មេដឹកនាំសមាគមអាស៊ានបាននិយាយថាច្បាប់សមុទ្រឆ្នាំ១៩៨២គឺជាមូលដ្ឋានគ្រឹះនៃសិទ្ធិដែនអធិបតេយ្យភាពនៃដំណោះស្រាយជម្លោះសមុទ្រចិនខាងត្បូង។
សេចក្ដីថ្លែងការណ៍របស់វៀតណាម តំណាងឱ្យសមាគមអាស៊ាន ព្រោះពេលនេះវៀតណាមជាប្រធាននៃប្រជាជាតិមួយនេះពាក់ព័ន្ធនឹងការប្រកាន់ជំហរឆ្លើយតបឱ្យបានរឹងមាំចំពោះមហិច្ឆតារបស់ចិនកំពុងវាតទីនៅតំបន់សមុទ្រចិនខាងត្បូងនោះគឺជាការកត់សម្គាល់លើកដំបូងជាថ្មីម្ដងទៀតនៃមេដឹកនាំអាស៊ានប្រកាន់ជំហររួមគ្នាករណីសមុទ្រចិនខាងត្បូងសេចក្ដីថ្លែងការណ៍ចេញដោយសាធារណរដ្ឋសង្គមនិយមវៀតណាមបន្ទាប់ពីបិទប្រជុំកំពូលអាស៊ានលើកទី៣៦កាលពីថ្ងៃទី២៦មិថុនាដែលឆ្នាំនេះវៀតណាមគឺជាប្រធានបន្ដវេននៃសមាគមនេះ។
កិច្ចប្រជុំកំពូលនេះត្បិតអីមិនបានធ្វើឡើងដោយផ្ទាល់ទេ ដោយសារស្ថានភាពនៃមេរោគកូរ៉ូណានោះ គឺវៀតណាមបានត្រួសត្រាយឱ្យមានកិច្ចប្រជុំតាមរយៈវីឌីអូconferenceប៉ុន្ដែរបៀបវារៈនៃកិច្ចប្រជុំនេះមនចំនួនច្រើនយ៉ាងណាបញ្ហាជម្លោះសមុទ្រចិនខាងត្បូងបានក្លាយជារបៀបវារៈលេចធ្លោជាងគេនៅដំណាក់កាលចុងក្រោយនេះ។
សេចក្ដីថ្លែងការណ៍របស់សាធារណរដ្ឋសង្គមនិយមវៀតណាមក្នុងនាមសមាគមអាស៊ានទាំងមូលបានបញ្ជាក់ដូចនេះថាយើងសូមអះអាងថាច្បាប់សមុទ្រឆ្នាំ១៩៨២គឺជាមូលដ្ឋានតែមួយគត់នៃការកំណត់ដំណោះស្រាយជម្លោះដែនសមុទ្រនៃរដ្ឋអធិបតេយ្យក្នុងការបង្ហាញសិទ្ធិអធិបតេយ្យភាពអំណាចដែនដីនឹងអត្ថប្រយោជន៍នៃរដ្ឋសមាជិកអាស៊ាន។
មេដឹកនាំនៃសមាគមអាស៊ានដែលយោងលើអនុសញ្ញាអន្ដរជាតិអង្គការសហប្រជាជាតិនេះពាក់ព័ន្ធនឹងច្បាប់សមុទ្រឆ្នាំ១៩៨២គឺជាកិច្ចព្រមព្រៀងអន្ដរជាតិក្នុងការបញ្ជាក់អំពីសិទ្ធិនៃប្រទេសនីមួយៗដែលមានសិទ្ធិក្នុងការគ្រប់គ្រងដែនទឹករបស់ខ្លួនឬគេហៅថាតំបន់សេដ្ឋកិច្ចពិសេសនៃតំបន់ដែនសមុទ្រ។វៀតណាម ហ្វីលីពីន ឥណ្ឌូនេស៊ី ត្រូវបានមើលឃើញថាជាប្រទេសបី ក្នុងចំណោមសមាជិកអាស៊ាន១០ឈានមុខគេនៅពេលនេះជម្រុញឱ្យមានកម្លាំងរួមគ្នាទប់ទល់នឹងឥទ្ធិពលរបស់ចិននៅក្នុងតំបន់ដេលក្រុងប៉េកាំងបានបង្ហាញមហិច្ឆតារបស់ខ្លួនវាតទីកាន់កាប់កោះជាច្រើនទៀតនៅសមុទ្រចិនខាងត្បូង។
សេចក្ដីថ្លែងការណ៍របស់សមាគមអាស៊ានដែលវៀតណាមខ្លួនឯងដែលអះអាងថាជាសេចក្ដីថ្លែងការណ៍របស់សមាគមនោះបានសង្កត់ធ្ងន់អំពីច្បាប់សមុទ្រអន្ដរជាតិឆ្នាំ១៩៨២ត្រូវបានមើលឃើញថា គឺជាឧបករណ៍តែងមួយគត់ក្នុងការទាញឱ្យប្រទេសចិនពិនិត្យមើលច្បាប់នេះឡើងវិញមុននឹងធ្វើសេចក្ដីសម្រេចក្នុងការចូលកាន់កាប់កោះទាំងឡាយនៅសមុទ្រចិនខាងត្បូងតែយ៉ាងណាក៏ដោយប្រទេសក្នុងតំបន់អាស៊ានមួយចំនួនត្រូវបានមើលឃើញថា នៅតែក្រោមឥទ្ធិពលប្រទេសចិនដោយមូលហេតុផ្នែកពាណិជ្ជកម្ម សេដ្ឋកិច្ច និង ជាកូនបំណុលប្រទេសចិន ។ក្នុងន័យនេះក្របប្រតិបត្តិសមុទ្រដែលអាស៊ានព្យាយាមតាក់តែងឡើងដើម្បីបង្ខំចិនឱ្យចូលរួមនៃឯកសារនេះផងដែរ គឺមកដល់ពេលនេះពុំទាន់ចេញជារូបរាងនោះទេដែលអ្នកសង្កេតការណ៍ខ្លះមើលឃើញថាជំហរអាស៊ានគ្មានលក្ខណៈរួមគ្នាពិតប្រាកដក្នុងការទប់ទល់ ឥទ្ធិពលរបស់ចិននោះ ។
បើតាមសារព័ត៌មានindia today.in មកដល់ពេលនេះ មិនទាន់ឃើញទីក្រុងប៉េកាំងប្រតិកម្មនៅឡើយនោះទេចំពោះសេចក្ដីថ្លែងការណ៍ដែលវៀតណាមបានបង្ហោះដូចនេះ ប៉ុន្ដែអ្នកការទូតប្រជាជាតិអាស៊ីអាគ្នេយ៍មួយចំនួនបានប្រាប់សារព័ត៌មានassociate PRESSថា សេចក្ដីថ្លែងការណ៍នេះបានបង្ហាញកម្លាំងរួមជាថ្មីម្ដងទៀតនៃមេដឹកនាំអាស៊ានដែលព្រមឱ្យវៀតណាមជាអ្នកចេញសេចក្ដីថ្លេងការណ៍ឆ្លើយតបនឹងស្ថានភាពនៃសមុទ្រចចិនខាងត្បូង។
ប៉ុន្ដែអ្នកសង្កេតការណ៍នៅតែមើលឃើញថា ភាគីចិននឹងទំនងមិនខ្លបខ្លាចសមាគមអាស៊ានខ្លាំងក្លានោះទេ គឺសូម្បីតែសាលក្រមនៃមជ្ឈត្តិការអន្ដរជាតិឆ្នាំ២០១៦ផ្ដល់សិទ្ធិអំណាចឱ្យប្រទេសហ្វីលីពីនកាន់កាប់ប្រជុំកោះមួយចំនួននៅតំបន់សមុទ្រចិនខាងត្បូង ក៏ទីក្រុងប៉េកាំងមិនបានក្លាយញញើតនឹង សាលក្រមនេះឡើយហើយផ្ទុយទៅវិញ ក្រុងប៉េកាំងបានបង្ខំឱ្យហ្វីលីពីនសម្រប សម្រួលនឹងទីក្រុងប៉េកាំងទៅវិញទេ។
តំបន់សមុទ្រចិនខាងត្បូងមានផ្ទៃក្រឡា ៣លានគីឡូម៉ែត្រក្រឡានិងមានកោះទាំងតូចទាំងធំ២៥០កោះ។តំបន់នេះធ្លាក់ក្នុងជម្លោះជាមួយចិនជាង១០ឆ្នាំមកហើយ ប្រទេសចិនបានចូលកានកាប់តំបន់នោះដោយឯកត្តោភាគីដោយសារតែឥទ្ធិពលកងទ័ពរបស់ខ្លួនដែលរហូតមកដល់ពេលនេះចិនមិនត្រឹមតែកានកាប់ដែនកោះនៃប្រទេសជិតខាងនោះទេគឺបានស្ថាបនាកោះសិប្បនិម្មិតចំនួន១៣កោះរួចទៅហើយ។កោះសិប្បនិម្មិតនោះជាលានដ្ឋានកងទ័ពរបស់ប្រទេសចិន។សម្រាប់វៀតណាមនិងហ្វីលីពីននៅឆ្នាំនេះជាប្រទេសរងគ្រោះជាងគេដោយទូកល្បាតរបស់ឆ្មាំសមុទ្រចិនបានបុកពន្លិចទូកនេសាទរបស់វៀតណាមនិងហ្វីលីពីនហើយចាប់ខ្លួនអ្នកនេសាទទាំងនោះឃុំខ្លួនទៀតផង។វៀតណាមបានតវ៉ាជាខ្លាំងបង្ខំឱ្យចិនដោះលែងអ្នកនេសាទរបស់ខ្លួន៨នាក់ត្រឡប់មកវិញហើយបានគម្រាមថា នឹងប្ដឹងចិនទៅតុលាការយុត្តិធម៌អន្ដរជាតិដើម្បីឱ្យចិនគោរពច្បាប់សមុទ្រអន្ដរជាតិឆ្នាំ១៩៨២។
មកដល់ពេលនេះទាំងប្រទេសវៀតណាមនិងហ្វីលីពីនសូម្បីតែកោះតៃវ៉ាន់ដែលមិនមែនជាផ្នែកមួយនៃសមាគមអាស៊ានបបានបញ្ចេញកងទ័ពពួកគេឱ្យល្បាតខណៈមានសេចក្ដីរាយការណ៍មកថាចិននឹងធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំជាថ្មីទៀតនៅខែសីហាដើម្បីគានក់ាប់កោះមួយចំនួនទៀតនៅតំបន់នោះ។
យ៉ាងណាសហរដ្ឋអាមេរិកជប៉ុនក៏ត្រៀមធ្វើសមយុទ្ធយោធានៅតំបន់នោះផងដែរ ដោយប្រទេសពីរនេះចាត់ទុកថាតំបន់សមុទ្រចិនខាងត្បូងគឺជាផ្លូវនាវាចរណ៍អន្ដរជាតិ។ការព្រមានមួយបានកើតឡើងដោយអ្នកសង្កេតការណ៍អំពីជម្លោះសមុទ្រចិនខាងត្បូងថាពេលនេះតំបន់សមុទ្រចិនខាងត្បូងឋិតក្នុងភាពផុយស្រួយជាខ្លាងនៃដំណើរឆ្ពោះទៅរកសង្គ្រាមក្នុងតំបន់ដែលចិនអាចក្លាយជាប្រទេសនាំមុខគេក្នុងការបើកសមរភូមិសង្គ្រាមហើយសម្រាប់សហរដ្ឋអាមេរិកទំនងនឹងមិនបណ្ដោយឱ្យចិនគ្រប់គ្រងដែនទឹកនោះទាំងមូលបានឡើយ៕
ដោយ៖ ពៅនិកា