បាតុករបានប្រកាសថា នឹងផ្អាកធ្វើការតវ៉ាមួយរយៈពេល តែសន្យាថានឹងត្រឡប់មកកាន់វិមានប្រជាធិបតេយ្យវិញនៅឆ្នាំក្រោយនេះ ហើយត្រូវតែបន្តទម្លាក់ លោកប្រាយុទ្ធពីតំណែង។
ការប្រកាសរបស់លោក Arnon Nampaជាមេបាតុករនិងជាមេធាវីសិទ្ធិមនុស្ស បានធ្វើឡើង នៅក្នុងសនិ្នសីទសារព័ត៌មាន ហើយត្រូវបានចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៥ធ្នូនេះ។
បាតុកម្មបានកើតឡើងនៅទីក្រុងបាងកក មានរយៈពេលជិត៥ខែមកហើយ ។ ចលនានេះ ជាផ្នែកនៃក្រុមនិស្សិត និងយុវជន វ័យក្មេង បានធ្វើឡើងដោយសំដៅ ទាមទារអោយអតីតឧត្តមសេនីយ៍ និងជាមេរដ្ឋប្រហារ លោកបា្រយុទ្ធចុះចេញពីតំណែងនាយករដ្ឋមន្ត្រី និងកាត់បន្ថយអំណាចរបស់ព្រះមហាក្សត្រ។
លោក Arnon Nampaបានបន្តថា សម្រាប់ឆ្នាំ២០២០នេះ ជិតផុតហើយ ដោយនាំអោយយើងសម្រាកមួយរយៈដើម្បីសាទរឆ្នាំថ្មី។ សម្រាប់ឆ្នាំក្រោយ យើងនឹងវិលមកជួបគ្នាវិញហើយ ត្រូវតែធ្វើអោយខ្លាំង មានការប្រមូលផ្ដុំកាន់តែខ្លាំងនិងច្រើនជាងមុន។ លោក Arnon Nampaបានប្រាប់ អ្នកសារព័ត៌មាននៅខាងមុខ ស្នងការ ប៉ូលិសក្រុងបាងកក គឺនៅចំពេល មេដឹកនាំបាតុករជាច្រើននាក់ត្រូវបាន កោះហៅមកចូលខ្លួនករណីចោទពីបទប្រមាថអង្គព្រះមហាក្សត្រ។
តាមមេធាវីរូបនេះ បាតុករ មិនអាចទទួលស្គាល់លោកប្រាយុទ្ធជានាយករដ្ឋមន្ត្រីបានឡើយ ព្រោះតែលោកប្រាយុទ្ធបានឡើងមកកាន់តំណែងនេះជាថ្មីទៀត ដោយសារលទ្ធផលចេញពីរដ្ឋប្រហារឆ្នាំ២០១៤។ ពួកបាតុករ ទាមទារអោយ រៀបរៀងរដ្ឋធម្មនុញ្ញឡើងវិញ ហើយដកសិទ្ធិព្រះមហាក្សត្រពាក់ព័ន្ធនឹងពួកយោធា។
អ្នកនាំពាក្យ រដ្ឋាភិបាល Anucha Burapachaisri បាននិយាយថា ទោះ ជាមានព្រឹត្តិការណ៍ ការប្រមូលផ្ដុំ នៅក្រោយនេះ ក្ដី តែសុំមានរបៀបរៀបរយ និងដោយសន្តិវិធី។ លោកបង្ហើបថា រដ្ឋាភិបាល និងរដ្ឋសភា កំពុងស្វែងរក ដំណោះស្រាយ មួយក្នុងការឆ្លើយតបនឹង ការទាមទាររបស់រដ្ឋាភិបាល៕