en     km
en     km

រដ្ឋមន្ដ្រីកិច្ចការនារី ស្នើដៃគូពាក់ព័ន្ធរួមគ្នាគាំទ្រស្ត្រីក្នុងការចាប់យកកាលានុវត្តភាព និងសក្ដានុពលថ្មីៗ

Share

(ភ្នំពេញ)៖ នាថ្ងៃទី ១៥ ក្រសួងកិច្ចការនារីបានរៀបចំសិក្ខាសាលាមួយ ក្នុងគោលបំណងជម្រុញ និងស្នើសុំឲ្យបណ្តាក្រសួង និងស្ថាប័នពាក់ព័ន្ធទាំងអស់ចូលរួមសហការគ្នា នៅក្នុងការគាំទ្រស្រ្តី ឲ្យមានភាពងាយស្រួលនៅក្នុងការចាប់យកកាលានុវត្តភាព និងសក្តានុពលថ្មីៗ។

កញ្ញា អ៊ុំ ច័ន្ទលក្ខិណា ជូននូវសេចក្តីរាយការណ៍៖

លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី បានស្នើក្រសួង-ស្ថាប័ន និងដៃគូពាក់ព័ន្ធ ជាពិសេសវិស័យឯកជន រួមគ្នាពង្រីង និងពង្រីកបរិយាកាស អំណោយផល រួមទាំងក្នុងក្របខណ្ឌគោលនយោបាយ តាមវិស័យ គាំទ្រឲ្យស្ត្រីកាន់តែមានភាពងាយស្រួល ក្នុងការចាប់យក កាលានុវត្តភាព និងសក្ដានុពលថ្មីៗ។

នៅសណ្ឋាគារភ្នំពេញ ព្រឹកថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២០ នាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ច នៃក្រសួងកិច្ចការនារី បានរៀបចំសិក្ខាសាលាស្តីពី “សហគ្រិនស្រ្តីក្នុងសហគ្រាសខ្នាតមីក្រូ តូច និងមធ្យមក្នុងកំឡុង និងក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងកិច្ចការនារី មន្ទីរកិច្ចការនារី និងមជ្ឍមណ្ឌលអភិវឌ្ឍន៍ស្រ្តីគ្រប់ខេត្តក្រុង ក្រសួងពាក់ព័ន្ធ សមាគម/សហព័ន្ធសហគ្រិនស្រ្តី និងស្ថាប័នពាក់ព័ន្ធ ក្នុងគោលបំណង៖

  • ពង្រឹងយន្តការថ្នាក់ក្រោមជាតិដើម្បីគាំទ្រស្រ្តីនៅតាមសហគមន៍ ក្នុងការធ្វើធុរៈកិច្ចអាជីវកម្ម ជាពិសេសនៅក្នុងកំឡុង និងក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩។ ក្នុងនោះដែរក៏មានវេទិកាតុមូលដែលអោយអ្នកចូលរួមអាចទទួលបាន៖

១.ស្ថានភាព និងបញ្ហាប្រឈមរបស់ស្រ្តីសហគ្រិន ជាពិសេសក្នុងកំឡុងពលេកូវីដ-១៩

២.ក្របខ័ណ្ឌនយោបាយ និងកម្មវិធីផ្សេងៗ ដែលកំពុងមាន រឺអាចនឹងមានដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមសំខាន់ៗមួយចំនួន

៣.ឧបករណ៍សម្រាប់ប្រតិបត្តិការ E-Commerce ដើម្បីលើកកម្ពស់ផលិតផលរបស់ ស្រ្តីនៅតាមសហគមន៍ ដែលអាចគាំទ្រដល់ការអភិវឌ្ឍន៍សហគ្រិនភាពស្រ្តី ។

  • ការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ ការអភិវឌ្ឍសហគ្រិនភាព ការបង្កើនការយល់ដឹងផ្នែកឌីជីថល ជាពិសេសការគិតគូរ នៅក្នុងក្របខណ្ឌ នៃផែនការស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីវិបត្តិកូវីដ-១៩។
  • ការស្នើបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកស្រី អ៊ឹង កន្ថាផាវី អញ្ជើញចូលរួម ក្នុងសិក្ខាសាលា ស្តីពីការបង្កើនភាពអង់អាច ផ្នែកសេដ្ឋកិច្ចដល់ស្ត្រី និងការអភិវឌ្ឍ សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម ក្នុងកំលុង និងក្រោយពេលការរីករាលដាល នៃជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០នេះ។

បន្ថែមពីនោះទៀត លោកស្រី អ៊ឹង កន្ថាផាវី បានឲ្យដឹងថា ការរីករាលដាលនៃជំងឺកូវីដ-១៩ បានបណ្តាលឲ្យប៉ះពាល់វិស័យសេដ្ឋកិច្ច និងសង្គមជាតិ ប៉ុន្តែកូវីដ-១៩ ក៏អាចជាច្រកនៃឱកាសសម្រាប់យើងទាំងអស់គ្នា រួមទាំងអាជីវករជាស្ត្រី។

រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី បានគូសបញ្ជាក់ថា យើងទាំងអស់គ្នា ត្រូវប្រែវិបត្តិនេះ ទៅជាកាលានុវត្តភាព ក្នុងការអភិវឌ្ឍ បង្ហាញពីសក្តានុពល និងភាពខ្លាំងរបស់យើង ជាពិសេសពង្រឹងសមត្ថភាពលើភាពធន់ និងឆ្លើយតបនឹងវិបត្តិផ្សេងៗ។

ជាមួយគ្នានេះ លោកស្រី អ៊ឹង កន្ថាផាវី បានលើកឡើងថា បច្ចេកវិទ្យាឌីជីថល កំពុងផ្លាស់ប្តូររបៀបធ្វើអាជីវកម្ម ហើយក៏ជាកាលានុវត្តភាពថ្មី សម្រាប់សហគ្រិនស្ត្រី និងសម្រាប់ការរស់នៅប្រចាំថ្ងៃ តាមរបត់និងទម្លាប់ថ្មី ស្របតាមបរិបទសេដ្ឋកិច្ចឌីជីថល និងបដិវត្តន៍ឧស្សាហកម្មទី៤ នាពេលនេះ។ នៅក្នុងនោះ ការធ្វើធុរកិច្ចតាមប្រព័ន្ធអេឡិចត្រូនិច (E-commerce) ជាឧបករណ៍មួយ ត្រូវយកមកពិចារណា សម្រាប់ការអភិវឌ្ឍសហគ្រិនស្ត្រី នៅគ្រប់កម្រិត៕

អត្ថបទដោយ អ៊ុំ ច័ន្ទលក្ខិណា

Share

Image
Image
Image