កំពង់ធំ៖ ប្រជាពលរដ្ឋភូមិមួយក្នុងខេត្តកំពង់ធំ បានសហការគ្នាទាំងធនធានថវិកា និងកម្លាំងកាយចូលរួមសង់ស្ពានឈើ ដើម្បីសម្រួលការធ្វើដំណើរកាន់តែងាយស្រួល។
ការសង់ស្ពានឈើដើម្បីឆ្លងកាត់អូរនេះ កើតចេញពីកម្លាំងសាមគ្គីរបស់ប្រជាពលរដ្ឋ ជាមួយមេភូមិ ក្នុងភូមិអូរទ្រោក ឃុំទំរីង ស្រុកសណ្ដាន់ខេត្តកំពង់ធំ។
លោក ហ៊ុយ យី ជាប្រជាពលរដ្ឋមួយរូបប្រាប់ថា ការសង់ស្ពាននេះឡើង ជាថវិកាបានមក ពីការរៃអង្គាសរបស់អ្នកភូមិ ដើម្បីទិញសាំងចាក់ម៉ាស៊ីនអារឈើ ហើយឈើដែល យកមកធ្វើស្ពានគឺកាប់ចេញពីក្នុងព្រៃក្បែរតំបន់នោះ។ លោកបន្ថែមថា ប្រជាពលរដ្ឋមិនត្រឹម តែបរិច្ចាគថវិកានោះទេ ថែមទាំងជួយចេញកំលាំងអារឈើនឹងជញ្ជូនឈើយកមកធ្វើស្ពានរួមគ្នាផងដែរ។
លោក ហ៊ុយ យី ប្រាប់បន្ថែមថា ស្ពានមួយនេះធ្លាប់រងការខូចខាត បន្ទាប់ពីមានជន ខិលខូតលួចដុតបំផ្លាញចោលទាំងស្រុង។ ដោយមើលឃើញពីការលំបាក ទើបអ្នកភូមិរួមមតិ រួមកម្លាំងគ្នាសង់ស្ពាននេះឡើងវិញ សម្រួលការធ្វើដំណើរ ជាពិសេសដឹកជញ្ជូនផលដំណាំពីចំការទៅលក់នៅផ្សារ៕
អត្ថបទខ្លីសរសេរដោយ ហុក ដេប៉ូ យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។