ក្រោយពីលោកគង់ គាំ បានប្រកាសលាលែងដំណែងពីប្រធានគណបក្សប្រឆាំង និងអនុប្រធានសមាជិកព្រឹទ្ធសភា អ្នកតាមដានស្ថានការណ៍នយោបាយ សាទរ និងបានលើកឡើងថា ការលាលែងនេះ គឺជាគំរូល្អមួយសម្រាប់អ្នកនយោបាយដែលមាន វ័យចំណាស់យកតម្រាប់តាម ប៉ុន្តែអ្នកនយោបាយបច្ចុប្បន្ននៅតែក្រាញអំណាច។
អ្នកតាមដានស្ថានការសង្គម យល់ថាការលាលែងពីតំណែងប្រធានគណបក្សសម រង្ស៊ី របស់លោកគង់ គាំ គឺជាគំរូល្អមួយទៅដល់អ្នកនយោបាយ និងមន្ត្រីដែលមានវ័យចំណាស់របស់កម្ពុជា ដែលមិនក្រាញអំណាច។ ក្នុងលិខិតផ្ញើទៅកាន់អ្នកគាំទ្ររបស់ខ្លួន កាលពីថ្ងៃទី០២ ខែវិច្ឆិកា លោក គង់ គាំ ប្រធានគណគណបក្សសមរង្ស៊ី បានប្រកាសលាលែងពីសមាជិកព្រឹទ្ធសភា និងដកឃ្លាចេញពីមេដឹកនាំនយោបាយ។
លោក គង់ គាំ ដែលមានវ័យ៧៥ឆ្នាំហើយនោះ បានបញ្ជាក់នៅក្នុងសារលិខិតពីមូលហេតុនៃការលាលែងរបស់លោកថា គឺដោយសារតែលោក មានវ័យកាន់តែចាស់ជរា និងដោយសារបញ្ហាសុខភាព។លោក បានបញ្ជាក់បន្តថា អ្នកទ្រកុំមានការយល់ច្រឡំ និងចាញ់ការបំភ័ន្តពីអ្នកដ៏ទៃ ចំពោះរូបលោកឱ្យសោះ។ លោកនឹងនៅតែបន្តរួម សុខទុក្ខ ជាមួយប្រជាពលរដ្ឋ ដើម្បីសង្គ្រោះ ជាតិ និងផ្លាស់ប្តូរជាអវិជ្ជមាននៅកម្ពុជាដដែល។
ក្នុងលិខិតរបស់លោក គង់ គាំដដែលបានបញ្ជាក់ទៀតថា ការដកខ្លួនរបស់លោក ជាការបង្ហាញដល់អ្នកនយោបាយ ដែលមានគំនិតថា ខ្លូនឯងជាតួឯក និងមានគំនិតថា មានតែខ្លួន ទេ ដែលអាចដឹកនាំការ ការពារ និងកសាង កម្ពុជាឱ្យមានសន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍ ដូចសព្វថ្ងៃ និងតទៅមុខបាន។
ជុំវិញការលាលែងពីតំណែងនេះ លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម បានលើកឡើងថា នេះគឺជាគំរូល្អមួយសម្រាប់អ្នកនយោបាយ ឬមន្ត្រីមួយចំនួនដែលមានវ័យចំណាស់ហើយ តែនៅតែក្រាញអំណាច។ លោកថា ចំពោះការលាលែងពីដំណែងរបស់ប្រធានគណបក្សប្រឆាំងរូបនេះ ក៏ជាការកាត់បន្ថយគ្រួសារនិយមនៅក្នុងគណបក្សប្រឆាំងផង ។
លោកមាស នីបន្តថា អ្នកនយោបាយ ឬមន្ត្រីវ័យចំណាស់មួយចំនួនគួរតែកុំនៅក្រាញ់អំណាចយូរពេក ហើយចុះចេញពីដំណែង ដើម្បីឱ្យក្មេងជំនាន់ក្រោយបានបន្តធ្វើការងារ ដើម្បីធ្វើឱ្យប្រទេសជាតិមានការរីកចម្រើន។ លោកបន្ថែមថា នៅពេលដែលអ្នកនយោបាយ ឬមន្ត្រីមួយចំនួននៅក្រាញអំណាចយូពេកនោះ ធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធនៃការធ្វើការងារ។ លោកថា ប្រព័ន្ធធ្វើការងារនៅក្នុងប្រទេសអភិវឌ្ឍន៍មួយចំនួន គេត្រូវការមន្ត្រីវ័យក្មេងសម្រាប់ធ្វើកិច្ចការបន្តពីមនុស្សចាស់ ដូចជាការងារដឹកនាំប្រទេសជាដើម បើទុកឱ្យមនុស្សចំណាស់នៅបន្តដឹកនាំនោះ ប្រទេសនៅតែដឹកនាំតាមរបៀបចាស់ដដែល។
លោកបញ្ជាក់បន្ថែម«អញ្ចឹងបានជាគេមានការព្រួយបារម្ភនៅក្នុងកំណែទម្រង់របស់គណបក្សប្រជាជនរាល់ថ្ងៃថាតើការបញ្ចូលមន្ត្រីវ័យក្មេងហ្នឹង គេអាចធ្វើការជំនួសមន្ត្រីចាស់ទុំហ្នឹងបានដែរ ឬក៏អ្វីៗវាស្ថិតនៅក្នុងកណ្តាប់ដៃរបស់មន្ត្រីចាស់ទុំហ្នឹងដដែល អញ្ចឹងក្មេងៗបានត្រឹមតែដើរតាមចាស់ៗ ទាំងអស់ហ្នឹង អញ្ចឹងមិនអាចឈានទៅរកស្តារកិត្តយសរបស់ គណបក្សប្រជាជនបានទេ ទោះបីជាក្មេងខំប្រឹងយ៉ាងមេចក៏ដោយ។ ពេលខ្លះការផ្តួចផ្តើមរបស់មន្ត្រីវ័យក្មេងបានត្រូវធ្វើដំណើរទៅមុខមិនរួច ដោយសារតែគំនិតចាស់ជ្រុលនិយមដែលមានក្នុងចំណោមមន្ត្រីចាស់ៗ»។
ចំណែកលោកបណ្ឌិតរស់ រ៉ាវុធ សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ មានប្រសាសន៍ថា ការចុះចេញពីតំណែងរបស់លោក គង់ គាំ បានបង្ហាញពីឆន្ទះរបស់អ្នកនយោបាយ ដែលមិនក្រាញអំណាច និងលោកចង់បង្ហាញ ថាលោកជាអ្នកដឹកនាំមួយរូប ដែលបានប្រគល់តួនាទីរបស់ខ្លួនទៅឱ្យយុវជនជំនាន់ក្រោយដឹកនាំបន្តពីលោក។
លោកបន្តថា៖«បង្ហាញនូវឆន្ទះនៅពេលដែលមនុស្សចាស់គឺមានថាមពលថមថយ ចុះពីយុវជន អញ្ចឹងបង្ហាញលោកមានវ័យហើយអញ្ចឹងតែលាលែងដោយសុទ្ធចិត្តប្រគល់តួនាទី ឱ្យយុវជនជំនាន់ក្រោយ។ចំណុចទី២.បង្ហាញថាលោកមិនក្រាញអំណាច អញ្ចឹងលោកមិនស្រលាញ់អំណាចទេ ចំណុចទី៣.គឺបង្ហាញនូវឆន្ទះដ៏មោះមុត និងពេលវេលាដែលលោកបានកន្លងមកតុកតួនាទីយុវជនជំនាន់មាន មានឱកាសសម្រាប់ដឹកនាំប្រទេស ឬដឹកនាំបក្ស ហើយក៏បង្ហាញទៅអ្នកនយោបាយថាលោកជាវីរៈជនមួយ បានប្រគល់នូវតួនាទីរបស់លោកដល់យុវជនជំនាន់ក្រោយ»។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ គេមិនទាន់ដឹងថា តំណែងជំនួសលោក គង់ គាំ នៅក្នុងគណបក្ស បានទៅលើអ្នកណានៅឡើយនោះទេ។