ជម្លោះសមុទ្រចិនខាងត្បូង រវាងចិន និងប្រទេសមួយចំនួននៃសមាគមអាស៊ាន រវាងចិន និងអាមេរិក ឃើញថា មានកំដៅជាខ្លាំង។ ការឡើងកំដៅដែលបារម្ភខ្លាចទៅរកសង្រ្គាមសមុទ្រ ក្នុងតំបន់ដោយសារពេលនេះ អាមេរិកបានដាក់ពង្រាយគ្រឿងសព្វាវុធ និងកងទ័ពមួយចំនួនធំ ។ ចំណែកចិនវិញ ក៏បានដាក់ពង្រាយរួចហើយដែរនូវនាវាចម្បាំង យន្តហោះចម្បាំង និង កាំជ្រួចនៅ លើកោះWoody ដ៏ធំជាងគេ នៅប្រជុំកោះប៉ារ៉ាហ្សែលដែលវៀតណាមចោទចិនថា បានដណ្ដើមយកពីដែនទឹករបស់ខ្លួន។
ប៉ុន្តែអ្វីដែលនាំអោយអាមេរិក ដាស់តឿនប្រទេសក្នុងតំបន់អោយប្រកាន់យកតួនាទីអព្យាក្រឹត្យ ទំនងក្រុងវ៉ាស៊ីនតោន គិតថា ប្រទេសខ្លះនៃសមាគមនេះ ពិតជារងឥទិ្ធពលចិន ដោយទាំងឥទ្ធិពលសេដ្ឋកិច្ច និងយោធា។លោករដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក ម៉ាក អេស្ពើរ បានផ្ដើមឈ្មោះ ប្រទេសកម្ពុជា មកនិយាយក្នុងកិច្ចពិភាក្សាមួយ កាលពីថ្ងៃទី២១កក្កដា ដោយដាស់តឿនកម្ពុជា ជាថ្មីម្ដងទៀត កុំនៅក្រោមឥទ្ធិពលចិនដែលលោកថានាំឲ្យបាត់អធិបតេយ្យ និងឯករាជ្យរបស់ខ្លួន។
នៅក្នុងកិច្ចពិភាក្សាតាមបណ្ដាញអ៊ីនធើណេត ដែលរៀបចំដោយវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្រ្ត មន្រ្តីជាន់ខ្ពស់អាមេរិករូបនេះ បានឆ្លើយទៅនឹងសំណួរ អំពីថាតើអ្វីអាចស្ដារទំនាក់ទំនងល្អក់កកររវាងសហរដ្ឋអាមេរិក និងកម្ពុជា និងការសង្ស័យអំពីមូលដ្ឋានទ័ពចិននៅលើទឹកដីខ្មែរ។
យ៉ាងណា លោក ម៉ាក អេស្ពើរ ថ្លែងថា អាមេរិកបារម្ភ មិនមែនតែរឿងប្រទេសកម្ពុជា ងាកខ្លាំងទៅរកចិនទេ តែក៏បារម្ភរឿងប្រទេសឯទៀត ដែលកំពុងផុងខ្លួនដោយសារតែឥទ្ធិពលចិន ដែលលោកថា សហរដ្ឋអាមេរិកបាន ឃើញបញ្ហានេះកើតមានជាហូរហែមកហើយ។
តាមលោកម៉ាក អេស្ពើរ អ្វីដែលជាបញ្ហាធំនោះ គឺរដ្ឋាភិបាលចិនប្រើយុទ្ធសាស្ត្រគាបសង្កត់ប្រទេសទាំងនោះ ឱ្យចូលស៊ងរបស់ខ្លួន ដើម្បីបម្រើផលប្រយោជន៍ចិន។ របៀបគាបសង្កត់នោះ រួមមានគំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ច កាត់ផ្ដាច់ចំណងការទូតជាដើម។ យើងក៏ឃើញប្រទេសចិន ល្បួងឲ្យប្រទេសជាច្រើនខ្ចីលុយខ្លួន ដែលយូរទៅផុងខ្លួនជំពាក់បំណុលចិនវណ្ឌក ឬសន្យាសង់មូលដ្ឋានជើងទឹក»។ក្នុងស្ថានភាពបែបនេះ លោក ម៉ាក អេស្ពើរ ថ្លែងថា ប្រទេសទាំងឡាយ ដែលកំពុងលុះក្រោមឥទ្ធិពលកៀបសង្កត់របស់ចិន ត្រូវចេះរើបម្រះខ្លួនចេញពីចិន។ នេះជាការប្រែសម្រួលរបស់វិទ្យុអាមេសេរី ផ្សាយជាខេមរភាសារដែលមានមូលដ្ឋាននៅ ក្រុងវ៉ាស៊ីនតោន។
យ៉ាងណា មកដល់ពេលនេះ ពុំទាន់ឃើញក្រសួងការបរទេសកម្ពុជា ដែលតាងនាមអោយ រាជរដ្ឋាភិបាល ដើម្បីឆ្លើយទៅកាន់ប្រទេសខាងក្រៅ ចេញសេចក្ដីថ្លែងការណ៍ប្រតិកម្មនឹងលោក រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក រូបនេះនៅឡើយទេ។ វិទ្យុស្ត្រីបានទាក់ទងបាននឹងលោកកុយគួង អ្នកនាំពាក្យ ក្រសួងការបរទេស កម្ពុជាដើម្បីសុំយោបល់ ឆ្លើយតបនឹងលោក ម៉ាក អេស្ពើរ ប៉ុន្តែលោកមិនបានឆ្លើយអ្វីទេ ក្រៅពីនិយាយថា លោកមានធុរៈជួបភ្ញៀវ ហើយនៅពេលនេះ។
កន្លងមក សហរដ្ឋអាមេរិក ចោទថា កម្ពុជានឹងផ្ដល់អោយចិន ដាក់ពង្រាយទ័ពនៅពេល មូលដ្ឋានព្រមានយន្តហោះមួយធ្វើឡើងនៅ ខេត្តឆ្នេរសមុទ្រកម្ពុជារួចរាល់ហើយនោះ។ ប៉ុន្តែ មន្ត្រីជាន់ខ្ពស់កម្ពុជា រួមទាំងសម្ដេច ហ៊ុនសែន ផងដែរ បានប្រាប់់សមភាគីវៀតណាមង្វៀនស៊ុនហ្វុក ដោយអះអាងថា រដ្ឋធម្មនុញ្ញកម្ពុជានឹងមិនអនុញ្ញាតិអោយមានកងទ័ពបរទេស លើទឹកដីកម្ពុជាឡើយ។ ប៉ុន្តែ ការអះអាងនេះ ក៏ត្រូវបានរដ្ឋមន្ត្រីការបរទេសអាមេរិក Mike Pompeo ជំរុញអោយសមាជិកអាស៊ាន នាំគ្នាយកគំរូតាមកម្ពុជា ដែលប្រកាន់ជំហរអព្យាក្រឹត្យ អោយឆា្ងយ ពីឥទ្ធីពលចិន ។ លោក Mike Pompeo បានថ្លែងដូចនេះ នៅចំពោះវត្តមានរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅក្នុងកិច្ចប្រជុំមួយនៅក្រុងបាងកកប្រទេសថៃ កាលពីឆ្នាំ២០១៨។
ក្នុងស្ថានភាព ចិននិងអាមេរិកកំពុងដំណើរ ឥទ្ធិពលកងទ័ពនៅសមុទ្រចិនខាងត្បូង គេសង្កេត ឃើញអ្នកវិភាគឯករាជ្យម្នាក់គឺលោកបណ្ឌិតឡៅម៉ុងហៃ បានសរសេរលើ ហ្វេសបុករបស់ ដោយសរសើរ កម្ពុជា នៅស្ងៀមស្ងាត់ ចំពោះស្ថានភាពជម្លោះសមុទ្រចិនខាងត្បូង ដែលលោក ចាត់ទុកថា កម្ពុជាកំពុងប្រកាន់យកគោលការណ៍អព្យាក្រឹត្យបានល្អប្រសើរ។
តែកន្លងមកអ្នកវិភាគឯមសុវណ្ណារ៉ា យល់ឃើញថា ប្រទេសដែលក្លាចកម្ពុជា លំអៀងទៅរក ចិន គឺប្រទេសវៀតណាម ព្រោះប្រទេសចិននិងវៀតណាម តែងតែបង្កជម្លោះប្រដាប់អាវុធដាក់គ្នា ច្រើនលើកមកហើយ ដោយសារការចង់គ្រប់គ្រងផ្ដាច់មុខនៅដែនទឹកនៃទំបន់សមុទ្រចិនខាងត្បូង។
សមុទ្រចិនខាងត្បូងមាន ក្រឡាផ្ទៃ៣លានគីឡូម៉ែត្រក្រឡា និងមានកោះចំនួន២៥០ ។ បច្ចុប្បន្ន ចិនចូលកាន់កាប់ ជិត៨០ភាគរយទៅហើយ ។នេះ បើតាមសារព័ត៌មាន អាមេរិក The National Interest ។ វៀតណាម គំរាមថានឹងប្ដឹងចិនទៅកាន់តុលាការICJ និងបង្ខំអោយចិន គោរច្បាប់សមុទ្រអន្តរជាតិឆ្នាំ១៩៨២។ តែបែបនេះក្ដី អាមេរិកទំនងមិនបណ្ដោយអោយចិន កាងយកតំបន់នោះបានឡើយ។ សហរដ្ឋអាមេរិកអះអាងថា តំបន់នោះ ជាដែននាវាចរណ៍អន្តរជាតិ៕