សង្គមស៊ីវិលចំនួន ៣ បានលើកឡើងថា កម្មករ កម្មការិនីរោងចក្រកាត់ដេរ រាប់ម៉ឺននាក់ នៅក្នុងប្រទេសកម្ពុជា ជួបការលំបាកជាខ្លាំង ក្នុងការសងបំណុលមីក្រូហិរញ្ញវត្ថុ នៅពេលដែលពួកគាត់ត្រូវបានបញ្ឈប់ពីការងារ ហើយរោងចក្រដែលពួកគាត់ធ្វើការ ត្រូវផ្អាកដំណើរការដោយសារបញ្ហាកូវីដ១៩ ។
រាយការណ៍ដោយចាន់ដារ៉ា
នៅក្នុងរបាយការណ៍របស់សង្គមស៊ីវិលនិងសហជីព សម្ព័ន្ធសហជីពកម្ពុជា ហៅកាត់ថាCATU មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់ និងសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ ចេញផ្សាយសម្រាប់ខែមិថុនាឆ្នាំ២០២០នេះ បានលើកឡើងនូវកង្វលរបស់កម្មករ ដែលបាត់បង់ការងារដោយសារកូវិដនាំឱ្យពួកគេ លំបាកក្នុងការដោះបំណុល។
សង្គមស៊ីវលទាំង៣នេះយល់ឃើញថា បញ្ហានេះបង្កើតឱ្យមានវិបត្តិរំលោភសិទ្ធិមនុស្សជាច្រើន ដែលនាំឱ្យពួកគាត់ជួបការលំបាកខ្លាំងក្នុងការផ្គត់ផ្គង់ជីវភាពគ្រួសារ និងធ្វើឱ្យការកាន់កាប់ដីធ្លីរបស់ពួកគាត់ត្រូវរងសម្ពាធយ៉ាងខ្លាំងពីសំណាក់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ។ ប្រសិនបើគ្មានកម្មវិធីសម្រាលបន្ទុកបំណុលភ្លាមៗទេ នោះកម្មករ កម្មការិនីទាំងនេះ នឹងត្រូវប្រឈមនឹងការលក់ដីឬផ្ទះ កាត់បន្ថយការបរិភោគអាហារ ឬខ្ចីប្រាក់កម្ចីកាន់តែច្រើនឡើង ដើម្បីយកទៅសងបំណុលដែលមានស្រាប់ ។របាយការណ៍សង្ខេបរួមគ្នាមួយរបស់សង្គមស៊ីវល៣នេះ បានដាក់ចំណងជើងរបស់ខ្លួន ដូចនេះថា ៖ធ្វើការងាររហូតជំពាក់បំណុលវ័ណ្ឌក។
ស៊ីវិលទាំង៣នេះអះអាងថា ពួកគាត់បានធ្វើការស្ទង់មតិជាមួយកម្មករ កម្មការិនី ច្រើនជាង១៥០នាក់ ភាគច្រើនជាស្ដ្រី មកពីរោងចក្រកាត់ដេរចំនួន៣ផ្សេងគ្នា ក្នុងរាជធានីភ្នំពេញ និងខេត្តកំពង់ឆ្នាំង ដើម្បីសិក្សាពីផលលំបាកនៃការជាប់ជំពាក់បំណុលរបស់ពួកគាត់ ខណៈដែលរោងចក្ររាប់រយបានផ្អាកដំណើរការ ដោយសារការរីករាលជាសកលនៃវីរុសកូវីដ១៩នេះ។
តាមរបាយការណ៍របស់សង្គមស៊ីវិលទាំងនេះ បញ្ជាក់ថាអស់រយៈពេលជាច្រើនឆ្នាំមកហើយ កង្វះខាតនៃប្រាក់ឈ្នួលសមរម្យនៅក្នុងប្រទេសកម្ពុជា បានបង្ខំឱ្យកម្មករ កម្មការិនីទាំងនេះ ជំពាក់បំណុលច្រើនឡើងៗដើម្បីយកទៅផ្គត់ផ្គង់ជីវភាពរស់នៅ ។ ភាគច្រើននៃកម្ចីឥណទានទាំងនេះគឺត្រូវបានផ្ដល់ឱ្យដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលត្រូវដាក់ប័ណ្ណសម្គាល់កម្មសិទ្ធិ ឬលិខិតបញ្ជាក់ការកាន់កាប់ដីធ្លី របស់ពួកគាត់ខ្លួនឯងឬគ្រួសារ ធ្វើជាទ្រព្យធានា ។
សង្គមស៊ីវិលទាំង៣នេះ អះអាងថាការរកឃើញនៃការសិក្សាស្រាវជ្រាវនេះ ឆ្លុះបញ្ចាំងពីភាពអវិជ្ជមានក្នុងវិស័យមួយនេះ ។ ក្នុងចំណោមកម្មករ កម្មការិនី ដែលត្រូវបានស្ទង់មតិ មានកម្មករ កម្មការិនីតែ៤នាក់ប៉ុណ្ណោះ ដែលមិនមានជំពាក់បំណុល ។ ស្ទើរតែគ្រប់កម្មករ កម្មការិនី ដែលបានផ្ដល់ការសម្ភាសន៍ បានប្រាប់អ្នកស្រាវជ្រាវថា ពួកគាត់នឹងគ្មានលទ្ធភាពសងបំណុលវិញទេ ប្រសិនបើការងាររបស់ពួកគាត់ត្រូវបានព្យួរ ។ ស្ទើរតែគ្រប់កម្មករ កម្មការិនីដែលបានផ្ដល់ការសម្ភាសន៍ បាននិយាយថា បច្ចុប្បន្ននេះ ជីវភាពរស់នៅរបស់ពួកគាត់ ជួបការលំបាកខ្លាំងជាង មុនពេលពួកគាត់ជាប់ជំពាក់កម្ចីឥណទាន ។
លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីនៃអង្គការសង់ត្រាល់ បានមានប្រសាសន៍នៅក្នុងរបាយការណ៍នេះថា “ហេតុដែលនាំឱ្យកម្មករ កម្មការិនីជាច្រើន ជាប់ជំពាក់បំណុលដល់កម្រិតនេះ គឺដើម្បីយកទៅផ្គត់ផ្គង់ការចំណាយក្នុងជីវភាពរស់នៅ ដែលជាចំណុចគួរឱ្យព្រួយបារម្ភ” ។ លោកបានបន្តថា “ការធ្លាក់ខ្លួនកាន់តែជ្រៅនៃការជាប់ជំពាក់បំណុល គឺធ្វើឱ្យអ្នកដែលរងផលប៉ះពាល់នៃវិបត្តិវីរុសកូវីដ១៩ កាន់តែជួបផលលំបាកបន្ថែមទៀត” ។
តាមរបាយការណ៍ដដែលនេះ គឺចំនួនពីរភាគបីនៃកម្មករ កម្មការិនី ដែលបានផ្ដល់ការសម្ភាសន៍គឺបានខ្ចីកម្ចីឥណទានយ៉ាងតិចមួយពីធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ។ ជាទូទៅ ហេតុផលរបស់ពួកគាត់ក្នុងការខ្ចីកម្ចីឥណទាននេះ គឺយកទៅសងបំណុលចាស់ ។ ចំនួនជិតបីភាគបួននៃពួកគាត់ដែលជាប់ជំពាក់កម្ចីឥណទានខ្នាតតូច ត្រូវកាត់បន្ថយការបរិភោគអាហារ ដើម្បីសន្សំប្រាក់ទុកសងបំណុលដែលបានខ្ចី ។
អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា ដែលរបាយការណ៍នេះស្រង់សំដីបាន និយាយថា “កម្មករ កម្មការិនី រោងចក្រកាត់ដេរ ខិតខំធ្វើការងារយ៉ាងខ្លាំង ដើម្បីមានលទ្ធភាពផ្គត់ផ្គង់អាហារបរិភោគដល់ក្រុមគ្រួសាររបស់ពួកគាត់” ។ អ្នកស្រីបន្ថែមថា “ពេលនេះ ពួកគាត់ស្ទើរតែមិនអាចមានលទ្ធភាពចិញ្ចឹមខ្លួនឯង ។ ប្រសិនបើគ្មានកម្មវិធីសម្រាលបន្ទុកបំណុល ឬកិច្ចគាំពារផ្នែកសង្គមទេ បារម្ភថា បញ្ហាទាំងនេះ នឹងនាំឱ្យពួកគាត់ជួបការលំបាកកាន់តែខ្លាំងឡើងៗ” ។
ទោះជាយ៉ាងណា ក្នុងអំឡុងកូវិដ ១៩នេះ ក្រសួងការងារ និងរាជរដ្ឋាលប្រកាសត្រួតពិនិត្យ សកម្មភាពនៃសង្វាក់ផលិតកម្មនៅគ្រប់រោងចក្រទូទាំងប្រទេសកម្ពុជាដើម្បីជួយសម្រួលផលលំបាករបស់ក្រុមហ៊ុនក្នុងអំឡុងកូវិដ។ ជាមួយនេះ រាជរដ្ឋាភិបាល បានសម្រេចជួយឧបត្ថម្ភកម្មករ ដែលរោងចក្រពួកគេត្រូវ បានព្យួរឬបិទ នូវ៤០ភាគរយ ។ ចំណែក ក្រុមហ៊ុនរោងចក្រចេញចំណាយ៦០ភាគរយ។ ជាមួយគ្នា រាជរដ្ឋាភិបាល បានសម្រេច ជួយពលរដ្ឋក្រីក្រ ចំនួន ៥៦ម៉ឺនគ្រួសារ នៅទូទាំងប្រទេស ដោយចំណាយ ជិត២៥លានដុល្លារ ក្នុងមួយខែ។ ក្រៅពីនេះ រាជរដ្ឋាភិបាលក៏សម្រេចបញ្ចេញថវិកា ជួយទៅវិស័យឯកជន និងធនាគារ ដើម្បីជួយសម្រាលបំណុល របស់កូនបំណុលផងដែរ។ ប៉ុន្តែអ្នកសង្កេតការណ៍ មួយចំនួន យល់ថា នៅតែមិនគ្រប់គ្រាន់ ដោយសារជំនួយរបស់រដ្ឋាភិបាល ធ្លាក់យឹតជាងស្ថានភាពមកដល់។
ក្នុងអំឡុងកូវិដនេះ សហគមន៍អន្តរជាតិ បានផ្ដល់ប្រាក់ជំនួយច្រើនសិបលានដុល្លារ ជួយកម្ពុជា សម្រាប់ ដោះបន្ទុក វិបត្តិសង្គមនិងសេដ្ឋកិច្ច។ សហភាពអឺរ៉ុប សហរដ្ឋអាមេរិក ជប៉ុន និងប្រទេសចិន ឈានមុខគេ ក្នុងការជួយកម្ពុជា។
អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ កម្មករ កម្មការិនី រោងចក្រកាត់ដេរគឺជាកម្លាំងចលករយ៉ាងសំខាន់នៅពីក្រោយការលូតលាស់សេដ្ឋកិច្ចនៅប្រទេសកម្ពុជា ។ អ្នកទាំងនោះគួរតែទទួលបានជម្រើសល្អមួយ ប្រសើរជាងការបាត់បង់លំនៅដ្ឋាន ភាពអត់ឃ្លាន ការបាត់បង់ដីធ្លី ឬការជំពាក់បំណុលវ័ណ្ឌកនេះ ។នេះ ជាការយល់ឃើញ របស់សង្គមស៊ីវិលទាំង៣នេះ ដែលកត់ត្រានៅក្នុងរបាយការណ៍រួមគ្នានេះ៕