អនុប្រធានគណបក្សសង្រោះជាតិ និងជាអតីតអនុប្រធានទី១នៃរដ្ឋសភា លោក កឹម សុខា បានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យជួយដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជា ដើម្បីស្វែងរកយុត្តិធម៌ក្នុងករណីហិង្សាលើតំណាងរាស្ត្ររបស់ខ្លួន។ លោក កឹម សុខា មានការព្រួយបារម្ភថា ការប្រើអំពើហិង្សាមកលើតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី២៦ ខែតុលា កន្លងទៅ គឺអាចនឹងមានការគំរាមគំហែងដល់ការចុះបំពេញតួនាទីរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិផ្សេងទៀត។ ទន្ទឹមនឹងនេះ លោក កឹម សុខា ក៏បានអំពាវទៅដល់សហគមន៍អន្តរជាតិឱ្យដាក់សម្ពាធ ទៅលើរដ្ឋាភិបាលកម្ពុជា ក្នុងការវែកមុខរកជនដៃដល់ និងអ្នកបញ្ជាពីក្រោយខ្នងដោយឯករាជ្យ និងអព្យាក្រឹត្យ ដើម្បីរកយុត្តិធម៌ដល់តំណាងរាស្ត្របក្សខ្លួនទាំងពីររូបគឺ លោក ញ៉យ ចំរើន និង លោក គង់ សភា។
នេះបើយោងតាមទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក កឹម សុខា បានសរសេរនាព្រឹកថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០១៥នេះ។ លោកមានប្រសាសន៍ថា៖ «ខ្ញុំព្រួយបារម្ភយ៉ាងខ្លាំង ដែលអំពើឃោរឃៅនៅកម្ពុជាក្នុងរយៈពេលថ្មីៗនេះធ្វើឱ្យតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មិនអាចធ្វើសកម្មភាពតាមតួនាទីរបស់ខ្លួនបានប្រសិនបរិយាកាសនយោបាយដ៏អាក្រក់នេះនៅតែបន្ត។ ខ្ញុំសូមអំពាវនាវដល់សហគមន៍អន្តរជាតិ ឱ្យប្រើប្រាស់តួនាទីរបស់ខ្លួនយ៉ាងខ្លាំងក្លា ក្នុងការជំរុញរាជរដ្ឋាភិបាលឱ្យរកយុត្តិធម៌ដល់ជនរងគ្រោះ និងធ្វើឱ្យមានការធានានូវសុវត្ថិភាព សេរីភាព របស់អ្នកតំណាងរាស្ត្រគណបក្សក្រៅរដ្ឋាភិបាលក្នុងការបំពេញតួនាទីរបស់ខ្លួនដោយគ្មានការភ័យខ្លាច»។
អនុប្រធានគណបក្សសង្រ្គោះជាតិ និងជាអតីតអនុប្រធានទី១នៃរដ្ឋសភា បានអំពាវនាវបែបនេះ បន្ទាប់ពីស្ថាប័នសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានបង្ហាញក្តីកង្វល់ ចំពោះស្ថានភាពនយោបាយនៅកម្ពុជាថ្មីៗចុងក្រោយនេះ។ អង្គការអន្តរជាតិ ក៏ស្នើឱ្យមានការស៊ើបអង្កេតឯករាជ្យមួយចំពោះការប្រើប្រាស់ហិង្សាលើតំណាងរាស្ត្របក្សប្រឆាំងផងដែរ។
ជុំវិញបញ្ហានេះ សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក សូ ចន្ថា យល់ថា ការអំពាវនាវរបស់អនុប្រធាន គណបក្សសង្គ្រោះជាតិឱ្យសហគមន៍អន្តរជាតិជួយរកយុត្តិធម៌ក្នុងករណីហិង្សាលើតំណាងគណបក្សប្រឆាំងនេះ អាចមកការអនុវត្តច្បាប់នៅកម្ពុជាមានលក្ខណៈស្តង់ដាយុត្តិធម៌ ២ ផ្សេងគ្នា។
លោក សូ ចន្ថា បន្តថា ការបង្កើតគណៈកម្មាការ ដើម្បីស៊ើបង្កេតករណីហិង្សាលើតំណាងរាស្ត្រគណបក្សង្គ្រោះជាតិនេះ គ្រាន់តែជារូបភាពល្អខាងក្រៅ ដែលធ្វើឱ្យប្រជាពលរដ្ឋខ្លួនអស់ជំនឿលើរដ្ឋាភិបាល។ លោក ចន្ថា បន្ថែមទៀតថា កម្ពុជាអាចនឹងរងទណ្ឌកម្មពីអន្តរជាតិនៅពេលខាងមុខ ប្រសិនបើរដ្ឋាភិបាលមិនពន្លឿនការស៊ើបអង្កេតករណីហិង្សាលើតំណាងរាស្ត្រគណបក្សប្រឆាំង២រូបបណ្តាលឱ្យរងរបួសធ្ងន់ កាលពីថ្ងៃទី ២៦ ខែតុលា នោះទេ។
ជុំវិញបញ្ហានេះដែរ ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥ កន្លងមក ក៏បានសម្រេចបង្កើតគណៈកម្មការស្រាវជ្រាវស៊ើបអង្កេត លើករណីបង្ករបួសស្នាមលើតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិចំនួនពីររូបនេះដែរ។ ការបង្កើតគណៈកម្មការនេះ ដើម្បីស្រាវជ្រាវ ស៊ើបអង្កេត ប្រមូលភស្ដុតាងនានា តាមនីតិវិធី ឈានទៅដល់ការចាប់ខ្លួនជនសង្ស័យ ដែលបង្ករបួសស្នាមលើតំណាងរាស្ត្រ និងបញ្ជូនទៅតុលាការកាត់ទោសតាមច្បាប់ជាធរមាន។
បើតាមអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម ប៉ុញ្ញាឫទ្ធិ បានសរសេរនៅហ្វេសប៊ុករបស់លោកថារហូតដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះ លោក ញ៉យ ចំរើន និង លោក គង់ សភា ក្រោយធ្វើការវះកាត់មុខរបួសរួចហើយ តំណាងរាស្ត្រទាំងពីរនោះ នៅមានអាការៈវិលមុខ ធេងធោង និងឈឺក្នុងខ្លួន ហើយត្រូវបន្តសម្រាកព្យាបាលមួយរយៈពេលទៀត។
សូមជម្រាបថា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ មានបាតុកម្មមួយទាមទារឱ្យដកតំណែងលោក កឹម សុខា ជាអនុប្រធានទី១ នៃរដ្ឋសភា។ ក្នុងបាតុកម្មនោះ ហ្វូងបាតុករបានវាយតំណាងរាស្ត្រពីររូបរបស់គណបក្សសង្គ្រោះជាតិ គឺលោក ញ៉យ ចំរើន និងលោក គង់ សភា ឱ្យរងរបួសធ្ងន់ធ្ងរ។ ជាមួយគ្នា បាតុករក៏បានគប់ដុំថ្ម និងដបទឹកសុទ្ធចូលផ្ទះលោកកឹម សុខា នៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញផងដែរ៕