បើគ្មានការចរចា ហើយ បើគ្មាន ថ្នូរអោយ អ៊ីរ៉ង់ តើសង្រ្គាម កូរ៉េខាងត្បូង និងអ៊ីរ៉ង់អាចផ្ទុះបានឬទេ? ការពិត កូរ៉េខាងត្បូង សម្រេចបញ្ជូន កងទ័ពរបស់ខ្លួនទៅកាន់មជ្ឈឹមបូព៌ា ជាអ្វីដែល មើលទៅ កូរ៉េខាងត្បូង ចង់ព្រមានអ៊ីរ៉ង់ថា ខ្លួនគេមានសមត្ថភាពនឹងការបង្កសង្រ្គាម ជាមួយអ៊ីរ៉ង់ ។ តែនៅពេលជាមួយគ្នានេះ កូរ៉េខាងត្បូង ក៏សម្រេច ថានឹងចាត់វិធានការតាមផ្លូវច្បាប់ គឺច្បាប់អន្តរជាតិ ប្រឆាំងប្រទេសអ៊ីរ៉ង់ ដែលបានរឹបអូសនាវា ដឹកប្រេងដ៏ធំមួយគ្រឿងរបស់កូរ៉េខាងត្បូងកាលពីថ្ងៃទី៤មករាឆ្នាំ២០២១។ តែបែបណាក៏ដោយ កាលដែលកូរ៉េខាងត្បូង បញ្ជូនទ័ពទៅកាន់មជ្ឈឹមបូព៌ា ទំនងរដ្ឋាភិបាលក្រុងសេអ៊ូលអាចអាងអាមេរិកនៅពីក្រោយ។ ខណៈនេះ ភាពផុយស្រួយនៅមជ្ឈឹមបូព៌ា កាន់តែខ្លាំងហើយនៅពេលនេះ ។ ទាំងអាមេរិក និង អ៊ីស្រាអែល បានត្រៀមរូចហើយសង្រ្គាមឈូងសមុទ្រពែក្យ។
រដ្ឋការរបស់លោកដូណាល់ត្រាំ បានសម្រេច រឹបអូសលុយ របស់អ៊ីរ៉ង់ ដែលមានប្រមាណជា ៧ពាន់លានដុល្លារ ដោយបង្វែរ ទៅផ្ដល់អោយជនរងគ្រោះ ដោយសារអំពើភេរវកម្មប៉ុន្តែជនរងគ្រោះទាំងនោះ គឺជាពលរដ្ឋអាមេរិក។ សេចក្ដីថ្លែងការណ៍របស់ ក្រសួងការបរទេស អាមេរិក បានប្រកាសដូចនេះ ដោយស្រង់មកចុះផ្សាយដោយសារព័ត៌មាន អាមេរិក UPI កាលពីថ្ងៃទី៥មករា ឆ្នាំ២០២១។ តាមប្រភពដដែលនេះ លុយទាំងនេះ គឺជាផ្នែកមួយកើតចេញពីវិធានការរបស់រដ្ឋាភិបាលអាមេរិក ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ហើយការរឹបអូសប្រាក់ទាំងនេះ គឺស្ថិតនៅក្រោមការដាក់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិកទៅលើប្រទេស អ៊ីរ៉ង់។ ទ្រព្យសម្បត្តិនិងហិរញ្ញវត្ថុទាំងនោះ គឺជារបស់ក្រុមបណ្ដាញឧក្រិដ្ឋកម្ម ពាក់ព័ន្ធនឹង ក្រុមភេរវកម្មដែល អ៊ីរ៉ង់នៅពីក្រោយ។ នេះបើតាម អគ្គរដ្ឋអាជ្ញារង David Burns នៃក្រសួងយុត្តិធម៌ អាមេរិក។ ជាមួយគ្នានេះ ក្រសួងការយុត្តិធម៌ អាមេរិក បានចោទទៅលើអ្នកជំនួញ ជនជាត់អ៊ីរ៉ង់ ចំនួន៣នាក់និងក្រុមហ៊ុនរបស់អ៊ីរ៉ងជាច្រើន ពីបទលាងលុយកង្វក់ ពាក់ព័ន្ធនឹងធនាគារនៃ ប្រទេសកូរ៉េខាងត្បូង ដែលមានជិតមួយពាន់លានដុល្លារអាមេរិក ហើយហិរញ្ញវត្ថិទាំងនោះ មាននៅក្នុងប្រទេសកូរ៉េខាងត្បូង និងខ្លះទៀតនៅបណ្ដាប្រទេសផ្សេងៗទៀត។
បើតាមសារព័ត៌មាន The Guardian អ៊ីរ៉ង់ ដែលរឹបអូស នាវាដឹកប្រេងរបស់ កូរ៉េខាងត្បូងមួយគ្រឿង គឺអ៊ីរ៉ង់ចង់អោយសងមកអ៊ីរ៉ង់វិញនូវ ការបង្កកលុយ៧ពាន់លានដុល្លារ។រដ្ឋាភិបាលអ៊ីរ៉ង់បានចោទកូរ៉េខាងត្បូងពីបទបង្កកលុយអ៊ីរ៉ង់ដោយអត្តនោម័ត។ ការចោទរបស់អ៊ីរ៉ង់នេះបានធ្វើឡើង ក្រោយពីកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានប្រកាសពីការចាប់នាវាដឹកប្រេងមួយគ្រឿងដែលដោតទង់ជាតិកូរ៉េខាងត្បូងនៅក្នុងតំបន់ឈូងសមុទ្រពែក្សកាលពីថ្ងៃចន្ទ ទី៤ មករា។ នៅមុនការ រឹបអូសនាវារបស់កូរ៉េខាងត្បូង របបនៅអ៊ីរ៉ង់ បានបង្ហាញ សញ្ញា អោយរដ្ឋាភិបាលកូរ៉េខាងត្បូង មកចរចានឹងខ្លួន ដើម្បី ដោះស្រាយករណីលុយ៧ពាន់លានដុល្លារ។ តាមសារព័ត៌មានរបស់ អ៊ីរ៉ង់ Tehran Times បានចុះផ្សាយថា រដ្ឋាភិបាលអ៊ីរ៉ង់ ត្រូវការលុយទាំងនេះ ដើម្បី ទៅទិញ វ៉ាក់សាំង កូវិដ-១៩។
ក្រោយពីការចាប់រឹបអូសនាវាដឹកប្រេងរបស់ កូរ៉េខាងត្បូងដោយ ឆ្មាំបដិវត្តន៍អ៊ីរ៉ង់នៅក្នុងតំបន់ឈូងសមុទ្រពែក្ស រដ្ឋាភិបាលកូរ៉េខាងត្បូងបានទាមទារឲ្យអ៊ីរ៉ង់ដោះលែងនាវា និងបុគ្គលិកបម្រើការទាំង ២០នាក់នៅលើនាវានោះអោយមានសេរីភាពឡើងវិញ។ អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងត្បូងលោក Choi You Sun បានប្រកាសថា គណៈប្រតិភូកូរ៉េខាងត្បូងមួយក្រុមអាចនឹងធ្វើដំណើរទៅកាន់អ៊ីរ៉ង់ ដើម្បីដោះស្រាយបញ្ហាទ្វេភាគីជាមួយអ៊ីរ៉ង់។
អ្នកនាំក្រសួងការបរទេសអ៊ីរ៉ង់ Saeed Khatibzadehបាននិយាយថា ការចាប់នាវាដឹកប្រេងដែលដោតទង់ជាតិកូរ៉េខាងត្បូងបានធ្វើឡើងតាមសេចក្តីសម្រេចរបស់តុលាការ ក្រោយពីនាវានោះបានបង្កការបំពុលប្រេងក្នុងទឹកសមុទ្រដែលជាទង្វើរំលោភច្បាប់ស្តីពីបរិស្ថានសមុទ្រ។ តាមអ្នកនាំពាក្យ ករណីនេះមិនមែនជាការចាប់ជំរិតនោះទេ។ តាមមន្ត្រីអ៊ីរ៉ងដដែលនេះ គឺ កូរ៉េខាងត្បូងបានបង្កកលុយអ៊ីរ៉ង់ចំនួន ៧ ពាន់លានដុល្លារគឺអនុវត្តតាមការទណ្ឌរបស់កម្មអាមេរិកដាក់លើអ៊ីរ៉ង់។
អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ង់រូបនេះយល់ថា ការដែលកូរ៉េខាងត្បូងមិនព្រមឲ្យអ៊ីរ៉ង់ប្រើលុយរបស់អ៊ីរ៉ង់ដើម្បីទិញចំណីអាហារ និងទីញវាំងសាំងកូវិដ គឺអាក្រក់ណាស់។បែបណា អ៊ីរ៉ង់ អះអាងថា ករណីរឹបអូសនាវាកូរ៉េខាងត្បូង មិនមែនជាវិធានការសងសឹកអ្វីនោះទេ។
ករណីរឹបអូស នាវាកូរ៉េខាងត្បូង ដោយកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់នៅ កើតឡើងក្នុងច្រកសមុទ្រ Hormuz នៃឈូងសមុទ្រពែក្យ ។ នាវារបស់កូរ៉េខាងត្បូង ផ្ទុកសារធាតុអេតាណុលចំនួន៧,២០០តោន និងមាននាវិកចំនួន២០នាក់ ក្នុងនោះ១១នាក់ជនជាតិមីយ៉ាន់ម៉ា ៥នាក់ជនជាតិកូរ៉េខាងត្បូង ២នាក់ជនជាតិឥណ្ឌូនេស៊ី និង២នាក់ជនជាតិវៀតណាម។ អ៊ីរ៉ង់ អះអាងថាការចាប់ឃាត់នាវានេះដោយសារតែវាបានបំពុលទឹកសមុទ្រនៃច្រកសមុទ្រ Hormuz ។
លោកស្រីKang Kyung-wha រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងប្រាប់អ្នកកាសែតកាលថ្ងៃទី៥មករាថា កូរ៉េខាងត្បូងកំពុងប្រើប្រាស់យន្តការការទូតជាមួយអ៊ីរ៉ង់ដើម្បីបាននាវាមកវិញ ក៏ដូចជាការដោះលែងនាវិកទាំង២០នាក់។ តែលោកស្រីព្រមានថា កូរ៉េខាងត្បូងកំពុងស្វែងរកការចាត់វិធានការតាមផ្លូវច្បាប់ផងដែរ ។
ភាពតានតឹងអាចនាំទៅរកសង្រ្គាម សមុទ្រ បើពុំមានដំណោះស្រាយ
ភាពតានតឹងនៅឈូងសមុទ្រពែក្ស បានកើនឡើងយ៉ាងខ្លាំងនៅថ្ងៃពុធ ទី៦ ខែមករានេះ ក្រោយពីកងកម្លាំងឆ្នាំបដិវត្តន៍ របស់ប្រទេសអ៊ីរ៉ង់ បានចាប់នាវាដឹកប្រេងមួយគ្រឿង របស់កូរ៉េខាងត្បូង ។
ក្រសួងការពារជាតិកូរ៉េខាងត្បូង បានចេញសេចក្តីប្រកាសមួយ កាលពីថ្ងៃអង្គារថា នាវាពិឃាតប្រភេទ Choi Yong ទម្ងន់៥ពាន់តោន រួមទាំងកងកម្លាំងពិសេសកូរ៉េខាងត្បូង បានធ្វើដំណើរទៅដល់ចក្រសមុទ្រ Strait of Hormuz ។
ក្រៅតែពីបានបញ្ជូននាវាពិឃាត ទៅកាន់ចក្រសមុទ្រ Strait of Hormuz ដែលជាទីតាំង នៅក្បែរនាវាដឹកប្រេងត្រូវបានចាប់នោះ មន្ត្រីការបរទេសរបស់កូរ៉េខាងត្បូង ចាប់ផ្តើមពិភាក្សាសម្ងាត់ ជាមួយសមភាគីសហរដ្ឋអាមេរិក ហើយសភា កូរ៉េខាងត្បូងកំពុងធ្វើសេចក្ដីសម្រេចចុងក្រោយថាតើមានវិធានការអ្វីឆ្លើយតបនឹងប្រទេសអ៊ីរ៉ង់។
ក្រោមហេតុផលដែលអ៊ីរ៉ង់ចោទថានាវាដឹកប្រេងកូរ៉េខាងត្បូង ពីបទបំពុលបរិស្ថានផែនទឹក ដោយបញ្ចេញសារធាតុគីមីក្នុងដែនទឹកហើយថាច្រើនដងមកហើយ ។
តែបែបណា អ្នកវិភាគកិច្ចការអន្តរជាតិ មើលឃើញខុសពីអ៊ីរ៉ងអះអាង គឺប្រហែលជា អ៊ីរ៉ង់ ចង់ទាមទារ អោយកូរ៉េខាងត្បូង ផ្ដល់មកអោយខ្លួនវិញនូវប្រាក់របស់ខ្លួន ប្រមាណ៧ពាន់លានដុល្លារអាមេរិក នៅក្នុងធនាគារកូរ៉េខាងត្បូង ដែលក្រុងសេអ៊ូល បានបង្កកហើយមិនព្រមអោយអ៊ីរ៉ង់។
អ៊ីរ៉ង់ចង់ដកសាច់ប្រាក់ទាំងនេះយកទៅប្រើប្រាស់ដើម្បីទិញស្បៀងនិងវាំងសាំងកូវិដ សម្រាប់ប្រជាជនអ៊ីរ៉ង។ ហើយម្យ៉ាងទៀតដោយសារកូរ៉េខាងត្បូង បានអនុវត្តតាមទណ្ឌកម្មសេដ្ឋកិច្ច ដែលអាមេរិកបានដាក់លើអ៊ីរ៉ង់ ។
ករណីអ៊ីរ៉ង់រឹបអូសនាវាដឹកប្រេង របស់កូរ៉េខាងត្បូង ដោយសារកូរ៉េខាងត្បូង បង្កកគណនីក្នុងធនាគារ ទំនង ជាដើមចមដ៏ធំមួយក្នុងចំណោមជាច្រើនទៀត ។ អ្វីដែលអ៊ីរ៉ង់ បង្កដូចនេះ ពិតណាស់នាំអោយមានភាពតានតឹង នៅក្នុងតំបន់មជ្ឈឹមបូព៌ា។
កត្តាមួយទៀត គឺករណីមរណភាព អ្នកវិទ្យាសាស្ត្រ ខាងអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ លោក ហ្វាគ្រីសាដេស ដែល បានស្លាប់ តាមដងផ្លូវនៅជាយក្រុងតេហេរ៉ង់ កាលពីថ្ងៃទី១៧វិច្ឆិកា ឆ្នាំ២០២០ហើយអ៊ីរ៉ង់បានចោទទៅលើប្រទេសអ៊ីស្រាអែលថា ជាឃាតកស៊ីឈ្នួលរបស់អាមេរិក ក្នុងការសម្លាប់ អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែររូបនេះ និង ចំខួប១ឆ្នាំនៃមរណភាព ឧត្តមសេនីយ៍ Qasem Soleimani មេបញ្ជាការកងទ័ពហ្គូត នៃកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់។
ឧត្តមសេនីយ៍ Qasem Soleimani បានបាត់បង់ជីវិត ដោយសារកងទ័ពអាមេរិក បានប្រើយានដ្រូនបាញ់មីស៊ីលសម្លាប់ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២០ នៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលធ្វើអោយមេដឹកនាំអ៊ីរ៉ងប្រតិកម្មជាខ្លាំងមកដល់ពេលនេះ។
ករំណីអ៊ីរ៉ង់រឹបអូស នាវាដឹងប្រេងរបស់កូរ៉េខាងត្បូង គឺមិនមែនជារឿងអចេតនានោះ ទេ គឺវាបានកើត បន្ទាប់ពីអាមេរិកបញ្ចូននាវាមុជទឹកបំពាក់ដោយមីស៊ីលបើកឆ្លងកាត់ច្រកសមុទ្រ ហើយ យន្តហោះទម្លាក់គ្រាប់បែកB-52ចំនួន ២គ្រឿងបានហោះហើរនៅលើលំហអាកាសមជ្ឈឹមបូព៌ា គឺជាការគំរាមអ៊ីរ៉ង់ យ៉ាងពិតប្រាកដ។តាមបណ្ដាញផ្សាយព័ត៌មាន CNN នាវាមុជទឹកដ៏ធំនេះ បានទៅឈូងសមុទ្រពែក្ស កាលពីថ្ងៃទី២១ធ្នូ គឺភ្លាមៗបន្ទាប់ពីស្ថានទូតអាមេរិកប្រចាំទីក្រុងបាដាដ ប្រទេសអ៊ីរ៉ាក់ រងការវាយប្រហារដោយគ្រាប់រ៉ុក្កែតចំនួន១២គ្រាប់ ។
សេចក្ដីថ្លែងការណ៍របស់ កងទ័ពជើងទឹកអាមេរិកបានឱ្យដឹងថា នាវាមុជទឹក USS Georgia អមដំណើរដោយនាវាចម្បាំង USS Port Royal និង USS Philippine Sea ឬ CG 58) បានធ្វើដំណើរឆ្លងកាត់តាម ច្រកសមុទ្រ Hormuz ចូលក្នុងតំបន់សមុទ្រអារ៉ាប់ដោយវាបានបណ្ដែតខ្លួនទៀតផង។
កងទ័ពជើងទឹកអាមេរិក មិនបានបញ្ជាក់លម្អិតពីប្រតិបត្តិការ នៃនាវាចម្បាំងទាំងនេះទេ ក៏ប៉ុន្តែវាកើតឡើងតែមួយថ្ងៃប៉ុណ្ណោះ ក្រោយស្ថានទូតអាមេរិកប្រចាំទីក្រុងបាដាដ ប្រទេសអ៊ីរ៉ាក់ បានរងការវាយប្រហារដោយគ្រាប់រ៉ុក្កែត និងបន្ទាប់ពីក្រុមមន្ត្រីអាមេរិក បានបង្ហាញការព្រួយបារម្ភថា អ៊ីរ៉ង់អាចនឹងប្រើប្រាស់ខួបមួយឆ្នាំ នៃមរណភាពរបស់ឧត្តមសេនីយ៍ Qasem Solemani នៅថ្ងៃទី០៣ ខែមករា២០២១ ដើម្បីបើកការវាយប្រហារណាមួយ ទៅលើបេសកកម្មក្រៅប្រទេស របស់សហរដ្ឋអាមេរិក។
ក្នុងអំពើវាយប្រហារនេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ បានចោទប្រកាន់ត្រង់ៗថា ក្រុមប្រដាប់អាវុធគាំទ្រដោយអ៊ីរ៉ង់ គឺជាអ្នកនៅពីក្រោយការវាយប្រហារស្ថានទូតអាមេរិក នៅទីក្រុងបាកដាដ ។
បែបនេះក្ដី ក្រសួងការបរទេសអ៊ីរ៉ង់បានបដិសេធ ដោយអះអាងថា ស្ថានទូតអ៊ីរ៉ង់ក៏ស្ថិតនៅក្នុងតំបន់ ដែលបានរងការវាយប្រហារនោះដែរ។
តែសកម្មភាពកងនាវានិងយន្តហោះ ទំលាក់គ្រាប់បែកB-52របស់អាមេរិកទៅមជ្ឈឹមបូព៌ា ជាញឹកញាប់ នៅប៉ុន្មានសប្ដាហ៍ចុងក្រោយមុនលោកប្រធានាធីបតីដូណាល់ត្រាំ ចាកចេញពីសេតវិមាន គឺមិនមែនជារឿងចៃដន្យនោះទេ គឺប្រហែលចង់អោយអ៊ីរ៉ង់វាយប្រហារ លើនាវានោះ តែបែបជាអ៊ីរ៉ង់មិនហ់ានទៅវិញ ហើយក៏មាន ករណីរឹបអូសនាវាដឹកប្រេងរបស់កូរ៉េខាងត្បូង។ កាលពីឆ្នាំ២០១៩ ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ក៏បានធ្លាប់ រឹបអូសនាវាដឹកប្រេងរបស់អង់គ្លេសមួយគ្រឿងដែរគឺនាវា Stena Impero ប៉ុន្តែត្រូវបានដោះលែងវិញ ។ ការដែលអ៊ីរ៉ង់ធ្វើដូចនេះ គឺបន្ទាប់ពីអង់គ្លេស បានរឹបអូសនាវាដឹកប្រេងរបស់អ៊ីរ៉ង់ ខណៈនាវានោះ កំពុងស្ថិតលើផ្លូវនាវាចរនៃច្រកសមុទ្រ Gibraltar វិញ ។ អង់គ្លេសចោទថានាវានោះថា បានរំលោភការដាក់ទណ្ឌកម្មអន្តរជាតិ ប្រឆាំងនឹងអ៊ីរ៉ង់។ ដោយយោងលើព្រឹត្តិការណ៍នេះ គឺពិតណាស់ដែលថា អ៊ីរ៉ង់ពិតជាត្រូវ ថ្នូរពីប្រទេសកូរ៉េខាងត្បូង ដែលបានបង្កកប្រាក់៧ពាន់លានដុល្លារ ប៉ុន្តែទំនងមិនងាយនោះទេ ព្រោះរដ្ឋការរបស់លោកដូណាល់ត្រាំបានសម្រេចរឹបអូសប្រាក់ទាំងនោះ មកផ្ដល់អោយជនរងគ្រោះដោយសារអំពើភេរវកម្ម ដែល ក្រសួងការបរទេសអាមេរិក អះអាងថា ប្រាក់ទាំងនោះ ជាការលាងលុយផងនិងជាប់បទឧក្រិដ្ឋធំទៀតផង។ បែបណា វានឹងធ្វើអោយអ៊ីរ៉ង់កាន់តែឈឺចាប់ ហើយអ៊ីរ៉ង់អាចនឹងសងសឹកអាមេរិក សម្ព័ន្ធមិត្តរបស់អាមេរិកថែមទៀត៕