en     km
en     km

បទវិភាគ៖ សេដ្ឋកិច្ចកម្ពុជាធ្លាក់ចុះ តែបែរជាមានការងើបឡើងនៃសេដ្ឋកិច្ចវៀតណាមដែលជាប្រទេសក្បែរខាង

Share

(ភ្នំពេញ)៖ ដំណឹង​អាក្រក់​នៃ​ជំងឺ​កូវីដ​១៩​ នៅ​ប្រទេសបណ្តាប្រទេស​ផ្សេង​ទៀត បាន​ក្លាយ​ជាដំណឹង​ល្អ​ទៅវិញនៅ​ក្នុង​ករណី​ខ្លះ​សម្រាប់​ប្រទេស​វៀតណាម។ ដោយ​មិនមាន​ករណី​អ្នក​ឆ្លង​ថ្មី​នៅ​ក្នុង​ប្រទេស​ក្នុង​រយៈ​ពេល ៤៦​ថ្ងៃ បាន​អនុញ្ញាត​ឲ្យប្រទេស​នេះ អាច​បើក​សេដ្ឋកិច្ចឡើង​វិញ និង​មាន​ឱកាស​ទទួល​ផល​ចំណេញ​ជាង​បណ្តា​ប្រទេសដទៃ​ទៀត។

កញ្ញា អ៊ុំ ច័ន្ទលក្ខិណា ជូននូវសេចក្តីរាយការណ៍៖

នាយករដ្ឋមន្រ្តី​វៀតណាម​លោក Nguyen Xuan Phuc ញញឹម​ស្រស់ស្រាយ ក្នុង​អំឡុងពេល​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់តំបន់​ឧស្សាហកម្ម​មួយ កាល​ពី​ចុង​ខែ​ឧសភាកន្លង​ទៅ​នេះ ដែល​នៅ​ទី​នោះ​ លោក​នាយក​រដ្ឋមន្រ្តី បាន​សួរនាំ​អំពី​សុខភាព​របស់​កម្មករនៅ​តាម​ផ្ទះ​របស់​ពួកគេ ក៏​ដូចជា​ថ្លែង​សរសើរ​ពី​ផលិតផលបាស​បំពង​សំឡេង ដែល​កំពុង​ត្រូវបានផលិត​នៅ​រោងចក្រ​ក្នុង​តំបន់​ឧស្សាហកម្ម​នោះ។

ដំណើរ​ទស្សនកិច្ច​នេះជា​ផ្នែក​មួយ​នៃ​ការ​បើកសេដ្ឋកិច្ច​ឡើង​វិញ បន្ទាប់​ពី​មាន​ការ​ទប់ស្កាត់​ជំងឺ​​កូវីត១៩​នៅ​ទូទាំង​ប្រទេស​វៀតណាម។

យោងទៅតាម​របាយការណ៍​មួយរបស់ធនាគារ​ HSBC ​ចេញ​ផ្សាយ​កាលពី​ខែឧសភា បាន​អះអាង​ថា វៀតណាម​ជា​ប្រទេស​តែ​មួយ​គត់​នៅ​ក្នុង​តំបន់​ដែល​មានសេដ្ឋកិច្ច​រីកចម្រើន​ក្នុង​ឆ្នាំ ​២០២០នេះ។

ខុសប្លែកណាស់ពីប្រទេសកម្ពុជាថ្វីត្បិតតែរយៈពេល៦ខែនេះ កម្ពុជាមានអ្នកជាសះស្បើយពីជំងឺកូវីត១៩ ចំនួន១២៨នាក់ និងមិនមានអ្នកស្លាប់កន្លងមកក្តី ក៏កម្ពុជាបច្ចុប្បន្នត្រូវបានអង្គការសុខភាពពិភពលោក បានកំណត់ថាឈរនៅលើបន្ទាត់គ្រោះថ្នាក់មួយនៅឡើយ ដែលត្រៀមឲ្យមានការប្រុងប្រយ័ត្នជានិច្ចដើម្បីបញ្ជ្រាសរលកធំទី២នៃជំងឺដ៏កំណាចមួយនេះ។ ថ្វីបើដូច្នេះមែន យោងទៅតាមតួលេខដែលបញ្ចេញដោយរដ្ឋាភិបាលកម្ពុជាបានបង្ហាញថា កំណើនសេដ្ឋកិច្ចកម្ពុជាមានការធ្លាក់ចុះជាគំហុករហូតដល់ទី១,៩%នៅក្នុងឆ្នាំ២០២០នេះ ដោយសារតែវិបត្តិកូវីត១៩ ក៏ប៉ុន្តែចំពោះធនាគារពិភពលោកវិញបានព្យករណ៍ថាកម្ពុជាអាចមានការធ្លាក់ចុះកំណើនសេដ្ឋកិច្ចរហូតទៅដល់-៣% នៅក្នុងឆ្នាំ២០២០នេះ ខុសពីប្រទេសវៀតណាមដែលជាប្រទេសក្បែរខាង ក្រោយធូរស្បើយនៃជំងឺកូវីត១៩ ប្រទេសនេះបែរជាមានការងើបឡើងនូវសេដ្ឋកិច្ចជាតិគួរជាទីកត់សម្គាល់ទៅវិញ។ តើកត្តាទាំងនេះគឺបណ្តាលមកពីមូលហេតុអ្វី?

យោងទៅតាមរបាយការណ៍ ធនាគារអភិឌ្ឍន៍អាស៊ី (ABD)បានបង្ហាញថា ប្រទេសវៀតណាមត្រូវបានគេកត់សម្គាល់ថា មានសេដ្ឋកិច្ចរឹងមាំ និងមានសន្ទុះយ៉ាងខ្លាំងតាំងពីឆ្នាំ២០១៩មកម្ល៉េះ ដោយសារតែមានតម្រូវការនៅក្នុងស្រុកខ្ពស់ វិស័យឧស្សាហកម្ម និងឧស្សាហកម្មកែច្នៃមានភាពរីកចម្រើន បូករួមជាមួយនឹងការវិយោគផ្ទាល់ពីសំណាក់ជនបរទេសពីបណ្តាប្រទេសនានា (FDI)។

លោក​ Devendra Joshi និង​លោក Herald van der Linde អ្នក​យុទ្ធសាស្រ្ត​ផ្នែក​ទ្រព្យ​សមតុល្យ​នៅ​ធនាគារ HSBC បាន​រៀបរាប់​នៅ​ក្នុង​របាយការណ៍​ធនាគារ HSBC ថាភាព​ចលាចល​ដែលកើតឡើង​ដោយ​សារតែជំងឺ​កូវីដ១៩ និង​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម ដែល​កំពុង​តែ​បង្ក​ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ប្រទេស​មួយ​ចំនួន មិនមែន​ជា​បញ្ហាសម្រាប់ប្រទេស​វៀតណាម​នោះ​ទេ។

ទី១ សង្រ្គាមពាណិជ្ជកម្ម​រវាង​ចិន និង​សហរដ្ឋអាមេរិក គឺ​គ្រាន់​តែ​ជា​ឧទាហរណ៍នៃ​ដំណឹង​អាក្រក់​សម្រាប់​ប្រទេស​មួយ​ចំនួន ដូចជា អតិថិជន​ត្រូវ​ចំណាយច្រើន​ជាង​មុន ដោយសារ​តែ​ការតម្លើង​ពន្ធ​ ប៉ុន្តែ​មិន​បាន​បង្ក​ជា​ផលប៉ះពាល់​ដល់​វៀតណាម​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ប្រទេសវៀតណាម​ត្រូវ​បាន​គេ​ហៅ​ថា ជា​អ្នក​ទទួល​ផល​ចំណេញ​នៅ​ក្នុង​សង្រ្គាម​ពាណិជ្ជកម្ម​នេះ​ ដោយសារ​តែ​ក្រុមហ៊ុន​នានា បាន​ផ្លាស់​ចេញ​ពី​ប្រទេស​ចិន​ទៅ​បោះ​ទីតាំង​នៅ​ក្នុង​ប្រទេស​នេះ។

ជំងឺ​កូវីដ១៩ គឺ​ជា​ឧទាហរណ៍​មួយ​ទៀត​បញ្ជាក់​ពីភាព​រឹងមាំ​របស់ប្រទេស​វៀតណាម។ វៀតណាម​ធ្លាប់ទទួល​រង​ឥទ្ធិពល​នៃ​វីរុសកូវីត១៩ ដែល​បាន​បង្ខំ​ឲ្យ​សាលារៀន និង​ក្រុមហ៊ុន​នានា​បិទ​ទ្វារ​អស់​រយៈពេល​រាប់​សប្តាហ៍ ឬ រាប់​ខែ និង​បាន​កាត់​បន្ថយ​កំណើន​សេដ្ឋកិច្ច​វៀតណាម​មក​ត្រឹម ៣.៨ ភាគរយ​នៅ​ក្នុង​ត្រីមាស​ដំបូង​នៃ​ឆ្នាំ​២០២០ ដែល​ជា​អត្រា​កំណើន​សេដ្ឋកិច្ចទាបជាង​គេ​បំផុត​សម្រាប់​វៀតណាម ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​មក​នេះ។

អ្នក​វិភាគនិយាយ​ថា ទោះបី​ជា​យ៉ាងនេះ​ក៏​ដោយ ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ ​ជា​សាកល​ជា​ហេតុផល​មួយដែល​ក្រុមហ៊ុន​ផ្សេងៗ រើ​ទៅ​វៀតណាម។ ភាព​អាសន្នបង្ក​ឡើង​ដោយ​ជំងឺ​នេះ បាន​នាំ​ឲ្យ​មានការ​លុប​ចោល​ការហោះហើរ និង​ការ​បិទព្រំដែន ដែល​បាន​បង្អាក់សង្វាក់ផ្គត់ផ្គង់​លើ​សាកលលោក។​ ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​នានាបារម្ភ​ថា ពួកគេ​កំពុង​តែ​ពឹងផ្អែក​ខ្លាំង​លើ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ដែល​មាន​តែ​ក្នុងប្រទេស​មួយ ដូច្នេះ​ការ​ជំរុញ​ឲ្យមាន​ការផ្គត់ផ្គង់​ពី​ច្រើន​ប្រភព មាន​ន័យ​ថា ក្រុមហ៊ុន​បរទេស​កាន់តែ​ច្រើន​ឡើង​ទៅ​វិនិយោគ​នៅ​ក្នុង​ប្រទេស​វៀតណាម។

ទី២ សេដ្ឋកិច្ច​វៀតណាម​បាន​ចាប់ផ្តើម​រើប​ឡើងវិញ​ដោយ​សន្សឹមៗ​ បន្ទាប់ពី​រដ្ឋាភិបាល​បាន​ដក​វិធានការ​បិទសកម្មភាព​សេដ្ឋកិច្ច​នៅ​តំបន់​ភាគច្រើន​ក្នុង​ប្រទេស​កាល​ពី​ពាក់កណ្តាល​ខែ​មេសា។ ពលរដ្ឋ​បាន​វិល​ត្រឡប់​ទៅ​ធ្វើការ​វិញ ​សិស្សានុសិស្ស បាន​ចូលរៀន​តាម​សាលារៀនវិញធម្មតា ដោយ​អនុវត្ត​តាម​វិធានការ​ដើម្បី​ការពារ​មិន​ឲ្យឆ្លង​ជំងឺ​កូវីដ១៩ ដែល​មាន​ដូចជា ហាងកាហ្វេបាន​រៀប​ចំ​កន្លែង​អង្គុយ​ឃ្លាត​ពី​គ្នា ហើយ​ហាង​លក់​ម្ហូបអាហារ​បិទ​ស្កុត​ជា​សញ្ញា​នៅ​លើ​ឥដ្ឋ ដើម្បី​ឲ្យ​មនុស្ស​នៅ​ដាច់​ពី​គ្នា​ពេល​តម្រង់ជួរ​ជា​ដើម។

ទី៣ គឺជាឱកាសសម្រាប់ក្រុមហ៊ុនបង្កើតការងារថ្មី ស្រប​ពេល​ដែល​ជំងឺ​កូវីដ​១៩​ ​ផ្តល់​ឱកាស​រីកចម្រើន​ក្នុងការ​បង្កើត​កម្មវិធី App ផ្សេងៗ ដែល​មាន​ដូចជា ការប្រជុំ​ជា​វីដេអូ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត និង​ការ​លក់ឧបករណ៍​ហាត់​កីឡា​នៅ​ផ្ទះ​ជាដើម​នោះ ក្រុមហ៊ុន​ទើបបង្កើត​ថ្មីមួយ​ចំនួន​នៅ​វៀតណាម ក៏​មើល​ឃើញឱកាស​ផងដែរ។​ តួយ៉ាងដូចជាក្រុមហ៊ុន Vibeji ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហូជីមិញ គឺ​ជា​កន្លែង​ដែល​មនុស្ស​ទូទៅ​អាច​រក​ចំណូល​បាន តាមរយៈការ​ផ្តល់​សេវាកម្មផ្សេងៗ​តាម​វីដេអូ ដូច​ជា ទាយ​តាម​សន្លឹក​បៀរ​មើល​ជោគជាតា​រាសី និង​ការ​បង្រៀន​ធ្វើ​ក្រប​សៀវភៅ​ជា​ដើម។

ចុះសម្រាប់ប្រទេសកម្ពុជាវិញ បើសិនជាវិបត្តិកូវីត១៩នេះត្រូវបានធូរស្បើយ តើសេដ្ឋកិច្ចនៅកម្ពុជាអាចមានឱកាសរើបឡើងវិញ ឬក៏មានសន្ទុះសេដ្ឋកិច្ចដូចជាប្រទេសវៀតណាមដែរ ឬទេ?

លោកសាស្រ្តាចារ្យ ឯម សុវណ្ណរ៉ា អ្នកវិភាគបញ្ហាសង្គមបានផ្តល់នូវបទសម្ភាសន៍ខ្លីតាមរយៈទូរស័ព្ទឲ្យវិទ្យុស្រ្តីនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០នេះថា មូលហេតុដែលនាំឲ្យកម្ពុជាមានការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចដ៏គំហុកបែបនេះ គឺដោយសារតែការនាំចេញរបស់កម្ពុជាមានការធ្លាក់ចុះដោយសារកូវីត និងបញ្ហាកំណើនទេសចរណ៍នៅកម្ពុជាមានការប្រែប្រួល។

——សំលេង——

ទោះបីជាបែបនេះក្តី លោកសាស្រ្តាចារ្យ ឯម សុវណ្ណរ៉ា បានព្យាករណ៍សេដ្ឋកិច្ចនៅកម្ពុជាអាចនឹងមានការរើបឡើងវិញបានបន្ទាប់ពីជំងឺកូវីត១៩ អវត្តមាននៅកម្ពុជា។ ក៏ប៉ុន្តែវាទាមទារឲ្យមានពេលវេលា៕ 

Share

Image Not Found
Image

ព័ត៌មានទាក់ទង