កំពង់ធំ៖ អាជ្ញាធរពាក់ព័ន្ធ សមត្ថកិច្ច និងប្រជាពលរដ្ឋឃុំបារាយណ៍នៅព្រឹកថ្ងៃទី១៥ ខែកក្ដដា ឆ្នាំ២០២០ នេះ បានបើកកិច្ចប្រជុំមួយពិភាក្សាដាក់ចេញនូវយុទ្ធសាស្រ្តទប់ស្កាត់បញ្ហាគ្រឿងញៀនក្នុងសហគមន៍ឱ្យកាន់តែមានប្រសិទ្ធភាព។
កិច្ចប្រជុំដែលដឹកនាំដោយលោក ឈ ដារ៉ា អនុប្រធានមន្ទីរទំនាក់ទំនងព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ចខេត្តកំពង់ធំនេះ មានការចុះផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋអោយយល់ដឹងពីច្បាប់ពាក់ព័ន្ធពីការត្រួតពិនិត្យគ្រឿងញៀន និងផល់ប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន។
ក្នុងកិច្ចប្រជុំផ្សព្វផ្សាយនេះដែរ មានកម្រងសំនួរមួយចំនួនចែកជូនឱ្យអ្នកចូលរួមធ្វើការសាកល្បងឆ្លើយតាមការយល់ដឹង និងបើកឱកាសឱ្យអ្នកចូលរួមសួរនូវអ្វីដែលមិនច្បាស់ មិនយល់ និងសំណូមពររបស់ប្រជាពលរដ្ឋផងដែរ។
នៅក្នុងកិច្ចប្រជុំនោះដែល អ្នកចូលរួមដែលជាសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានមួយចំនួនបានលើកឡើងពីបញ្ហាអសកម្មខ្លះៗដែលកើតមាននៅក្នុងមូលដ្ឋាន ដូចជា បញ្ហាក្មេងទំនើង បញ្ហាចរាចរថ្នាំញៀន ដែលត្រូវរួមគ្នាទប់ស្កាត់ឱ្យបានទាន់ពេលវេលា។
លោក ឈ ដារ៉ា អំពាវនាវដល់អ្នកចូលរួមទាំងអស់ត្រូវយកចិត្តទុកដាក់ និងតាមដាននៅតាមមូលដ្ឋានសហគមន៍លើការប្រើប្រាស់និងចែកចាយគ្រឿងញៀននេះ កុំអោយកើតមាន។ ជាងនេះលោកបញ្ជាក់បន្ថែមថា បញ្ហាគ្រឿងញៀនភាគច្រើនកើតមានទៅលើយុវជនក្មេងៗដែលភ្លើតភ្លើន ដូច្នេះក្នុងនាមជាអាជ្ញាធរ និងជាអាណាព្យាបាលត្រូវទប់ស្កាត់ឱ្យបាននូវបញ្ហានេះ ព្រោះយុវជនគឺជាទំពាំងស្នងឫស្សី ជាធនធានប្រទេសជាតិ។
សូមបញ្ជាក់ថា កិច្ចប្រជុំផ្សព្វផ្សាយនេះធ្វើឡើងនៅក្នុងសាលាឃុំបារាយណ៍ ស្ថិតក្នុងភូមិក្រសាំងជ័យ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយមានការចូលរួមពីក្រុមការងារមន្ទីរទំនាក់ទំនងខេត្ត លោកមេឃុំ លោកមេប៉ុស្តិ៍បារាយណ៍ មេភូមិ និងយុវជនក្នុងភូមិ ឃុំ ផងដែរ៕
អត្ថបទខ្លីសរសេរដោយ ហុក ដេប៉ូ យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។