en     km
en     km

សំឡេងសហជីពនិងកម្មករ៖និយោជកមួយចំនួនឆ្លៀតឱកាសកូវីដបញ្ឈប់និងដាក់សម្ពាធឱ្យកម្មករលាលែងពីការងារ

Share

កម្ពុជាដែលប្រឈមនឹងឥទ្ធិពលជំងឺកូវីដ១៩បានបង្កឱ្យកម្មករនិយោជិតរកស៊ីលើវិស័យកាត់ដេរកំពុងតែរងផលវិបាកពីភាពឥតការងារធ្វើតាមរយៈការបញ្ឈប់ពីការងារឬការដាក់សម្ពាធឱ្យលាលែង។ជាពិសេសនោះរូបភាពនេះកើតមានលើកម្មការិនីដែលកំពុងមានផ្ទៃពោះ។សហជីពមួយចំនួននៅកម្ពុជាកំពុងពាំនាំរឿងនេះទៅប្រាប់អ្នកបញ្ជាទិញខណៈអស់ជំនឿនឹងនិយោជក ស្របពេលដែលក្រសួងការងារទំនាក់ទំនងមិនបាន។

កញ្ញា ឆោម ពៅនិការាយការណ៍ពីព័ត៌មាននេះ៖

កូវីដបានធ្វើឱ្យរអាក់រអួលសង្វាក់ផលិតកម្មការងារនៅកម្ពុជាពោលគឺត្រឹមពាក់កណ្ដាលខែឧសភារោងចក្រដែលកំពុងព្យួរការងារមានចំនួន២៣៧រោងចក្រដែលបានប៉ះពាល់ដល់កម្មករ កម្មការិនីខ្មែរជាង១១ម៉ឺននាក់។បែបនេះរដ្ឋាភិបាលកម្ពុជា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក៏បញ្ចេញវិធានការក្នុងការឧបត្ថម្ភចំនួន២០ភាគរយនៃប្រាក់ឈ្នួលអប្បបរមាទន្ទឹមនឹងថៅកែជួយ៦០ភាគរយ។តែបែបនេះក្ដីរោងចក្រមួយចំនួនដែលពុំព្យួរការងារបែរជាផ្ទុះឡើងនូវ​​ពាក្យចចាមអារាមថាមានបញ្ចប់កុងត្រាកម្មករដោយពីរជម្រើសគឺដាក់ពាក្យលាឈប់និងឱ្យក្រុមហ៊ុនបញ្ឈប់។

ករណីនេះវិទ្យុស្រ្ដីបានសម្ភាសកម្មការិនីម្នាក់ឈ្មោះថាចាន់ធី។កញ្ញារូបនេះបានសុំលាក់អត្តសញ្ញាណមិត្តរបស់ខ្លួនដែលកំពុងមានផ្ទៃពោះហើយត្រូវបានក្រុមហ៊ុនហៅទៅបញ្ចប់កិច្ចសន្យាការងារ៦ខែ ហើយមិត្តរបស់គាត់បានជ្រើសរើសជម្រើសដាក់ពាក្យឈប់ព្រោះក្រុមហ៊ុនបានបញ្ចុះបញ្ចូលពីអត្ថប្រយោជន៍ប្រសើរជាងការឱ្យក្រុមហ៊ុនរោងចក្របញ្ឈប់ព្រោះវាប៉ះពាល់ដល់ប្រវត្តិការងារ។

សំឡេងចាន់ធីទី១

កម្មការិនីរូបនេះថា ក្រុមហ៊ុនបានហៅកម្មករមកប្រាប់ថាខ្លួនគ្មានលទ្ធភាពផ្គត់ផ្គង់ឱ្យកម្មករនោះទេអំឡុងពេលកូវីដ១៩នេះតែបើចប់កូវីដរោងចក្រនឹងហៅមកធ្វើការវិញ។

ក្រោយពីការដាក់ពាក្យលាឈប់ក្នុងស្ថានភាពប្រកបដោយសម្ពាធបែបនេះចាន់ធីរៀបរាប់ត្រួសពីកិច្ចការដែលពួកគេធ្វើបន្ទាប់៖

សំឡេងចាន់ធីទី២

ជុំវិញបញ្ហានេះលោកប៉ាវស៊ីណា ប្រធានសហជីពចលនាកម្មករបានទទួលព័ត៌មានច្រើនពីកម្មកររោងចក្រនៅខេនថឺរ៉េន យូនី នៅខេត្តស្វាយរៀង ដែលកាលពីថ្ងៃទី២៧ស្រ្ដីពោះធំជាច្រើននាក់ត្រូវបានក្រុមហ៊ុនបញ្ចប់កុងត្រា។លោកថាសហជីពរបស់លោកកំពុងតែនិយាយនឹងដៃគូអ្នកបញ្ជាទិញដើម្បីពិនិត្យលើលក្ខខណ្ឌការងារអ្នកបញ្ជាទិញព្រោះនិយោជកបានប្រើប្រាស់ឱកាសកូវីដ១៩ជាទ្រង់ទ្រាយបញ្ចប់កិច្ចសន្យាការងាររបស់ពួកគេទៅហើយ។ពោលក្នុងឱកាសនៃជំងឺកូវីដនេះ ព្រោះគ្មានអ្នកបញ្ជាទិញបញ្ចប់កិច្ចសន្យាកម្មករដើម្បីចម្រាញ់យកកម្មករទាំងឡាយណាដែលស្ដាប់បង្គាប់ក្រុមហ៊ុនតែប៉ុណ្ណោះនិងដើម្បីជួយបញ្ជៀសការព្យួរការងារដែលរោងចក្រ ទទួលបន្ទុក៤០ភាគរយនៃការឧបត្ថម្ភកម្មករកម្មារិនីអំឡុងស្ថានភាពបែបនេះ។

សំឡេងលោកប៉ាវស៊ីណា

លោកប៉ាវស៊ីណាថាមានទាំងករណីតំណាងសហជីពម្នាក់ជាស្រ្ដីនៅរោងចក្រកាបូប នៃក្រុមហ៊ុនទូលីបចរចាមិនត្រូវនឹងនិយោជកហើយក៏បង្ហោះរឿងរ៉ាវក្នុងហ្វេសប៊ុកថាផ្ទុយពីសេចក្ដីសម្រេចរដ្ឋាភិបាលក្រសួងការងារដោយបញ្ឈប់ការងារកម្មករនិងជាពិសេសស្រ្ដីមានផ្ទៃពោះតែទីបំផុតនៅថ្ងៃទី០២ខែមេសាកម្មកររូបនោះត្រូវបាននិយោជកប្ដឹងទៅតុលាការឃុំខ្លួនកម្មកររូបនោះដោយមិនធ្វើឡើងតាមនីតិវិធីវិវាទការងារ។

ទាក់ទិននឹងបញ្ហាទាំងអស់នេះវិទ្យុស្រ្ដីបានព្យាយាមទាក់ទងសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងការងារពីរនាក់ដោយម្ដងប្រាប់ថារវល់ម្នាក់ទៀតមិនលើកទូរស័ព្ទ។

បែបនេះក្ដីបើតាមច្បាប់ស្ដីពីការងារឆ្នាំ១៩៩៧មាត្រា៧៣ការរំលាយកិច្ចសន្យាដែលមានថេរវេលាកំណត់ដោយកាលឆន្ទៈរបស់និយោជកតែឯកឯងមុនកាលកំណត់លើកឡើងតែករណីប្រធានស័ក្កឬកំហុសធ្ងន់ធ្ងរគឺបើកសិទ្ធិឱ្យកម្មករនិយោជិតទទួលជំងឺចិនយ៉ាងតិចនូវចំនួនស្មើនឹងប្រាក់ឈ្នួលដេលកម្មករនិយោជិតត្រូវបានទទួលរហូតដល់ចប់កិច្ចសន្យា។ប៉ុន្ដែបើ​សិន​ជា​និយោជិត​ជា​អ្នក​លាឈប់​មុន​កាលកំណត់​វិញ ហើយនិយោជិកយល់ព្រមគឺមិនមាន ការជួសជុល​រាល់​ការ​ខូចខាត ដែល​​បង្កឡើង​ដោយ​និយោជិត ចំពោះការលាឈប់នេះទេ។

ផ្ទុយទៅវិញនៅពេលដែលកិច្ចសន្យាដល់ពេលបញ្ចប់និយោជកត្រូវផ្ដល់ឱ្យកម្មករនិយោជិតនូវប្រាក់បំណាច់បញ្ចប់កិច្ចសន្យានោះដែលសមាមាត្រនឹងប្រាក់ឈ្នួលផងសមាមាត្រនិងថិរវេលានៃកិច្ចសន្យាដែលមានចែងនៅអនុសញ្ញារួមតែបើពុំមានចែងទេគឺប្រាក់បំណាច់នោះយ៉ាងតិចត្រូវស្មើប្រាំភាករយនៃប្រាក់ឈ្នួលដែលបើកក្នុងរយៈពេលនៃកិច្ចសន្យា។

បើតាមសមាគមរោងចក្រកាត់ដេរហៅកាត់ថាGMACវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងបានផ្តល់ការងារដោយផ្ទាល់ដល់ប្រជាពលរដ្ឋប្រមាណ៧០ម៉ឺននាក់ដែលជាង៨៥%ជាស្រ្តីមកពីបណ្តាខេត្តជនបទ៕

Share

ព័ត៌មានទាក់ទង

Image