en     km
en     km

កំពង់ធំ៖​ ស្រ្តីមេផ្ទះមួយចំនួនចាប់របរចិញ្ចឹមសត្វក្រួចបន្ថែមចំណូលគ្រួសារ

Share

កំពង់ធំ៖ សព្វថ្ងៃការចិញ្ចឹមសត្វក្រួចបែបលក្ខណគ្រួសារ ពិសេសការភ្ញាស់កូនលក់ និងចិញ្ចឹមយកសាច់កំពុងពេញនិយមសម្រាប់ប្រជាពលរដ្ឋ ពិសេសស្រ្តីៗមេផ្ទះនៅស្រុកបារាយណ៍ ខេត្តកំពង់ធំ។

មកមើលគ្រួសារមួយចិញ្ចឹមក្រួច ដោយលក់ស៊ុតផង ភ្ញាស់កូន និងលក់សាច់ផង នោះគឺអ្នកស្រី ស្រីមុំ មានអាយុ ២៨ ឆ្នាំ សព្វថ្ងៃមានកូន ២ នាក់ក្នុងគ្រួសាររស់នៅភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

អ្នកស្រីបានឱ្យដឹងថា របរនេះត្រូវបញ្ចេញកម្លាំងពលកម្មហត់បន្តិចតែអ្នកស្រីអាចធ្វើបាន។ ស្រ្តីមេផ្ទះជាខ្មែរឥស្លាមរូបនេះបានឱ្យដឹងបន្ថែមថា ពេលចាប់ផ្តើមភ្ញាស់និងចិញ្ចឹមដំបូង អ្នកស្រីមិនបានដឹងច្បាស់​លាស់ពីបច្ចេកទេសចិញ្ចឹមឡើយ ជាហេតុនាំឱ្យខាតបង់ដោយសារតែការសត្វក្រួចងាប់ច្រើន។

ស្រ្តីមេផ្ទះរូបនេះបញ្ជាក់ថា កូនក្រួចតូចៗដែលទើបភ្ញាស់ប្រឈមបញ្ហាងាប់ច្រើន រីឯក្រួចឈ្មោលធំៗវិញមានចំនួនច្រើនចង្អៀតទ្រង់ចឹកគ្នាងាប់រាល់ថ្ងៃ។

ក្រោយចិញ្ចឹមបានមួយរយៈ អ្នកស្រីក៏ដឹងពីវិធីកាត់បន្ថយការស្លាប់របស់សត្វក្រួច គឺត្រូវបំបែកក្រួចឈ្មោលចេញ រីឯការភ្ញាស់វិញ ត្រូវប្រើម៉ាស៊ីនភ្ញាស់ ឬម៉ាស៊ីនមានចរន្តអគ្គិសនី។

សព្វថ្ងៃអ្នកស្រីអាចដាក់ភ្ញាស់ពងក្រួចបានពី ៣០០០ ទៅ ៥០០០ ដោយប្រើរយៈពេល ១៥ ថ្ងៃ។ ចំណែកកម្តៅវិញចន្លោះ ៣៧ អង្សាសេ ហើយត្រូវប្រែស៊ុតឲ្យមានកម្ដៅគ្រប់ជ្រុងជ្រោយទើបភ្ញាស់ល្អ។

អ្នកស្រីបន្តថា បច្ចេកទេសនៃការចិញ្ចឹមនេះ អ្នកស្រីចេះពីមិត្តភក្កិម្នាក់នៅកសិដ្ឋានក្នុងខេត្តកំពង់ចាម ដែលជួយបង្រៀន ហើយអ្នកស្រីស្វែងយល់ខ្លួនឯងខ្លះ។

ទាក់ទងទីផ្សារនៃការលក់ ពង កូន ក្រួចសាច់វិញ គឺងាយស្រួលដោយមានឈ្មួញមកពីខេត្តនានា និងប្រជាពលរដ្ឋក្នុងស្រុក ភូមិមកទិញជាបន្តបន្ទាប់ ដោយខ្លះទិញយកកូនទើបតែញាស់ទៅចិញ្ចឹម និងខ្លះទៀតទិញស៊ុតលក់បន្ត ហើយខ្លះទៀតទិញក្រួចសាច់យកធ្វើជាម្ហូប។

ចំពោះតម្លៃវិញ គឺកូនក្រួចទើបញាស់ ១ ថ្ងៃ ដល់ ៥ ថ្ងៃមួយក្បាលតម្លៃ ១៥០០រៀល។ រីឯស៊ុតវិញ ១០គ្រាប់ តម្លៃ ១៣០០រៀល។ ចំណែកក្រួចមេ នឹងឈ្មោលធំៗវិញមួយក្បាលតម្លៃ ៤០០០រៀល។

អ្នកស្រី មុំ ប្រាប់ឱ្យដឹងថា អ្នកស្រីចូលចិត្ត និងស្រឡាញ់របរនេះណាស់ ម្យ៉ាងអាចរកប្រាក់ចំណូលបានសម្រាប់ជួយទ្រទ្រង់ជីវភាពគ្រួសារបានល្អប្រសើរ និងពុំចាំបាច់ចំណាក់ស្រុកធ្វើការក្រៅស្រុក ហើយជាមុខរបរសម្រាប់ងាយស្រួល និងសាកសមសម្រាប់អ្នកស្រីដែលជាស្ត្រីនៅផ្ទះផងដែរ៕​

អត្ថបទខ្លីសរសេរដោយ កាមីឡះ យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។

Share

Image
Image
Image