ការរកប្រាក់ចំណូលបន្ថែមពីការកែច្នៃចេញពីអនុផលព្រៃឈើ នៅតែជាទីអាស្រ័យផលសម្រាប់ប្រជាកសិករនៅក្នុងសហគមន៍តំបន់ការពារធនធានធម្មជាតិព្រៃឈើមួយនៅក្នុងខេត្តព្រះវិហារ។ ក្នុងនោះ ពលរដ្ឋជាពិសេសស្រ្តីនៅក្នុងសហគមន៍បានទាញយកប្រយោជន៍ចេញពីដើមទ្រាំងដោយច្នៃចេញជាចង្កឹះ វែកបាយ កន្ទេល ផ្លែដាវ និង ឈើច្រត់ លក់ចេញទៅលើទីផ្សារ ក្លាយជារបរមួយបន្ថែមទៀតក្រៅពីកសិផលសម្រាប់ការទ្រទ្រង់ជីវភាពនៅក្នុងគ្រួសារ។
អង្គុយនៅក្រោមរោងឈើតូចមួយប្រក់ដោយកៅស៊ូប៉ារ៉ាតង់ នៅជាប់នឹងមាត់ផ្លូវ ស្រ្តីចំណាស់ម្នកា់វ័យជាង ៥០ឆ្នាំ កំពុងអង្គុយឈូស និង បិទចង្កឹះដែលច្នៃចេញពីដើមទ្រាំង នោះគឺ អ្នកស្រី ឈឹម ឡា។ អ្នកស្រី ឈីម ឡា ជាពលរដ្ឋមួយរូបរស់នៅក្នុងសហគមន៍ព្រៃឈើភូមិសង្កែរ ឃុំសង្កែរ ខេត្តព្រះវិហារ បានរៀបរាប់ប្រាប់ទាំងទឹកស្រស់ស្រាយថា មុខរបរច្នៃដើមទ្រាំងជាផលិតផលប្រើប្រាស់នេះ បានក្លាយទៅជាមុខរបរមួយបន្ថែមជួយផ្គត់ផ្គង់ជីវភាពគ្រួសាររបស់អ្នកស្រី និង ស្រ្តីផ្សេងៗទៀតនៅក្នុងសហគមន៍មានជីវភាពប្រសើរជាងមុន។
អ្នកស្រីបានរៀបរាប់ដូច្នេះថា៖
“ខ្ញុំឈឺក៏បានចង្កឹះទ្រាំងនេះជួយគាំទ្រ ទិញថ្នាំ ទិញម្ហូបហូប ធ្វើស្រែ ទិញប្រេង គោយន្ត ក៏បានចង្កឹះទ្រាំង នេះគាំទ្រ”
ក្រៅពីជួយសម្រួលជីវភាពរស់នៅរបស់ស្រ្តីខាងលើក្នុងការយកមកច្នៃធ្វើជាចង្កឹះ បានមួយផ្នែកធំហើយ ទ្រាំងនៅតែជាធនធានធម្មជាតិដែលមានអត្ថប្រយោជន៍តាំងពីដើមដល់ស្លឹក។ ជាក់ស្តែងក្រៅពី យកមកច្នៃ ជាចង្កឹះ ដើមត្រែងក៏អាចធ្វើជា ឈើច្រត់ វែកបាយ ផ្លែដាវ ហើយ ស្លឹករបស់ដើមទ្រាំងក៏មានប្រយោជន៍សម្រាប់អោយប្រជាសហគមន៍ យកមកច្នៃធ្វើជាកន្ទេល ក្រុង ស្មុក ផងដែរ។
ងាកមក អ្នកស្រី ជួប អៀង វ័យ៦១ឆ្នាំ រស់នៅសហគមន៍ព្រៃឈើធម្មជាតិឆែបកើត ស្ថិតនៅស្រុកឆែប ខេត្តព្រះវិហារ មានមុខរបរជាអ្នកត្បាញកន្ទេរពីទ្រាំង បាននិយាយរៀបរាប់ថា អ្នកស្រីរកចំនូលដោះស្រាយជីវភាពបាន ក៏ដោយសារការត្បាញកន្ទេរលក់នេះដែរ។ អ្នកស្រីបន្ថែមថា កម្រៃដែលបានមកពីការត្បាញនេះ វជួយសម្រាលបន្ទុកអ្នកស្រីនៅក្នុងការដើរស៊ីឈ្នួលគេ ជួនកាលពេលខ្លះមិនអាចនឹងដោះស្រាយបានទៀតផង។
អ្នកស្រីលើកឡើងថា៖ “ បានជំនួយលុយកាក់ពេលណាដែលយើងខ្វះស្លៀកខ្វះពាក់ បានដោះស្រាយទិញនេះទិញនោះ បើចាំតែលុយដែលដើស៊ីឈ្នួលគេវាហត់ វាមិនបាន ម្លោះហើយក៏ខំត្បាញកន្ទេលជំនួសការងារដែលយើងដើរស៊ីឈ្នួលគេ វាហត់ណាស់”
អ្នកស្រីបានរៀបរាប់ទៀតថា ក្នុងរយៈពេល១ ខែអ្នកស្រីត្បាញកន្ទេលបានយ៉ាងតិច ៣ អាស្រ័យទៅតាមទំហំនិងប្រវែងកន្ទេល។
អ្នកស្រីបានបន្តថា កង្វះទីផ្សារនៅតែជារឿងដែលគួរអោយព្រួយបារម្ភ ព្រោះតែសព្វថ្ងៃមិនមានឈ្មួញ ឬភ្ញៀវទេសចរណ៍ណាមកទិញ មានតែអ្នកស្រុកគ្នាឯងដែលជាអតិថិជន។
អ្នកស្រីបន្ថែមដូច្នេះថា៖ “អត់មានកន្លែងទីផ្សារលក់ដូរទេប៉ុន្តែគ្នាឯងទិញប្រើប្រាស់បន្តិចបន្តួច”
លោក តិត ផូ មេឃុំសង្កែ១ មានប្រសាសន៍ថាលោកសប្បាយចិត្ត នៅពេលឃើញប្រជាសហគមន៍ចេះកែច្នៃផលិតផលចេញពីអនុផលព្រៃឈើ មកធ្វើជាសម្ភារប្រើប្រាស់ និងលក់ទៅកាន់ទីផ្សារ។ លោកមេឃុំជម្រុញប្រជាពលរដ្ឋ គួរតែបន្តចូលរួមរក្សា និងទាញយកអនុផលព្រៃឈើ អោយបានច្រើន សម្រាប់កែច្នៃចេញជារបស់ប្រើប្រាស់ផ្សេងៗ ដើម្បីទ្រទ្រង់ជីវភាព និងកាត់បន្ថយភាពក្រីក្ររបស់ពួកគេ។
លោកបន្តដោយក្ដីរំពឹងថា នៅពេលខាងមុខ នឹងមានទីតាំងសមរម្យ និងផ្លាកដាក់លក់ផលិតផលអោយបានត្រឹមត្រូវ មួយប្រចាំសហគមន៍។ លោកសុំស្នើរដល់អង្គការ អាជ្ញាធរពាក់ព័ន្ធផ្សេងៗទៀតជួយផ្សព្វផ្សាយ រកទីផ្សារជូនដល់ប្រជាពលរដ្ឋក្នុងសហគមន៍នេះ ដើម្បីអោយពួកគាត់អាចរកចំណូលន្ថែមអភិវឌ្ឍន៍សហគមន៍អោយរីកចម្រើនទាំងអស់គ្នា។
លោក ស៊ីម ប៊ុនធឿន ប្រធានកម្មវិធីប្រចាំប្រទេសកម្ពុជា របស់អង្គការ NTFP-EP ប្រាប់អោយដឹងថា កាលពីឆ្នាំកន្លងទៅប្រជាពលរដ្ឋអាចរកចំណូលបាន ១០លានរៀលក្នុងមួយឆ្នាំ។ ដោយឡែកនៅក្នុងឆ្នាំ២០២០នេះលោកថាចំណូល បានធ្លាក់ចុះនៅសល់ត្រឹមតែ ៥លានរៀន តែប៉ុណ្ណោះដែលជាហេតុនាំអោយមានការប៉ះពាល់ជាខ្លាំងដល់សេដ្ឋកិច្ចអ្នកផលិតក៏ដូចជា ជីវភាពរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍។
លោកបញ្ជាក់ថា អង្គការ NTFP-EP នៅតែមានឆន្ទក្នុងការស្វែងរកទីផ្សារជូនដល់សហគមន៍និងធ្វើយ៉ាងណា ជួយអោយសហគមន៍នេះមានភាពរីកចម្រើន និងសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
លោក ស៊ឹម ប៊ុនធឿន៖ “ក្នុងនាម NTFP-EP ដែលបានធ្វើការជាមួយសហគមន៍កែច្នៃចង្កឹះទ្រាំងនេះ យើងនៅតែមានឆន្ទក្នុងការស្វែងរកទីផ្សារជួយដល់សហគមន៍ ហើយស្របពេលគ្នានេះដែរយើងក៏បានផ្ដល់នូវលក្ខណ្ឌបច្ចេកទេសមួយចំនួនដើម្បីកែច្នៃចង្កឹះអោយវាបានល្អជាងនេះ ស្អាតជាងនេះ ហើយរំលេច នូវអត្តសញ្ញាណរបស់ពួកគាត់ទៀត”។
ផលិតផលសហគមន៍ ចង្កឹះទ្រាំងបិទដោយដៃ ស្ថិតនៅ ភូមិសង្កែ ឃុំសង្កែ១ ស្រុកឆែប ខេត្តព្រះវិហារត្រូវបានបង្កើតឡើងនៅឆ្នាំ2018 ដោយមានការចូលរួមពីអង្គការកម្មវិធី ផ្លាស់ប្ដូរបទពិសោធន៍អនុផលព្រៃឈើហៅកាត់ថា NTFP-EP គាំទ្រថវិការពីគម្រោងព្រៃឡង់បៃតងតាមរយ: មូលនិធិទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍ USAID។
ដើមទ្រាំងជារុក្ខជាតិម្យ៉ាង មានសណ្ឋានស្រដៀងដើមត្នោត មានដើមកំណើតនៅភាគខាងកើត និងភាគត្បូងនៃប្រទេសឥណ្ឌា និងប្រទេសស្រីលង្កា។ នៅប្រទេសកម្ពុជា មាននៅតំបន់មួយចំនួនដូចជាខេត្តព្រះវិហារ ក្រចេះ និងស្ទឹងត្រែង។ ជាទូទៅ ដើមទ្រាំងត្រូវបានគេហៅបានពីរបែប គឺទ្រាំង ឬខ្ជែង។ ទ្រាំងគឺជាគែមទាំងសងខាងនៃធាងពេលចាស់ទៅ រីឯ ខ្ជែងគឺជាតួនៃដើមពេលនៅខ្ជី។ ទ្រាំងត្រូវបានដុះនៅតាមតំបន់ព្រៃល្បោះ មានអាយុកាលពី៦០ ទៅ៨០ឆ្នាំ មានកម្ពស់រហូតដល់១០ ម៉ែត្រ ផ្កាតែម្ដងគត់ក្នុងមួយជីវិត ហើយវានឹងងាប់បន្ទាប់ពីផ្ការបស់វាទុំ។
នៅក្នុងឆ្នាំ២០១៩ សហគមន៍ក្រុមកែច្នៃទ្រាំង អាចរកប្រាក់ចំនូលប្រមាណ ៣៥០០ដុល្លា ក្នុងមួយឆ្នាំតាមរយការលក់ចង្កឹះទ្រាំង ឈើច្រត់ វែកបាយ និងសម្ភារប្រើប្រាស់ជាច្រើនមុខទៀត។
ទ្រាំង បានជួយសម្រួល ក៏ដូចជាទ្រទ្រង់ជីវភាពប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍នេះ បានច្រើនយ៉ាងច្រើន ជាពិសេសស្រ្តីៗដែលទំនេរពីការធ្វើស្រែចម្ការ។ ប៉ុន្តែស្រ្តីក្នុងសហគមន៍មានក្ដីបារម្ភយ៉ាងខ្លាំង ព្រោះបទល្មើសព្រៃឈើខុសច្បាប់នៅតែបន្តកើតមានក្នុងសហគមន៍ ពិសេសការកាប់ទន្ទ្រានដើមទ្រាំងយ៉ាងអនាធិបតេយ្យ [….]