ព្រះមហាក្សត្រកម្ពុជា ដែលជាព្រះប្រមុខរដ្ឋ បានអបអរសាទរប្រធានាធិបតីលើកទី៤៦សហរដ្ឋអាមេរិក ។ សាររបស់ព្រះអង្គបង្ហាញពីក្ដីសង្ឃឹមនៃអនាគត កម្ពុជា -អាមេរិក មានទំព័រថ្មីហើយ ចំណងមិត្តភាពកាន់តែប្រសើរឡើង។ សាររបស់ព្រះមហាក្សត្រ ធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាល បានអបអរសាទរលោកបៃឌិនផងដែរ នៅមេដឹកនាំអាមេរិកថ្មីនេះ ទទួលបានសុពលភាពជាប្រធានាធិបតី អាមេរិកលើកទី៤៦។ លោកឡាក់ ច័ន្ទតារាជូនសេចក្ដីរាយការណ៍៖
កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គ បានផ្ញើរាជសារអបអរសាទរយ៉ាងកក់ក្តៅដ៏ឧត្តុង្គឧត្តមជូន លោកJoe Biden ប្រធានាធិបតី នៃសហរដ្ឋអាមេរិក ក្នុងឱកាសដ៏វិសេសវិសាលដែល លោកបានក្លាយជាប្រធានាធិបតីទី៤៦ ជាផ្លូវការរបស់ សហរដ្ឋអាមេរិក ។
នៅក្នុងព្រះរាជសារដែលព្រះមហាក្សត្រ ព្រះរាជទានអបអរសាទរទៅកាន់លោក ចូ បៃឌិន បានសេចក្ដីដូចតទៅ៖ លោកប្រធានាធិបតី នៅក្នុងឱកាស របស់លោកជាប្រធានាធិបតីទី ៤៦ នៃសហរដ្ឋអាមេរិក បន្ទាប់ពីការបោះឆ្នោតដ៏ឆ្នើមនិងជាប្រវត្តិសាស្ត្រមួយ។ សូមថ្លែងអំណរគុណនិងការជូនពរដ៏ល្អបំផុតចំពោះឯកឧត្តម ខ្ញុំជឿជាក់ថាឯកឧត្តមនឹងផ្តល់ភាពជាអ្នកដឹកនាំនិងប្រាជ្ញាក្នុងការដឹកនាំប្រជាជនអាមេរិកឱ្យដើរលើមាគ៌ាយុត្តិធម៌សន្តិភាពឯកភាពនិងវិបុលភាព។ ព្រះរាជាណាចក្រកម្ពុជាមានទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការយូរអង្វែងនៅកម្រិតទ្វេភាគីតំបន់ និងអន្តរជាតិជាមួយសហរដ្ឋអាមេរិក។ ខ្ញុំសូមបង្ហាញនូវជំនឿចិត្តរបស់ខ្ញុំថាចំណងទាក់ទងទាំងនេះនឹងមានការអភិវឌ្ឍបន្ថែមទៀតក្រោមរដ្ឋបាលរបស់ឯកឧត្តម។
នៅពេលដែល សភាអាមេរិកប្រកាសសុពលភាពជូនលោកបៃឌិនត្រូវឡើងកាន់តំណែងប្រធានាធិបតីអាមរិកឡើងទី៤៦ កាលពីសប្ដាហ៍មកនេះ រាជរដ្ឋាភិបាល ក៏បានបញ្ជូនសារអបអរសាទរ លោកបៃឌិនផងដែរ។ សម្រាប់រាជរដ្ឋាភិបាលសង្ឃឹមថាក្រោមរដ្ឋការរបស់លោកបៃឌិន នឹងធ្វើអោយប្រសើរឡើងនូវ ទំនាក់ទំនងទ្វេភាគី ។
នាយករដ្ឋមន្រ្តី កម្ពុជាសម្ដេចហ៊ុន សែន បានផ្ញើសារអបអរសាទរលោក Joe Biden ដែលត្រូវបានប្រកាសថា ឈ្នះការបោះឆ្នោតជាប្រធានាធិបតីអាមេរិកទី៤៦ ដោយលោកប្តេជ្ញាធ្វើការជាមួយរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក។
សារលិខិតរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា ផ្ញើជូនប្រធានាធិបតីជាប់ឆ្នោតលោក Biden បានលើកឡើងថា បទពិសោធន៍ដ៏ធំធេង និងភាពជាអ្នកដឹកនាំដ៏វាងវៃរបស់លោក Biden ធ្វើឲ្យលោកទទួលបាននូវទំនុកចិត្តពីប្រជាជនអាមេរិក។
សម្ដេច ហ៊ុន សែន បានសរសេររៀបរាប់ដូចនេះថា៖ «ខ្ញុំមានជំនឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ឯកឧត្តមជាប្រធានាធិបតី សហរដ្ឋអាមេរិកនឹងបន្តរីកចម្រើនទៅមុខនិងរួមចំណែកនាំឲ្យពិភពលោកមានស្ថិរភាព និងវិបុលភាពកាន់តែល្អប្រសើរថែមទៀត»។ ក្នុងន័យនេះ រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា តែងតែផ្តល់សារៈសំខាន់យ៉ាងធំធេងដល់ការពង្រឹង និងពង្រីកនូវទំនាក់ទំនងជាមិត្តភាពដ៏យូរអង្វែងរវាងប្រទេសទាំងពីរ ដែលនៅក្នុងឆ្នាំនេះ យើងកំពុងប្រារព្ធខួបលើកទី៧០»។
បែបណាទំនាក់ទំនងកម្ពុជា -អាមេរិក មានភាពល្អក់កកជាមួយគ្នា ៤ឆ្នាំមកហើយ ក្រោមរដ្ឋការរបស់លោកដូណាល់ត្រាំ ដែលឈានដល់ការដាក់ទណ្ឌកម្ម លើមន្ត្រី និងជំនួញកម្ពុជា យ៉ាងតិច១៦ នាក់ ត្រូវបានបិទទិដ្ឋាការចូលអាមេរិក ហើយទ្រព្យសម្បតិ្តរបស់ពួកគេ ក៏ត្រូវបង្កកផងដែរ។ វិធានការរបស់អាមេរិក មួយទៀត ដែលកំពុងទើលើដៃព្រឹទ្ធសភា គឺជាសេចក្តីស្នើច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា (Cambodia Democracy Act) ឬ H.R. 526 ដែលមានការគាំទ្រដោយគណបក្សធំៗទាំងពីរនៅសហរដ្ឋអាមេរិក មានគោលបំណងជំរុញឱ្យមានការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវ គោរពសិទ្ធិសេរីភាពនយោបាយ និងសិទ្ធិមនុស្សនៅប្រទេសកម្ពុជា និងដាក់ទណ្ឌកម្មសេដ្ឋកិច្ចនិងទិដ្ឋាការលើមន្ត្រីយោធានិងជនស៊ីវិលកម្ពុជាណា ដែលបានបំផ្លាញលទ្ធិប្រជាធិបតេយ្យនិងរំលោភសិទ្ធិមនុស្ស។
សហគមន៍អន្តរជាតិបានវាយតម្លៃថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាបានដើរថយក្រោយ ហើយបានអំពាវនាវជាបន្តបន្ទាប់ឱ្យរដ្ឋាភិបាលសម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែន កែប្រែស្ថានការណ៍ បើមិនដូច្នេះទេនឹងត្រូវប្រឈមនឹងទណ្ឌកម្មអន្តរជាតិ។ ប៉ុន្តែរាជរដ្ឋាភិបាល តែងតែវាយបកមកវិញដោយឈរលើហេតុផលអធិបតេយ្យភាពជាតិដែលកម្ពុជាមិនអាចទទួលយកបានឡើយនូវការគាបសង្កត់ ណាមួយពីបរទេស ។ បែបនេះក្ដីក្រោមរដ្ឋការថ្មី របស់លោកបៃឌិន មកពីបក្សប្រជាធិបតេយ្យ ត្រូវបានអ្នកសង្កេតការណ៍ រំពឹងថា នឹងមានការសន្ទនាគ្នា រវាងអាមេរិកនិងកម្ពុជា ដើម្បី រកគន្លឹះអោយឃើញនៃការដោះស្រាយរួមគ្នាជុំវិញស្ថានៅស្ថានភាពនយោបាយ លទ្ធិប្រជាធិបតេយ្យនិងសិទិ្ធមនុស្ស នៅកម្ពុជា។
សូមជម្រាបថា សហរដ្ឋអាមេរិក និងប្រទេសកម្ពុជា បានបង្កើតទំនាក់ទំនងការទូតជាលើកដំបូង នៅឆ្នាំ១៩៥០។ ឆ្នាំ ២០២០ គឺជាឆ្នាំខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតនេះ។ ចំណងទាក់ទងផ្នែកការទូតរវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជារួមមាន វិស័យកសិកម្ម វិស័យយុវជន អប់រំ និងបច្ចេកវិទ្យា ស្រ្តី និងសមធម៌យេនឌ័រ បរិស្ថាន សុខភាពសាធារណៈ ទំនាក់ទំនងរវាងប្រជាជន និងប្រជាជនការអបអរខួបលើកទី ៧០ជំនួយមនុស្សធម៌ពាណិជ្ជកម្ម និងការវិនិយោគ ការអនុវត្តច្បាប់ សហប្រតិបត្តិការក្នុងតំបន់/អាស៊ាន និងលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។