ភ្នំពេញ៖ បន្ទាប់ពីបានសិក្សាវគ្គបណ្តុះបណ្តាលស្តីពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វ ផ្សាយ(MIL)រួចមក យុវជនឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ១៦នាក់ដែលជាសិក្ខាកាមបេ្តជ្ញាចិត្តថា ពួកគេនឹងប្រឹងប្រែងផលិតព័ត៌មានពីក្នុងសហគមន៍ ពិសេស ចែករំលែកចំណេះដឹងស្តីពី MIL ដល់យុវជនដដៃទៀតក្នុងមូលដ្ឋាន ដើម្បីឱ្យសហគមន៍មានការអភិវឌ្ឍន៍។
ការប្តេជ្ញាចិត្តនេះ ធ្វើឡើងក្រោយពីពួកគេបានបញ្ចប់វគ្គបណ្តុះបណ្តាលស្តីពីMIL ពីយុវជនបង្គោលក្នុងស្រុកមោងឫស្សីចំនួន ៣ នាក់ក្រោមការជួយតម្រង់ទិសពីក្រុមការងារមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ។
ជាការកត់សម្គាល់ ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលនេះ យុវជនទាំងអស់បានស្វែងរកប្រធានព័ត៌មាន និងព្រឹត្តិការណ៍ក្នុងសហគមន៍ ដើម្បីសរសេរផ្ញើមកជូនមណ្ឌលព័ត៌មាន ស្រ្តីកម្ពុជាជួយផ្សព្វផ្សាយ។ ស្នាដៃដែលយុវជនបានផលិតជាព័ត៌មានប្រធានបទរឿងទាក់ទង វិស័យកសិកម្ម សិល្បៈ ការអបរំ អភិបាលកិច្ចកិច្ចអភិវឌ្ឍភូមិឃុំ និងរឿងទាក់ទងជីវិតតស៊ូរបស់ស្រ្តីៗក្នុងសហគមន៍។
យុវជនទាំងអស់បានបង្ហាញចំណាប់អារម្មណ៍ថា ការសិក្សាពីMIL ពិតជាបានផ្តល់នូវសារៈសំខាន់ណាស់សម្រាប់ពួកគេជាយុវជនក្នុងសហគមន៍ ព្រោះពួកគេអាចផ្សព្វផ្សាយរឿងរ៉ាវដែលបានកើតឡើងទាំងរឿងវិជ្ជមាន និងអវិជ្ជមាន ដើម្បីស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋឈានទៅរកការអភិវឌ្ឍកាន់តែល្អប្រសើរ។
គួររំលឹកថា កាលពីថ្ងៃទី០៩ ដល់ថ្ងៃទី១២ ខែកក្តដា ឆ្នាំ២០២០ ថ្មីៗនេះ យុវជនបង្គោលឃុំកកោះចំនួន ៣ រូបបានចែករំលែកបទពិសោធន៍ស្តីពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយហៅកាត់ថា MIL ដល់យុវជនក្នុងសហគមន៍ចំនួន ១៦ រូបក្នុងនោះមានយុវតីចំនួន ១២ រូបមកពីភូមិទួលព្រំ១ ទួលព្រំម២ ភូមិស្រែអូរ និងភូមិទួលស្នួល។
ក្នុងវគ្គបណ្តុះបណ្តាលខ្លីរយៈពេល ៤ ថ្ងៃនេះយុវជនបង្គោលបានចែករំលែកចំណេះដឹងស្តីពី ការសរសេរព័ត៌មានខ្លីដែលរួមមានធាតុផ្សំចំនួន ៦ នៃព័ត៌មាន(5W1H) ការកំណត់ឯកជនភាពលើបណ្តញសង្គមហ្វេសប៊ុកឱ្យរឹងមាំ វិធីពិនិត្យផ្ទៀតផ្ទាត់ព័ត៌មានពិតនិងក្លែងក្លាយលើបណ្តាញសង្គម ជំនាញចាប់ប្លង់ថតរូបនិងវីដេអូ។ ជាងនេះទៀតយុវជនបង្គោលក៏បានណែនាំគុណភាពនៃព័ត៌មានមុននឹងគួរចែករំលែកលើបណ្តាញសង្គមបន្ត។
អ្វីដែលពិសេសជាងនេះ ក្នុងពេលបណ្តុះបណ្តាលយុវជនបង្គោលបានដឹកនាំយុវជនទាំងអស់ធ្វើការងារជាក្រុមតូចៗ ការលេងល្បែងកំសាន្តទាក់ទងមេរៀនញ៉ាំងឱ្យបរិយាកាសសប្បាយរីករាយ ជាមួយការសម្រាកញុំាអាហារសម្រន់ផងដែរ។
វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅនៅក្នុងវត្តព្រហ្មសុរិន្ទ ហៅវត្តទួលព្រហ្ម ស្ថិតក្នុងភូមិទួលព្រំ១ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ វគ្គនេះផង ក្រោមជំនួយបច្ចេកទេសនិងថវិកាពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់ (DW)៕
អត្ថបទខ្លីសរសេរដោយ គឹម លីណា យុវជនខេត្តបាត់ដំបង ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា (WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។