en     km
en     km

លោក​ កឹ​ម​ សុខា​ អំពាវ​នាវដល់​សហគមន៍​អន្តរជាតិ​ ឱ្យ​ជួយ​ជំរុញ​រដ្ឋាភិបាល​រក​យុត្តិធម៌​ជូន​តំណាងរាស្ត្រ​ខ្លួន​

Share

លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ និងជាអតីតអនុប្រធានរដ្ឋសភា
លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ និងជាអតីតអនុប្រធានទី១ រដ្ឋសភា

អនុប្រធាន​គណបក្ស​ស​ង្រោះ​ជាតិ​ និង​ជា​អតីត​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​ លោក កឹម សុខា បាន​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ​ឱ្យ​ជួយ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា​ ដើម្បី​ស្វែងរក​យុត្តិធម៌​ក្នុង​ករណី​ហិង្សា​លើ​តំណាងរាស្ត្រ​របស់​ខ្លួន​។ ​​លោក​ កឹ​ម​ សុខា​ មានការ​ព្រួយបារម្ភ​ថា​ ការ​ប្រើ​អំពើ​ហិង្សា​មក​លើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ថ្ងៃ​ទី​២៦​ ខែតុលា​ កន្លង​ទៅ​ គឺ​អាច​នឹង​មានការ​គំរាម​គំ​ហែង​ដល់​ការ​ចុះ​បំពេញ​តួនាទី​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ផ្សេង​ទៀត​។​ ទន្ទឹម​នឹង​នេះ​ លោក​ កឹ​ម​ សុខា​ ក៏​បាន​អំពាវ​ទៅ​ដល់​សហគមន៍​អន្តរជាតិ​ឱ្យ​ដាក់​សម្ពាធ​ ទៅ​លើ​រដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​វែកមុខ​រក​ជន​ដៃដល់​ និង​អ្នកបញ្ជា​ពីក្រោយ​ខ្នង​ដោយ​ឯករាជ្យ​ និង​អ​ព្យា​ក្រឹត្យ​ ដើម្បី​រក​យុត្តិធម៌​ដល់​តំណាងរាស្ត្រ​បក្ស​ខ្លួន​ទាំង​ពីរ​រូប​គឺ​ លោក​ ញ៉​យ​ ចំរើន​ និង​ លោក​ គង់​ សភា​។​

​នេះ​បើ​យោង​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់​លោក​ កឹ​ម​ សុខា​ បាន​សរសេរ​នា​ព្រឹក​ថ្ងៃ​ទី​ ០១​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០១៥​នេះ​។​ លោក​មាន​ប្រសាសន៍​ថា​៖​ «​ខ្ញុំ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ ដែល​អំពើ​ឃោរឃៅ​នៅ​កម្ពុជា​ក្នុង​រយៈពេល​ថ្មីៗ​នេះ​ធ្វើ​ឱ្យ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ មិន​អាច​ធ្វើ​សកម្មភាព​តាម​តួនាទី​របស់​ខ្លួន​បាន​ប្រ​សិន​បរិយាកាស​នយោបាយ​ដ៏​អាក្រក់​នេះ​នៅ​តែ​បន្ត​។​ ខ្ញុំ​សូម​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ​ ឱ្យ​ប្រើប្រាស់​តួនាទី​របស់​ខ្លួន​យ៉ាង​ខ្លាំងក្លា​ ក្នុង​ការ​ជំរុញ​រាជរដ្ឋាភិបាល​ឱ្យ​រក​យុត្តិធម៌​ដល់​ជន​រង​គ្រោះ​ និង​ធ្វើ​ឱ្យ​មានការ​ធានា​នូវ​សុវត្ថិភាព​ សេរីភាព​ របស់​អ្នកតំណាង​រាស្ត្រ​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ក្នុង​ការ​បំពេញ​តួនាទី​របស់​ខ្លួន​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​»​។​

​អនុប្រធាន​គណបក្ស​ស​ង្រ្គោះ​ជាតិ​ និង​ជា​អតីត​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​ បាន​អំពាវនាវ​បែប​នេះ​ បន្ទាប់​ពី​ស្ថាប័ន​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ​បាន​បង្ហាញ​ក្តី​កង្វល់​ ចំពោះ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​ថ្មីៗ​ចុង​ក្រោយ​នេះ​។​ អង្គការ​អន្តរជាតិ​ ក៏​ស្នើ​ឱ្យ​មានការ​ស៊ើបអង្កេត​ឯករាជ្យ​មួយ​ចំពោះ​ការ​ប្រើប្រាស់​ហិង្សា​លើ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ផង​ដែរ​។​

សាស្ត្រាចារ្យ​វិទ្យាសាស្ដ្រ​នយោបាយ​ លោក​ សូ​ ច​ន្ថា
សាស្ត្រាចារ្យ​វិទ្យាសាស្ដ្រ​នយោបាយ​ លោក​ សូ​ ច​ន្ថា

ជុំវិញ​បញ្ហា​នេះ​ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ លោក​ សូ​ ច​ន្ថា​ យល់​ថា​ ការ​អំពាវនាវ​របស់​អនុប្រធាន​ គណបក្ស​សង្គ្រោះ​ជាតិ​ឱ្យ​សហគមន៍​អន្តរជាតិ​ជួយ​រក​យុត្តិធម៌​ក្នុង​ករណី​ហិង្សា​លើ​តំណាង​គណបក្សប្រឆាំង​នេះ​  អាច​មក​ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា​មាន​លក្ខណៈ​ស្តង់ដា​យុត្តិធម៌​ ២​ ផ្សេង​គ្នា​។​

​លោក​ សូ​ ច​ន្ថា​ បន្ត​ថា​ ការ​បង្កើត​គណៈ​ក​ម្មា​ការ​ ដើម្បី​ស៊ើប​ង្កេ​ត​ករណី​ហិង្សា​លើ​តំណាងរាស្ត្រ​គណបក្ស​ង្គ្រោះ​ជាតិ​នេះ​ គ្រាន់តែ​ជា​រូបភាព​ល្អ​ខាងក្រៅ​ ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខ្លួន​អស់ជំនឿ​លើ​រដ្ឋាភិបាល​។​ លោក​ ច​ន្ថា​ បន្ថែម​ទៀត​ថា​ កម្ពុជា​អាច​នឹង​រង​ទណ្ឌកម្ម​ពី​អន្តរជាតិ​នៅ​ពេល​ខាង​មុខ​ ប្រសិនបើ​រដ្ឋាភិបាល​មិន​ព​ន្លឿ​ន​ការ​ស៊ើបអង្កេត​ករណី​ហិង្សា​លើ​តំណាងរាស្ត្រ​គណបក្សប្រឆាំង​២​រូប​បណ្តាល​ឱ្យ​រង​របួសធ្ងន់​ កាលពី​ថ្ងៃ​ទី​ ២៦​ ខែតុលា​ នោះ​ទេ​។​

​ជុំវិញ​បញ្ហា​នេះ​ដែរ​ ក្រសួងមហាផ្ទៃ​ កាលពី​ថ្ងៃ​ទី​២៧​ ខែតុលា​ ឆ្នាំ​២០១៥​ កន្លង​មក​ ក៏​បាន​សម្រេច​បង្កើត​គណៈកម្មការ​ស្រាវជ្រាវ​ស៊ើបអង្កេត​ លើ​ករណី​បង្ក​របួស​ស្នាម​លើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​ពីរ​រូប​នេះ​ដែរ​។​ ការ​បង្កើត​គណៈកម្មការ​នេះ​ ដើម្បី​ស្រាវជ្រាវ​ ស៊ើបអង្កេត​ ប្រមូល​ភស្ដុ​តាង​នានា​ តាម​នីតិវិធី​ ឈាន​ទៅ​ដល់​ការ​ចាប់ខ្លួន​ជនសង្ស័យ​ ដែល​បង្ក​របួស​ស្នាម​លើ​តំណាងរាស្ត្រ​ និង​បញ្ជូន​ទៅ​តុលាការ​កាត់ទោស​តាម​ច្បាប់​ជា​ធរមាន​។​

អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ យ៉ែ​ម​ បុញ្ញា​ឬ​ទ្
អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ យ៉ែ​ម​ ប៉ុញ្ញា​ឫទ្ធិ

​បើ​តាម​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ យ៉ែ​ម​ ប៉ុញ្ញា​ឫទ្ធិ​ បាន​សរសេរ​នៅ​ហ្វេ​ស​ប៊ុ​ករប​ស់លោ​កថា​រហូត​ដល់​ថ្ងៃ​ទី​០១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នេះ​ លោក​ ញ៉​យ​ ចំរើន​ និង​ លោក​ គង់​ សភា​ ក្រោយ​ធ្វើការ​វះកាត់​មុខរបួស​រួច​ហើយ​  តំណាងរាស្ត្រ​ទាំង​ពីរ​នោះ​ នៅ​មាន​អាកា​រៈ​វិលមុខ​ ធេងធោង​ និង​ឈឺ​ក្នុង​ខ្លួន​ ហើយ​ត្រូវ​បន្ត​សម្រាក​ព្យាបាល​មួយ​រយៈពេល​ទៀត​។​

​សូម​ជម្រាប​ថា​ កាលពី​ថ្ងៃ​ទី​២៦​ ខែតុលា​ ឆ្នាំ​២០១៥​ មាន​បាតុកម្ម​មួយ​ទាមទារ​ឱ្យ​ដក​តំណែង​លោក​ កឹ​ម​ សុខា​ ជា​អនុប្រធាន​ទី​១​ នៃ​រដ្ឋសភា​។​ ក្នុង​បាតុកម្ម​នោះ​ ហ្វូង​បាតុករ​បាន​វាយ​តំណាងរាស្ត្រ​ពីរ​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​លោក​ ញ៉​យ​ ចំរើន​ និង​លោក​ គង់​ សភា​ ឱ្យ​រង​របួស​ធ្ងន់ធ្ងរ​។​ ជាមួយ​គ្នា​ បាតុករ​ក៏​បាន​គប់​ដុំ​ថ្ម​ និង​ដប​ទឹក​សុទ្ធ​ចូល​ផ្ទះ​លោក​កឹ​ម​ សុខា​ នៅ​ក្នុង​ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ផង​ដែរ​៕

Share

Image
Image
Image