បាត់ដំបង៖ ពីថ្ងៃទី០៩ ដល់ថ្ងៃទី១២ ខែកក្តដា ឆ្នាំ២០២០ យុវជនបង្គោលឃុំកកោះចំនួន ៣ រូបបានចែករំលែកបទពិសោធន៍ស្តីពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយហៅកាត់ថា MIL ដល់យុវជនក្នុងសហគមន៍ចំនួន ១៦ រូបក្នុងនោះមានយុវតីចំនួន ១២ រូបមកពីភូមិទួលព្រំ១ ទួលព្រំម២ និងភូមិស្រែអូរទួលស្នួល។
ក្នុងវគ្គបណ្តុះបណ្តាលខ្លីរយៈពេល ៤ ថ្ងៃនេះយុវជនបង្គោលបានចែករំលែកចំណេះដឹងស្តីពី ការសរសេរព័ត៌មានខ្លីដែលរួមមានធាតុផ្សំចំនួន ៦ នៃព័ត៌មាន(5W1H) ការកំណត់ឯកជនភាពលើបណ្តញសង្គមហ្វេសប៊ុកឱ្យរឹងមាំ វិធីពិនិត្យផ្ទៀតផ្ទាត់ព័ត៌មានពិតនិងក្លែងក្លាយលើបណ្តាញសង្គម ជំនាញចាប់ប្លង់ថតរូបនិងវីដេអូ។ ជាងនេះទៀតយុវជនបង្គោលក៏បានណែនាំគុណភាពនៃព័ត៌មានមុននឹងគួរចែករំលែកលើបណ្តាញសង្គមបន្ត។
អ្វីដែលពិសេសជាងនេះ ក្នុងពេលបណ្តុះបណ្តាលយុវជនបង្គោលបានដឹកនាំយុវជនទាំងអស់ធ្វើការងារជាក្រុមតូចៗ ការលេងល្បែងកំសាន្តទាក់ទងមេរៀនញ៉ាំងឱ្យបរិយាកាសសប្បាយរីករាយ ជាមួយការសម្រាកញុំាអាហារសម្រន់ផងដែរ។
សំខាន់ជាងនេះ មណ្ឌលព័ត៌មានស្រ្តីកម្ពុជាបានរៀបចំសម្ភារៈការពារសុវត្ថិភាពដល់សិក្ខាកាមទាំងអស់មានដូចជា ម៉ាស់ ទឹកអាកុល និងការរក្សាគម្លាតសុវត្ថិភាពពេលបង្រៀន ដើម្បីជៀសវាងការចម្លងជំងឺកូវីដ-១៩។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅនៅក្នុងវត្តព្រហ្មសុរិន្ទ ហៅវត្តទួលព្រហ្ម ស្ថិតក្នុងភូមិទួលព្រំ១ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ វគ្គនេះផងដែរ មានការជួយតម្រង់ទិសពីគ្រូបង្គោលនៃមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសនិងថវិកាពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់ (DW)៕
ខាងក្រោមនេះជារូបភាពសកម្មភាពរបស់យុវជនក្នុងវគ្គបណ្តុះបណ្តាលMIL៖
អត្ថបទខ្លីសរសេរដោយ គឹម លីណា យុវជនខេត្តបាត់ដំបង ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។