(ភ្នំពេញ)៖ រយៈពេល ៥ខែ ឆ្នាំ២០២០នេះ អ្នកដែលបានជាសះស្បើយពីគ្រឿងញៀនមានចំនួនជាង ២ពាន់នាក់ ខណៈអ្នកកំពុងបន្តសម្រាកព្យាបាលមានចំនួនជិត ៤ពាន់នាក់។ នេះទំនងជាការបង្ហាញថាអត្រាអ្នកញៀនថ្នាំនៅកម្ពុជា បានទទួលការសម្រាកព្យាបាលជាសះស្បើយបានច្រើន ហើយមកដល់ពេលនេះថ្វីត្បិតតែមណ្ឌលកែប្រែ អ្នកស្តារនីតិសម្បទាមិនបានបិទតាមសេចក្តីស្នើរបស់ស្ថាប័នអន្តរជាតិចំនួន១៣ក៏ពិតមែន មកដល់ពេលនេះក៏មិនទាន់មានអ្នកផ្ទុកកូវីត១៩ នៅមណ្ឌលនោះដែរ។
កញ្ញា អ៊ុំ ច័ន្ទលក្ខិណា ជូនសេចក្តីរាយការណ៍៖
នៅក្នុងរយៈពេលដើម៥ខែ ឆ្នាំ២០២០នេះ យ៉ាងហោចណាស់មានអ្នកជាសះស្បើយពីគ្រឿងញៀន សរុប២.៥៣៣នាក់, អ្នកកំពុងស្នាក់នៅបន្តព្យាបាលក្នុងមណ្ឌលមានចំនួន៣.៩៦៨នាក់ និងអ្នកដែលកំពុងទទួលយកសេវាព្យាបាលនៅតាមមូលដ្ឋាន សុខាភិបាល ក្នុងរាជធានីភ្នំពេញ មានចំនួន ១.៨៤៦នាក់។ នេះគឺជាការលើកឡើងរបស់ លោក កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់។
ការថ្លែងបែបនេះបានធ្វើឡើងកាលព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ នៅក្នុងឱកាសដែលលោកបានអញ្ជើញ ជាអធិបតីភាពក្នុងទិវាអន្តរជាតិប្រយុទ្ធនឹងគ្រឿងញៀន និងការដុតបំផ្លាញគ្រឿងញៀនជាង៤៧៧គីឡូក្រាម ដែលបង្ក្រាបបានពីរាជធានី-ខេត្តចំនួន៤ រួមមាន៖ រាជធានីភ្នំពេញ, ខេត្តកណ្តាល, ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ។
លោក កែ គឹមយ៉ាន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «នៅក្នុងរយៈពេលដើម ៥ខែនេះ យើងបានធ្វើសមាហរណកម្មអ្នកជាសះស្បើយពីគ្រឿងញៀនចូល-ចេញពីមណ្ឌលរបស់រដ្ឋ និងឯកជនសរុបចំនួន ២.៥៣៣នាក់, អ្នកកំពុងស្នាក់នៅបន្តព្យាបាលក្នុងមណ្ឌលមានចំនួន ៣.៩៦៨នាក់ និងអ្នកដែលកំពុងទទួលយកសេវាព្យាបាលនៅតាមមូលដ្ឋានសុខាភិបាល ក្នុងរាជធានីភ្នំពេញ មានចំនួន ១.៨៤៦នាក់»។
យោងតាមអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា កម្ពុជាមានមណ្ឌលបណ្តោះអាសន្នសម្រាប់ព្យាបាល និងបន្សាបគ្រឿងញៀនចំនួន ១៧ កន្លែងនៅទូទាំងប្រទេសក្នុងនោះមាន ១០ កន្លែងជារបស់រដ្ឋ ៣ កន្លែងជារបស់ឯកជន និង ៤ ជារបស់អង្គការ។ ប៉ុន្តែសេវាសម្រាប់ពិនិត្យព្យាបាលផ្លូវចិត្ត និងភាពញៀនគ្រឿងញៀនមានចំនួន ៤៥១ កន្លែងនៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពទូទាំងប្រទេស។
ជាមួយគ្នានេះដែរ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានលើកឡើងថា ទោះបីកម្ពុជាមានបញ្ហាវិបត្តិជំងឺកូវីដ-១៩ក្តី ក្នុងរយៈពេល ៥ខែនេះអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងមន្ត្រីពាក់ព័ន្ធបានធ្វើការផ្សព្វផ្សាយ អប់រំ គ្របដណ្តប់អ្នកបានទទួលសារចំនួនជាង ២លាន ១សែននាក់។ បើទោះបីស្ថានភាពជំងឺកូវីដ-១៩ បាននិងកំពុងនៅបន្តរាលត្បាតនោះរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅតែបន្តពង្រឹងនូវការអនុវត្តនូវទិសដៅជាយុទ្ធសាស្រ្តសំខាន់ៗរបស់ខ្លួនឱ្យកាន់ តែសកម្ម និងផុលផុសថែមទៀត ពិសេសគឺការអនុវត្តនូវផែនការជាតិ ០៥ឆ្នាំ ស្តីពីការត្រួតពិនិត្យ គ្រឿងញៀន (២០១៨-២០២៣)។
ទាក់ទិនទៅនឹងបញ្ហានេះ កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០កន្លងទៅស្ថាប័នអន្តរជាតិចំនួន១៣បានធ្វើសេចក្តីថ្លែងការណ៍ស្នើឲ្យបិទមណ្ឌលកែប្រែអ្នកញៀនថ្នាំដើម្បីជាការការពារកុំឲ្យមានការប្រឈមនឹងការឆ្លងនៃជំងឺកូវីត១៩ និងការរំលោភសិទ្ធិរបស់អ្នកដែលស្ថិតនៅក្នុងមណ្ឌលកែប្រែអ្នកញៀនថ្នាំ។ នៅក្នុងធ្វើការដាក់សង្កត់ធ្ងន់ថា អ្នកដែលស្ថិតនៅមណ្ឌលឃុំឃាំង និងស្ដារនីតិសម្បទា អ្នកគ្រឿងញៀនគឺជាក្រុមមានហានិភ័យក្នុងការឆ្លងវីរុសដ៏កំណាចមួយនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍នេះបានដាក់ញាត្តិថា ក្នុងគ្រាអាសន្នផ្នែកសុខភាពសកលនេះ ស្ថាប័នអង្គការសហប្រជាជាតិអំពាវនាវជាថ្មីដល់រដ្ឋសមាជិកនានាដែលប្រតិបត្តិការមណ្ឌលឃុំឃាំង និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀនជាកំហិតសូមឲ្យបិទទីតាំងទាំងនោះដោយគ្មានការពន្យារពេលតទៅទៀត ដើម្បីដោះលែងអ្នកជាប់ឃុំដែលជាវិធានការបន្ថែមក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ និងទប់ស្កាត់ការឃុំឃាំងតាមគ្រប់រូបភាព ហើយពួកគេត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយរដ្ឋសមាជិកនានាក្នុងការបិទមណ្ឌលទាំងនេះជាអចិន្រៃ្តយ៍ និងប្រែក្លាយវាឲ្យទៅជាប្រព័ន្ធភ័ស្តុតាងដែលមានព័ត៌មានគ្រប់គ្រាន់នៃការព្យាបាលតាមសហគមន៍តាមគោលការណ៍ស្ម័គ្រចិត្ត។
តែយ៉ាងណានាយឧត្តមសេនីយ៍ ខៀវ សុភ័ក្រ្ត អ្នកនាំពាក្យក្រសួងមហាផ្ទៃបានបង្ហើបប្រាប់វិទ្យុស្រ្តីនៅថ្ងៃទី០៣ ខែមិថុនាថា កម្ពុជានៅកំពុងពិចារណាទៅលើបញ្ហានេះ ហើយព្យាយាមដោះស្រាយ និងការពារទៅតាមរបៀបបែបបទផ្សេងទៀត។
—-សំលេង——-
ទោះបីជាបែបនេះក្តី លោក កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់បានអះអាងថា ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៥ ឆ្នាំ២០២០ ការបន្តដំណើរការលុបបំបាត់ឱ្យបានទាំងស្រុងនូវការចែកចាយ ជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅតាមទីកន្លែងកម្សាន្តសប្បាយ ការយកចិត្តទុកដាក់បង្ការ ទប់ស្កាត់មិនឱ្យជំងឺកូវីដ-១៩ ឆ្លងរាលត្បាតចូលទៅក្នុងមជ្ឈមណ្ឌលព្យាបាល ស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន និងពន្ធនាគារ, ការចូលរួមកសាងភូមិ ឃុំ សង្កាត់ ស គ្មានគ្រឿងញៀន នៅតាមព្រំដែន, ការបន្តចូលរួមសហការជាមួយប្រទេសជាប់ព្រំដែន ប្រទេសក្នុងតំបន់ អង្គការជាតិ អន្តរជាតិ ជាដៃគូក្នុងគោលបំណងប្រយុទ្ធប្រឆាំងគ្រឿងញៀន ឱ្យមានប្រសិទ្ធភាព ស្របទៅតាមបរិបទនៃការឆ្លងរាលត្បាតជាសកលនៃជំងឺកូវីដ-១៩។
ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងាដែលបានខិតខំប្រឹងប្រែងក្នុងពេលកន្លង មកនេះ ទាំងលើការងារផ្សព្វផ្សាយអប់រំ, ការងារអនុវត្តច្បាប់, ការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន, ការពង្រឹងយន្តការត្រួតពិនិត្យគ្រឿងញៀនទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ, ការរៀបចំ និងចាត់ចែងមូលនិធិជាតិ សម្រាប់ការប្រយុទ្ធ ប្រឆាំងគ្រឿងញៀន, ការចលនាឱ្យមានការចូលរួម និងគាំទ្រពីវិស័យឯកជនការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ អន្តរជាតិជា មួយប្រទេសក្នុងតំបន់ និងអន្តរជាតិ ការកំពុងដំណើរការលុបបំបាត់ឱ្យបានទាំងស្រុងនូវការចែកចាយជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅតាមទីកន្លែងកម្សាន្តសប្បាយដែលទាំងនេះ គឺជាលទ្ធផល និងសកម្មភាពឆ្លើយតបដែលយើងបាននឹងកំពុងអនុវត្តយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា។
ជាមួយគ្នានេះលោក កែ គឹមយ៉ាន ក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធ ជាពិសេសប្រជាពលរដ្ឋនៅតាមមូលដ្ឋានទូទាំងប្រទេសកម្ពុជា ចូលរួមរាយការណ៍ ផ្តល់ព័ត៌មានដល់សមត្ថកិច្ច ដើម្បីចូលរួមលុបបំបាត់ការជួញដូរ ការចែកចាយ និងការប្រើប្រាស់គ្រឿង ជាពិសេសសូមកុំខ្លាចចំពោះការរាយការណ៍បទល្មើសគ្រឿងញៀនឱ្យសោះ ដើម្បីជាសំណាញរួមគ្នាបង្ក្រាប ទប់ស្កាត់បទល្មើសគ្រឿងញៀននៅតាមមូលដ្ឋានផងដែរ៕
អត្ថបទដោយ អ៊ុំ ច័ន្ទលក្ខិណា