(ភ្នំពេញ)៖ អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ទទូចឲ្យអាជ្ញាធរកម្ពុជាស៊ើបអង្កេតស្វែងរកសកម្មជននយោបាយអាវក្រហមថៃមួយរូបដែលបានបាត់ខ្លួននៅក្នុងប្រទេសកម្ពុជារយៈពេលមួយខែមកហើយ។ ទោះបីជាបែបនេះក្តីអ្នកនាំពាក្យរបស់អគ្គស្នងការរងនគរបាលជាតិបានអះអាងថា មកដល់ពេលនេះព័ត៌មានដែលថាការបាត់ខ្លួនលោក វ៉ាន់ ឆាឡឺម សាតស័ក្តិសិទ្ធិនៅកម្ពុជានេះ មិនទាន់មានភស្តុតាងណាអាចបញ្ជាក់ថាជាការពិត ឬយ៉ាងណានោះទេ។ តែយ៉ាងណារាជរដ្ឋាភិបាលកម្ពុជា និងអាជ្ងាធរកម្ពុជា នឹងខិតខំប្រឹងប្រែងស្វែងរកឲ្យអស់ពីលទ្ធភាពចំពោះការបាត់ខ្លួននេះ ដើម្បីស្តារឈ្មោះឲ្យកម្ពុជាវិញ។
កញ្ញា អ៊ុំ ច័ន្ទលក្ខិណា ជូនសេចក្តីរាយការណ៍៖
អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ទទូចឲ្យអាជ្ញាធរកម្ពុជាស៊ើបអង្កេតស្វែងរកសកម្មជននយោបាយអាវក្រហមថៃមួយរូបដែលបានបាត់ខ្លួននៅក្នុងប្រទេសកម្ពុជារយៈពេលមួយខែមកហើយ។
សកម្មជនអាវក្រហមថៃឈ្មោះ វ៉ាន់ឆាឡឺម សាត់សក្តិសិត ត្រូវបានគេរាយការណ៍មកថាត្រូវបានគេចាប់ពន្រត់ពីកន្លែងលោកស្នាក់នៅក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ មកទល់នឹងពេលនេះដំណឹងរបស់ វ៉ាន់ឆាឡឺម សាត់សក្តិសិត នៅមិនទាន់មាននៅឡើងដែលធ្វើឲ្យមហាជនជាច្រើនព្រួយបារម្ភពីសុវត្ថិភាពរបស់លោក ហើយគ្មានអ្នកណាដឹងថាបច្ចប្បន្ននេះលោកនៅមានជីវិតរស់ឬយ៉ាងណានោះទេ។ សហគមន៍អន្តរជាតិដែលមានអង្គការសហប្រជាជាតិ សហរដ្ឋអាមេរិកនិងសភាសហភាពអឺរ៉ុប ក៏បានអំពាវនាវឲ្យអាជ្ញាធរកម្ពុជាស៊ើបអង្កេតជាបន្ទាន់ពីការបាត់ខ្លួននោះដែរ។
លោក ប្រែដ អាដាម នាយកប្រចាំតំបន់អាស៊ីនៃ អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់លោកថា៖ «ការចាប់ខ្លួនសកម្មជនដ៏ល្បីឈ្មោះរបស់ថៃនៅតាមវិថីក្រុងភ្នំពេញគឺជារឿងថ្មីនិងជារបត់ដ៏គ្រោះថ្នាក់ដែលទាមទារឲ្យមានការឆ្លើយតបជាបន្ទាន់និងគួរឲ្យជឿទុកចិត្តបានពីអាជ្ញាធរកម្ពុជា។ រដ្ឋាភិបាលគួរតែបញ្ឈប់ការបដិសេធរឿងដែលមិនអាចប្រកែកបាននេះនិងស្វែងរកលោក វ៉ាន់ឆាឡឺម ជាបន្ទាន់ហើយធានាសុវត្ថិភាពរបស់លោក»។
ទោះបីជាយ៉ាងនេះក្តី អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័ក្រ បានលើកឡើងថា លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ ដែលជាសកម្មជនក្រុមអាវក្រហម បានបាត់ដំណឹងឈឹងពីកម្ពុជា តាំងពីឆ្នាំ២០១៧ មកម្ល៉េះ ក្រោយពេលដែលលោកបានសុំពន្យារពេលទិដ្ឋាការស្នាក់នៅបាន២ឆ្នាំ។ នេះបើយោងទៅតាមសារព័ត៌មានស្និតនឹងរាជរដ្ឋាភិបាលFresh News។ ការលើកឡើងនេះធ្វើឡើងបន្ទាប់ពីមានការភ្ងាក់ផ្អើល និងផ្ទុះការតវ៉ាទាក់ទិនទៅនឹងការបាត់ខ្លួនរបស់សកម្មជននយោបាយក្រុមអាវក្រហមថៃ លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ។
លោក ខៀវ សុភ័គ បានសង្កត់ធ្ងន់ថា ឆ្លងតាមការស្រាវជ្រាវរបស់សមត្ថកិច្ច នៅក្នុងប្រព័ន្ធចេញចូលរបស់ភ្ញៀវដែលមកកាន់ប្រទេសកម្ពុជា គឺលោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ បានចេញចូលកម្ពុជាច្រើនដង ហើយនៅមុនឆ្នាំ២០១៥ ជននេះបានមកស្នើសុំពន្យារពេលទិដ្ឋាការស្នាក់ដែលមានសុពលភាពត្រឹមឆ្នាំ២០១៧ ប៉ុន្តែចាប់តាំងពីឆ្នាំ២០១៧មក ជននេះបានបាត់ខ្លួនរហូត ដោយមិនដឹងថាបាត់ទៅទីណាទេ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានអំពាវនាវឱ្យសាក្សី ឬជនទាំងឡាយដែលមានព័ត៌មានអំពីករណីបាត់ខ្លួន លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធសូមសហការជាមួយសមត្ថកិច្ច ដោយផ្តល់ព័ត៌មានពិតប្រាកដដល់សមត្ថកិច្ច ដើម្បីធ្វើការស្រាវជ្រាវ។ លោកបញ្ជាក់ថា តាមច្បាប់អន្តោរប្រវេសន៍ជនបរទេសមិនអាចស្នាក់នៅកម្ពុជា ហួសសុពលភាពទេ ប៉ុន្តែជននេះបានបាត់ដំណឹង។
រឿងហេតុនៃការបាត់ខ្លួនលោកវ៉ាន់ឆាឡឺម សាតស័ក្តស័ទ្ធ បានក្លាយទៅជាប្រធានបទដ៏ក្តៅគគុកមួយមិនថានៅក្នុងស្រុក ឬក្រៅសុក្រនោះទេចំពោះការបាត់ខ្លួនដ៏អាថ៌កំបាំងរបស់លោក។
លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ ដែលជាសកម្មជននយោបាយក្រុមអាវក្រហមថៃ ត្រូវបានកាសែតថៃផ្សាយថា ត្រូវបានចាប់ខ្លួននៅរាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ គ្រាដែលសកម្មជនក្រុមអាវក្រហមនេះ រត់ពីប្រទេសថៃ មកស្នាក់អាស្រ័យនៅកម្ពុជា កាលពីឆ្នាំ២០១៤។ បុគ្គលរូបនេះ ត្រូវបានចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រថៃ តាំងពីឆ្នាំ២០១៤ មក។
លោក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ និងជាអ្នកនាំពាក្យបានឲ្យវិទ្យុស្រ្តីដឹងនៅថ្ងៃច័ន្ទ ទី០៦ ខែកក្កដា ឆ្នាំ២០២០នេះថា មកដល់ពេលនេះព័ត៌មានដែលថាការបាត់ខ្លួនលោក វ៉ាន់ ឆាឡឺម សាតស័ក្តិសិទ្ធិនៅកម្ពុជានេះ មិនទាន់មានភស្តុតាងណាអាចបញ្ជាក់ថាជាការពិត ឬយ៉ាងណានោះទេ។ តែយ៉ាងណារាជរដ្ឋាភិបាលកម្ពុជា និងអាជ្ងាធរកម្ពុជា និងខិតខំប្រឹងប្រែងស្វែងរកឲ្យអស់ពីលទ្ធភាពចំពោះការបាត់ខ្លួននេះ ដើម្បីស្តារឈ្មោះដែលគេចោទប្រកាន់ពាក់ព័ន្ធទៅនឹងរឿងចាប់ពង្រាត់លោក វ៉ាន់ឆាឡឺមនេះ។
—————-សំលេង លោក ឆាយ គឹមខឿន————–
យោងទៅតាមសម្តីរបស់សាក្សី៣នាក់ ដែលបានផ្តល់ឲ្យសារព័ត៌មានសហរដ្ឋអាមេរិកកាលពីថ្ងៃទី១២ ខែមិថុនាកន្លងទៅបានឲ្យដឹងថាពួកគេឃើញជនជាតិថៃលោក វ៉ាន់ ឆាឡឺមសាតស័ក្តសិទ្ធ អាយុ ៣៧ ឆ្នាំ ត្រូវបានបុរស ៣ នាក់ ចាប់បញ្ចូលក្នុងរថយន្តមួយគ្រឿង នៅមុខខុនដូមួយដែលសកម្មជនរូបនោះស្នាក់នៅច្រើនឆ្នាំមកហើយ ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ដោយសាក្សីនោះបានបញ្ជាក់ថា ពិតជាជនជាតិថៃ ដែលរូបថតរបស់លោក ត្រូវបានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក និងសារព័ត៌មាន។ តែយ៉ាងណាលោក ឆាយ គឹម ខឿនអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានលើកឡើងថាមិនមានឈ្មោះនេះស្នាក់នៅក្នុងខន់ដូរនេះអ្វីនោះទេ។ ហើយលោកក៏បានសំនូមពរចំពោះអ្នកសារព័ត៌មាននិងអ្នកវិភាគគ្រប់រូបផងដែរ កុំឲ្យពង្រីកវិសាលភាពនៃរឿងមុនពេលដែលសមត្ថកិច្ចមិនទាន់ធ្វើការចាប់សព្វគ្រប់។
—————-សំលេង លោក ឆាយ គឹមខឿន————–
សូមជម្រាបថា លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ មានអាយុ៣៧ឆ្នាំ និងជាសកម្មជននៃក្រុមរណសិរ្សរួមដើម្បីប្រឆាំងនឹងជនផ្តាច់ការ ដែលមានឈ្មោះក្រៅថាក្រុមអាវក្រហម។ លោកបានភៀសខ្លួនមកប្រទេសកម្ពុជាក្រោយពីរដ្ឋប្រហារយោធានៅប្រទេសថៃកាលពីខែឧសភាឆ្នាំ២០១៤។ លោកបានបន្តរិះគន់ក្រុមយោធានិងរដ្ឋាភិបាលជាញឹកញាប់ដោយប្រើប្រាស់បណ្តាញសង្គម បើទោះបីជាលោករស់នៅនីរទេសខ្លួនហើយក៏ដោយ។ កាលពីថ្ងៃទី៣មិថុនាលោកបានបង្ហោះវីដេអូឃ្លីបមួយតាមហ្វេសប៊ុករិះគន់លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា រំលងបាន៣ថ្ងៃ មកដល់ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០នេះស្រាប់តែមានកាសែតថៃបានចុះផ្សាយថាលោក ត្រូវបានគេចាប់ពង្រាត់នៅរាជធានីភ្នំពេញតែម្តងទៅ៕