ខណៈដែលមានការសែតក្នុងស្រុកមួយបានចុះផ្សាយអំពីប្រជាពល រដ្ឋព្រួតគ្នាវាយយុវជនម្នាក់ដែលបានលួចកាច់សោរកម៉ូតូ កាលពីពេលថ្មីៗនេះរហូតដល់ស្លាប់ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រួចមក ក្រុមមេធាវី និងសាស្ដ្រចារ្យច្បាប់បានចាត់ ទុកទង្វើ ខាងលើនេះថា ជាអំពើខុសច្បាប់។
ក្រុមមេធាវីនិងសាស្ដ្រចារ្យច្បាប់ បានថ្លែងចាត់ទុកទង្វើព្រួតវាយចោរ កាត់សោរកម៉ូតូម្នាក់ ដល់ស្លាប់ នៅក្នុងខណ្ឌពោធិ៍សែនជ័យ ថាជាអំពើខុសច្បាប់ និងមានទោសដូចចែងក្នុង ក្រមព្រហ្មទណ្ឌ។
ថ្លែងប្រាប់វិទ្យុស្ដ្រី នៃWMC នៅថ្ងៃទី២ ខែ វិច្ឆិកា ឆ្នាំ២០១៥ នេះ លោកមេធាវី សុខ សំអឿន ប្រធានអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា មានប្រសាសន៍ថា ការវាយចោរ ឱ្យរងរបួស ឬស្លាប់នេះ អាចមានទោស បើសិនជាប្រជាពលរដ្ឋ វាយទៅលើចោរ ដែលអត់មានមធ្យោបាយ និងកម្លាំងតទល់។
លោកមានប្រសាសន៍យ៉ាងដូច្នេះថា៖ «វាមានពីរករណី បើសិនកំពុងប្រតាយប្រតប់គ្នា ហើយឧបមាថា ចោរហ្នឹងក៏មានកាំភ្លើង អាវុធ អីដែលចឹងទៅ ហើយនៅក្នុងកំពុងការប្រយុទ្ធគ្នាណឹង អាណឹ គឺវា មិនមានទោសទេ ប្រសិនបើអ្នកដែលប្រើកម្លាំងហ្នឹងគ្រាន់តែ ដើម្បីការពារខ្លួន ដើម្បី ការពារទ្រព្យសម្បត្តិ របស់ខ្លួន។ ក៏ប៉ុន្ដែបើសិនជាគ្នា ថាចោរចឹងចុះ ឧបមាថាចោរហ្នឹង គាត់អស់មធ្យោបាយតទល់ ហើយ យើងទៅថែមទៀត អាថែមក្រោយហ្នឹង អាចហ្នឹងក្លាយទៅជាបទល្មើស»។
ជុំវិញបញ្ហានេះដែរ លោក ជូង ជូងី មេធាវីប្រចាំការិយាល័យច្បាប់សិលា មានប្រសាសន៍ ថា ចោរលួចកាច់សោរករម៉ូតូត្រូវទទួល កំហុសព្រហ្មទណ្ឌ ឬបើតាមផ្លូវច្បាប់ គឺពីបទចោរកម្ម។ លោកមេធាវីបន្តថា បើទោះបីជាប្រជាពលរដ្ឋ ចាប់បានជនល្មើសដែលកំពុងធ្វើសកម្មភាពក្តី ក៏មិនត្រូវព្រួតគ្នា វាយសំលាប់ចោរដូច្នេះទេ ព្រោះបើតាមផ្លូវច្បាប់មិនអនុញ្ញាតឱ្យប្រើហិង្សាលើជនល្មើសឡើយ។
«ចោរកាច់កម៉ូតូ គឺចោរគាត់ប្រព្រឹត្តខុស បទល្មើសពីរឿងចោរកម្ម គាត់មានកំហុសព្រហ្មទណ្ឌ ពីរឿងបទចោរកម្ម ហើយផ្លូវច្បាប់ត្រូវដាក់ទោសគាត់ទៅតាមផ្លូវច្បាប់ពីបទចោរកម្ម ប៉ុន្ដែ ដោយឡែកប្រជាពលរដ្ឋទោះបីជាគាត់ចោរមែនក្ដី ទៅទាន់គាត់កំពុងកាច់ក្ដី គឺផ្លូវច្បាប់ មិនអនុញ្ញាតឱ្យគាត់ប្រើហិង្សា ឬក៏ធ្វើអំពើដល់គាត់ស្លាប់បែបនេះទេ។ ចឹងអំពើរបស់ ប្រជាពលរដ្ឋ ទៅលើចោរ ដែលគាត់ លួចកាត់សោរម៉ូតូ រហូតបណ្ដាលឲ្យគាត់ស្លាប់ គឺ អ្នកដែលប្រព្រឹត្តអំពើនឹង គឺ មានអំពើល្មើសមនុស្សឃាត ហើយ»។
ចំណែកសាស្ដ្រចារ្យច្បាប់មួយរូបទៀត គឺ លោក អ៊ាន សំអាត បានលើកឡើងថា ទង្វើព្រួតវាយចោររហូតដល់ស្លាប់នេះថា ជាអំពើខុសច្បាប់ និងអាចជាប់ទោសពី ១០ ទៅ ១៥ ឆ្នាំ ពីបទឃាតកម្ម ដូចមានចែងនៅក្នុងក្រម ព្រហ្មទណ្ឌ មាត្រា១៩៩។ លោកថា៖ «ជាអំពើខុសច្បាប់ដោយសារតែ ការកាត់ទោសទៅលើជនណាមួយនៅកម្ពុជា សូម្បីកាត់ ទោសនៅក្នុងប្រព័ន្ធតុលាការទោសប្រហារជីវិតត្រូវបានលុបចោលនៅក្នុងរដ្ឋធម្មនុញ្ញាហើយ។ ហើយ បើសិនជាគេដឹងថា អ្នកណាមួយជាអ្នកប្រព្រឹត្ត អ្នកផ្ដើមគំនិតក្នុងការសម្លាប់ បងប្អូន និង សាច់ញាតិគេ ប្ដឹងចោរកម្មបាន»។
សូមបញ្ជាក់ថា ជនល្មើសដែលប្រជាពលរដ្ឋព្រួតគ្នាវាយសំលាប់មានអាយុ ជិត២០ឆ្នាំ បានរួមគំនិតជាមួយក្រុមបក្សពួក កាច់សោរកម៉ូតូ ម៉ាកហុងដាឌ្រីម ស៊េរី ២០០៨ មួយគ្រឿង នៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១ខែ វិច្ឆិកា ម្សិលមិញនេះ៕