en     km
en     km

ក្រសួងអប់រំចេញសេចក្ដីសម្រេ​ចឲ្យគ្រឹះស្ថានឯកជនរៀបចំការប្រឡងថ្នាក់ទី៩ ទី១២​និងប្រឡង​បញ្ចប់​ឆ្នាំ​នៃថ្នាក់ឧត្ដមសិក្សា

Share

(ភ្នំពេញ)៖ ក្រសួងអប់រំយុវជន និងកីឡា នាថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ២០២០នេះបានអនុញ្ញាតឲ្យគ្រឹះស្ថានសិក្សាឯកជនអាចរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងគ្រឹះស្ថានឧត្តមសិក្សាអាចប្រឡងបញ្ចប់ឆ្នាំបាននៅតាមគ្រឹះស្ថានសិក្សាចំនួន២ថ្ងៃ តែត្រូវអនុវត្តទៅតាមច្បាប់ដែលក្រសួងបានកំណត់។

កញ្ញា អ៊ុំ ច័ន្ទលក្ខិណា លំអិតពីព័ត៌មាននេះ៖

យោងទៅតាមសេចក្តីថ្លែងការរបស់ក្រសួងអប់រំ យុវជន និងកីឡា ចុះនៅថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ២០២០នេះ បានឲ្យដឹងថា កន្លងមកក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំឲ្យគ្រឹះស្ថានសិក្សាឯកជនគ្រប់កម្រិត រៀបចំការបង្រៀន និងការរៀនពីចម្ងាយ ឬតាមប្រព័ន្ធអេឡិចត្រូនិច ក្នុងនោះក្រសួងក៏បានលើកឡើងអំពីលទ្ធភាពអនុញ្ញាតឲ្យរៀបចំការប្រឡងតាមប្រព័ន្ធអេឡិចត្រូនិចទៅតាមប្រតិទិនគ្រឹះស្ថានសិក្សារៀងៗខ្លួន ដោយធានានូវស្តង់ដារគុណភាពដែលអាចទទួលយកបាន។ ក្រសួងនឹងចូលរួមសហការជាមួយនឹងគ្រឹះស្ថានសិក្សាឯកជន ដើម្បីធានានូវស្តង់ដារគុណភាពនេះ។

ចំពោះគ្រឹះសា្ថនសិក្សាឯកជនណា ដែលអនុវត្តតាមការណែនាំរបស់ក្រសួង គ្រឹះស្ថានសិក្សានោះអាចចេញសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដោយមានការទទួលស្គាល់ពីក្រសួង ប៉ុន្តែគ្រឹះស្ថានសិក្សាឯកជនត្រូវចុះហត្ថលេខាដោយខ្លួនឯង។ ក្រសួងនិងចុះអធិការកិច្ចតាមការចាំបាច់ដើម្បីធានាគុណភាពនៃសញ្ញាបត្រ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានដដែលនេះបានបន្តថា ដោយសារតែតាមលក្ខណៈបច្ចេកទេស គ្រឹះស្ថានសិក្សាឯកជនមិនអាចរៀបចំការប្រឡងតាមអនឡាញបាន ក្រសួងអប់រំ បានដាក់ចេញនូវគោលការណ៍៣ចំណុច សម្រាប់គ្រឹះស្ថានឯកជនអនុវត្តនៅពេលប្រឡងចំនួន២ថ្ងៃ៖

  • ក្រសួងនិងកែលំអិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងដំណើរការប្រឡង ដោយរក្សាកាលបរិច្ឆេទនៃការប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិនៅដដែល ដោយគ្រឹះស្ថានឯកជនអាចចេញសញ្ញាបត្រ ដោយក្រសួងនឹងទទួលស្គាល់និងដោយធ្វើអធិការកិច្ចបើសិនចាំបាច់។
  • គ្រឹះស្ថានសិក្សាឯកជនត្រូវដាក់ពាក្យសុំរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិមកក្រសួងដើម្បីពិនិត្យនិងទទួលស្គាល។
  • គ្រឹះស្ថានសិក្សាឯកជនត្រូវរៀបចំបន្ទប់ប្រឡងមានចំណុះ១០នាក់ទៅ១៥នាក់ ក្នុង១បន្ទប់ និងត្រូវធានាអនុវត្តវិធានការសុវត្ថិភាពសុខភាព របស់សុខាភិបាល និងអង្គការWHO។

លោកឌី ខាំបូលី អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានផ្តល់បទសម្ភាសន៍ដល់វិទ្យុស្រ្តីនៅថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០២០នេះថានេះគឺគ្រាន់តែជាសេចក្តីជូនដំណឹងឲ្យមានការដឹងទុកជាមុនទេ ចំពោះដំណើរការប្រឡង តែចំពោះដំណើរការនីតិវិធីវិញនោះក្រសួងនឹងជម្រាបជូននៅពេលក្រោយ។

——————សំលេងរបស់ លោក ឌី ខាំបូលី———————–

បើទោះបីជាមានវិបត្តិកូវីត១៩ក្តី ក្រសួងអប់រំ យុវជន និងកីឡា និងខិតខំប្រឹងប្រែងតិះរិះគ្រប់នីតិវិធីទាំងអស់ដើម្បីឲ្យដំណើរការប្រឡងអាចប្រកបទៅបាន ដូចដែលគោលការណ៍របស់ក្រសួងបានធ្វើកាលពីពេលមុនៗ។ ដោយឡែកចំពោះដំណើរការនីតិវិធីនៅក្នុងការតាក់តែងវិញ្ញាសាប្រឡង នីតិវិធីនៃការប្រឡង និងដំណើរការនៃការកែពិន្ទុក្រសួងនឹងជូនសេចក្តីជូនដំណឹងនៅពេលក្រោយ៕

អត្ថបទដោយ អ៊ុំ ច័ន្ទលក្ខិណា

Share

ព័ត៌មានទាក់ទង

Image