនាំពលករឆ្លងដែនខុសច្បាប់ពីថៃចូលកម្ពុជា គេចពីការធ្វើចត្តាឡីស័ក ប្រាកដមែន។
តាមប្រភពដដែលនេះ គឺកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចេញសេចក្តីសម្រេចផ្អាកការងារបណ្តោះអាសន្នចំពោះ លោកវរសេនីយ៍ឯក គឹម ពន្លក អធិការនគរបាលស្រុកកំរៀងគឺមុនអនុក្រឹត្យសម្រេចដកស័ក្តិ និងបណ្ដេញចេញពីក្រមចខណ្ឌនគរបាល។
តាមព័ត៌មាន ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នឹងបញ្ជូនខ្លួនអតីតអធិការនគរបាលស្រុកកំរៀង លោក គឹម ពន្លក ទៅកាន់សាលាដំបូងខេត្តនៅថ្ងៃនេះ ក្រោយសមត្ថកិច្ចរកឃើញថា បានប្រព្រឹត្តខុសនីតិវិធី ដោយបានដោះលែងមេខ្យល់នាំពលករខ្មែរឆ្លងដែនខុសច្បាប់ពីប្រទេសថៃចូលមកកម្ពុជា គេចវេះពីការធ្វើចត្តាឡីស័ក។
សម្រាប់លោកវរសេនីយ៍ឯក គឹម ពន្លក គឺជាមនុស្សទីមួយហើយដែលត្រូវបានសម្រេចឱ្យផ្អាកពីការងារជាបណ្តោះអាសន្ន នៅប៉ុន្មានម៉ោងក្រោយពីការព្រមានរបស់សម្ដេចនាយករដ្ឋមន្ត្រី។
កាលពីថ្ងៃទី១៥ ខែកុម្ភៈ សម្ដេចហ៊ុនសែន បានដាក់បទបញ្ជាឱ្យមន្ត្រីនគរបាលនិងមន្ត្រីសមត្ថកិច្ច នៅតាមច្រកព្រំដែនកម្ពុជា-ថៃ រឹតបន្តឹងការអនុវត្តច្បាប់ ចំពោះមេខ្លោងដែលនាំផ្លូវអ្នកឆ្លងដែនខុសច្បាប់ពីប្រទេសថៃចូលមកកម្ពុជា ដោយមិនបានធ្វើចត្តាឡីស័ក៕