en     km
en     km

តុលាការបារាំងចោទលោកសមរង្ស៊ីតាមបណ្តឹងសម្តេចហ៊ុនសែនតែលោកសមរង្ស៊ីថាជាឱកាសរបស់លោកហើយ

Share

(ភ្នំពេញ)៖ តុលាការបារាំងបានសម្រេចចោទប្រកាន់លោក សម រង្ស៊ី ប្រធានអតីតគណបក្សសង្គ្រោះជាតិពីបទបរិហារកេរ្តិ៍ជាសាធារណៈ ចំពោះបុគ្គលតាមបណ្ដឹងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ឌី វិជ្ជា ជុំវិញការចោទប្រកាន់សម្តេច ហ៊ុន សែន ថាជាអ្នកបញ្ជាឱ្យមានការសម្លាប់លោក ហុក ឡង់ឌី អតីតស្នងការនគរបាលជាតិ។តែសម្រាប់លោកសមរង្ស៊ីថា នេះឱកាសដែលត្រូវលាតត្រដាងសំណុំរឿងផ្សេងៗច្រើនទៀត។

នាងខ្ញុំ អ៊ុំ ច័ន្ទលក្ខិណា ជូនសេចក្តីរាយការណ៍៖

ផ្អែកទៅតាមសេចក្តីជូនដំណឹងរបស់មេធាវីរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលវិទ្យុស្រ្តីទទួលបាននៅថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២០ បានឲ្យដឹងថា តុលាការបារាំងបានសម្រេចចោទប្រកាន់លោក សម រង្ស៊ី ប្រធានអតីតគណបក្សសង្គ្រោះជាតិពីបទបរិហារកេរ្តិ៍ជាសាធារណៈចំពោះបុគ្គលតាមបណ្ដឹងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ឌី វិជ្ជា ជុំវិញការចោទប្រកាន់សម្តេច ហ៊ុន សែន ថាជាអ្នកបញ្ជាឱ្យមានការសម្លាប់លោក ហុក ឡង់ឌី អតីតស្នងការនគរបាលជាតិ។

នៅក្នុងសេចក្តីជូនដំណឹងកម្រាស់ពីរទំព័រ ដែលសរសេរជាភាសាបារាំង បកប្រែជាភាសាខ្មែរដោយមេធាវីរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានន័យសេចក្តីដើមយ៉ាងដូច្នេះថា៖ កាលពីថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ ២០២០ បុគ្គលឈ្មោះ សម រង្សី ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការចោទប្រកាន់អំពីបទបរិហាកេរ្តិ៍ជាសាធារណៈលើបុគ្គល តាមការសម្រេចរបស់ចៅក្រមស៊ើបសួរនៃតុលាការព្រហ្មទណ្ឌនៃទីក្រុងប៉ារីស។ ការចោទប្រកាន់នេះ គឺត្រូវបានធ្វើឡើងចំពោះគ្រប់ពាក្យសម្តីចោទប្រកាន់ទាំងអស់ដែលបានលើកឡើងក្នុងពាក្យបណ្តឹងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាកំពុងកាន់តំណែងចុះថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០១៩។ ចៅក្រមស៊ើបសួរបារាំង បានចាត់ទុកថាមានតម្រុយ និងភស្តុតាងគ្រប់គ្រាន់ និងស៊ីសង្វាក់ ដែលអាចបញ្ជាក់ថាបុគ្គល សម រង្សី មិនបានធ្វើការជំទាស់នឹងពាក្យសម្តីរបស់ខ្លួនដែលត្រូវបានចោទប្រកាន់នោះទេ។

ដូច្នេះ ការបញ្ជូនបុគ្គល សម រង្សី ទៅតុលាការព្រហ្មទណ្ឌទីក្រុងប៉ារីសដើម្បីកាត់ទោស គឺជារឿងមិនអាចចៀសផុតឡើយ។

លោក គី តិច មេធាវីតំណាងដោយអាណត្តិរបស់រាជរដ្ឋាភិបាលបានប្រាប់កាសែតក្នុងស្រុកថា យោងតាមលិខិតមួយដែលទទួលបានពីក្រុមមេធាវីនៅបារាំងបញ្ជាក់ថា កាលពីថ្ងៃទី ៨ ខែមិថុនា ចៅក្រមស៊ើបសួរនៃតុលាការព្រហ្មទណ្ឌទីក្រុងប៉ារីសបានសម្រេចដាក់លោក សម រង្ស៊ី ឱ្យស្ថិតនៅក្រោមការចោទប្រកាន់អំពីបទបរិហារកេរ្តិ៍។ មេធាវីរដ្ឋាភិបាលកម្ពុជាបានទទួលព័ត៌មាននេះ តាមលិខិតជាភាសាបារាំងមានប្រថាប់ត្រាច្បាស់លាស់អំពីការិយាល័យមេធាវីនៅបារាំងអំពីការចោទប្រកាន់ទៅលើបុគ្គល សម រង្ស៊ី ហើយនេះគឺជាការពិត។

ការណ៍ដែលនាំឲ្យមាននូវការដាក់ពាក្យបណ្តឹងនេះ គឺដោយសារតែសម្តេច ហ៊ុន សែន និងលោក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាកូនប្រសារបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្ដឹងលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិទៅតុលាការបារាំង បន្ទាប់ពីលោក សម រង្ស៊ី បានលើកឡើងថា លោក ហ៊ុន សែន គឺជាអ្នកសម្លាប់លោក ហុក ឡង់ឌី តាមរយៈការបញ្ជាឱ្យបំផ្ទុះឧទ្ធម្ភាគចក្រដែលលោក ហុក ឡង់ឌី បានជិះចេញពីទីក្រុងភ្នំពេញទៅកាន់ខេត្តស្វាយរៀងកាលពីឆ្នាំ ២០០៨។

លោក សម រង្ស៊ី ថែមទាំងបានលើកឡើងទៀតថា លោក ឌី វិជ្ជា កូនប្រុសរបស់លោក ហុក ឡង់ឌី និងលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកំពុងរៀបចំផែនការ ដើម្បីសងសឹកសម្តេច ហ៊ុន សែន។

តែយ៉ាងណាបើយោងទៅតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់លោក សម រង្សី ចេញនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០២០នេះ បានឲ្យដឹងជាសង្ខេបថា ការណ៍ដែលតុលាការបារាំងទទួលយកសំណុំរឿងក្តីនេះ គឺជាឱកាសមាសមួយដ៏កម្រសម្រាប់រូបលោកក្នុងការលាតត្រដាងអំពើឧក្រិដ្ឋរបស់សម្តេចនាយករដ្ឋមន្រ្តី និងក្រុមគ្រួសារ នៅចំពោះមុខតុលាការឯករាជ្យមួយ ជាលើកទី១ ៖ អំពើភេរវកម្មគប់គ្រាប់បែកដៃ នៅទីក្រុងភ្នំពេញ ថ្ងៃ ៣០ មីនា ១៩៩៧, ការលួចសម្លាប់អ្នកស្រី ពិសិដ្ឋ ពីលិកា ពីសំណាក់ភរិយាសម្តេចនាយករដ្ឋមន្រ្តី កាលពីឆ្នាំ ១៩៩៩, ការធ្វើឃាតមកលើលោក ជា វិជ្ជា ក្នុងឆ្នាំ ២០០៤, ការធ្វើឃាត មកលើលោក ឈុត វុទ្ធី ក្នុងឆ្នាំ ២០១២, ការធ្វើឃាតមកលើលោក កែម ឡី ក្នុងឆ្នាំ ២០១៦ ។ដោយលោក សម រង្ស៊ី បានអះអាង ភ្ជាប់ជាមួយរូបថតជនរងគ្រោះទាំងនោះ ដោយភ្ជាប់បន្ថែមថា តាមការពិត ពាក្យបណ្តឹងរបស់ លោក ហ៊ុន សែននេះ នាំមកនូវក្តីសង្ឃឹមឲ្យរបស់លោក្វិញទេ ក្នុងការតស៊ូ ដើម្បីបញ្ចប់និទណ្ឌភាពនៅកម្ពុជា។

យ៉ាងណា លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបានអះអាងប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ថា  អ្វីដែលលោក សម រង្ស៊ី ចង់លាតត្រដាងនោះ គឺជារឿងបំភ្លៃ ដើម្បីធ្វើឱ្យមានការយល់ច្រឡំ ខណៈលោកថា អ្វីដែលតុលាការបារាំងបានចោទប្រកាន់នៅពេលនេះគឺឈរនៅលើអង្គហេតុ។ ឥរិយាបថរបស់ សម រង្ស៊ី គឺជាអ្នកនយោបាយមួយដែលគ្មានកិត្តិយស ក្រៅតែពីការបំភ្លៃ និងប្រឌិតដើម្បីធ្វើឱ្យគេយល់ច្រឡំ នេះគឺជាជំនាញរបស់គាត់ហើយ ហើយគាត់និយាយថា ជាឱកាសមាសនោះហើយគឺជាឱកាសមាសប៉ុណ្ណោះឯង។

សូមជម្រាបថា លោក សម រង្ស៊ី ត្រូវ​បាន​លោក ហោ ណាំហុង ប្ដឹង​ទៅ​តុលាការ​ប្រទេស​បារាំង បន្ទាប់​ពី​លោក​បាន​ធ្វើ​អត្ថាធិប្បាយ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០០៨ នៅ​សារមន្ទីរ​វាល​ពិឃាដ​បឹង​ជើងឯក​ថា លោក ហោ ណាំហុង ជា​អតីត​មេ​គុក​បឹងត្របែក សម័យ​ខ្មែរ​ក្រហម។

តុលាការ​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ទាំង​សាលា​ដំបូង និង​តុលាការ​ឧទ្ធរណ៍ គឺ​តុលាការ​ទាំង​ពីរ​បាន​កាត់​សេចក្ដី​ឲ្យ​លោក សម រង្ស៊ី ចាញ់​ក្ដី​លោក ហោ ណាំហុង ពី​បទ​បរិហារ​កេរ្តិ៍ ដោយ​បាន​បង្គាប់​ឲ្យ​លោក សម រង្ស៊ី សង​ជំងឺ​ចិត្ត​លោក ហោ ណាំហុង ចំនួន ១​អឺរ៉ូ ស្មើ​នឹង​ប្រហែល ៦.០០០​រៀល ក្រោម​បទ​បរិហារ​កេរ្តិ៍ លោក ហោ ណាំងហុង។

ប៉ុន្តែ​នៅ​ចុង​ឆ្នាំ​២០១០ លោក សម រង្ស៊ី បាន​ប្ដឹង​ជំទាស់​ទៅ​នឹង​ការ​សម្រេច​របស់​តុលាការ​ទាំង​ពីរ​ថ្នាក់​នេះ​នៅ​តុលាការ​កំពូល។ នៅខែមេសា ឆ្នាំ២០១១ តុលាការ​កំពូល​ប្រទេសបារាំងបាន​កាត់​សេចក្ដី​ឲ្យ​លោក​ឈ្នះ​ក្ដី លោក ហោ ណាំហុង វិញ។

យ៉ាងណា ចំពោះសំណុំរឿងដែលករណីសម្ដេចហ៊ុនសែនប្ដឹងលោកសមរង្ស៊ីដូចនេះ គឺជាសំណុំរឿងថ្មីទៀត របស់អ្នកនយោបាយខ្មែរ ដែលមិនទាន់អាចទាញ់មកព្យាករណ៍ថា យ៉ាងណានោះទេដែលអ្នកសង្កេតការណ៍តែងតែគិតថាជួនការបណ្ដឹងនេះរលត់ទៅវិញនៅពេល អ្នកនយោបាយ បញ្ចប់ជម្លោះនឹងគ្នា៕

អត្ថបទដោយ អ៊ុំ ច័ន្ទលក្ខិណា

Share

ព័ត៌មានទាក់ទង

Image