នៅថ្ងៃទី១០កក្កដា ឆ្នាំ២០២០នេះ គឺជាខួប៤ឆ្នាំនៃមរណភាពអ្នកវិភាគល្បីល្បាញម្នាក់ គឺលោកបណ្ដិតកែមឡី ។
បុរសវិភាគរឿងសង្គមនិងនយោបាយដ៏លិចធ្លោរួបនេះ ត្រូវបានខ្មាន់កាំភ្លើងបាញ់សំលាប់ នៅក្នុងស្តាតម៉ាតក្នុងស្ថានីយចាក់សាំងក្រុមហ៊ុន កាលតិច នៅម្ដុំស្តុបបូគោ ។ ឃាតករដែលរត់តាមផ្លូវ គឺលោកអឿតអាង ដែលមានឈ្មោះក្រៅថា ជួបសម្លាប់។ បុរសម្នាក់នេះត្រូវបានតុលាការផ្ដន្ទាទោសអស់មួយជីវិត។ តែក្រុមប្រឆាំង និងអ្នកកែមឡីនិយម មិនបានគិតថា លោកអឿតអាងជាឃាតករពិតនោះទេ។ សំនុំរឿងល្បីពេញពិភពលោកនេះ បាននាំអោយ អ្នកសិទ្ធិមនុស្ស តាមដាន ជាខ្លាំង។ តែសម្រាប់អ្នកកែមឡីនិយម ឬអ្នកគាំទ្រស្មារតីលោកបណ្ឌិតកែមឡី បានសម្ដែងការសោកស្ដាយ និងអាឡោះអាល័យ ចំពោះវិរៈភាពរបស់អ្នកវិភាគដែលហ៊ាននិយាយការពិតរូបនេះ។ ថ្ងៃនេះ ពលរដ្ឋដែលគាំទ្រ វិរៈភាពលោកកែមឡី បានទៅជួបជុំគ្នានៅទីបញ្ចុះសព លោកនៅស្រុកកំណើតលោកនៅខេត្តតាកែវ ប៉ុន្តែមានសេចក្ដីរាយការណ៍ មកថា អ្នកដំណើរ ត្រូវបានអាជ្ញាធរកាក់តាមផ្លូវ សួរនាំអំពីការទៅជួបជុំក្នុងពិធីបុណ្យកែមឡីនៃខួប៤ឆ្នាំ។
កញ្ញា អ៊ុំ ច័ន្ទលក្ខិណា ជូនសេចក្តីអត្ថាធិប្បាយ៖
———សំលេង កែម ឡី—————
(ភ្នំពេញ)៖ លោក កែម ឡី បានចំណាយពេលស្ទើរតែទាំងអស់របស់លោកដើម្បីសិក្សាស្រាវជ្រាវ និងវិភាគអំពីរបបគំហើញថ្មីៗចែកជូនសាធារណជនស្តាប់ និងស្វែងយល់តាមរយៈអ្នកសារព័ត៌មាននានា កាសែត វិទ្យុ ទូរទស្សន៍ ព្រឹត្តិប័ត្រព័ត៌មាន និងជាពិសេសបណ្តាញសង្គមហ្វេសប៊ុក។ ប្រធានបទដែលលោកកែម ឡឺ លើកយកមកដាក់លើតុដើម្បីជជែក វែកញែក ពិភាក្សា និងវិភាគ ភាកច្រើនជាបញ្ហាប្រឈមដ៏រសើបៗដែលបានកើតឡើងនៅក្នុងសង្គមដែលកន្លងមកភាគច្រើនត្រូវបានគេមើលរំលង។ បន្ថែមពីលើការពិនិត្យទៅលើបញ្ហាទាំងឡាយ លោក កែម ឡី ក៏បានរួមចំណែកយ៉ាងសំខាន់នៅក្នុងការផ្តល់ដំណោះស្រាយតាមរយៈការសិក្សាបែបវិទ្យាសាស្រ្តក៏ដូចជាទស្សនៈដ៏មានខ្លឹមសារជាច្រើន ដើម្បីកាត់បន្ថយ ឬដោះស្រាយ ឬបង្ការបញ្ហាទាំងនោះផងដែរ។
លោក កែម ឡី មានលក្ខណៈពិសេសផ្ទាល់ខ្លួននៅក្នុងការវិភាគរាល់បញ្ហា។ លោកប្រើភាសាសាមញ្ញ និងចេះប្រៀបធៀបដោយលើកជាឧទាហរណ៍ ធ្វើឲ្យបញ្ហាសាំញ៉ាំទាំងឡាយមានភាពងាយស្រួលយល់។ សមិទ្ធិផលទាំងនេះហើយដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរគ្រប់លំដាប់ថ្នាក់ចូលចិត្តស្តាប់ទេវិភាគរបស់លោក និងគោរពស្រឡាញ់លោកយ៉ាងជ្រាលជ្រៅ។
លោកបណ្ឌិត កែម-ឡី កើតនៅថ្ងៃទី ១៩ ខែតុលា ឆ្នាំ១៩៧០ នាភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ជាអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងត្រូវបានគេផ្ដល់រហស្សនាមថា ជាអ្នកវិភាគនយោបាយឯករាជ្យនៅព្រះរាជាណាចក្រកម្ពុជា។ លោកត្រូវបានឃាតករ បាញ់សំលាប់ចំនួនបីគ្រាប់នៅក្នុងស្តារម៉ាត របស់ស្ថានីយចាក់សាំងកាល់តិច ស្តុបបូកគោកាលពីថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០១៦។
ដំបូងឡើយ លោក កែម ឡី បានធ្វើការសិក្សាស្រាវជ្រាវភាគច្រើនខាងផ្នែកសង្គមកិច្ច បន្ទាប់មកខាងផ្នែកដីធ្លី សិទ្ធិលំនៅឋាន សិទ្ធិមនុស្ស ធនធានរ៉ែ ហើយនៅពេលថ្មីៗនេះ លោកបានធ្វើការសិក្សាស្រាវជ្រាវ ភាគច្រើនទៅលើរឿងនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។ល។ –ខណៈដែលកេរ្តិ៍ឈ្មោះរបស់លោក កំពុងតែល្បីសុសសាយ នៅតាមប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមួយចំនួន លោក កែម ឡី ត្រូវបានប្រព័ន្ធផ្សព្វផ្សាយមួយចំនួនហៅលោកថា «ជាអ្នកវិភាគឯករាជ្យ» ដោយសារតែលោក មានសេចក្តីក្លាហាន លាតត្រដាងពីបញ្ហាដែលកំពុងតែញាំញីសង្គមខ្មែរ និងបានផ្តល់នូវដំណោះស្រាយសមហេតុផល ដែលជាផ្លូវអាចជួយរុញច្រានឲ្យសង្គមខ្មែរ មានការរីកចម្រើនជឿនលឿនឆាប់រហ័សគេចផុតពីហានិភ័យ។
ចំពោះចំណុចពិសេសរបស់លោកគឺ ត្រូវបានមហាទូទៅដឹងថា លោក កែម ឡី ត្រូវបានគេឲ្យតម្លៃខ្ពស់ ចំពោះភាពក្លាហាន។ ពលរដ្ឋខ្មែរ និងអ្នកសារព័ត៌មាន តែងតែចាត់ទុក លោក កែម ឡី ជាអ្នកនិយាយរិះគន់មិនសំចៃមាត់ ចំពោះចំណុចអវិជ្ជមានរបស់រដ្ឋាភិបាល និងគណបក្សប្រឆាំង។ ក្រៅពីការរិះគន់ លោក កែម ឡី តែងតែផ្តល់ដំណោះស្រាយតាមបែបវិទ្យាសាស្ត្រ និងបែបតក្កវិទ្យា។ លើសពីនេះ បើទោះបីជា លោក កែម ឡី ធ្លាប់រងការគំរាមកំហែងដល់អាយុជីវិតក៏ដោយ តែបុរសមាឌដំបង និងសម្បុរស្រអែមរូបនេះ មិនដែលផ្លាស់ប្តូរមនសិការ និងការងាររបស់ខ្លួនឡើយ។ លោក កែម ឡី បានលះបង់យ៉ាងច្រើន ដើម្បីបុព្វហេតុសិទ្ធិមនុស្ស និងសេរីភាពនៃការបញ្ចេញមតិ។ លោក កែម ឡី សុខចិត្តលះបង់ជីវិត ចោលប្រពន្ធ និងកូនជាទីស្រឡាញ់របស់លោក ដើម្បីធ្វើការងារស្រាវជ្រាវជាប្រយោជន៍ដល់ពលរដ្ឋខ្មែរ។ មុនទទួលមរណភាព លោក កែម ឡី បានបង្កើតយុទ្ធនាការ«១០០រាត្រី»។ ១០០រាត្រី គឺជាសកម្មភាពរបស់លោក ក្នុងការរស់នៅជាមួយប្រជាពលរដ្ឋខ្មែរចំនួន១០០ខ្នងផ្ទះ ដើម្បីស្រាវជ្រាវពីបញ្ហារបស់ពលរដ្ឋ និងចងក្រងជាឯកសារ ទុកឲ្យក្មេងជំនាន់ក្រោយ។ ក្រៅពីនេះ លោកមានបំណង ចងក្រងកោះខ្មែរដើម្បីទុកជាភស្តុតាង ករណីមានជម្លោះដែនកោះរវាងកម្ពុជា និងប្រទេសជិតខាង។
លោក កែម ឡី ត្រូវបានពលរដ្ឋឲ្យតម្លៃយ៉ាងខ្លាំងចំពោះសិល្បៈនិយាយរបស់លោក។ លោកត្រូវបានអញ្ជើញជាវាគ្មិននៅតាមសិក្ខាសាលា វេទិកាយុវជន និងវាគ្មិននៅតាមបណ្តាញសារព័ត៌មានយ៉ាងច្រើន។ ក្រៅពីសំឡេងដ៏មុតស្រួច លោកមានលក្ខណៈពិសេសម្យ៉ាងទៀត គឺលោកពូកែពន្យល់ដើម្បីផ្តល់ចំណេះដឹងដល់ពលរដ្ឋគ្រប់មជ្ឈដា្ឋន។ ចំណុចនេះ ទើបពលរដ្ឋ ដែលធ្លាប់ស្តាប់លោកបណ្ឌិត កែម ឡី ទោះបីជាពលរដ្ឋមួយចំនួន មានចំណេះដឹងតិចតួចយ៉ាងណាក្តី ក៏អាចទទួលបានគំនិតជាច្រើនតាមរយៈបំណិនប្រសប់នៃការពន្យល់របស់លោកកែម ឡី។
លោក កែម ឡី គឺជាមនុស្សសាមញ្ញបំផុត។ ទោះបីជា លោកទទួលបានសញ្ញាបត្របណ្ឌិត និងមានកេរ្តិ៍ឈ្មោះល្បីល្បាញក៏ដោយ ប៉ុន្តែ បុរសវ័យ៤៦ឆ្នាំរូបនេះ មិនដែលមានឫកពារឆ្មើងឆ្មៃនោះទេ។ ទឹកមុខញញឹម និងភាពរួសរាយរាក់ទាក់ បានចាក់ជ្រៅដល់បេះដូងរបស់យុវជនខ្មែរ។ នៅពេលចូលរួមធ្វើជាវាគ្មិននៅតាមសិក្ខាសាលា ឬវេទិការយុវជនផ្សេងៗ លោក កែម ឡី តែងតែបង្ហាញអាកប្បកិរិយាគោរព ចំពោះមនុស្សទូទៅ។ ហេតុនេះហើយ ទើបមានយុវជនជាច្រើន តែងតែសុំលោកថតរូបជាមួយ នៅពេលសម្រាកពិសារអាហារសម្រន់ និងនៅពេលបញ្ចប់កិច្ចពិភាក្សា។ ចំណែក សំលៀកបំពាក់វិញ លោក កែម ឡី ត្រូវបានគេសង្កេតឃើញថា លោកតែងតែ ពាក់អាវសជាមួយខោខៅប៊យ និងពាក់ស្បែកជើងកីឡាដ៏សាមញ្ញ។ យូរៗម្តង ទើបគេឃើញលោកពាក់អាវធំ ដោយមានក្រវ៉ាត់ក។
បណ្ឌិត កែម ឡី គឺជាមនុស្សនឹងនរ។ ទោះបីជាលោកត្រូវគេប្រមាថ ឬប្រើសម្តីមិនសមរម្យមកលើរូបលោក នៅក្នុងវេទិកាតុមូលក្តី វេទិកាយុវជនក្តី តែគេហាក់មិនដែលឃើញលោកកែម ឡី ខឹងសម្បារឬច្រលោតខឹង ចំពោះដៃគូពិភាក្សានោះទេ។ លោកតែងតែប្រកាន់ឥរិយាបថញញឹមជានិច្ចគ្រប់ស្ថានភាព។
តាមរយៈការជជែក ឬពិភាក្សាពីគោលនយោបាយ ច្បាប់ សិទ្ធិមនុស្ស… លោក កែម ឡី តែងតែមានយុទ្ធសាស្ត្រ ឬដំណោះស្រាយទាំងរយៈពេលខ្លី និងរយៈពេលវែង។ លោកត្រូវបានគេចាត់ទុកថា ជាមនុស្សដែលមានចក្ខុវិស័យវែងឆ្ងាយ និងមានផែនការច្បាស់លាស់ ដើម្បីជួយប្រទេសជាតិរបស់ខ្លួន។
លោក កែម ឡី គឺជាមនុស្សមិនលោភលន់បុណ្យសក្តិ តួនាទី ឬតំណែងនោះទេ។ កន្លងមក ជំនួយការ របស់ លោក កែម ឡី ធ្លាប់បានអះអាងថា លោក កែម ឡី ត្រូវបានគេផ្តល់អ្វីៗគ្រប់បែបយ៉ាង ដែលអាចឲ្យលោក និងគ្រួសាររស់នៅយ៉ាងសុខស្រួល គ្រាន់តែលោក ត្រូវបញ្ឈប់ការងារស្រាវជ្រាវរបស់លោកប៉ុណ្ណោះ។ ប៉ុន្តែ លោក កែម ឡី មិនបានខ្វល់ខ្វាយនឹងលាភសក្ការៈទាំងនោះទេ។
លោក កែម ឡី គឺជាមនុស្សស្មោះត្រង់។ ប្រសាសន៍របស់លោកស្ទើរគ្រប់ម៉ាត់ គឺតែងតែចង់ជួយប្រជាជន និងប្រទេសជាតិ ឲ្យមានការរីកចម្រើន មានសុភមង្គល និងសុខសន្តិភាព។
លោក កែម ឡី គឺលោកជាមនុស្សនិយាយផង និងធ្វើផង។ កន្លងមក គេសង្កេតឃើញ លោក កែម ឡី មានសកម្មភាពជាច្រើន ដូចជា ការចុះស្រាវជ្រាវបញ្ហាជម្លោះដីធ្លី ការចុះដេកព្រៃដើម្បីការពារព្រៃឈើ និងការអប់រំពលរដ្ឋពីសិទ្ធិ និងលទ្ធិប្រជាធិបតេយ្យជាដើម។ អ្នកដែលស្គាល់ លោក បណ្ឌិត កែម ឡី តែងតែលើកឡើងថា លោកជាមនុស្សដែលធ្វើការងារសកម្មបំផុតជាមួយយុវជន។
លោក កែម ឡី គឺជាមនុស្សចូលចិត្តនិយាយត្រង់។ ថ្វីដ្បិត ពាក្យសច្ចៈ ធ្វើឲ្យមនុស្សមួយចំនួនមិនសប្បាយចិត្ត ប៉ុន្តែ មានតែពាក្យពិតទេ ដែលជាវត្ថុដ៏ពិសិដ្ឋសម្រាប់ព្យាបាលជំងឺសង្គមខ្មែរ។ ការនិយាយការពិត បានធ្វើឲ្យលោក កែម ឡី ក្លាយជាវីរជនរបស់យុវជន និងពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ។ លើសពីនេះ ពលរដ្ឋខ្មែរបានសម្រក់ទឹកភ្នែកស្ទើរមួយនគរ នៅពេលលោក កែម ឡី ត្រូវបានឃាតករបាញ់សម្លាប់កាលពីព្រឹកថ្ងៃទី១០ កក្កដា ឆ្នាំ២០១៦ នៅកណ្តាលរាជធានីភ្នំពេញ។
នៅថ្ងៃអាទិត្យ ទី១០ ខែកក្កដា ឆ្នាំ២០១៦ គ្រាប់កាំភ្លើង៣គ្រាប់បានផ្តាច់ជីវិតបណ្ឌិតកែម ឡី។ ឃាតកម្មលើរូបលោក គឺជាសោកដនាកម្មមួយរបស់ជាតិខ្មែរ។ ដំណឹងនេះបានធ្វើឲ្យប្រជាជាតិទាំងមូលតក់ស្លុតជាខ្លាំង ហើយនៅភ្លាមៗនោះមនុស្សម្នាជាច្រើនបានជួបជុំគ្នាយ៉ាងកាកកុញនៅកន្លែងឃាតកម្ម ដោយទឹកមុខក្រៀមក្រំ ចិត្តសោកសង្រេង និងខឹមសម្បាជាខ្លាំង។ ពលរដ្ឋបានដឹកសពទៅតម្កល់នៅវត្តចាស់នៅត្រើយខាងកើតនៃដងទន្លេសាបក្នុងក្រុងភ្នំពេញ ដើម្បីប្រារព្ធពិធីបុណ្យតាមប្រពៃណី។
ជាតិខ្មែរសោកស្តាយជាអនេកចំពោះការស្លាប់បាត់បង់ជីវិតរបស់លោក កែម ឡី។ អស់ពេលជាច្រើនថ្ងៃ មនុស្សរាប់សែននាក់បានចូលរួមសម្តែងមរណទុក្ខ គោរពវិញ្ញាណក្ខន្ធ និងកាន់ទុក្ខចំពោះមរណភាពអ្នកវិភាគសង្គមរូបនេះយ៉ាងច្រើនកុះករ។ មនុស្សម្នាជាច្រើននាក់ទៀតដែលមិនអាចទៅវត្ត ក៏បានប្រារព្ធពិធីបុណ្យកាន់ទុក្ខនៅតាមភូមិឋានរៀងខ្លួន។ មរណភាពរបស់លោក កែម ឡី បានធ្វើឲ្យសហគមន៍អន្តរជាតិក្រៀមក្រំដែរ ហើយមានអ្នកមុខអ្នកការបរទេសជាច្រើនបានចូលរួមសម្តែងទុក្ខ និងគោរពវិញ្ញាក្ខន្ធគាត់។ ទាំងអស់គ្នាទទូចសុំឲ្យមានការស៊ើបអង្កេតជាលក្ខណៈឯករាជ្យមួយលើឃាតកម្មនេះ ដោយមានការចូលរួមពីអន្តរជាតិផង ពីព្រោះពួកគេមិនទុកចិត្តការស៊ើបអង្កេតរបស់ខ្មែរដោយសារបណ្ឌិត កែម ឡី ជាអ្នកវិញគន់រដ្ឋាភិបាកដ៏ល្បីល្បាញម្នាក់ ហើយឃាតកម្មនេះត្រូវបានមតិទូទៅសង្ស័យថាជាឃាតកម្មដោយមូលហេតុនយោបាយ។
ជាច្រើនឆ្នាំមុនឃាតកម្មនេះ លោក កែម ឡី បានប្តេជ្ងាចិត្តបូជាជីវិតគាត់ដើម្បីស្រាវជ្រាវដល់ទីកន្លែងផ្ទាល់ដើម្បីស្វែងរកការពិតលើរឿងរ៉ាវមួយចំនួនធំដែលពាក់ព័ន្ធនឹងនយោបាយជាពិសេសក្នុងវិស័យអភិបាលកិច្ច និងយុត្តិធម៌សង្គម។ ក្នុងចំណោមរឿងទាំងនោះ មានរឿងពុករលួយ និងរឿងខ្វះប្រសិទ្ធិភាពរបស់រដ្ឋាភិបាល និងរដ្ឋបាលសាធារណៈ ចំណុចខ្វះខាត និងបរាជ័យនៃការដឹកនាំ។
មុនមរណៈភាពរបស់លោក លោកបានផ្តើមគម្រោងមួយឈ្មោះថា យុទ្ធនាការ១០០ រាត្រី។ នៅក្នុងគម្រោងនោះ លោកបានទៅស្នាក់នៅតាមផ្ទះប្រជាពលរដ្ឋនៅក្នុងភូមិតាមបណ្តោយទល់ដែនជាមួយប្រទេសវៀតណាម នៅតាមកោះខ្លះក្នុងឈូងសមុទ្រថៃ និងនៅតាមភូមិខ្មែរក្រោមនៅវៀតណាមភាគខាងត្បូង និងនៅភូមិខ្មែរសុរិន្ទក្នុងខេត្តសុរិន្ទនៃភូមិភាគឥសានប្រទេសថៃ។ លោកកែម ឡីមានគោលបំណងស្វែងយល់អំពីជីវភាពរស់នៅ និងក្តីបារម្ភរបស់អ្នកភូមិទាំងនោះ។ មុនត្រូវឃាតករបាញ់ប្រហារ លោកបានបណ្តុះបណ្តាល និងរៀបចំយុវជន បញ្ញវន្តជាច្រើនរូបឲ្យចេះស្រាវជ្រាវ និងចេះតាក់តែងគោលនយោបាយនៅក្នុងវិស័យផ្សេងៗជាច្រើន។
សូមជម្រាបថា ឃាតករដែលបានបាញ់សម្លាប់លោកបណ្ឌិតកែម ឡី ត្រូវបានគេចាប់ឃាត់ខ្លួនភ្លាមៗនៅកន្លែងកើតហេតុបន្ទាប់ពីបានបាញ់សម្លាប់ភ្លាមៗនៅការ៉ាស់សាំងកាលតិច ស្តុបបូកគោ។ ឃាតករដែលត្រូវបានចាប់ខ្លួនគឺមានឈ្មោះថា អឿត អាង ហៅថាជួបសម្លាប់ ដោយឃាតកររូបនោះបានសារភាពថា ឈានទៅដល់ការបាញ់សម្លាប់នេះ គឺដោយសារតែលោកបណ្ឌិតកែម ឡី ជំពាក់លុយខ្លួន ៣០០០ដុល្លារ។
នាថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២០នេះ គឺជាខួបគម្រប់៤ឆ្នាំនៃថ្ងៃមរណៈភាពរបស់អ្នកវិភាគលោកបណ្ឌិតកែម ឡី ដោយសារអំពើឃាតកម្ម។ លោកបណ្ឌិតកែម ឡីបានទទួលមរណៈភាពនៅក្នុងអាយុ ៤៦ឆ្នាំ ដោយសារតែខ្មាន់កំាភ្លើងម្នាក់បានបាញ់ប្រហារសម្លាប់ទាំងកណ្តាលថ្ងៃនៅស្តារម្មាតមួយកន្លែងនៅឯការ៉ាស់សាំងកាល់តិច ស្តុបបូកគោ។
ជាការកត់សម្គាល់តាំងពីថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០២០ រហូតមកដល់ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២០នេះ មានក្រុមយុវជន អង្គការក្រៅរដ្ឋាភិបាល ព្រះសង្ឃ បូករួមជាមួយប្រជាពលរដ្ឋជាច្រើនរូបផ្សេងទៀតបាននាំគ្នារៀបចំពិធីគម្រប់ខួបនៃមរណៈភាពរបស់លោកកែម ឡី ដោយមានទាំងកម្រងផ្កា មានអ្នកខ្លះទៀតចែកសៀវភៅអំពីទស្សនៈរបស់លោកបណ្ឌិតកែម ឡីជាដើម។ តែយ៉ាងណាការជួបជុំដើម្បីគោរពវិញ្ញាក្ខន័នេះត្រូវបានសមត្ថកិច្ចរារាំងបង្អាក់ជាប់ជានិច្ចដោយមិនឲ្យមានការធ្វើសកម្មភាពអ្វីនោះឡើយ។
ទាក់ទិនទៅនឹងការរារាំងនេះ បើផ្អែកទៅតាមសេចក្តីប្រកាសរបស់រដ្ឋបាលខណ្ឌចំការមនថា មិនឲ្យមានការជួបជុំធ្វើសកម្មភាពនៅការ៉ាស់សាំងកាល់តិចឡើយដោយហេតុថា៖
ទី១៖ មានការស្នើសុំពីម្ចាស់ស្ថានីយប្រេងឥន្ធនៈកាល់តិច
ទី២៖ ដើម្បីធានាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ
ទី៣៖ យោងតាមស្មារតីនៃច្បាប់ស្ដីពីការធ្វើបាតុកម្ម ដោយសន្តិវិធី អ្នកចង់សម្ដែងមតិត្រូវជួបជុំនៅ ទីលានប្រជាធិបតេយ្យ។
ទី៤៖ ស្ថានភាពជំងឺកូវីដ១៩ កំពុងរីករាលដាលជាសាកល ក្រសួងសុខាភិបាល បានបិទនូវការជួបជុំ គ្រប់ប្រភេទនៅទូទាំងប្រទេស។ តែចំពោះការកក់ដំណើរតាមផ្លូវទៅចូលរួមពិធីនៅឯចេតិយលោកបណ្ឌិតកែម ឡី នៅឯខេត្តតាកែវវិញ ត្រូវបានអ្នកដែលធ្វើដំណើរទាំងនោះអះអាងថា សមត្ថកិច្ចបានកាក់ដំណើរពួកគេដោយគ្មានមូលហេតុ។
———————-សំលេង—————-
លោកបណ្ឌិត កែម ឡី ជាអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងត្រូវបានគេផ្ដល់ រហស្សនាមថាជាអ្នកវិភាគនយោបាយឯករាជ្យ នៅព្រះរាជាណាចក្រកម្ពុជា ។ លោកត្រូវបានឃាតករ បាញ់សំលាប់ចំនួនបីគ្រាប់នៅក្នុងស្តារម៉ាតរបស់ស្ថានីយចាក់សាំងកាល់តិច ស្តុបបូកគោ ។ ជាមួយគ្នានេះផងដែរ នៅថ្ងៃទី ១០ ខែ កក្កដា ខាងមុខនេះគឺជាខួបគម្រប់ ៤ ឆ្នាំនៃអំពើឃាតកម្មបាញ់សម្លាប់លោក បណ្ឌិត កែម ឡី អ្នកវិភាគនយោបាយ និង សង្គមដ៏ល្បីល្បាញ ។ នៅក្នុងសំណុំរឿងនេះ តុលាការ បានផ្ដន្ទាទោស ខ្មាន់ កាំភ្លើង ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ឲ្យជាប់ពន្ធនាគារអស់មួយជីវិត ៕
ប្រយោគឃ្លោងឃ្លាមួយចំនួនត្រូវបានដកស្រង់ចេញពីកម្រងទស្សនៈសង្គម និងនយោបាយ